មេដឹកនាំគណបក្សប្រឆាំង និងជាអនុប្រធានទី១រដ្ឋសភា ត្រៀមលើកយកបញ្ហាគ្រប់គ្រងទ្រព្យសម្បត្តិជាតិធំៗ មានដូចជា ដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រ ព្រៃឈើ និងការបាត់បង់ទ្រព្យសម្បត្តិជាតិច្រើនទៀត ដាក់ជូនសភាពិនិត្យ និងដកហូតជាសម្បត្តិរដ្ឋវិញ។
ការអះអាងនេះ ស្របពេលមន្ត្រីសង្គមស៊ីវិលមួយចំនួននាខេត្តព្រះសីហនុ បានស្នើដល់រដ្ឋាភិបាល ឲ្យមោឃភាព ឬលុបចោលសិទ្ធិគ្រប់គ្រងដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រ ព្រមទាំងទ្រព្យសម្បត្តិរដ្ឋដទៃទៀតពីក្រុមហ៊ុនវិនិយោគ និងឯកជន ដែលមានភាពមិនប្រក្រតីនាខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងដូច្នេះបន្ទាប់ពីលោកបានចុះដល់ខេត្តព្រះសីហនុ ហើយសង្កេតឃើញថា ដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រភាគច្រើនក្នុងខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ ត្រូវគ្រប់គ្រងដោយមន្ត្រីមានអំណាចគណបក្សប្រជាជនកម្ពុជា ឈ្មួញ និងក្រុមហ៊ុនឯកជនស្ទើរតែទាំងស្រុង ហើយគ្រប់គ្រងមិនបានល្អ។
លោកបន្តថា ការគ្រប់គ្រងទ្រព្យសម្បត្តិជាតិធំៗមិនបានត្រឹមត្រូវមានដូចជា ការវិនិយោគដីធ្លីតាមតំបន់ឆ្នេរ ព្រៃឈើ ឬដីធ្លីនៅតាមតំបន់ផ្សេងៗជាដើមទៅឲ្យក្រុមហ៊ុន ឬឯកជន ជាហេតុនាំឲ្យរដ្ឋាភិបាលបាត់ចំណូលថវិកាជាតិច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ៖ «ករណីណាដែលបានដឹងច្បាស់ គឺលើកយកមកបង្ហាញ ឬលើកយកមកជជែកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋម្តងមួយៗ ជាពិសេសបញ្ហាទ្រព្យសម្បត្តិជាតិ មានដូចជាច្បាប់ថវិកាជាដើម គឺបានបាត់បង់ថវិកាជាតិជាច្រើន ដោយសារតែការគ្រប់គ្រងមិនបានត្រឹមត្រូវរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ ដូច្នេះហើយ បក្សប្រឆាំងសូមប្រាប់ទៅគណបក្សប្រជាជនកម្ពុជា ថា បក្សប្រឆាំងមិនចង់កេងចំណេញខាងនយោបាយទេ គឺសូមឲ្យបក្សកាន់អំណាចមួយនេះ ចូលដោះស្រាយបញ្ហាជូនពលរដ្ឋទាំងអស់គ្នា ព្រោះមានតែវិធីដោះស្រាយទៅលើចំណុចចំគោលដៅច្បាស់លាស់នីមួយៗទេ ទើបអាចជជែកដោះស្រាយបញ្ហាជាតិធំៗ និងបញ្ហាជូនពលរដ្ឋមានប្រសិទ្ធភាពខ្ពស់នាថ្ងៃអនាគត»។
ផ្ដើមពីបញ្ហានេះ លោក កឹម សុខា ដែលជាអនុប្រធានសភាផងនោះ បានត្រៀមឯកសារទាក់ទងបញ្ហាគ្របគ្រងដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រ ឬដីកោះនាខេត្តព្រះសីហនុ និងបញ្ហាទ្រព្យសម្បត្តិជាតិធំៗច្រើនទៀត ដែលកំពុងកាន់កាប់ដោយមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល ឯកជន ឬក្រុមហ៊ុនជាដើម ប៉ុន្តែគ្មានការអភិវឌ្ឍ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យសម្រេច ហើយឈានដល់ដកហូតមកជាសម្បត្តិរដ្ឋវិញចាប់ពីឆ្នាំ២០១៥ តទៅ៖ «យើងត្រូវលើកយកបញ្ហាទ្រព្យសម្បត្តិជាតិធំៗនីមួយៗយកមកដោះស្រាយ។ ប៉ុន្តែកន្លងមកនេះ ដោយសារតែគណបក្សទាំងពីរកំពុងតែជំរុញខ្លាំងលើករណីបង្កើតស្ថាប័នបោះឆ្នោតថ្មី ឬ គ.ជ.ប។ ដូច្នេះ បញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋជាដើម គឺមិនទាន់ដោះស្រាយឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៥ តទៅ គឺដល់ពេលត្រូវលើកយកករណីទំនាស់ដីធ្លីធំៗរបស់ប្រជាពលរដ្ឋ ជាពិសេសករណីទ្រព្យសម្បត្តិជាតិនៅតាមឆ្នេរសមុទ្រនាខេត្តព្រះសីហនុ ទាំងអស់ យកមកដោះស្រាយ ដើម្បីបង្ហាញឲ្យគណបក្សប្រជាជនដឹងច្បាស់ថា យើងត្រូវធ្វើឲ្យមានយុត្តិធម៌ក្នុងការគ្រប់គ្រងដីធ្លីទាំងនោះ និងប្រគល់ជូនរដ្ឋគ្រប់គ្រងវិញ»។
ការអះអាងរបស់មេដឹកនាំគណបក្សប្រឆាំងដូច្នេះ ស្របពេលមន្ត្រីសង្គមស៊ីវិលមួយចំនួននាខេត្តព្រះសីហនុ បានបង្ហាញការព្រួយបារម្ភអំពីដីនៅតាមតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ស្ទើរតែទាំងស្រុង កំពុងកាន់កាប់ដោយមន្ត្រីមានអំណាច ឯកជន និងឈ្មួញធ្វើរបងថ្មហ៊ុមព័ទ្ធចាក់ដីសង់វីឡាលំហែកាយធំស្កឹមស្កៃ សម្រាប់បម្រើប្រយោជន៍ផ្ទាល់ខ្លួនស្ទើររកកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តតាមខេត្តជាប់មាត់សមុទ្រមួយនេះស្ទើរពុំបាន។
បញ្ហានេះ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម បានរិះគន់ថា អាជ្ញាធរខេត្តជាប់មាត់សមុទ្រមួយនេះ បានឃុបឃិតគ្នាធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី រំលោភយកដីនៅតាមតំបន់ឆ្នេរជាទ្រព្យសម្បត្តិរដ្ឋ មកធ្វើកម្មសិទ្ធិ ដើម្បីបម្រើមហិច្ឆតា និងភាពលោភលន់របស់បុគ្គល ឬក្រុមគ្រួសារបក្ខពួកផ្ទាល់ខ្លួន៖ «រដ្ឋាភិបាលត្រូវមានវិធានការជាបន្ទាន់ទៅលើសកម្មភាពរំលោភយកដីរដ្ឋពីឈ្មួញ ឬមន្ត្រីមានអំណាច។ ទោះដីនៅតំបន់ក្បាលឆាយ ដីតំបន់មាត់បឹងព្រែកទប់ និងដីឆ្នេរក៏ដោយ អាជ្ញាធរខេត្តត្រូវមានវិធានការជាបន្ទាន់ ដើម្បីទុកដីឆ្នេរសមុទ្រ និងដីរដ្ឋទាំងនេះ អភិវឌ្ឍប្រែក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅខេត្តព្រះសីហនុ នាថ្ងៃអនាគត ព្រោះសព្វថ្ងៃនេះ ដីនៅតាមតំបន់ឆ្នេរខេត្តព្រះសីហនុ និងបឹងធម្មជាតិស្ទើរត្រូវឯកជនកាន់កាប់ស្ទើរទាំងស្រុងអស់ទៅហើយ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបានស្នើដល់ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ដែលទើបមកកាន់តំណែងក្នុងអាណត្តិទី៥នេះ ត្រូវស្នើគោលការណ៍ពីរដ្ឋាភិបាល ឲ្យមោឃភាពប្លង់ដី ឬប័ណ្ណកម្មសិទ្ធិដីធ្លីនៅតាមទីតាំងមួយចំនួនដែលមានភាពមិនប្រក្រតី មានដូចជា ដីនៅតាមតំបន់ឆ្នេរសមុទ្រ ឬបឹងធម្មជាតិពីឯកជន និងក្រុមហ៊ុន ដាក់មកជាសម្បត្តិរដ្ឋវិញ៖ «ក្រុមហ៊ុនមិនមានដំណើរ ឬសកម្មភាពអភិវឌ្ឍន៍ ត្រូវតែមានវិធានការដកអាជ្ញាប័ណ្ណ។ កុំឲ្យក្រុមហ៊ុនទាំងនោះធ្វើនំអត់ម្សៅ ជាពិសេសដូចជាគម្រោងអភិវឌ្ឍន៍កោះរ៉ុង ជាដើម គឺបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលតាំងពីឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានឈូសឆាយផ្លូវត្រឹមមួយខ្សែគត់ ហើយផ្លូវនេះខូចខ្ទេចខ្ទីអស់ហើយ ហើយបច្ចុប្បន្នមិនមានដំណើរការអ្វីទាំងអស់»។
ដូចគ្នាដែរ លោក ប៊ួន ណារិទ្ធ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ ក៏បានទទូចឲ្យប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យពិចារណាលើកង្វល់នៃការគ្រប់គ្រងដីតំបន់ឆ្នេរ ហើយត្រូវលើកយកនីតិវិធីណាមួយ ដើម្បីឈានដល់លុបសិទ្ធិគ្រប់គ្រងដីធ្លី ឬប័ណ្ណកម្មសិទ្ធិដីធ្លីពីឯកជននានា ដែលប៉ះពាល់ដល់បឹងធម្មជាតិ ឬដីនៅតាមឆ្នេរសមុទ្រ ជាដើម ដាក់ជូនរដ្ឋគ្រប់គ្រងវិញ៖ «ចំណុចសំខាន់ ហើយត្រូវសើរើ ហើយដកហូតមកជាបន្ទាន់ គឺរាល់ដីសម្បទានសង្គមកិច្ចទាក់ទងដីនៅតំបន់ឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រ គឺនៅម្តុំឆ្នេរអារីស្តុន និងឆ្នេរឯករាជ្យ ព្រមទាំងតំបន់ឆ្នេរសមុទ្រផ្សេងៗទៀត គួរតែរដ្ឋាភិបាលដកហូត ដើម្បីមកប្រើប្រាស់លើវិស័យទេសចរណ៍ ដើម្បីបម្រើដល់ភ្ញៀវទេសចរមកកម្សាន្តនាថ្ងៃអនាគត ពីព្រោះបច្ចុប្បន្ននេះ ភ្ញៀវទេសចរមានចំនួនកើនច្រើន ប៉ុន្តែពួកគាត់គ្មានទីតាំងសម្រាប់ចូលកម្សាន្តទេនៅខេត្តព្រះសីហនុ»។
លោកបន្តថា រដ្ឋាភិបាលគួរត្រូវដកហូតដីធ្លីដែលមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ ចេញប័ណ្ណកម្មសិទ្ធិមិនប្រក្រតីមានដូចជា ដីនៅតាមតំបន់ឆ្នេរសមុទ្រ និងដីនៅជុំវិញបឹងធម្មជាតិបឹងព្រែកទប់ ឬបឹងទឹកសាប ឬកោះ ជាដើម មកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញនាថ្ងៃអនាគត។ លោកសង្កេតឃើញថា សព្វថ្ងៃនេះ ខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះកើតមានភាពមិនប្រក្រតីជាច្រើន ជុំវិញការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនឯកជននៅតាមតំបន់ឆ្នេរសមុទ្រ ឬបឹងធម្មជាតិ ជាដើម។
លោក ប៊ួន ណារិទ្ធ អះអាងថា សព្វថ្ងៃនេះ ឆ្នេរសមុទ្រខេត្តព្រះសីហនុ សម្រាប់ទទួលភ្ញៀវទេសចរចូលកម្សាន្តមិនមានច្រើនទេ ព្រោះមានកម្មសិទ្ធិអស់ទៅហើយ ហើយមានដីតំបន់ឆ្នេរច្រើនទៀតក៏ត្រូវហ៊ុមព័ទ្ធដោយរបងថ្ម និងវីឡាធំស្កឹមស្កៃសម្រាប់លំហែកាយរបស់មន្ត្រីមានអំណាច និងអ្នកមានទ្រព្យធនយកធ្វើកម្មសិទ្ធិឯកជន៖ «ការចេញប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លីនៅតំបន់បឹងព្រែកទប់ គឺធ្វើឲ្យបាត់បង់ដីជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬដីបឹងធម្មជាតិ ដែលបម្រើប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ហើយថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដែលពាក់ព័ន្ធដីបឹង និងឆ្នេរសមុទ្រជាដើម រដ្ឋាភិបាលត្រូវតែប្រើប្រាស់នីតិវិធីណាមួយរំលាយប្លង់ទាំងនេះចោល ហើយដកហូតដីបឹង ឬឆ្នេរសមុទ្រទាំងនោះមកជាដីសាធារណៈរបស់សម្បត្តិរដ្ឋវិញ»។
ទាក់ទិនបញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ធ្លាប់មានប្រសាសន៍ថា អាជ្ញាធរខេត្តគ្មានសិទ្ធិសើរើសំណង់ ឬការគ្រប់គ្រងដីធ្លីនៅតាមតំបន់ឆ្នេរដែលកំពុងគ្រប់គ្រងដោយឯកជន ឬក្រុមហ៊ុនបានទេ ព្រោះការគ្រប់គ្រងដីធ្លីទាំងនោះ គេមានប័ណ្ណកម្មសិទ្ធិ ឬមានការអនុញ្ញាតពីរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ដីធ្លី ឬដីនៅតាមតំបន់ឆ្នេរជាប់មាត់សមុទ្រផ្សេងទៀតដែលនៅសេសសល់ អាជ្ញាធរមិនអនុញ្ញាតឲ្យមានការចេញប័ណ្ណកម្មសិទ្ធិ ឬក៏ចាក់ដីរំលោភយកឆ្នេរ និងធ្វើរបងថ្មហ៊ុមព័ទ្ធធ្វើជាកម្មសិទ្ធិទៀតទេ ក្នុងអាណត្តិដឹកនាំរបស់លោក។
យ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិល បានផ្តល់គំនិតថា អាជ្ញាធរខេត្តព្រះសីហនុ គួរស្នើសុំគោលការណ៍ទៅរដ្ឋាភិបាល ដើម្បីស្នើដកហូតសិទ្ធិគ្រប់គ្រងដីធ្លី ឬមោឃភាពប្លង់កម្មសិទ្ធិ និងដកអាជ្ញាប័ណ្ណពីក្រុមហ៊ុន ឬឯកជនទាំងឡាយ ដែលបានឃុបឃិតរំលោភយកទ្រព្យសម្បត្តិរដ្ឋធ្វើកម្មសិទ្ធិ មានដូចជា ដីបឹងធម្មជាតិ ឬដីនៅតាមតំបន់ឆ្នេរសមុទ្រ ជាដើម ទុកជូនរដ្ឋគ្រប់គ្រងវិញ។
បញ្ហានេះដែរ កាលពីថ្ងៃទី២០ ខែវិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបើកកិច្ចប្រជុំនៅសាលប្រជុំខេត្តព្រះសីហនុ ដើម្បីសើរើទៅលើការងារពាក់ព័ន្ធការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមួយចំនួនក្នុងខេត្តនេះ។ នាឱកាសនោះ លោកបានព្រមានថា នឹងបន្តដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនឯកជនទាំងឡាយណាដែលមិនបានអនុវត្តតាមកិច្ចសន្យា ឬគោលការណ៍វិនិយោគ ដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាល យកមកទុកជាសម្បត្តិរដ្ឋវិញ។ ព្រមគ្នានេះ លោក ប៊ិន ឈិន បានជំរុញដល់មន្ត្រីនៅតាមមន្ទីរ ឬស្ថាប័នជំនាញនានាក្នុងខេត្តព្រះសីហនុ ត្រូវសហការគ្នាចុះពិនិត្យជាក់ស្តែងអំពីសកម្មភាពរបស់ក្រុមហ៊ុនវិនិយោគឲ្យបានត្រឹមត្រូវ ដើម្បីឲ្យប្រាកដថា ក្រុមហ៊ុនទាំងនោះបានអនុវត្តទៅតាមកិច្ចសន្យាវិនិយោគជាមួយរដ្ឋាភិបាលឬទេ មុននឹងសម្រេចដកអាជ្ញាប័ណ្ណ ឬសិទ្ធិវិនិយោគពីបណ្ដាក្រុមហ៊ុនទាំងនោះ។ ជាងនេះ លោកក៏បានព្រមានចាត់វិធានការចំពោះអំពើពុករលួយ ដែលអាចនឹងកើតមានឡើងរវាងមន្ត្រីនៅតាមមន្ទីរ ឬស្ថាប័នរដ្ឋ ក្នុងសកម្មភាពចុះបំពេញបេសកកម្មសើរើការងារពាក់ព័ន្ធការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលពេលនេះ។
ចំណាត់ការនេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិលមួយចំនួននាខេត្តព្រះសីហនុ ប៉ុន្តែទន្ទឹមគ្នានេះ ពួកគេក៏កំពុងរង់ចាំមើលប្រសិទ្ធភាពក្នុងការចុះអនុវត្តសកម្មភាពការងាររបស់មន្ត្រីរដ្ឋាភិបាលនៅតាមស្ថាប័ននានា ទៅលើក្រុមហ៊ុនវិនិយោគនីមួយៗ ថាទទួលបានជោគជ័យត្រឹមកម្រិតណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។