ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា មូលហេតុមានសកម្មភាពកន្លងទៅដែលព្យាយាមគាស់កកាយរឿងផ្ទាល់ខ្លួនរបស់លោក ហើយលាតត្រដាងជាសាធារណៈ ព្រោះតែលោកធ្វើកិច្ចការជាច្រើនជាប់ពាក់ព័ន្ធនឹងជាតិ។ លោក កឹម សុខា និយាយថា ប្រសិនបើរូបលោកមិនមែនឈរតំណាងឲ្យប្រទេសជាតិ ដើម្បីទាមទារសិទ្ធិសេរីភាព និងប្រជាធិបតេយ្យទេ ប្រហែលជាគេមិនប្រឹងចំណាយលុយ និងស្ថាប័ន ដើម្បីលាតត្រដាងរឿងផ្ទាល់ខ្លួនរបស់លោកជាសាធារណៈបែបនេះទេ។
នេះជាលើកទីមួយហើយចាប់តាំងពីអនុប្រធានគណបក្សប្រឆាំងប្រកាន់ជំហរ ថាមិនឈ្លោះ មិនឆ្លើយ និងមិនឆ្លងអ្វីទាំងអស់ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវស្នេហាតាមរយៈខ្សែអាត់សំឡេង ដែលគេចោទប្រកាន់ថា អាចជារូបលោក កឹម សុខា ជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ថ្លែងទៅកាន់យុវជនបក្សក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១១ ឧសភា លោក កឹម សុខា ឲ្យដឹងថា ការប៉ុនប៉ងយករឿងផ្ទាល់ខ្លួនរបស់លោកជាច្រើនលើកច្រើនសាកន្លងទៅ បង្ហាញជាសាធារណៈ ត្រូវបានប្រធានស្តីទីបក្សប្រឆាំងចាត់ទុកថា គឺជាការកាច់កុងផ្នែកនយោបាយ។ ម្យ៉ាងវិញទៀត នោះក៏ព្រោះតែលោកធ្វើអ្វីៗដើម្បីការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ រូបនេះចោទប្រកាន់ថា ប្រសិនបើរឿងនេះវាមិនពាក់ព័ន្ធនឹងប្រទេសជាតិទេ ឬរូបលោកពុំមែនជាបុគ្គលដែលធ្វើកិច្ចការដើម្បីទាមទារឲ្យមានយុត្តិធម៌សង្គមនោះទេ ទំនងជាពុំមានសកម្មភាព និងរហូតចំណាយលុយ ព្រមទាំងបញ្ចេញស្ថាប័នរបស់រដ្ឋ អុកឡុក និងប្រឆាំងលោកគ្រប់ពេលវេលាយ៉ាងដូច្នេះទេ។ លោកបន្តថា «ហេតុម៉េចបានជារឿងបញ្ហាបុគ្គលខ្ញុំសោះ មនុស្សប្រហែលខ្ញុំសោះ ម៉េចក៏គេបុករុកមាំម្ល៉េះ ? អ្នកខ្លះគេថារឿងបុគ្គលសោះ ម៉េចក៏គេចំណាយពេលវេលា ចំណាយស្ថាប័ន ចំណាយលុយអីមកបុកមាំម្ល៉េះ ? ចំណាយមនុស្សច្រើនម្ល៉េះមកបុករឿងបុគ្គលខ្ញុំនេះ មានឆ្ងល់ទេ ? បើសិនរឿងបុគ្គលសុទ្ធសាធ កឹម សុខា សុទ្ធសាធ ប្រហែលជាគេមិនបាច់ចំណាយដល់ម្ល៉ឹងទេ។ ប៉ុន្តែ កឹម សុខា នេះ គឺជាតិ ដោយសារ កឹម សុខា ឈរដើម្បីជាតិ»។
បើទោះបីជាបែបណា លោក កឹម សុខា ពុំបានបញ្ជាក់ទេថា តើរឿងឯកជនរបស់លោកដែលកំពុងលើកឡើងនៅពេលនេះ ហើយត្រូវបានគេព្យាយាមទម្លាយចេញនោះ ពាក់ព័ន្ធនឹងខ្សែអាត់សំឡេងដែលកំពុងមានភាពចម្រូងចម្រាសនេះ ឬយ៉ាងណានោះឡើយ? ក៏ប៉ុន្តែ វិវាទ និងបញ្ហាប្រឈមចុងក្រោយរបស់លោក កឹម សុខា នៅពេលនេះ បន្ទាប់ពីមានការគំរាមកំហែងជាច្រើនលើកច្រើនសានោះ គឺពុំមានអ្វីក្រៅពីបញ្ហាដែលចោទប្រកាន់ថា លោកមានរឿងអាស្រូវស្នេហានោះទេ។
ក្រោយពីសំឡេងខ្សែអាត់ដែលបែកធ្លាយជាសាធារណៈអំពីរឿងអាស្រូវស្នេហាភ្លាម គេសង្កេតឃើញថា មានសកម្មភាពមួយចំនួនក៏ចាប់ផ្ដើមធ្វើយុទ្ធនាការប្រឆាំងលោក កឹម សុខា ភ្លាមដែរ។ រហូតមកដល់ពេលនេះ លោក កឹម សុខា ព្រោះតែប្រកាន់គោលការណ៍មិនឆ្លើយ មិនឆ្លង និងមិនឈ្លោះក្នុងរឿងឯកជននេះ ដែលគេចោទថា អាចជារឿងរបស់លោកជាមួយនាង ស្រីមុំ នោះ នៅក្នុងដៃតុលាការ លោក កឹម សុខា មានបណ្ដឹងពីររួចជាស្រេចទៅហើយ។ បញ្ហាប្រឈមទាំងនេះ នៅមិនទាន់គិតដល់សកម្មភាពមួយចំនួនដែលដឹកនាំដោយលោក ស្រី ចំរើន បានបន្តធ្វើយុទ្ធនាការគ្រប់ទីកន្លែង ទាមទារឲ្យលោក កឹម សុខា ឆ្លើយបំភ្លឺក្នុងរឿងនេះជាហូរហែនៅឡើយផង។
ឆ្លើយតបការចោទប្រកាន់នេះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា នេះជារឿងរបស់លោក កឹម សុខា ដែលពុំមានអ្នកបង្កើតឡើងក្រោមហេតុផលអ្វីផ្សេងឡើយ។ ម្យ៉ាងទៀត ប្រសិនបើចៀសវាងកុំឲ្យមានការអូសបន្លាយវែងឆ្ងាយ លោក កឹម សុខា ត្រូវចេញមុខដោះស្រាយ និងឆ្លើយបំភ្លឺ គឺជាមធ្យោបាយដ៏ល្អ។ លោកបន្តថា «យើងខ្ញុំយល់ថា បញ្ហានេះបើសិនណាគាត់កុំប្រព្រឹត្តទេ វាឥតមានពាក្យបណ្ដឹងទេ ហើយមានពាក់ព័ន្ធអីនឹងឧបាយកលអីដែលថាគេតាមយាយីគាត់ ឬធ្វើបាបគាត់ វាឥតមានទេ។ រឿងហ្នឹងគាត់បង្កើតខ្លួនឯង ដែលគាត់មិនបានដោះស្រាយដោយខ្លួនឯង»។
ជុំវិញបញ្ហានេះ អ្នកវិភាគសង្គមយល់ឃើញថា នេះជារបៀបឆាកល្ខោនដែលគេនិពន្ធឡើង ហើយព្យាយាមច្បិចយកសាច់រឿងមួយជ្រុងដើម្បីសម្ដែងប៉ុណ្ណោះ ដែលវាពិបាកដល់អ្នកតាមដាន។ ទាំងនេះហើយ គឺជាការបង្កើតឆាកឈុតស្មុគស្មាញមួយដល់អ្នកទស្សនា។ ម្យ៉ាង ឆាកល្ខោនមួយរឿងនេះ ក៏អាចជាល្បិចនយោបាយ ដើម្បីធ្វើយ៉ាងណាឲ្យដៃគូម្ខាងទៀតត្រូវបាត់បង់ជំនឿចិត្តពីអ្នកគាំទ្របានមួយកម្រិតដែរ។
អ្នកវិភាគសង្គម លោក មាស នី កត់សម្គាល់ថា អាចមានហេតុផលពីរយ៉ាងនៅក្នុងសំណុំរឿងនេះ។ ហេតុផលទី១ ទំនងជារឿងពិតរបស់លោក កឹម សុខា ដែលធ្វើឲ្យលោកព្យាយាមនៅសម្ងំមិនតតាំងអ្វីទាំងអស់ និងចំណុចទី២ អាចជាចេតនាដើម្បីទទួលបានប្រជាប្រិយភាពរបស់អ្នកនយោបាយពីបក្សម្ខាងទៀត។ ស្ថិតក្រោមហេតុផលនេះ លោក មាស នី ចាត់ទុកថា ប្រសិនបើលោក កឹម សុខា នៅបន្តលាក់មុខទៀត ប្រហែលចៀសមិនផុតពីការចាប់ខ្លួននោះទេ។ លោកបន្តថា «បើយើងគិតថា បើតាមទម្លាប់ដែលយើងឃើញពីមុនៗមក បើទោះជាស្ថានភាពទៅថ្ងៃខាងមុខអាចបែរទៅខាងណា។ ប៉ុន្តែយើងហាក់ដូចជាមានតម្រុយមួយថា គណបក្សប្រជាជន នឹងមិនឲ្យចាញ់ប្រៀប យ៉ាងហោចក៏ចាប់លោក កឹម សុខា អីមួយរយៈសិន»។
ចំណែកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ វិញ បានព្រមានថា លោក កឹម សុខា អាចនឹងត្រូវចាប់ខ្លួន ប្រសិនបើមិនទៅបង្ហាញមុខតាមបណ្ដឹងបរិហារកេរ្តិ៍របស់កញ្ញា ធី សុវណ្ណថា នៅតុលាការនៅថ្ងៃទី១១ ឧសភា វេលាម៉ោង ៩ព្រឹកទេនោះ។
អ្នកច្បាប់និយាយថា ការព្រមានរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង គឺជាការជ្រៀតជ្រែកទៅក្នុងកិច្ចការរបស់តុលាការ។ ជុំវិញសំណុំរឿងនេះ អ្នកវិភាគសង្គម លោក អ៊ូ វីរៈ ក៏នឹងត្រូវឡើងតុលាការនៅព្រឹកថ្ងៃទី១២ ឧសភា ដែរ តាមបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។