ប្រជាពលរដ្ឋរស់នៅស្រុកបាធាយ ខេត្តកំពង់ចាម លើកឡើងថា ជាទូទៅពួកគាត់នៅតាមជនបទ ពិសេសនៅតំបន់ដាច់ស្រយាល មិនសូវបានស្គាល់មុខចៅហ្វាយខេត្ត ឬអភិបាលខេត្តរបស់ខ្លួនទេ។ បញ្ហានេះ ពួកគាត់ចង់ឱ្យអភិបាលខេត្តថ្មីដែលទើបនឹងទទួលបានតំណែង គប្បីចុះមូលដ្ឋានឱ្យបានញឹកញាប់ដើម្បីស្ដាប់ពីទុក្ខកង្វល់របស់ពលរដ្ឋផ្ទាល់ ជាជាងស្ដាប់តែតាមរបាយការណ៍របស់អាជ្ញាធរថ្នាក់ក្រោម ដែលពេលខ្លះមិនបានឆ្លុះបញ្ចាំងពីការពិត។
ក្រោយពេលដឹងថា អភិបាលខេត្តកំពង់ចាម ថ្មី លោក គួច ចំរើន បានមកទទួលតំណែងជំនួសអតីតអភិបាលខេត្តចាស់ លោក លន់ លឹមថៃ ប្រជាពលរដ្ឋស្វាគមន៍ និងចង់ឃើញវត្តមានអភិបាលខេត្តថ្មីរូបនោះ ចុះមូលដ្ឋានឱ្យបានញឹកញាប់ដើម្បីដឹងសុខទុក្ខរបស់ពលរដ្ឋកាន់តែច្រើនបន្ថែមទៀត។
ពលរដ្ឋនៅឃុំសណ្ដែក ស្រុកបាធាយ លោក យ៉ុន យ៉ុង មានប្រសាសន៍ថា កាលពីអាណត្តិអភិបាលខេត្តចាស់ៗ ពួកគាត់មិនដែលបានស្គាល់មុខពួកគេទាំងនោះឡើយ។
លោកបន្តថា បញ្ហាប្រឈមនៅថ្នាក់មូលដ្ឋានជាច្រើនដែលជួបប្រទះកន្លងមក ដូចជាផលិតផលកសិកម្មគ្មានទីផ្សារ ឬមានតម្លៃថោក។ ក្រៅពីនេះ ប្រព័ន្ធធារាសាស្ត្រមិនមានគ្រប់គ្រាន់សម្រាប់កសិករយកទឹកដាក់ស្រែនៅពេលមានរដូវរាំងស្ងួតម្ដងៗជាដើម។ ជាក់ស្ដែងកាលពីជាង ១០ថ្ងៃមុន ភាពរាំងស្ងួតបានកើតឡើងនៅក្នុងស្រុកភូមិរបស់ពួកគាត់ស្ទើរតែធ្វើឱ្យស្រូវស្រែរាប់រយហិកតារខូចខាតទៀតផង ប៉ុន្តែចេះមានភ្លៀងធ្លាក់ខ្លះនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជាហេតុធ្វើឱ្យស្រូវវស្សាទាំងនោះប្រឹងលូតលាស់ឡើងវិញ៖ «ចង់ឱ្យគាត់ចុះមកញឹកញាប់ដើម្បីពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រអីឱ្យមានដូចស្រុកគេ»។
មិនខុសគ្នានេះ ពលរដ្ឋមួយរូបទៀត លោក គឹម ញក់ យល់ថា ប្រសិនបើអាជ្ញាធរខេត្តថ្មីដាក់ចិត្តស្រលាញ់ និងគិតគូរដល់សុខទុក្ខរបស់ពលរដ្ឋនៅតាមមូលដ្ឋានពិតប្រាកដ គណៈអភិបាលខេត្តថ្មីគប្បីចុះមូលដ្ឋានឱ្យបានច្រើន ជៀសវាងជឿតែលើរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោម៖ «លោកចុះមកមើលផ្ទាល់តែម្ដង ដើម្បីមើលថា ប្រព័ន្ធទឹកត្រង់ណាដែលអាចទាញមកដល់មូលដ្ឋានភូមិ ហើយមានប្រឡាយស្រេច។ ឯកឧត្ដមមកនឹងឃើញហើយថា ត្រូវធ្វើម៉េច? ដើម្បីកុំឱ្យចាញ់អភិបាលខេត្តមុនធ្វើយកស្នាដៃយកកិត្តិយស»។
ខេត្តកំពង់ចាម មានស្រុកចំនួន៩ និងក្រុងចំនួនមួយ ដែលមានពលរដ្ឋសរុបជាង ១លាននាក់។
អភិបាលខេត្តថ្មី លោក គួច ចំរើន បានទទួលតំណែងជាផ្លូវការជំនួសអភិបាលខេត្តចាស់ លោក លន់ លឹមថៃ កាលពីថ្ងៃទី២៧ ខែមិថុនា។
ទាក់ទងការលើកឡើងនេះ អភិបាលខេត្តកំពង់ចាមថ្មី លោក គួច ចំរើន មិនទាន់មានប្រសាសន៍បែបណាទេ នៅថ្ងៃទី២៨ ខែមិថុនា ដោយលោកថា កំពុងជាប់ប្រជុំ។
មន្ត្រីអង្កេតសមាគមអាដហុក (ADHOC) ខេត្តកំពង់ចាម លោក មាន ព្រហ្មមុនី មានប្រសាសន៍ថា ការលើកឡើងរបស់ពលរដ្ឋ គឺជារឿងត្រឹមត្រូវ ព្រោះកន្លងមកសកម្មភាពចុះមូលដ្ឋានរបស់អាជ្ញាធរដើម្បីដឹងសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋពិតប្រាកដនៅមានកម្រិត ប៉ុន្តែបើមានសកម្មភាពចុះមូលដ្ឋានច្រើន គឺនៅរដូវកាលបោះឆ្នោត និងចុះទៅពង្រឹងគណបក្សរបស់ខ្លួនប៉ុណ្ណោះ៖ «សព្វថ្ងៃនេះប្រជាពលរដ្ឋគាត់ខ្វះភាពកក់ក្ដៅ ហើយគាត់អត់បានការយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់អាជ្ញាធរទេ»។
លោកកត់សម្គាល់ថា បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដូចជា បញ្ហាចំណាកស្រុកដោយប្រថុយប្រថាននៅតែកើតមាន។ បញ្ហាផលិតផលកសិកម្ម ដូចជា ស្រូវ ពោត ដំឡូង ចេក ល្ពៅ និងការចិញ្ចឹមសត្វរួមមានជ្រូក ត្រី មានតម្លៃថោកពេក មិនអាចទូទាត់ការចំណាយបាន។ បន្ថែមពីនេះ ការនាំចូលបន្លែ ត្រី សាច់ និងផ្លែឈើ ពីក្រៅប្រទេសគ្មានការត្រួតពិនិត្យត្រឹមត្រូវជាដើម។
មន្ត្រីសមាគមអាដហុក រូបនេះ សង្ឃឹមថា គណៈអភិបាលខេត្តថ្មី នឹងចុះមូលដ្ឋានបានច្រើនជាងអភិបាលខេត្តចាស់បន្ថែមទៀត ព្រមទាំងបម្រើការងារជូនពលរដ្ឋពិតប្រាកដដើម្បីឱ្យស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។