បាតុកម្មរបស់ពលរដ្ឋរងផលប៉ះពាល់ពីការអភិវឌ្ឍ និងរងអំពើអយុត្តិធម៌សង្គម បានផ្ទុះឡើងជាច្រើនក្នុងរយៈពេលជាង ៣០ឆ្នាំនៃការដឹកនាំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ លោក ហ៊ុន សែន បានឆ្លើយតបក្ដីកង្វល់របស់ពលរដ្ឋតិចតួចណាស់។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ថ្លែងថា ការដែលរដ្ឋាភិបាលលោកមិនព្រមពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រោះខ្លាចពលរដ្ឋដែលរងផលប៉ះពាល់ធ្វើបាតុកម្មមិនឈប់ ហើយក៏ឆ្លុះបញ្ចាំងថា រដ្ឋាភិបាលមិនបណ្តេញពលរដ្ឋចេញយ៉ាងអនាធិបតេយ្យឡើយ ដោយខ្លាចពិបាកដោះស្រាយ។
តើការលើកឡើងនេះបង្ហាញថា លោក ហ៊ុន សែន ខ្លាចបាតុកម្មទេ?
ចាប់តាំងពីមានមហាបាតុកម្មកាលពីឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិ ប្រឆាំងរដ្ឋាភិបាល លោក ហ៊ុន សែន រីកសាយភាយខ្លាំង រហូតមានការបង្ក្រាបយ៉ាងហិង្សារួចមកនោះ គេកម្រឃើញអាជ្ញាធរអនុញ្ញាតឲ្យមានបាតុកម្ម ឬការដើរហែក្បួនណាស់។ ក្នុងស្ថានភាពសព្វថ្ងៃនេះវិញ ប្រសិនបើមានបាតុកម្មប្រឆាំងលោក ហ៊ុន សែន នោះនឹងមានបាតុកម្មតបភ្លាមៗដែរ ដូចជាករណីបាតុកម្មទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១សភា កាលពីចុងឆ្នាំ២០១៥ ជាឧទាហរណ៍។
អ្នកតាមដានព្រឹត្តិការណ៍សង្គមសង្កេតឃើញថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្កើនការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការតវ៉ា ការធ្វើបាតុកម្ម និងការហែក្បួន ដើម្បីប្រារព្ធទិវាអន្តរជាតិនានា ក្នុងនោះមានទិវាសិទ្ធិមនុស្សអន្តរជាតិ ទិវាបរិស្ថានពិភពលោកជាដើម ដោយសំអាងហេតុផលដដែលៗថា ខ្លាចកកស្ទះចរាចរណ៍។ ករណីជាក់ស្ដែងកាលពីពេលថ្មីៗ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា សាលារាជធានីភ្នំពេញ រារាំងមិនឲ្យក្រុមអ្នកធ្វើពិធីជិះកង់ហែក្បួនទេ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ និយាយថា រដ្ឋាភិបាល ឬលោក ហ៊ុន សែន មិនត្រូវខ្លាចបាតុកម្មទេ ប៉ុន្តែត្រូវរកដើមចមនៃការទាមទាររបស់ពលរដ្ឋយកមកដោះស្រាយ។ លោកសង្កេតឃើញថា បាតុកម្មដែលកើតឡើងកន្លងមានពីរប្រភេទ គឺបាតុកម្មមាននិន្នាការនយោបាយ និងមួយទៀតជាការតវ៉ាពីការកើតទុក្ខមិនសុខចិត្តរបស់ពលរដ្ឋ ហើយរដ្ឋាភិបាលត្រូវដោះស្រាយបាតុកម្មប្រភេទទី២ នេះ៖« មិនមានដើមចមណាមួយនៅសុខៗ ពលរដ្ឋមកធ្វើបាតុកម្មទេ រដ្ឋាភិបាលមិនគួរណាខ្លាចការធ្វើបាតុកម្មរបស់ពលរដ្ឋ ដែលប៉ះពាល់ដល់ជីវភាពរបស់គាត់ទេ។ យើងត្រូវដោះស្រាយ »។
ក្នុងការកាន់អំណាចជាង ៣០ឆ្នាំរបស់លោក ហ៊ុន សែន បាតុកម្មប្រឆាំងរូបលោក និងបាតុកម្មសុំឲ្យលោកជួយអន្តរាគមន៍ កើតឡើងច្រើន ប៉ុន្តែលោកកម្រឆ្លើយតបណាស់។ តែទោះយ៉ាងណាក្តី នៅរយៈពេលចុងក្រោយ ខណៈដែលហ្វេសប៊ុក (Facebook) កំពុងក្លាយទៅជាទីប្រឹក្សាស្មោះត្រង់របស់លោកនោះ លោកបានអន្តរាគមន៍ឲ្យតុលាការខេត្តកំពង់ស្ពឺ ដោះលែងតំណាងពលរដ្ឋ ២នាក់ដែលត្រូវបានឃុំខ្លួន។ ករណីដីធ្លីមួយទៀត នៅខេត្តបន្ទាយមានជ័យ រឿងទាហានចំនួន ៥គ្រួសារ មានជម្លោះជាមួយពលរដ្ឋ។ លោកក៏ស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សើរើរឿងនេះឡើងវិញដែរ។
ទោះការអន្តរាគមន៍របស់លោកលើរឿងនេះត្រូវបានសង្គមស៊ីវិលរិះគន់ថា លូកដៃចូលកិច្ចការតុលាការ និងជាការអន្តរាគមន៍ដើម្បីកេងចំណេញនយោបាយក្តី ប៉ុន្តែក៏ជាអន្តរាគមន៍ដែរ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និយាយថា លោក ហ៊ុន សែន ខ្លាចពលរដ្ឋធ្វើបាតុកម្ម ប៉ុន្តែរដ្ឋាភិបាលមិនព្យាយាមដោះស្រាយបញ្ហាទេ។ លោកថា ដោយសារការអភិវឌ្ឍប៉ះពាល់ពលរដ្ឋ ទើបពលរដ្ឋទាមទារឲ្យរដ្ឋាភិបាលត្រូវដោះស្រាយ៖« ខ្ញុំជឿថាវិធានការហិង្សាលើពលរដ្ឋខ្លួនឯងគ្មានផលវិជ្ជមានទេ យកល្អដោះស្រាយឫសគល់បញ្ហាវិញ ដោះស្រាយបញ្ហាដោយយុត្តិធម៌ កែទម្រង់ប្រព័ន្ធតុលាការដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាជនដល់ជនរងគ្រោះ »។
គេនៅចាំថា កាលពីឆ្នាំ២០១៣ ជាពេលដែលគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅពេលនោះ លោក ហ៊ុន សែន ព្រមានថា នឹងមានបាតុកម្មប្រឆាំងបាតុកម្ម ឬប្រយ័ត្នបាតដៃទី៣។
ថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញជំហរទៅសាធារណជនឲ្យបានដឹងថា រដ្ឋាភិបាលរបស់លោកមិនពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយបណ្ដេញពលរដ្ឋចេញពីលំនៅឋានទេ ព្រោះពលរដ្ឋច្បាស់ជាធ្វើបាតុកម្មមិនឈប់ឡើយ។ លោក ហ៊ុន សែន ថ្លែងដូចនេះកាលពីថ្ងៃទី១៦ ខែមីនា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៖« កំហុសរបស់ខ្ញុំអាចថា ខ្ញុំធ្វើនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ ហើយក្នុងពេលនោះ ក្នុងតំបន់នេះអត់សូវមានមនុស្សនៅទេ ហើយស្រួលដោះស្រាយបញ្ហាដីធ្លីណាស់ ក៏ប៉ុន្តែយើងចេះតែទុកឲ្យពលរដ្ឋចេះតែរស់នៅៗ ឥឡូវតែហ៊ានទៅដក ច្បាស់ជាបាតុកម្មននៀលអត់ចេញទៅណាទេ »។
ជារឿយៗ មានពលរដ្ឋមានបញ្ហាដីធ្លី និងពលរដ្ឋដែលរងគ្រោះដោយបញ្ហានានា បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន ឬថ្នាក់ខេត្តមិនអាចដោះស្រាយបញ្ហារបស់គេបាន ពួកគេនាំគ្នាដឹកកូនបញ្ជូនចៅ រែកឆ្នាំង ទូលចាន វេចបង្វេចខោអាវមករកដំណោះស្រាយនៅភ្នំពេញ ហើយមុខសញ្ញាទី១ របស់ពួកគេគឺលោក ហ៊ុន សែន។
សព្វថ្ងៃពលរដ្ឋមានបញ្ហាដីធ្លីមកពីខេត្តបាត់ដំបង ប៉ោយប៉ែត និងបន្ទាយមានជ័យ កំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមវត្តអារាម ដើម្បីស្នើសុំឲ្យដោះលែងតំណាងរបស់ខ្លួនដែលកំពុងជាប់ឃុំ និងទាមទាររស់នៅលើដីខ្លួនវិញ។ ពលរដ្ឋទាំងនោះ តែងដើរដាក់ញត្តិតាមស្ថាប័នជាតិសំខាន់ៗ ដូចជារដ្ឋសភា ខុទ្ទកាល័យលោក ហ៊ុន សែន និងក្រសួងយុត្តិធម៌ជាដើម។
ប្រធានផ្នែកដីធ្លី និងសាលាក្ដីខ្មែរក្រហមនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ឡាត់ គី មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលគិតគូររឿងផលប៉ះពាល់ រាល់ការអភិវឌ្ឍរបស់ខ្លួនដូចករណីមិនពង្រីកអាកាសយានដ្ឋានភ្នំពេញ ព្រោះខ្លាចពលរដ្ឋបាតុកម្មនោះ ប្រហែលពលរដ្ឋមិនរងគ្រោះដូចសព្វថ្ងៃទេ។ លោកលើកឡើងទៀតថា រាល់ការធ្វើបាតុកម្មរបស់ពលរដ្ឋ តែងតែលឺដល់នាយករដ្ឋមន្ត្រី ប៉ុន្តែការដោះស្រាយមានប្រសិទ្ធភាពកម្រិតណានោះ គឺជារឿងមួយទៀត៖« ខ្ញុំយល់ឃើញថា ពិតជាបានដឹងដល់សម្ដេច ប៉ុន្តែត្រង់ថា សម្ដេចមានឆន្ទៈនយោបាយពិតប្រាកដដោះស្រាយជូនពលរដ្ឋយ៉ាងណានោះ ជាឆន្ទៈរបស់សម្ដេច »។
ទាក់ទងការធ្វើបាតុកម្មនេះដែរ សង្គមស៊ីវិលចោទប្រកាន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ហាក់បង្ហាញជំហរមិនចង់ឃើញមានបាតុកម្មទ្រង់ទ្រាយធំកើតឡើង ដោយធ្វើសេចក្ដីព្រាងច្បាប់មួយស្ដីពីសហជីព ដែលច្បាប់នេះត្រូវបានសង្គមស៊ីវិល អ្នកច្បាប់ និងគណបក្សប្រឆាំងរិះគន់ថា រឹតត្បិតការធ្វើបាតុកម្ម កូដកម្មរបស់កម្មករ។
មាត្រា ១៣ នៃសេចក្ដីព្រាងនេះ តម្រូវឲ្យសមាជិកសហជីពប្រជុំសម្រេចដែលមានសមាជិកភាគច្រើនដាច់ខាត ឬ ៥០% បូក ១ ទើបអាចធ្វើកូដកម្មបាន។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA ) លោក សន ជ័យ យល់ថា ការរឹតត្បិតរបស់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច លើការទាមទាររបស់ពលរដ្ឋ ឬបាតុករកន្លងមក គឺអាជ្ញាធរចង់បង្ហាញពីកម្លាំងខ្លួនថា គេអាចទប់ស្កាត់មិនឲ្យមានបាតុកម្មបាន បើអាជ្ញាធរមិនចង់ឲ្យធ្វើ។ លោកថា ករណីនេះគឺឲ្យរដ្ឋាភិបាលបាត់ព័ត៌មានពីពលរដ្ឋ ព្រោះថា បាតុកម្មជាការឆ្លើយតបទ្រង់ទ្រាយធំពីពលរដ្ឋទៅរដ្ឋាភិបាល៖« ការទប់ស្កាត់នេះប៉ះពាល់ធ្ងន់ធ្ងរសិទ្ធិសេរីភាពរបស់ពលរដ្ឋ ព្រោះអីបើអត់មានបាតុកម្ម រដ្ឋាភិបាលមិនបានពីការឆ្លើយរបស់ពលរដ្ឋទៅរដ្ឋាភិបាលដែរ »។
នៅក្នុងសង្គមប្រជាធិបតេយ្យ ការធ្វើបាតុកម្មរបស់ពលរដ្ឋមិនមែនចម្លែកទេ។ សម្រាប់ប្រទេសកម្ពុជា ដំណោះស្រាយល្អបំផុតគឺត្រូវរកដើមចមនៃបញ្ហាថា តើអ្នកណាជាអ្នកដើមហេតុធ្វើឲ្យមានបាតុកម្មកើតឡើង? ហើយនេះក៏ជាសំណួរដែលសង្គមស៊ីវិល អ្នកវិភាគសង្គម និងគណបក្សប្រឆាំង ចោទសួរទៅរដ្ឋាភិបាល។ ពួកគេនៅតែទាមទារឲ្យលោក ហ៊ុន សែន ក្លាហានដោះស្រាយរឿងនេះប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។