ដូចការគ្រោងទុក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញមួយនៅថ្ងៃទី៣១ ខែមករា ដែលបំពេញបំណងលោក ហ៊ុន សែន ស្នើរំលាយតំណែងប្រធានក្រុមភាគតិចភាគច្រើននៅរដ្ឋសភាចោល។ អង្គប្រជុំនៅព្រឹកថ្ងៃទី២៦ ខែមករា នេះ គណៈកម្មការនីតិកម្ម ផ្តល់របាយការណ៍សិក្សាទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តបតាមសំណើតំណាងរាស្ត្របក្សកាន់អំណាចចំនួន ៥២រូប ស្នើវិសោធនកម្មជំពូក១២ ប្រកា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរបស់សភា។
ដំណើរការឆ្ពោះទៅដកតួនាទីលោក កឹម សុខា ជាលើកទី២ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងអាណត្តិទី៥ នេះ ត្រូវបានអ្នកវិភាគនយោបាយចំអកថា គឺដូចទៅពាក្យចាស់និយាយថា ស្វាងតឹងស្រវឹងធូរ។
អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា គណៈកម្មការទី៦ ទទួលបន្ទុកនីតិកម្ម បានសិក្សារួចហើយ គឺមិនអាចទុកតំណែងរបស់លោក កឹម សុខា ដែលជាប្រធានក្រុមភាគតិចនៅក្នុងសភា ព្រោះបក្សប្រឆាំងអនុវត្តវប្បធម៌សន្ទនាមិនស្មោះត្រង់។ តំណាងរាស្ត្របក្សកាន់អំណាចដែលហាមមិនឲ្យអ្នកកាសែតថតរូបពេលខ្លួនកំពុងនិយាយ នៅតែអះអាងថា ការធ្វើវិសោធនកម្មនេះ នឹងរឹតតែធ្វើឲ្យការចរចារបស់គណបក្សទាំងពីរ កាន់តែមានភាពល្អប្រសើរជាងមុន៖ « គឺមានហេតុមានផល គឺសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបានស្នើឡើងឲ្យមានដំណើរការនេះ ហើយគណៈកម្មការនីតិកម្មយល់ថា អនុវត្តទៀតអត់កើត ដោយសារមានការបំពានអំណាច ដោយសារការអនុវត្តមិនស្មោះត្រង់។ល។»។
លោក ឈាង វុន ឲ្យដឹងទៀតថា ការធ្វើវិសោធនកម្មជំពូក១២ ប្រការ ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរបស់សភា ប្ដូរទៅជាប្រការ ៤៨ថ្មី (បួន) ដែលខ្លឹមសារទាំងស្រុងយកតាមប្រការ ៤៨ថ្មី (ពីរ)។ ទោះបីជាប្រការដែលត្រូវកែនេះមិននិយាយលម្អិតពីតួនាទីប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រ លោក ឈាង វុន បញ្ជាក់ថា តួនាទីរបស់លោក ស ខេង ដែលជាប្រធានក្រុមភាគច្រើន ក៏ត្រូវលុបចោលដែរ៖ « ពាក្យថាយន្តការសភាយើងមានពីរបក្ស។ ចឹងហើយមិនមែនលុបតែមួយទេ បើលុបតែមួយ គឺមានន័យយើងធ្វើផ្ដេសផ្ដាសហើយ»។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង ប្រកាសថា បក្សប្រឆាំងនឹងមិនចូលរួមប្រជុំសភាជាមួយតំណាងរាស្ត្រគណបក្សកាន់អំណាច ដើម្បីអនុម័តសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា នោះទេ។
ប្រការ ៤៨ថ្មី (បី) ដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន ៥២រូប ស្នើឲ្យកែប្រែនេះ កំណត់ថា ប្រធានក្រុមតំណាងរាស្ត្រក្រៅរដ្ឋាភិបាលមានអាសនៈនៅក្នុងសភា ចាប់ពី ២៥ភាគរយឡើងទៅ មានឈ្មោះថា ប្រធានក្រុមភាគតិច និងមានឋានៈស្មើនាយករដ្ឋមន្ត្រី ដែលជាដៃគូសន្ទនាជាមួយប្រមុខរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជាតិ។
ចំណែកអគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា ប្រការ ៤៨ថ្មី (ពីរ) មិននិយាយទាក់ទងតួនាទីប្រធានក្រុមភាគតិចភាគច្រើនទៀតទេ គឺចែងពីក្រុមពិភាក្សាដែលមួយក្រុមៗមានតំណាងរាស្ត្រ ១០រូប ក្នុងនោះមានប្រធានម្នាក់ និងអនុប្រធានម្នាក់។ ក្រុមនេះអាចនិយាយបាន ២០នាទីពេលប្រជុំ ប៉ុន្តែមុននឹងនិយាយបាន លុះត្រាមានការអនុញ្ញាតពីប្រធានសភាជាមុនសិន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ជាតំណាងរាស្ត្របក្សប្រឆាំងតែម្នាក់ដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយតំណាងរាស្ត្រគណបក្សកាន់អំណាច ថ្ងៃទី២៦ ខែមករា។ លោកឲ្យដឹងថា ជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលទាមទារវិសោធនកម្មប្រការ ៤៨ថ្មី (បី) មិនបានបិទផ្លូវគណបក្សប្រឆាំងដែលជាដំណើរឆ្ពោះទៅការផ្លាស់ប្ដូរនោះទេ ប៉ុន្តែនឹងធ្វើឲ្យរាំងស្ទះដល់ការចរចារបស់គណបក្សទាំងពីរ ឬហៅថាវប្បធម៌សន្ទនា។ ផ្ទុយពីការអះអាងរបស់តំណាងរាស្ត្របក្សកាន់អំណាច លោក ហូរ វ៉ាន់ យល់ថា ការធ្វើបែបនេះបង្ហាញពីភាពទន់ខ្សោយរបស់រដ្ឋសភា៖ « យន្តការនេះទើបបង្កើតបានមិនទាន់ពីរឆ្នាំស្រួលផង ឥឡូវលុបចោលវិញហើយ។ សូមប្រជាពលរដ្ឋ អ្នកកាសែតមើលទៅ នេះជាភាពទន់ខ្សោយនៃរដ្ឋសភាយើង»។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ សង្កេតឃើញថា ការសម្រេចលុបតួនាទីប្រធានក្រុមតំណាងរាស្ត្ររបស់លោក កឹម សុខា នៅពេលនេះ មិនត្រឹមតែប៉ះពាល់គណបក្សសង្គ្រោះជាតិ នោះទេ សូម្បីតែគណបក្សកាន់អំណាចខ្លួនឯង ក៏ប៉ះពាល់ដែរ។ លោកថា នឹងធ្វើឲ្យមហាជនមើលឃើញថា គណបក្សនេះធ្វើអ្វីស្រេចតែចិត្ត និងធ្វើឲ្យរដ្ឋសភាក្លាយទៅជាសភាផ្ដាច់ការ៖ « ស្វាងតឹងស្រវឹងធូរចឹងទៅ ធ្វើចឹងដូចមិនកើតទេនៅក្នុងសង្គមមួយ មិនជាការល្អទេ»។
តួនាទីប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រ ត្រូវបានបង្កើតឡើងក្រោយកិច្ចចរចាបញ្ចប់ជម្លោះនយោបាយរវាងគណបក្សទាំងពីរ កាលពីឆ្នាំ២០១៤។ ដំបូងឡើយ ដៃគូសន្ទនារបស់លោក ហ៊ុន សែន គឺលោក សម រង្ស៊ី។ ប៉ុន្តែចុងឆ្នាំ២០១៦ សភាបានបោះឆ្នោតអនុម័តប្ដូរតួនាទីនេះមកឲ្យលោក កឹម សុខា វិញ ដែលដៃគូសន្ទនារបស់លោក គឺលោក ហ៊ុន សែន ឬលោក ស ខេង ខណៈលោក សម រង្ស៊ី បាននិរទេសខ្លួនទៅក្រៅស្រុក ហើយក្រោយមករដ្ឋាភិបាលហាមមិនឲ្យចូលស្រុក។
ចំណែកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលមិនព្រមចាកចេញពីប្រទេស ទោះរងការព្រមានចាប់ដាក់គុកពីលោក ហ៊ុន សែន កាលពីចុងឆ្នាំ២០១៥ ក៏ដោយ ត្រូវបានតំណាងរាស្ត្រទាំង ៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ពីកៅអីអនុប្រធានទី១ រដ្ឋសភា ហើយនៅដើមឆ្នាំ២០១៧ នេះ នឹងត្រូវតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់លោកម្តងទៀតចេញពីប្រធានក្រុមដឹកនាំតំណាងរាស្ត្រភាគតិចនៅក្នុងសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។