ក្នុងសេចក្ដីថ្លែងការណ៍រួមរវាងប្រទេសជប៉ុន និងកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៦ វិច្ឆិកា បានសរសេរថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានជួបប្រជុំកំពូលជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន។ នាយករដ្ឋមន្ត្រីទាំងពីរប្ដេជ្ញាពង្រីកទំនាក់ទំនងទ្វេភាគី ឈរលើសហប្រតិបត្តិការ ៥វិស័យ ដែលមានជាអាទិ គឺទី១ បញ្ហានយោបាយ និងសន្តិសុខ ទី២ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ទី៣ ទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទី៤ ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន និងវិស័យវប្បធម៌ និងទី៥ កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងលើពិភពលោក។
នាយករដ្ឋមន្ត្រីទាំងពីរប្ដេជ្ញាបង្កើនកិច្ចសន្ទនាលើបញ្ហានយោបាយ និងសន្តិសុខតាមរយៈវេទិកាដែលមានស្រាប់ ដូចជា កិច្ចពិគ្រោះយោបល់ស្ដីពីនយោបាយ យោធា និងជំរុញកិច្ចសហប្រតិបត្តិការថែមទៀត រវាងអាជ្ញាធរផ្នែកការពារជាតិនៃប្រទេសទាំងពីរ តាមរយៈជំនួយសម្រាប់ការពង្រឹងសមត្ថភាព។
ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ លោក ស៊ិនហ្សូ អាបេ ប្រកាសថា ជប៉ុននឹងត្រៀមខ្លួនជាស្រេច ដើម្បីជួយជ្រោមជ្រែងកិច្ចប្រឹងប្រែងកំណែទម្រង់ការបោះឆ្នោត ការពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់នីតិរដ្ឋតាមការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលអះអាងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ស៊ិនហ្សូ អាបេ រំពឹងថា ស្ថានភាពនយោបាយក្រោយការបោះឆ្នោត នឹងឆាប់វិលមករកប្រក្រតីភាពវិញ តាមការពិភាក្សាគ្នារវាងគណបក្សនយោបាយពាក់ព័ន្ធ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងបន្តធ្វើការរួមគ្នាសម្រាប់ដំណើររលូននៃតុលាការខ្មែរក្រហម។
ចំពោះទំនាក់ទំនងសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ លោកនាយករដ្ឋមន្ត្រីជប៉ុន នឹងបន្តផ្ដល់ជំនួយលើវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម កសិកម្ម ការអប់រំ ការអភិវឌ្ឍន៍ធនធានមនុស្ស សុខាភិបាល កិច្ចការស្ត្រី និងអភិបាលកិច្ច។ ជប៉ុនក៏នឹងជួយសម្រាប់ការងារដោះមីននៅកម្ពុជា។
លោក ស៊ិនហ្សូ អាបេ មានបំណងរៀបចំឱ្យមានការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ៣ពាន់នាក់ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ តាមកម្មវិធីបណ្ដាញអាស៊ីបូព៌ា ជប៉ុន សម្រាប់ការផ្លាស់ប្ដូរយុវជន និងនិស្សិត។
រីឯកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងលើពិភពលោក នាយករដ្ឋមន្ត្រីទាំងពីរ សង្កត់ធ្ងន់លើសារសំខាន់នៃការដោះស្រាយជម្លោះដែនសមុទ្ទដោយសន្តិវិធីតាមច្បាប់អន្តរជាតិ និងរំពឹងថា ក្រមប្រតិបត្តិសម្រាប់ជម្លោះចិនខាងត្បូង នឹងត្រូវអនុម័តឆាប់ៗ ដើម្បីដោះស្រាយប្រសិទ្ធភាព។
ទាក់ទងនឹងការរំសាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង នាយករដ្ឋមន្ត្រីទាំងពីរ ជំរុញឱ្យអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចចរចា ៦ភាគី។
លោក ស៊ិនហ្សូ អាបេ ដឹងគុណចំពោះកម្ពុជា ដែលគាំទ្រសមាជិកភាពរបស់ជប៉ុន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាការផ្លាស់ប្ដូរ និងជាការជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់ និងពិភពលោក លោក ស៊ិនហ្សូ អាបេ អញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនវិញម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
