តំណាង​អ.ស.ប​ចង់​ឃើញ​ដំណើរ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​គ្មាន​ការ​គំរាម​កំហែង

0:00 / 0:00

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ចង់​ឲ្យ​មាន​ដំណើរការ​ប្រកប​ដោយ​សន្តិវិធី សម្រាប់​គ្រប់​ភាគី​មាន​ឱកាស​ស្មើ​គ្នា​បញ្ចេញ​មតិ​យោបល់ ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា អាច​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ​ដោយ​គ្មាន​ការ​គាប​សង្កត់ និង​ការ​បំភិតបំភ័យ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨។

ថ្លែង​ក្រោយ​ជំនួប​ជិត ២​ម៉ោង​ជាមួយ​មេ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​សម្រាប់​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា អ្នកស្រី​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​វិវឌ្ឍន៍​ស្ថានភាព​សិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​នេះ៖ « ហើយ​ពេល​ ទៅ​មុខ ខ្ញុំ​ចង់​ឲ្យ​ មាន​ដំណើរការ​ប្រកប ​ដោយ​សន្តិវិធី ហើយ​ គ្រប់​ភាគី​មាន​ឱកាស ស្មើ​គ្នា​ បញ្ចេញ​ មតិ​យោបល់ និង​ ចែក​រំលែក ​ព័ត៌មាន ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា អាច​សម្រេច​ ចិត្ត​បាន ​ត្រឹមត្រូវ ជ្រើសរើស​ អ្នក​ដឹកនាំ​ក្នុង​ការ ​បោះឆ្នោត​តំណាងរាស្ត្រ ដោយ​គ្មាន​ ការ​គាប​សង្កត់ និង​ ការ​បំភិតបំភ័យ »

អ្នកស្រី​ឲ្យ​ដឹង​ថា អ្នកស្រី​បាន​ស្តាប់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រៀបរាប់​ពី​ការ​ព្រួយ​បារម្ភ​នានា ពិសេស​ពី​ការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កន្លង​ទៅ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​ក្រោយ។

មុន​ពេល​អ្នក​សារព័ត៌មាន​ត្រូវ​គេ​ណែនាំ​ឲ្យ​ចាកចេញ​ពី​បន្ទប់​ប្រជុំ លោក កឹម សុខា ថ្លែង​ប្រាប់​អ្នកស្រី រ៉ូណា ស្មីត ថា លោក​សង្ឃឹម​ថា​សហគមន៍​អន្តរជាតិ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​គណបក្ស​របស់​លោក ខណៈ​ដែល​លោក​អះអាង​ថា គណបក្ស​ប្រឆាំង​កំពុង​រង​សម្ពាធ​ជា​បន្តបន្ទាប់។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បញ្ជាក់​បន្ថែម​ក្រោយ​ជំនួប​ថា ការ​ប្រើប្រាស់​ពាក្យ​សម្ដី និង​តុលាការ កំពុង​គំរាម​កំហែង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បញ្ហា​ទាំងអស់​នេះ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត។

លោក យឹម សុវណ្ណ បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ខិតខំ​សម្រប​ខ្លួន និង​បន្ទន់​ខ្លួន ដូចជា​ការ​រុះរើ​ស្លាក​គណបក្ស​បន្ទាប់​ពី​ច្បាប់​គណបក្ស​នយោបាយ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ជា​លើក​ទី​ពីរ៖ « ម្តង​ហើយ ម្តង​ទៀត យើង​ នៅ​តែ ត្រូវ​គេ គាប​សង្កត់ ។ ចង់​ឲ្យ​ មាន​ការ ​អនុវត្ត​ច្បាប់​ ស្មើ​ភាព គ្នា »

បើ​តាម​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ និង​មេ​បក្ស​ប្រឆាំង បាន​ជជែក​គ្នា​ពី​បរិយាកាស​នយោបាយ ការ​រៀបចំ​ការ​បោះឆ្នោត និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។