តំណាងរាស្ត្រ​អូស្ត្រាលី​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ពេញលេញ

0:00 / 0:00

តំណាងរាស្ត្រ​សហព័ន្ធ​ប្រចាំ​ទីក្រុង​ផត អាដាលែត (Port Adelaide) ក្នុង​រដ្ឋ​សោត អូស្ត្រាលី (South Australia) លោក ម៉ាក បាត់លើ (Mark Butler) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។

លោក ម៉ាក បាត់លើ ចាត់​ទុក​ថា កម្ពុជា​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​ក្នុង​ការ​គោរព​កិច្ច​ព្រមព្រៀង​នេះ​នៅ​ឡើយ។

ខាង​ក្រោម​ជា​អត្ថបទ​សម្ភាសន៍​រវាង​លោក តាំង សារ៉ាដា ជាមួយ​លោក ម៉ាក បាត់លើ៖

​សំណួរ៖ ជម្រាបសួរ លោក ម៉ាក់ បាត់លើ! ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​បច្ចុប្បន្ន តើ​លោក​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​អី​ដែរ​ទេ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ មក​នោះ?

ចម្លើយ៖ រដ្ឋាភិបាល​អូស្ត្រាលី បាន​ចូលរួម​យ៉ាង​ច្រើន​ក្នុង​ការ​បង្កើត​ក្របខ័ណ្ឌ​ដែល​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មួយ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន គឺ​ចង់​ឲ្យ​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព​ផង និង​មាន​ការ​ផ្លាស់ប្ដូរ​ស៊ី​ជម្រៅ​ខាង​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ខ្ជាប់ខ្ជួន​មួយ​ផង។ ប៉ុន្តែ​តាម​ការពិត​ជាក់ស្ដែង បើ​យើង​ពិនិត្យ ជា​ពិសេស​លើ​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស គឺ​យើង​ឃើញ​ថា មាន​ការវិវឌ្ឍន៍​ស្ដួចស្ដើង​ណាស់។ នេះ​យើង​គិត​រាប់​ចាប់​ពី​ត្រឹម​ឆ្នាំ​១៩៩៧ រហូត​មក គឺ​គិត​ចាប់​ពី​ពេល​ដែល​លោក ហ៊ុន សែន ចាប់​ផ្ដើម​ដណ្ដើម​អំណាច​បាន​ក្នុង​ដៃ​ទាំងស្រុង។ និយាយ​ជា​រួម អ្វី​ដែល​កំពុង​កើត​មាន​នៅ​ប្រទេស​កម្ពុជា គឺ​ដូចជា​ចម្រៀង​មួយ​បទ​ដែល​តែង​មិន​ទាន់​ចប់។

សំណួរ៖ ក្នុង​នាម​អូស្ត្រាលី ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស តើ​លោក​យល់​ថា អ្វី​ខ្លះ​ដែល​កម្ពុជា ទទួល​ជោគជ័យ និង​អ្វី​ខ្លះ​ដែល​បរាជ័យ​ពី​កិច្ច​ព្រមព្រៀង​នេះ?

ចម្លើយ៖ ខ្ញុំ​ថា ដោយសារ​គុណបំណាច់​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា អ៊ុនតាក់ យ៉ាង​ហោច​ណាស់​ក៏​បាន​សម្រេច​ផ្លែផ្កា​គួរ​ជា​ទី​មោទនៈ​មួយ គឺ​ការ​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា។ ប៉ុន្តែ​នៅ​មាន​ចំណុច​ច្រើន​ណាស់​ដែល​កម្ពុជា មិន​ទាន់​បំពេញ​បាន​ដើម្បី​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​មួយ​មាន​ប្រជាធិបតេយ្យ​ពេញលេញ និង​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​ពិតប្រាកដ។ ភាព​គ្មាន​ប្រជាធិបតេយ្យ និង​គ្មាន​សិទ្ធិ​សេរីភាព​ពេញលេញ​នេះ គឺ​យើង​ឃើញ​មាន​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។ ឥឡូវ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨ កាន់តែ​ខិត​ជិត​ចូល​មក​ដល់ អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង និង​មន្ត្រី គ.ជ.ប កាន់តែ​រង​ការ​ធ្វើ​បាប​ខ្លាំង។ ទង្វើ​បែប​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

សំណួរ៖ ប្រសិនបើ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ធ្វើ​ឡើង​ដោយ​អវត្តមាន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តើ​លោក​យល់​ថា ការ​បោះឆ្នោត​នោះ​នឹង​ធ្វើ​ឡើង​ស្របតាម​ឆន្ទៈ ឬ​គោលការណ៍​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែរ​ឬ​ទេ?

ចម្លើយ៖ មិន​ដឹង​ហៅ​ថា សេរី ត្រឹមត្រូវ និង​យុត្តិធម៌​យ៉ាង​ម៉េច​កើត​ទេ ប្រសិនបើ​ការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​ស្រុក​ខ្មែរ។ ពោល​គឺ​បើ​គ្មាន​វត្តមាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឬ​បើ​អនុ​ប្រធាន​គណបក្ស​របស់​គាត់​នៅ​តែ​បន្ត​ជាប់​ឃុំ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ត​ទៅ​ទៀត ហើយ​មិន​អាច​ចូលរួម​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ទៅ​តាម​មូលដ្ឋាន​នៃ​ម្ចាស់​ឆ្នោត​ឲ្យ​បាន​ពេញលេញ ត្រឹមត្រូវ និង​ស្មើភាព​គ្នា បាន​ន័យ​ថា គ្មាន​ទេ​ការ​បោះ​ឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

សំណួរ៖ តើ​លោក​យល់​ថា លោក ហ៊ុន សែន សក្ដិសម​នឹង​ធ្វើ​ជា​មេដឹកនាំ​ប្រទេស​ទេ ខណៈ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​តែង​រង​នូវ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដូច​តាម​រយៈ​ការ​គាប​សង្កត់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​រំលោភ​ដីធ្លី ការ​ឃុំ​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជាដើម?

ចម្លើយ៖ ទាក់ទង​នឹង​ថា តើ​នរណា​សក្ដិសម​ជា​មេដឹកនាំ​ប្រទេស គឺ​មាន​តែ​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង​ប៉ុណ្ណោះ​ជា​អ្នក​សម្រេច។ ប៉ុន្តែ​ការ​ដែល​ខ្ញុំ​និយាយ​ថា ​សម្រេច​ដោយ​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង​នេះ គឺ​ខ្ញុំ​ចង់​សំដៅ​លើ​ការ​សម្រេច​ដោយ​មាន​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ។ សហគមន៍​អន្តរជាតិ​ចង់​ឃើញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។ សហគមន៍​អន្តរជាតិ​ព្រួយ​បារម្ភ​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា សព្វ​ថ្ងៃ។ សហគមន៍​អន្តរជាតិ​ក៏​ព្រួយ​បារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្សាយ​ព័ត៌មាន ព្រោះ​របាយការណ៍​ស្រាវជ្រាវ​អំពី​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ទូទាំង​ពិភពលោក រក​ឃើញ​ថា ប្រទេស​កម្ពុជា ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទាប​ខ្លាំង ដោយសារ​រដ្ឋាភិបាល​បំបិទ​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន មិន​ឲ្យ​អ្នក​សារព័ត៌មាន​ផ្សាយ​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ និង​ដោយ​ភ័យខ្លាច​អំពី​បញ្ហា​អាក្រក់​ដែល​កើត​មាន​ឡើង​ពិត​នៅ​ប្រទេស​កម្ពុជា។

ជា​ឧទាហរណ៍​ជាក់ស្ដែង អ្នក​សារព័ត៌មាន​ត្រូវ​គេ​សម្លាប់​បំបិទមាត់ ដូច​ក្នុង​ឆ្នាំ​២០១៤ កន្លង​ទៅ។ ឥឡូវ​នេះ រដ្ឋាភិបាល​មិន​ត្រឹមតែ​រឹតត្បិត​សិទ្ធិ​សេរីភាព​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ទេ រដ្ឋាភិបាល​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល សកម្មជន​ព្រៃឈើ បរិស្ថាន សហជីព​កម្មករ និង​ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដោយ​អហិង្សា​ថែម​ទៀត​ផង។ ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​សម្លាប់​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ទាំង​មូល។ ការ​ដែល​រដ្ឋាភិបាល​បន្ត​បំបិទ​សិទ្ធិ​សេរីភាព​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​ស្រប​តាម​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ និង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ប្រការ​នេះ​ធ្វើ​ឲ្យ​សភា​អឺរ៉ុប និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ខ្វល់ខ្វាយ​ផង​ដែរ។

សំណួរ៖ ដូច្នេះ​ក្នុង​នាម​លោក​ជា​តំណាងរាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី តើ​លោក​គួរ​តែ​ធ្វើ​អ្វី​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា ពី​ការ​រំលោភ​បំពាន​ទាំង​នេះ?

ចម្លើយ៖ រដ្ឋាភិបាល​អូស្ត្រាលី សភា​អូស្ត្រាលី ក៏​ដូចជា​គណបក្ស​ពលករ​អូស្ត្រាលី តែងតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គោរព​សិទ្ធិ​ប្រជាពលរដ្ឋ និង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ និង​ពេញលេញ។

សំណួរ៖ តើ​រដ្ឋាភិបាល​អូស្ត្រាលី និង​រដ្ឋ​សភា​អូស្ត្រាលី នឹង​អាច​ដាក់​ចេញ​នូវ​យន្តការ​ណា​មួយ​ដើម្បី​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែរ​ទេ?

ចម្លើយ៖ យើង​នៅ​តែ​មាន​មធ្យោបាយ​ជា​ច្រើន​ដែល​យើង​នៅ​តែ​បន្ត​យក​មក​ប្រើ ដើម្បី​បញ្ជាក់​ជំហរ​ច្បាស់លាស់​ឥត​ងាករេ​មួយ​របស់​ប្រទេស​អូស្ត្រាលី គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឲ្យ​បាន​ពេញលេញ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ។ ចាប់​ពី​នេះ​រហូត​ដល់​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី នៅ​មាន​ឱកាស​ច្រើន​ក្នុង​ការ​បញ្ជាក់​ជំហរ​ច្បាស់លាស់​របស់​ខ្លួន​ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។