នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានសមាគមមិត្តភាពសភាមេគង្គ-ជប៉ុន និងតំណាងក្រុមហ៊ុនធំៗចំនួន៤ របស់ជប៉ុន លោក ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុក (facebook) របស់លោកថា ជប៉ុន នឹងត្រៀមបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិន និងភ្ញៀវទេសចរជប៉ុន ទៅទស្សនកិច្ចនៅខេត្តសៀមរាប នៅឆ្នាំ២០១៨ ខាងមុខ។
នៅមុនពេលជំនួបជាមួយប្រធានសមាគមមិត្តភាពមេគង្គ-ជប៉ុន នេះ លោក ហ៊ុន សែន ក៏ជួបតំណាងក្រុមហ៊ុនជប៉ុន ធំៗចំនួន៤ ដើម្បីពិភាក្សាពីការវិនិយោគនៅកម្ពុជា ក្នុងនោះមានតំណាងក្រុមហ៊ុន ដេនសូ (Denso) ក្រុមហ៊ុនតូយ៉ូតា ថ្សឺស្សូ (TOYOTA Tsuso) ធនាគារមីហ្សឹហូ (Mizuho Bank) និងក្រុមហ៊ុនមីនីប៊ែរ (Minebea) ដែលធ្វើឡើងនៅក្នុងសណ្ឋាគារញ៉ូវអូតានី (New Otani) ក្រុងតូក្យូ (Tokyo)។
នៅក្នុងជំនួបនេះ លោក ហ៊ុន សែន បានបង្ហាញដល់ក្រុមអ្នកវិនិយោគជប៉ុន អំពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជា ដោយលោកអះអាងថា បរិយាកាសនយោបាយល្អ និងសន្តិសុខសណ្ដាប់ធ្នាប់ល្អ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗដែលបានកសាងឡើង ប្រព័ន្ធទឹកភ្លើង និងតម្លៃពលកម្មថោកសមរម្យ ហើយនៅកម្ពុជា កំពុងទទួលបានអ្នកវិនិយោគិនជប៉ុន កាន់តែច្រើនឡើង។ល។
លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជា នឹងស្នើឲ្យជប៉ុន បោះវិនិយោគទុនរបស់ខ្លួននូវទឹកប្រាក់ ៨០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើប្រព័ន្ធរថភ្លើងអាកាសក្នុងទីក្រុងភ្នំពេញ ដែលនឹងតភ្ជាប់ពីទីក្រុងភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា ក្នុងឆ្នាំ២០១៦ មានទឹកប្រាក់ ១.៣០០លានដុល្លារសហរដ្ឋអាមេរិក។ ទោះបីជាចិន គ្របដណ្ដប់វិនិយោគទុនស្ទើរទាំងស្រុងនៅកម្ពុជា ក៏ដោយ ប៉ុន្តែជប៉ុន នៅតែដើរតួសំខាន់ក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ខណៈជប៉ុន ជាអ្នកវិនិយោគទីបីធំជាងគេបំផុតនៅក្នុងប្រទេសនេះ។
គិតចាប់តាំងពីឆ្នាំ១៩៩២ ជប៉ុន ជាម្ចាស់ជំនួយដ៏ធំបំផុតរបស់កម្ពុជា ដែលបានផ្តល់ជំនួយជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ។
លោក ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ សីហា ឆ្នាំ២០១៧ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzō Abe)និងជំនួបសំខាន់ៗមួយចំនួនទៀតជាមួយមេដឹកនាំជប៉ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។