ប្រធាន​បក្ស​ប្រឆាំង​ថ្មី​ប្រកាស​​គោលនយោបាយ​អភិវឌ្ឍ​ឃុំ​សង្កាត់​ក្រោយ​ជាប់​ឆ្នោត

0:00 / 0:00

ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ទើប​ត្រូវ​បាន​សមាជិក​ក្នុង​គណបក្ស​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​ឡើង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ជំនួស​លោក សម រង្ស៊ី បាន​សន្យា​ផ្ដល់​លុយ​កន្លះ​លាន​ដុល្លារ​ក្នុង​មួយ​ឃុំ​សង្កាត់ ដើម្បី​អភិវឌ្ឍន៍ ពេល​គណបក្ស​នេះ​គ្រប់គ្រង​អំណាច​ក្រោយ​ការ​បោះឆ្នោត។ ស្រប​ពេល​លោក កឹម សុខា បាន​ទទួល​តួនាទី​ថ្មី​ជា​ប្រធាន​បក្ស​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ក៏​បាន​ឆ្លៀត​ជូនពរ​ចំពោះ​ការ​ទទួល​មុខ​តំណែង​ថ្មី​​នេះ​ដែរ។

ការ​ប្រកាស​ជំហរ​ពី​គោលនយោបាយ​គណបក្ស​ជា​ថ្មី​ម្ដង​ទៀត​របស់​លោក កឹម សុខា នេះ ខណៈ​ដែល​គណបក្ស​ប្រឆាំង​អះអាង​ថា ការ​បង្ខំ​ចិត្ត​ធ្វើ​កំណែទម្រង់​ដោះដូរ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​បក្ស​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​ពុំ​ធ្លាប់​មាន​នេះ ព្រោះ​តែ​ស្ថានការណ៍​មិន​អំណោយផល​ដែល​អាច​នឹង​ឈាន​ទៅ​មាន​វិបត្តិ​ផ្នែក​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន​របស់​បក្ស​ប្រឆាំង។

ថ្លែង​នៅ​ចំពោះ​មុខ​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ពិធី​សមាជ​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មីនា នៅ​ទីស្នាក់ការ​គណបក្ស​ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែលើ លោក កឹម សុខា ឲ្យ​ដឹង​ថា ក្រោយ​ពេល​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ បក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​កម្មវិធី​នយោបាយ​របស់​ខ្លួន​​មួយ​ចំនួន ក្នុង​នោះ​កម្មវិធី​នយោបាយ​​ទម្លាក់​លុយ​ចំនួន ៥០​ម៉ឺន​ដុល្លារ សម្រាប់​អភិវឌ្ឍ​ក្នុង​ឃុំ​សង្កាត់​នីមួយៗ​ជា​រៀងរាល់​ឆ្នាំ ក៏​ជា​កម្មវិធី​នយោបាយ​អាទិភាព​មួយ​សំខាន់ និង​ចាំបាច់​ដែរ។ ទន្ទឹម​នឹង​នេះ ប្រធាន​គណបក្ស​ប្រឆាំង​ថ្មី ក៏​បាន​ថ្លែង​ការពារ​ចំពោះ​ការ​រិះគន់​រឿង​ផ្ដល់​លុយ​ចំនួន ៤​ម៉ឺន​រៀល​ដល់​មនុស្ស​វ័យ​ចាស់​ ប៉ុន្តែ​ត្រូវ​ខកខាន​ខុស​ពី​ការ​សន្យា។

ឈរ​ក្នុង​មុខ​តំណែង​ជំនួស​លោក សម រង្ស៊ី ពេល​នេះ​ លោក កឹម សុខា លើក​ឡើង​ថា ការ​សន្យា​ផ្ដល់​លុយ​ចំនួន ៤​ម៉ឺន​រៀល​នេះ​ក្នុង​ពេល​កន្លង​ទៅ​បាន លុះ​ត្រា​​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត និង​ឡើង​កាន់​អំណាច​ជា​មុន​សិន៖ «សូម​បញ្ជាក់​ជូន! តិច​លោ​​បោះឆ្នោត​ហើយ​យើង​ឈ្នះ​ឃុំ​សង្កាត់ យើង​ធ្វើ​មេ​ឃុំ ស្រាប់​គេ​បញ្ចេះ​ឲ្យ​ទារ​លុយ ៥០​ម៉ឺន​ដុល្លារ​នៅ​ណា? នែ! កុំ​ដូច ៤​ម៉ឺន​នោះ កុំ​លេង​អា​ហ្នឹង។ ៤​ម៉ឺន​យើង​ថា យើង​ឈ្នះ​ឆ្នោត​ទើប​យើង​ជូន​ចាស់ៗ»

ការ​សម្រេច​ចិត្ត​រុះរើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស​នេះ ធ្វើ​ឡើង​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ចាប់​បង្ខំ​ឲ្យ​មេដឹកនាំ​បក្ស​ដែល​មាន​ទោស ត្រូវ​រំលាយ​បក្ស​ចោល និង​ហាម​មិន​ឲ្យ​ប្រធាន រហូត​ដល់​គណៈកម្មការ​នាយក​ឈប់​​ធ្វើ​នយោបាយ​ក្នុង​រយៈពេល ៥​ឆ្នាំ។ វិសោធនកម្ម​ច្បាប់​ដែល​អនុម័ត​ដោយ​ឯក​បក្ស​ពី​ខាង​បក្ស​កាន់​អំណាច និង​អនុវត្ត​យ៉ាង​ឆាប់​រហ័ស​ក្រោយ​ការ​ប្រកាស​របស់​​លោក ហ៊ុន សែន ​និង​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។ ច្បាប់​នេះ ​ត្រូវ​រង​ការ​រិះគន់​ថា គឺ​ជា​ចេតនា​ចង់​រំលាយ និង​បញ្ចប់​ជីវិត​នយោបាយ​បក្ស​ប្រឆាំង​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។

ផ្ទុយ​ទៅ​វិញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​កាល​ពី​ខែ​កុម្ភៈ ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ តាក់តែង​ឡើង​មិន​មែន​សម្រាប់​តែ​បក្ស​ប្រឆាំង​ឡើយ។ ក៏ប៉ុន្តែ​ច្បាប់​នេះ ក៏​តម្រូវ​ដែរ​​អោយ​គ្រប់​គណបក្ស​នយោបាយ​ ​ដែល​បាន​ប្រព្រឹត្ត​កំហុស រួម​ទាំង​បក្ស​កាន់​អំណាច​ផង។

ដោយ​ឡែក សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រឆាំង ដែល​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​លោក កឹម សុខា ធ្វើ​ជា​ប្រធាន អ្នកស្រី មូរ សុខហួរ លោក ប៉ុល ហំម និង​លោក អេង ឆៃអ៊ាង ធ្វើ​ជា​អនុ​ប្រធាន​បក្ស​ពេល​​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​លោក សម រង្ស៊ី លា​លែង​ពី​ប្រធាន​បក្ស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ កន្លង​ទៅ។ ការ​លែង​ឈប់​ដ៏​តក់ក្រហល់​របស់​លោក សម រង្ស៊ី ពេល​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​ពី​ព្រឹត្តិការណ៍​នយោបាយ​យល់​ឃើញ​ថា ក្រោយ​ពី​លោក ហ៊ុន សែន ដាក់​សម្ពាធ​តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ឡើង​វិញ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​​នេះ។

បើ​ទោះ​ជា​មាន​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ចេតនា​នៃ​ច្បាប់​ស្ដីពី​បក្ស​នយោបាយ អាច​មាន​ចរិត​គាប​សង្កត់​ក្ដី​ក្នុង​ពេល​លោក កឹម សុខា ឡើង​កាន់​តំណែង​ជា​ប្រធាន​បក្ស​នេះ​ដែរ លោក ហ៊ុន សែន បាន​ឆ្លៀត​ផ្ញើ​សារ​គាំទ្រ​ក្នុង​ថ្ងៃ​តែ​មួយ ដែល​លោក កឹម សុខា ទទួល​បាន​សេចក្ដី​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​ប្រធាន​ជំនួស​លោក សម រង្ស៊ី។

ក្រោយ​ការ​ដាក់​ចេញ​គោលនយោបាយ​វិមជ្ឈការ​អំណាច​នៅ​ថ្នាក់​ក្រោម​ជាតិ ស្រប​ពេល​គ្នា​ឡើង​កាន់​តំណែង​ជា​ប្រធាន​បក្ស​របស់​លោក កឹម សុខា នេះ​ដែរ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​យល់​ឃើញ​ថា វា​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ថា​តើ​ជំហរ​នេះ​នឹង​មាន​ប្រសិទ្ធភាព​កម្រិត​ណា។ លោក សុខ ឥសាន យល់​ឃើញ​ថា អាច​ទៅ​រួច ឬ​មិន​អាច​នោះ សំខាន់​រឿង​ការ​អនុវត្ត​ជាក់ស្ដែង​ប៉ុណ្ណោះ ហើយ​ការ​ផ្ដល់​ប្រតិភូ​អំណាច​ដូច​នេះ បក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្ត​ជិត ៤០​ឆ្នាំ​មក​ហើយ៖ «យើង​មិន​ទាន់​យក​ទ្រឹស្ដី​ហ្នឹង ពីព្រោះ​ទ្រឹស្ដី​ហ្នឹង​វា​គ្រាន់​តែ​ទ្រឹស្ដី​នៅ​លើ​ក្រដាស វា​មិន​ទាន់​ប្រែក្លាយ​ទ្រឹស្ដី​ឲ្យ​ទៅ​ជា​ការ​ជាក់ស្ដែង​ដល់​ភូមិ​ឃុំ​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ»

ចំណែក​លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មើល​ឃើញ​ថា វា​ជា​មធ្យោបាយ​ល្អ ប្រសិន​បើ​គោលនយោបាយ​នេះ សម្រេច​ដូច​ការ​ប្រកាស​មែន។ ក៏ប៉ុន្តែ​លោក​យល់​ឃើញ​ថា ទន្ទឹម​នឹង​ភាព​ជោគជ័យ​លើ​កម្មវិធី​នយោបាយ​នេះ បញ្ហា​ដែល​អាច​នឹង​កើត​ឡើង គឺ​ការ​​គ្របគ្រង​ថវិកា​ឲ្យ​មាន​តម្លាភាព៖ «នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សិក្សា​សង្គម ខ្ញុំ​ចង់​ឃើញ​ ចង់​ឃើញ​លុយ​ធ្លាក់​ទៅ​តាម​ឃុំ​ឲ្យ​បាន​ច្រើន។ យើង​គិត​ចង់​ឲ្យ​បាន​មួយ​លាន​ដុល្លារ​ណោះ​ទៅ​ថ្ងៃ​មុខ»

លោក កឹម សុខា បញ្ជាក់​ជំហរ​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ខ្លាំង ហើយ​រឹងមាំ និង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ជានិច្ច បើ​ទោះ​ជា​ជួប​ឧបសគ្គ​ក្ដី។ ជាង​នេះ​ទៀត លោក​អះអាង​ថា បក្ស​ប្រឆាំង​សម្រេច​ឲ្យ​បាន​នូវ​គោលនយោបាយ កាត់​បន្ថយ​អំពើ​ពុករលួយ ជាពិសេស​នៅ​តាម​សេវា​សាធារណៈ​របស់​រដ្ឋ ដូច​ការ​ធ្វើ​សំបុត្រ​កំណើត ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី និង​ពិនិត្យ​ច្បាប់​សញ្ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម។ ក៏ប៉ុន្តែ បក្ស​កាន់​អំណាច​ឲ្យ​ដឹង​ថា កម្មវិធី​ទាំង​នេះ ខ្លួន​បាន​អនុវត្ត​ច្រើន​អាណត្តិ​ណាស់​មក​ហើយ ហើយ​ក៏​កំពុង​ធ្វើ​កំណែ​ទម្រង់​កម្មវិធី​នយោបាយ​បន្ថែម​ទៀត​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។