វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI របស់អាមេរិក បានបំពេញបេសកកម្មសាបព្រួសដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ។ អង្គការនេះ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់គណបក្សនយោបាយ សង្គមស៊ីវិល និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ឲ្យមានការចូលរួមក្នុងដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ ដោយមិនប្រកាន់និន្នាការនយោបាយ។ ទើបតែនៅចុងខែសីហានេះ អង្គការនេះត្រូវបានរដ្ឋាភិបាលកម្ពុជា សម្រេចបិទ និងបណ្ដេញបុគ្គលិកបរទេសទាំងអស់ចេញពីកម្ពុជា យ៉ាងតក់ក្រហល់ និងគួរឲ្យភ្ញាក់ផ្អើល។
លោក មាន ឫទ្ធិ នៃអាស៊ីសេរី បានជួបសម្ភាសផ្ទាល់ជាមួយប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យនេះ គឺលោក ខេណិត វ៉រឡាក់ (Kenneth Wollacks) នៅទីស្នាក់ការកណ្ដាលនៃអង្គារនេះក្នុងរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ដើម្បីចង់ដឹងពីប្រតិកម្ម សេចក្ដីពន្យល់លម្អិត និងការយល់ឃើញរបស់លោក ជុំវិញស្ថានភាពវិវឌ្ឍចុងក្រោយផ្នែកនយោបាយនៅប្រទេសកម្ពុជា។
សូមស្ដាប់បទសម្ភាសន៍នេះដូចតទៅ៖
ភាគទី១
ភាគបញ្ចប់
សូមទស្សនាបទសម្ភាសន៍នេះជាវីដេអូដូចតទៅ
សំណួរ៖ ដូចដែលលោកជ្រាបហើយ មួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការណ៍ក្ដៅជាច្រើន ប្រឆាំងនឹងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគណបក្សប្រឆាំង។ ព័ត៌មានអំពីដំណើរធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានសារព័ត៌មានអន្តរជាតិ យកទៅចុះផ្សាយយ៉ាងព្រោងព្រាត ស្ទើរតែរៀងរាល់ថ្ងៃទៅហើយ។ តើលោកយល់ឃើញយ៉ាងដូចម្ដេចដែរចំពោះព្រឹត្តិការណ៍វិវឌ្ឍនយោបាយផ្ទួនៗទាំងនេះ ជាពិសេសជុំវិញករណីដែលការិយាល័យរបស់អង្គការលោកត្រូវបាន រដ្ឋាភិបាលបិទយ៉ាងតក់ក្រហល់នោះបាទ?
លោក ខេណិត វ៉រឡាក់៖ បាទ! រឿងរ៉ាវទាំងនេះធ្វើឲ្យយើងមានអារម្មណ៍សោកស្ដាយជាពន់ពេក។ វាជាព័ត៌មានដ៏គួរឲ្យរំខានមួយ។ ប្រាកដណាស់! យើងរំពឹងថា អាជ្ញាធរនឹងធ្វើការវាយតម្លៃឡើងវិញនូវជំហានមួយចំនួនដែលពួកគេបានជ្រើសរើសយក។ ខ្ញុំគិតថា អ្វីដែលពួកគេបានធ្វើនេះ មិនបានផ្ដល់ជាផលប្រយោជន៍អ្វីដល់ពួកគេឡើយ ហើយក៏មិនមានប្រយោជន៍អ្វីដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលដែរ ដែលបានហែលឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់ពួកគេ។
ប៉ុន្តែរឿងរ៉ាវមួយដែលខ្ញុំគិតថា នឹងធ្វើឲ្យពលរដ្ឋកម្ពុជាទាំងអស់គ្នាឯកភាពគ្នានោះ គឺ បំណងប្រាថ្នាដែលពួកគេចង់ចូលរួមជាផ្នែកមួយនៃជីវិតសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសពួកគេ។ មានការវិវត្តន៍ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាការបោះឆ្នោតឃុំ-សង្កាត់កាលពីពេលកន្លងទៅ ដែលគេអាចទុកចិត្តបាន។
តាមរយៈយុទ្ធនាការដ៏អាក្រក់បែបនេះ ហើយដែលសំដៅផ្ទួនៗមកលើក្រុមអង្គការសង្គមស៊ីវិល គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិអីជាដើម ខ្ញុំគិតថា វាជាពេលវេលាមួយដ៏សោកសង្រែកនៅកម្ពុជា។ យើងសង្ឃឹមថា គោលនយោបាយទាំងនេះ នឹងត្រូវបានរដ្ឋាភិបាលពិចារណា និងវាយតម្លៃឡើងវិញ។ យើងសង្ឃឹមថា ការបោះឆ្នោតជាតិឆ្នាំក្រោយនេះ នឹងទទួលបានទំនុកទុកចិត្តពីប្រជាពលរដ្ឋកម្ពុជាទាំងមូល ហើយជាពិសេសបំផុតនោះគឺឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទៈរបស់ពួកគេ។
សំណួរ៖ តើលោកអាចប្រាប់ខ្ញុំឲ្យដឹងជាសង្ខេបបានទេថា អ្វីទៅជាអាណត្តិ និងលទ្ធផលដែលអង្គការលោកបានធ្វើ និងសម្រេចបានក្នុងអំឡុងពេលប្រតិបត្តិការ ២៥ឆ្នាំចុងក្រោយនេះ ដែលជាប្រយោជន៍ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល?
លោក ខេណិត វ៉រឡាក់៖ បាទ! ត្រង់ចំណុចនេះហើយដែលថា ការសម្រេចចិត្តដែលរដ្ឋាភិបាលស្នើឲ្យយើងបញ្ឈប់ប្រតិបត្តិការនៅកម្ពុជា គឺជារឿងរ៉ាវមួយដ៏គួរឲ្យភ្ញាក់ផ្អើល។ មកទល់ពេលនេះ យើងបានបំពេញការងារក្នុងប្រទេសនេះអស់រយៈពេល ២៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពីការបោះឆ្នោតសាកល ឆ្នាំ១៩៩៣ មកម្ល៉េះ។ យើងបានធ្វើការងារជាច្រើនជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។ យើងក៏បានធ្វើការងារជាមួយនឹងគណបក្សនយោបាយមកពីគ្រប់និន្នាការនយោបាយទាំងអស់ ដែលរួមទាំងគណបក្សកាន់អំណាចផងដែរ។ យើងបានធ្វើការយ៉ាងជិតដិតជាមួយនឹងក្រសួងមហាផ្ទៃ ព្រមទាំងជាមួយក្រុមអង្គការសង្គមស៊ីវិល។
គោលបំណងនៃការងាររបស់យើង មិនមែនគិតពីលទ្ធផលនៃការបោះឆ្នោតនោះទេ ផ្ទុយទៅវិញយើងគាំទ្រឲ្យមានដំណើរការប្រជាធិបតេយ្យ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងលិខិតុបករណ៍អន្តរជាតិនានា។ យើងគាំទ្រនូវដំណើរការដែលអនុញ្ញាតឲ្យស្ថាប័នប្រជាធិបតេយ្យ លូតលាស់ឡើង ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាចូលរួមក្នុងដំណើរការនយោបាយ ហើយចុងក្រោយនោះគឺស្ថាប័នដែលទទួលបាននូវភាពស្របច្បាប់ ដោយមានការគាំទ្ររបស់ប្រជាពលរដ្ឋទូទៅ។
យើងក៏បានធានាឲ្យមានការជជែកដេញដោលនយោបាយរាប់រយដងនៅទូទាំងប្រទេសនេះ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានឃុំ-សង្កាត់។ យើងបានធ្វើការងារដើម្បីផ្ដល់សិទ្ធិអំណាចដល់ស្ត្រីឲ្យចូលរួមក្នុងដំណើរការនយោបាយ។ យើងបានធ្វើការដោយយូរអង្វែងក្នុងការចូលរួមការអភិវឌ្ឍគណបក្សនយោបាយនានា ក៏ដូចជាគាំទ្រឲ្យមានការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងការបោះឆ្នោត។ យើងក៏បានជួយក្រុមអង្គការសង្គមស៊ីវិលឲ្យតាមដាន និងឃ្លាំមើលដំណើរការបោះឆ្នោត ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមកាន់តែច្រើន ហើយចុងក្រោយ គឺការទទួលយកលទ្ធផលបោះឆ្នោត ដោយមិនគិតថា លទ្ធផលនោះវាយ៉ាងម៉េចនោះទេ។ ប៉ុន្តែ ទាំងអស់នេះ ខ្ញុំចង់បញ្ជាក់ហើយបញ្ជាក់ទៀតថា យើងមិនខ្វល់អំពីលទ្ធផលវាយ៉ាងណានោះទេ តែអ្វីយើងខ្វល់អំពីដំណើរការប្រជាធិបតេយ្យ។ វត្តមានរបស់យើងត្រូវបានស្វាគមន៍ពីសំណាក់គ្រប់ភាគីដែលមាននិន្នាការនយោបាយខុសៗគ្នាក្នុងប្រទេសនេះ។ អញ្ចឹងហើយបានជាការសម្រេចចិត្តរបស់រដ្ឋាភិបាល នារយៈពេលចុងក្រោយនេះ ធ្វើឲ្យយើងមានភាពភ្ញាក់ផ្អើល និងសោកស្ដាយខ្លាំង។
សំណួរ៖ ហេតុអ្វីបានជាលោកគិតថា បេសកកម្មរបស់អង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យនេះមានសារសំខាន់ ហើយតើវាខុសប្លែកគ្នាយ៉ាងដូចម្ដេចដែរពីអង្គការអន្តរជាតិដទៃទៀត ដូចជា វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI អីជាដើម?
លោក ខេណិត វ៉រឡាក់៖ អូហ៍បាទ! ខ្ញុំមិនគិតថាអង្គការ NDI នេះ ពិសេសខុសប្លែកពីគេនោះទេ។ ប្រហែលជាថា អង្គការរបស់យើងមានសកម្មភាពធំជាងអង្គការដទៃដែលកំពុងធ្វើការក្នុងប្រទេសកម្ពុជា ហើយយើងបានមានវត្តមាននៅទីនោះអស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែ ដូចដែលលោកដឹងហើយថា អង្គការយើងមិនមែនជាអង្គការតែមួយដែលត្រូវបានរដ្ឋាភិបាលរិះគន់នោះទេ។ មានអង្គការជាច្រើនដទៃទៀតត្រូវបានរដ្ឋាភិបាលរិះគន់ផងដែរ។ ប៉ុន្តែខ្ញុំមិនគិតថា យើងជាអង្គការដែលខុសប្លែកពិសេសពីគេនោះឡើយ។ គ្រាន់តែថា អង្គការរបស់យើងធ្វើការក្នុងវិស័យនយោបាយ ដើម្បីផ្ទល់ការគាំទ្រដល់អ្នកនយោបាយក្នុងប្រទេសកម្ពុជា។ នេះប្រហែលជាអ្វីដែលធ្វើឲ្យយើងខុសប្លែកពីអង្គការដទៃ។ ប៉ុន្តែយើង និងអ្នកដទៃទៀតជឿជាក់ថា ខណៈដែលកម្ពុជាអភិវឌ្ឍន៍វិស័យនយោបាយ ប្រទេសនេះ ក៏នឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចផងដែរ ដោយសារតែកត្តាទាំងនេះនឹងនាំឲ្យមានការវិនិយោគច្រើន និងមានស្ថិរភាពក្នុងប្រទេស។ ហើយ... ស្ថាប័នរបស់ប្រទេសនេះនឹងទទួលបាននូវការគាំទ្រច្រើនជាងមុន ពីសំណាក់ប្រជាពលរដ្ឋទូទៅ។
ហេតុផលតែមួយដែលយើងត្រូវបានប្រាប់ឲ្យចាកចេញពីកម្ពុជា គឺបញ្ហានៃការចុះបញ្ជីដែលថា យើងមិនបានចុះបញ្ជីត្រឹមត្រូវ។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះដែរ ក៏មានការឃោសនាដែលមានលក្ខណៈអកុសលជាច្រើន ដែលបានធ្វើឡើងកម្ដៅមកលើយើង ហើយដែលមិនមែនជាការពិត ថា យើងបានពាក់ព័ន្ធនឹងការធ្វើឲ្យមានការផ្លាស់ប្ដូររបបនៅក្នុងប្រទេសនេះ ហើយថា យើងចូលដៃចូលជើងជាមួយគណបក្សប្រឆាំង។ ប៉ុន្តែដោយសារតែយើងធ្លាប់មានកម្មវិធីជាច្រើនជាមួយគណបក្សប្រជាជនកម្ពុជា វាពិតជាយុទ្ធសាស្ត្រចម្លែកដែលថា យើងមានផែនការដើម្បីគាំទ្រឲ្យមាននូវការផ្លាស់ប្ដូររបបនៅពេលដែលយើងបានបំពេញការងារ ជាមួយក្រុមគណបក្សនយោបាយទាំងសង្ខាង។ ហើយប្រាកដណាស់ថា បើយើងមើលពីអ្វីដែលគួរឲ្យហួសចិត្តអំពីរឿងនេះ បើយើងមើលពីការផ្លាស់ប្ដូររបប និងបដិវត្តពណ៌នៅជុំវិញពិភពលោក រាប់ចាប់ពីប្រទេសហ្វីលីពីនក្នុងឆ្នាំ១៩៩៦ រហូតដល់អ្វីមួយដែលគេហៅថាជាបដិវត្តពណ៌ នៅប្រទេសស៊ែប (Serbia) ហ្សេអ័រហ្សី (Georgia) និងអ៊ុយក្រែន (Ukraine) អីជាដើម។ ការផ្លាស់ប្ដូរនៃរបបទាំងនេះមិនមែនដោយសារតែលទ្ធផលនៃការចូលរួមពីខាងក្រៅនោះទេ ពីព្រោះថា ការចូលរួមពីខាងក្រៅ និងសកម្មភាពទាំងអស់នោះ គឺពាក់ព័ន្ធតែទៅនឹងការគាំទ្រឲ្យមានការបោះឆ្នោតជាលក្ខណៈប្រជាធិបតេយ្យប៉ុណ្ណោះ ហើយការផ្លាស់ប្ដូររបបកើតមានឡើង គឺដោយសារតែការបោះឆ្នោតទាំងនោះវាបរាជ័យ ដែលនាំឲ្យប្រជាពលរដ្ឋនាំគ្នាងើបតវ៉ាឡើង ប្រឆាំងនឹងលទ្ធផលឆ្នោតដែលពួកគេគិតថា ត្រូវបានគេលួចបន្លំ។ នេះហើយគឺជាអ្វីដែលគួរឲ្យយកចិត្តទុកដាក់ ហើយជាអ្វីដែលខ្ញុំគិតថា នៅតែមានសារសំខាន់សម្រាប់ប្រទេសកម្ពុជា ទាំងសម្រាប់គណបក្សកាន់អំណាច និងទាំងសម្រាប់ប្រជាជនកម្ពុជា គឺត្រូវមានដំណើរការបោះឆ្នោតមួយ ដែលទទួលបាននូវទំនុកទុកចិត្តពីប្រជាពលរដ្ឋ ហើយការណ៍នេះនឹងលើកកម្ពស់ឲ្យមាននូវស្ថិរភាព និងឲ្យមាននូវការអភិវឌ្ឍន៍ដ៏យូរអង្វែងមួយចំពោះប្រទេសនេះ។ ខ្ញុំគិតថា យើងទាំងអស់គ្នាដែលបានធ្វើការនៅក្នុងប្រទេសកម្ពុជា គឺដើម្បីតែគោលដៅនេះឯង ហើយជាគោលដៅតែមួយគត់ក្នុងគំនិតរបស់យើង។ អ៊ីចឹងហើយបានជាយើងធ្វើការដោយជិតដិតជាមួយក្រសួងរដ្ឋាភិបាល ធ្វើការជិតដិតជាមួយគណបក្សកាន់អំណាច ជាមួយរដ្ឋសភា និងធ្វើការជិតដិតជាមួយគ្រប់គណបក្សនយោបាយទាំងអស់នៅក្នុងប្រទេសនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
សំណួរ៖ តើលោកអាចបកស្រាយឲ្យខ្ញុំបានដឹងបន្តិចទេថា តើមានលក្ខណៈជិតដិតដល់កម្រិតណាខ្លះទៅនៃការងាររបស់អង្គការ NDI ជាមួយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជានោះបាទ?
លោក ខេណិត វ៉រឡាក់៖ បាទ! យើងមានកម្មវិធីយ៉ាងច្រើន យើងបានមានទំនាក់ទំនងជាមួយក្រុមមន្ត្រីមកគណបក្សប្រជាជនកម្ពុជា នៅក្នុងកម្មវិធីរបស់យើង។ យើងមានកម្មវិធីច្រើនមែនទែន។ ការណ៍ដែលគួរឲ្យហួសចិត្តនោះគឺថា ថ្ងៃដែលយើងត្រូវបានរដ្ឋាភិបាលស្នើឲ្យយើងចាកចេញពីប្រទេសនេះ យើងកំពុងតែធ្វើផែនការកម្មវិធីអនាគតរបស់យើងជាមួយគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ កម្មវិធីរបស់យើងគឺដូចគ្នា ជាមួយនឹងកម្មវិធីដែលយើងធ្វើការជាមួយ នឹងគណបក្សប្រឆាំងដែរ។ ដូចគ្នានេះដែរ យើងក៏បានធានាឲ្យមាននូវការជជែកដេញដោល និងកិច្ចសន្ទនាគ្នាជាច្រើន រវាងគណបក្សនយោបាយនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានឃុំសង្កាត់។ មានការជជែកដេញដោលរាប់រយករណី ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស។ ហើយក៏មានពេលខ្លះផងដែរ ដែលគណបក្សប្រជាជនកម្ពុជា បានទទូចឲ្យអង្គការយើងធ្វើជាអ្នកសម្របសម្រួលកម្មវិធីវេទិកាជជែកដេញដោលទាំងនោះ ដោយសារតែយើងត្រូវបានគេមើលឃើញថា មិនចេះប្រកាន់បក្សពួក ហើយ មិនជាប់ពាក់ព័ន្ធនឹងគណបក្សណាមួយនៅក្នុងដំណើរការនេះ។ ការងាររបស់យើងជាមួយក្រុមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសនេះ គឺសុទ្ធតែជាកម្មវិធីដែលផ្ដោតលើការអង្កេត និងតាមដានដំណើរការបោះឆ្នោត ដែលមិនមែនពាក់ព័ន្ធនឹងគណបក្សណាមួយជាពិសេសឡើយ។ ហើយមិនមែនជាកម្មវិធីបែបប្រកាន់បក្ខពួកនោះឡើយ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ ខណៈដែលយើងបន្តកម្មវិធីថ្នាក់មូលដ្ឋានរបស់យើងក្នុងប្រទេសនេះ ហើយយើងតែងតែមានទំនាក់ទំនងជានិច្ចជាមួយពួកគេ។ ពួកគេក៏បានចូលរួមក្នុងគម្រោងស្ទង់មតិរបស់យើងផងដែរ ។ ពួកគេបានដឹងអំពីអ្វីដែលយើងបានធ្វើទាក់ទងទៅនឹងការស្ទង់មតិសាធារណៈអីជាដើម។ ដូច្នេះសម្រាប់រឿងរ៉ាវអស់ទាំងនេះគឺយើងមានតម្លាភាព ហើយយើងតែងតែបើកចំហ។ ដូច្នេះ ខ្ញុំអាចនិយាយបានថា ព្រឹត្តិការណ៍ដែលបានកើតមានឡើងជាអវិជ្ជមាននេះ បង្កឲ្យមានការបារម្ភអំពី ថាតើអ្វីទៅជាគោលបំណងពិតប្រាកដនៃការបណ្ដេញចេញនេះ។ ហើយប្រាកដណាស់ យុទ្ធនាការនេះបានរីករាលដាលធំឡើងៗនាពេលឥឡូវនេះ ប្រឆាំងនឹងក្រុមអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ គណបក្សនយោបាយ និងស្ថាប័នដទៃទៀត។
សំណួរ៖ បើតាមខ្ញុំដឹង អង្គការរបស់លោកមានប្រតិបត្តិការនៅក្នុងប្រទេសជាង៦៥ប្រទេសក្នុងពិភពលោកយើងនេះ តើកន្លងមកនេះ អង្គការរបស់លោកមានដែលធ្លាប់ត្រូវបានបណ្ដេញចេញ ពីប្រទេសដទៃទៀតដែរឬទេ?
លោក ខេណិត វ៉រឡាក់៖ បាទ! មានកន្លែងខ្លះដែលអង្គការអន្តរជាតិត្រូវ បានគេស្នើឲ្យចាកចេញ រួម ទាំងអង្គការរបស់យើងផងដែរ។ ប៉ុន្តែខ្ញុំមិនគិតថា ប្រទេសកម្ពុជាចង់ឲ្យគេមើលឃើញថា ជាប្រទេសឯកោនោះទេ ឬជាផ្នែកមួយនៃក្រុមប្រទេសទាំងនេះ ដែលមានអារម្មណ៍ខ្លាចរអាពិភពលោកខាងក្រៅមែនទែន និងខ្លាចរអាប្រជាពលរដ្ឋខ្លួនឯងនោះទេ ដែលជាហេតុធ្វើឲ្យខ្លួនហ៊ានចាត់វិធានការណ៍នានា ដែលសម្រាប់រយៈពេលវែង ធ្វើឲ្យចុះទន់ខ្សោយដល់ភាពស្របច្បាប់របស់ខ្លួន និងធ្វើឲ្យខ្លួនឯងឯកោពីប្រទេសដទៃទៀតក្នុងពិភពលោក។
យើងសង្ឃឹមថា រដ្ឋាភិបាលនឹងធ្វើការគិតគូរឡើងវិញចំពោះការសម្រេចចិត្តរបស់ខ្លួន។ វាមិនទាន់យឺតពេលពេកនៅឡើយទេ។ មានរឿងរ៉ាវមួយចំនួន ដែលអាចត្រូវពិចារណាឡើងវិញដើម្បីនាំយកនូវអ្វីៗគ្រប់យ៉ាងមករកសភាពដូចដើមវិញ។ យើងទន្ទឹងឲ្យមានការសន្ទនាប្រកបដោយភាពស្មោះត្រង់មួយ ប៉ុន្តែមិនមែនធ្វើឡើង ដើម្បីតែយើងនោះទេ តែគឺដើម្បីប្រជាពលរដ្ឋនៃប្រទេសនេះ ដើម្បីទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ និងដំណើរការនានាដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលធានានូវសិទ្ធិជាក់លាក់នានាដូចជា សិទ្ធិនយោបាយ និងសិទ្ធិមនុស្ស ដែលទាំងអស់នេះគឺជាគោលការណ៍មូលដ្ឋាន។ ហើយយើងរំពឹងថា រដ្ឋាភិបាលនឹងពិនិត្យមើលឡើងវិញ ក៏ដូចជានឹងធ្វើឲ្យអ្វីៗគ្រប់យ៉ាងវិលត្រលប់មករកសភាពដូចដើមវិញ ដើម្បីដំណើរការការបោះឆ្នោតមួយដែលគួរឲ្យជឿជាក់បាន។
សំណួរ៖ មានការចោទប្រកាន់ពីរដ្ឋាភិបាលថា អង្គការលោក បានសហការជាមួយអង្គការ IRI និង អង្គការ NEDហើយទទួលបានការណែនាំពីក្រសួងការបរទេសអាមេរិក ឬពីភ្នាក់ងារចារកម្មអាមេរិក ស៊ីអាយអេ (CIA) ថា ធ្វើការពីក្រោយឆាកដើម្បីអនុវត្តនូវផែនការសម្ងាត់ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ខ្ញុំចង់ឲ្យលោកបញ្ជាក់ត្រង់ចំណុចនេះ ប្រកបដោយភាពស្មោះត្រង់ ប្រាប់ទៅប្រជាពលរដ្ឋកម្ពុជាថា តើនេះជាការពិតដែរឬទេ?
លោក ខេណិត វ៉រឡាក់៖ បាទ! ប្រសិនបើយើងមានផែនការសម្ងាត់ ឬក៏ថាយើងអនុវត្តផែនការសម្ងាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក យើងប្រហែលជាមិនអាចមានវត្តមានក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំនោះទេ។ ខ្ញុំអាចប៉ានស្មានថា រដ្ឋាភិបាលរបស់គណបក្សកាន់អំណាច ប្រហែលជានឹងស្នើឲ្យយើងចាកចេញតាំងពីជាច្រើនឆ្នាំមុនមកម្ល៉េះ។ ការណ៍ដែលពួកគេបានរង់ចាំរហូតដល់ ២៥ឆ្នាំ ក្នុងការស្នើឲ្យយើងចាកចេញនេះ គឺជាកត្តាបញ្ជាក់ថា ប្រហែលជាមានហេតុផលដទៃទៀតហើយ។ ហើយប្រសិនបើថាយើង ឬរដ្ឋាភិបាលសហរដ្ឋអាមេរិក មានផែនការសម្ងាត់មែននោះ នេះប្រហែលមិនមែនជាកម្មវិធីដែលយើងជ្រើសរើសយកមកធ្វើនោះទេ ឬដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងគាំទ្រឲ្យយើងធ្វើនោះទេ។ មានវិធីសាស្ត្រជាច្រើនទៀត ដែលត្រូវធ្វើផែនការសម្ងាត់នេះ ប្រសិនបើគោលដៅរបស់យើងគឺដើម្បីតែប្រកាន់បក្ខពួកនោះ។ យើងប្រហែលជានឹងមិនចាំបាច់ចំណាយពេលវេលាជាមួយនឹងគណបក្សនយោបាយ ជាមួយនឹងរដ្ឋាភិបាល ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអីនោះទេ។ បើយើងផ្សំគំនិតជាមួយគណបក្សប្រឆាំង នោះក៏មានន័យថាយើងផ្សំគំនិតជាមួយនឹងគណបក្សកាន់អំណាចផងដែរ។
ហើយយើងចង់បញ្ជាក់ថា គោលបំណងរបស់យើង ទាំងបើកចំហ និងទាំងលាក់បាំង គឺពុំមានអ្វីក្រៅពីគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ ដើម្បីទទួលបាននូវទំនុកចិត្តរបស់ប្រជាពលរដ្ឋនោះឡើយ។ ហើយថា យើងផ្ដោតតែទៅលើដំណើរការដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យ ពោលគឺយើងមិនផ្ដោតលើលទ្ធផលនោះឡើយ។ ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងទេ ជាអ្នកកំណត់លទ្ធផល និងជោគវាសនាប្រទេសជាតិពួកគេ ហើយនេះមិនមែនជាភារកិច្ចរបស់អង្គការខាងក្រៅនោះឡើយ។ ផលប្រយោជន៍របស់យើងតែមួយគត់គឺគាំទ្រដំណើរការប្រជាធិបតេយ្យដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានទំនុកចិត្ត។ ខ្ញុំគិត ហើយខ្ញុំក៏សង្ឃឹមដែរថា រដ្ឋាភិបាលយល់ច្បាស់អំពីរឿងនេះ។ ហើយថា ប្រសិនបើពួកគេមិនយល់ ពួកគេប្រហែលជានឹងបណ្ដេញយើងឲ្យចាកចេញពីប្រទេសនេះ ជាច្រើនឆ្នាំមុននេះបាត់ទៅហើយ។
សំណួរ៖ តើលោកអាចពន្យល់បានទេអញ្ចឹង ថាតើអ្វីទៅជាហេតុផលពិតប្រាកដ ដែលនាំឲ្យរដ្ឋាភិបាលបណ្ដេញអង្គការលោកចេញនេះបាទ?
លោក ខេណិត វ៉រឡាក់៖ ខ្ញុំមិនដឹងទេ។ លោកគួរតែទៅសួរពួកគេវិញ។ ហេតុផលតែមួយគត់ដែលពួកគេបានផ្តល់ឲ្យយើងនោះ គឺថា យើងមិនបានចុះបញ្ជីត្រឹមត្រូវ។ ក៏ប៉ុន្តែក្នុងពេលដដែលនេះ យើងក៏បានដាក់ពាក្យ ស្នើសុំចុះបញ្ជី យ៉ាងទាន់ពេលវេលាក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ យើងបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងប្រទេសនេះ ។ ហើយប្រសិនបើយើងរំលោភច្បាប់ដោយប្រការណាមួយនោះ រដ្ឋាភិបាលខ្លួនឯងហ្នឹងក៏រំលោភច្បាប់ដដែលនេះដែរ ពីព្រោះក្រោមច្បាប់នេះ ត្រង់មាត្រា ១៤ បើតាមខ្ញុំចាំ ក្រសួងរបស់រដ្ឋាភិបាល ត្រូវធ្វើចំណាត់ការក្នុងរយៈពេល ៤៥ ថ្ងៃក្រោយពេលដែលយើងដាក់ពាក្យសុំចុះបញ្ជី។ ហើយយើងបានដាក់ឯកសារនោះដល់ទៅជាងមួយឆ្នាំមុនឯណោះ ហើយយើងពុំដែលបានទទួលដំណឹងអ្វីមួយពីរដ្ឋាភិបាលនោះឡើយ។ ក្នុងពេលជាមួយគ្នានេះដែរ យើងបានធ្វើការងារកម្មវិធីរបស់យើង យើងបានទាក់ទងជាប្រចាំជាមួយមន្ត្រីរដ្ឋាភិបាល ហើយពួកគេក៏បានដឹងអំពីថាតើអ្វីខ្លះជាកម្មវិធីរបស់យើង។
គណបក្សកាន់អំណាចបានចូលរួមយ៉ាងសកម្មជាមួយនឹងកម្មវិធីរបស់យើង។ ដូច្នេះយើងបានបំពេញរាល់កាតព្វកិច្ចផ្លូវច្បាប់របស់យើងទាំងអស់។ ហើយយើងបានប្រតិបត្តិការការងារ តាមបែបមិនប្រកាន់បក្ខពួក និងតាមរបៀបប្រកបដោយតម្លាភាព។ ប៉ុន្តែហេតុផលតែមួយគត់ដែលយើងត្រូវបានគេប្រាប់នោះ គឺថាការចុះបញ្ជីរបស់យើងមិនត្រូវបានគេឯកភាពនោះឡើយ។ ហើយយើងត្រូវបានគេប្រាប់ឲ្យចាកចេញពីប្រទេសកម្ពុជា។ ហើយក្នុងពេលដដែលនេះដែរ ក៏មានយុទ្ធនាការយ៉ាងជាក់ច្បាស់ ដែលព្យាយាមពន្យល់ខុសពីការពិតអំពីបេសកកម្ម របស់យើងនៅកម្ពុជា ហើយនឹងថាតើយើងបានធ្វើអ្វីខ្លះក្នុងប្រទេសនេះ។
នេះពិតជារឿងគួរឲ្យសោកស្ដាយ វាមិនមែនជាការពិត ហើយខ្ញុំគិតថា រដ្ឋាភិបាល ប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា ពួកគេភាគច្រើន បានចូលរួមជាមួយការងាររបស់យើង ហើយយល់ដឹងអំពីស្ថានភាពពិតប្រាកដ នៃកម្មវិធីរបស់យើងនៅក្នុងប្រទេសនេះ។ ខ្ញុំអាចប្រាប់លោកបានថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រាកដជានឹងមិនគាំទ្រកម្មវិធីរបស់យើងក្នុងប្រទេសនេះឡើយ ប្រសិនបើគោលដៅរបស់យើងគឺដើម្បីគាំទ្រលទ្ធផលបោះឆ្នោតចំពោះភាគីជាក់លាក់ណាមួយ ចៀសជាងភាគីម្ខាងទៀត ឬដើម្បីជាការជ្រើសរើសយកអ្នកឈ្នះ និងអ្នកចាញ់នោះ។ ទាំងនេះមិនមែនជារបៀបធ្វើការរបស់អង្គការ NDI ទេ ហើយប្រាកដណាស់ថា យើងនឹងមិនទទួលបាននូវការគាំទ្របែបនេះឡើយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រសិនបើនេះ ជាគោលដៅរបស់យើងក្នុងប្រទេសនេះ។
សំណួរ៖ ដោយសារតែកម្រិតនៃភាពទុកចិត្តគ្នារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមអង្គការបស្ចិមលោក រួមទាំងប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ នានានៅលើពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក មួយរយៈចុងក្រោយនេះ តើលោកមានសារអ្វីជាពិសេសដែលលោកចង់ប្រាប់ទៅកាន់ មន្ត្រីគណបក្សកាន់អំណាច ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបមាថាពួកគេកំពុងស្ដាប់អ្វីដែលលោកកំពុងនិយាយនៅពេលនេះ?
លោក ខេណិត វ៉រឡាក់៖ ខ្ញុំចង់និយាយប្រាប់ពួកគេថា សូមបើកចំហប្រទេសកម្ពុជា ហើយកុំធ្វើឲ្យខ្លួនឯងឯកោឲ្យសោះ ហើយត្រូវអនុញ្ញាតឲ្យមានដំណើរការប្រកបដោយលក្ខណៈប្រជាធិបតេយ្យក្នុងប្រទេសនេះ ដើម្បីឲ្យពលរដ្ឋកម្ពុជាដ៏ច្រើនលើសលប់មានទំនុកចិត្តមកលើរដ្ឋាភិបាល។ នេះគឺជាការណ៍មួយដ៏ប្រសើរបំផុត ដើម្បីធានាបាននូវវិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាពក្នុងប្រទេសរបស់អ្នក។ ផលប្រយោជន៍តែមួយគត់ក្នុងផ្នត់គំនិតដែលសហគមន៍អន្តរជាតិចង់បាន គឺដើម្បីឲ្យមានការអភិវឌ្ឍន៍នៅកម្ពុជា ការរក្សាមិត្តភាពជាមួយប្រជាពលរដ្ឋកម្ពុជា និងស្ថាប័ននានារបស់ប្រទេសនេះ។ នៅមិនទាន់យឺតពេលនៅឡើយទេ ដែលរដ្ឋាភិបាលអាចធ្វើឲ្យស្ថានភាពដុនដាបបច្ចុប្បន្ននេះ វិលត្រលប់មករកស្ថានភាពប្រក្រតីដូចដើមឡើងវិញ។ ខ្ញុំសង្ឃឹម ហើយនៅតែមានសុទិដ្ឋិនិយមថា យើងជឿជាក់ទៅលើលទ្ធិប្រជាធិបតេយ្យ យើងជឿជាក់ទៅលើតម្លាភាព និងគណនេយ្យភាព ហើយខ្ញុំគិតថា មានពេលវេលាដែលយើងត្រូវចេះកែប្រែផ្នត់គំនិត។ ព្រោះថាបើមិនដូច្នោះទេ ការបោះឆ្នោតនាពេលខាងមុខនេះ នឹងមិនត្រូវបានគេមើលឃើញថា មានសភាពស្របច្បាប់នោះឡើយ ពោលគឺទាំងពីរសំណាក់ប្រជាពលរដ្ឋកម្ពុជា និងពីសំណាក់សហគមន៍អន្តរជាតិ។ ហើយបើមិនដូច្នេះទេ លទ្ធផលនៃការបោះឆ្នោតខាងមុខ នឹងត្រូវបានពិភពលោកមើលឃើញថា ជាមុនស្រេចទៅហើយ។ ខ្ញុំគ្រាន់តែចង់ប្រាប់ពួកគេថា ចូរអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល អនុញ្ញាតឲ្យគណបក្សនយោបាយ អនុញ្ញាតឲ្យសហគមន៍អន្តរជាតិ មានលទ្ធភាពចូលរួមយ៉ាងពេញលេញ ក្នុងការគាំទ្រឲ្យមាននូវដំណើរការប្រជាធិបតេយ្យនាពេលបច្ចុប្បន្ននេះ ដែលនឹងជាការបម្រើឲ្យអត្ថប្រយោជន៍ដល់រដ្ឋាភិបាលខ្លួនឯងផង អត្ថប្រយោជន៍ដល់គ្រប់គណបក្សនយោបាយទាំងអស់នៅក្នុងប្រទេសនេះផង ហើយជាពិសេសបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលតែម្ដង។
សំណួរ៖ តើលោកអាចបង្ហើបឲ្យយើងដឹងបានបន្តិចទេថា ក្រោយពេលដែលរដ្ឋាភិបាលបណ្ដេញអង្គការលោកចេញជាផ្លូវការ តើអង្គការរបស់លោក មានដែលបានព្យាយាមធ្វើការចរចា ឬសន្ទនាពីក្រោយឆាក ដើម្បីឲ្យអង្គការលោកអាចបន្តប្រតិបត្តិការដូចធម្មតាឡើងវិញបានដែរឬទេ?
លោក ខេណិត វ៉រឡាក់៖ បាទ! យើងបើកចំហឲ្យមាននូវកិច្ចសន្ទនានេះ។ មានកន្លែងខ្លះនៅលើពិភពលោកដែលមានការយល់ច្រឡំគ្នា ហើយតាមរយៈកិច្ចសន្ទនាគ្នា យើងអាចបន្តដំណើរការកម្មវិធីរបស់យើងឡើងវិញបានក្នុងប្រទេសទាំងនោះ។ ហើយរឿងរ៉ាវទាំងអស់នេះបានកើតមានឡើងដែរកាលពីពេលអតីតកាល។ ប៉ុន្តែ ពុំមានការសន្ទនាបែបនេះនៅឡើយទេ ហើយបច្ចុប្បន្ននេះ រដ្ឋាភិបាលមិនបានផ្ដល់ឱកាសណាមួយឡើយដើម្បីធ្វើឲ្យមានកិច្ចសន្ទនាបែបនេះ។ ប៉ុន្តែខ្ញុំចង់និយាយថា យើងនៅឆ្ងាយពីគ្នាដោយគ្រាន់តែជិះយន្តហោះមួយជើងតែប៉ុណ្ណោះ ដែលយើងអាចធ្វើឲ្យមានឡើងនូវកិច្ចសន្ទនាគ្នានេះជាមួយរដ្ឋាភិបាល និងគណបក្សនយោបាយនានា។ យើងនឹងទន្ទឹងរង់ចាំនូវឱកាសនោះ ប្រសិនបើមានការវិវត្តណាមួយកើតមានឡើង។
សំណួរ៖ សំណួរចុងក្រោយរបស់ខ្ញុំ តើលោកមានសារអ្វីខ្លះចង់ផ្ដាំផ្ញើ ឬផ្ដល់ជាអនុសាសន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសក្នុងចំណោមស្រទាប់យុវវ័យជំនាន់ក្រោយ ដែលទន្ទឹងចង់បាននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ ក៏ដូចជាចង់បានការបោះឆ្នោតមួយដែលគួរឲ្យទុកចិត្ត និងប្រកបដោយភាពសេរី និងយុត្តិធម៌ក្នុងប្រទេសរបស់ពួកគេ ដែលនេះអាចថាជាក្ដីសុបិនរួមមួយនោះបាទ?
លោក ខេណិត វ៉រឡាក់៖ បាទ! បញ្ហានេះហើយដែលជារឿងគួរឲ្យរំខានណាស់ ប្រសិនបើមនុស្សវ័យក្មេងក្នុងប្រទេសនេះ មើលពុំឃើញនូវឱកាសដើម្បី ចូលរួមក្នុងដំណើរការនយោបាយ ប្រសិនបើគេមានអារម្មណ៍ថា ប្រព័ន្ធនេះមិនអនុញ្ញាតឲ្យមានការឆ្លុះបញ្ចាំងពិតប្រាកដមួយ នៃឆន្ទៈរបស់ពួកគេ។ ពួកគេនឹងបោះបង់ចោល ឬលែងចូលរួមក្នុងដំណើរការនយោបាយនេះ។ ហើយនេះមិនមែនជារឿងល្អឡើយ។ ដូច្នេះអនុសាសន៍តែមួយគត់របស់ខ្ញុំគឺថា បញ្ហានេះជារឿងរ៉ាវដែលពួកគេត្រូវសម្រេចចិត្តដោយខ្លួនឯង ហើយខ្ញុំសង្ឃឹមថាពួកគេនឹងនៅតែស្វិតស្វាញ ខ្ញុំសង្ឃឹមថាពួកគេនឹងព្យាយាមខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន បើទោះជាស្ថិតក្នុងបរិយាកាសប្រកបដោយបញ្ហាប្រឈមយ៉ាងណាក៏ដោយ។ ពួកគេត្រូវចូលរួមឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដោយផ្សារភ្ជាប់ជាមួយនឹងដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ ហើយធ្វើការតស៊ូមតិដើម្បីឲ្យមានកំណែទម្រង់ជាបន្ត និងឲ្យមាននូវការបើកចំហ។ ទីបំផុតទៅ តាមរយៈការផ្សារភ្ជាប់នេះ រឿងរ៉ាវល្អនឹងកើតមានឡើង។ សំខាន់ណាស់ដែលការផ្សារភ្ជាប់ក្នុងរឿងនយោបាយនេះត្រូវតែធ្វើឡើងប្រកបដោយសន្តិវិធី និងតាមបែបស្ថាបនា ។ ប្រជាពលរដ្ឋទាំងអស់ចង់បានដូចគ្នា ទាំងនៅកម្ពុជា និងទាំងនៅតំបន់នានាទូទាំងសាកលលោក គឺថាពួកគេចង់បានម្ហូបឆ្ងាញ់នៅលើតុ មានការងារល្អ មានការថែទាំសុខភាព ចង់ឲ្យកូនចៅរបស់ពួកគេមានជីវិតប្រសើរ ហើយពួកគេចង់ឲ្យមានសំឡេងនយោបាយ ហើយខ្ញុំគិតថា រដ្ឋាភិបាលនៅកម្ពុជា និងរដ្ឋាភិបាលនានានៅទូទាំងពិភពលោក ត្រូវតែជួយឲ្យពលរដ្ឋរបស់ខ្លួនបានសម្រេចនូវសេចក្ដីប៉ងប្រាថ្នាទាំងនេះ។ ហើយស្ដាប់ប្រជាពលរដ្ឋរបស់ខ្លួន។ យើងសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជា នឹងនៅតែផ្សារភ្ជាប់ទៅនឹងនយោបាយ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ដូចដែលខ្ញុំបាននិយាយហើយ ខ្ញុំមានសុទិដ្ឋិនិយម ថានៅទីបំផុតទៅរឿងរ៉ាវល្អបែបនេះនឹងកើតមានឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
