មេបញ្ជាការកងទ័ពប្រចាំទិសប្រាសាទព្រះវិហារ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា អះអាងថា ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ហើយកងទ័ពទាំងពីរប្រទេសបានបន្តធ្វើសហប្រតិបត្តិការល្អជាមួយគ្នាធម្មតា នៅក្រោយរដ្ឋប្រហារយោធាក្នុងប្រទេសថៃ។
សម្រាប់អ្នកឃ្លាំមើលសង្គមមើលឃើញថា ភាពវឹកវរនៅក្នុងប្រទេសថៃ បានប៉ះពាល់ដល់ការរករបរទទួលទានរវាងប្រជាពលរដ្ឋប្រទេសនីមួយៗ នៅតាមព្រំដែន។
លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ថា ទោះរដ្ឋាភិបាលថៃ ត្រូវមេបញ្ជាការយោធាថៃ ធ្វើរដ្ឋប្រហារក្តី ក៏ប៉ុន្តែទំនាក់ទំនងរវាងកម្ពុជា-ថៃ ស្ថិតនៅធម្មតា។
លោកបន្តថា ចាប់តាំងពីយោធាថៃ បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលថៃ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា បែបណាក្តី ក៏ចលាចលនៅប្រទេសថៃ មិនជះឥទ្ធិពលដល់ទំនាក់ទំនងរវាងកងទ័ពប្រចាំការនៅតាមព្រំដែនប្រទេសទាំងពីរដែរ៖ «មកដល់ពេលនេះយើងមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ពីស្ថានភាពយោធាកម្ពុជា ក៏ដូចជាយោធាថៃ។ ដូច្នេះមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ទេនៅពេលនេះ។ ជារឿងមួយធម្មតាគ្រាន់តែគេហោះនៅលើទឹកដីគេទេ។ តាមអ្វីដែលខ្ញុំបានដឹងមិនមានអ្វីដែលអាចប៉ះពាល់ដល់សន្តិសុខជាតិយើងទេ»។
ទាក់ទងចលាចលនៅប្រទេសថៃ នេះដែរ កាលពីថ្ងៃទី២២ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជាចំនួន ៣ចំណុច ជូនមេបញ្ជាការកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ប្រចាំការតាមព្រំដែនកម្ពុជា-ថៃ ឲ្យបន្តកិច្ចសហការល្អជាមួយថៃ និងមិនត្រូវចល័តកម្លាំងទ័ពជាដាច់ខាត។
បទបញ្ជាចុះថ្ងៃទី២២ ខែឧសភា ចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានខ្លឹមសារថា ដើម្បីរក្សាសន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ តាមព្រំដែនកម្ពុជា ជាមួយភាគីថៃ ឲ្យនៅដដែល មេបញ្ជាការកងទ័ព និងប៉ូលិស ត្រូវណែនាំដល់កងកម្លាំងឈរជើងការពារព្រំដែន ឲ្យបន្តទំនាក់ទំនងល្អជាមួយថៃ។ ជាងនេះ ក៏ត្រូវពិនិត្យតាមដានរាល់ការវិវត្តន៍សភាពការណ៍នៅប្រទេសថៃ ឬតាមព្រំដែន និងរាយការណ៍ជូនទីស្ដីការគណៈរដ្ឋមន្ត្រីឲ្យបានទាន់ពេល។
ត្រង់ចំណុចនេះ លោកឧត្ដមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសប្រាសាទព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃអង្គារ ទី២៧ ខែឧសភា ថា សភាពការណ៍នៅតាមព្រំដែនកម្ពុជា មានសភាពស្ងប់ស្ងាត់ធម្មតា ហើយមេបញ្ជាការកងទ័ពទាំងពីរភាគី បានបន្តជួបទាក់ទងគ្នាធម្មតា។
លោក ស្រី ឌឹក ក៏បានច្រានចោលព័ត៌មានដែលថា មានយន្តហោះស៊ើបការណ៍ និងឧទ្ធម្ភាគចក្ររបស់យោធាថៃ ហោះឆ្វែលពីលើភូមិសាស្ត្រតំបន់ប្រាសាទព្រះវិហារ ដើមសប្ដាហ៍នេះ ជារឿងមិនពិតទេ៖ «សរុបមកដល់ពេលនេះ គឺអត់មានអ្វីប្រែប្រួលទេ គឺសភាពការណ៍អត់មានអ្វីប្រែប្រួលទាំងអស់។ យន្តហោះថៃ គឺគេហោះសង្កេតការណ៍នៅតាមព្រំដែន ប៉ុន្តែយើងគិតទៅវានៅឆ្ងាយពីព្រំដែន គឺហោះនៅលើទឹកដីថៃទេ ជាសិទ្ធិរបស់គាត់ គឺមិនបានចូលមកក្នុងទឹកដីកម្ពុជាទេ។ បើចូលគឺមានបញ្ហា គាត់មិនចូលទេ។ តាមជួរមុខនីមួយៗ គឺភាគីទាំងពីរនៅបន្តជួបគ្នាធម្មតា អនុវត្តតាមបទបញ្ជាប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យខិតខំសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង គឺអត់ធ្មត់ ហើយជួបដោះស្រាយដោយសន្តិវិធីរាល់បញ្ហាដែលកើតឡើង ហើយយើងបានជួបគ្នានៅតាមគោលដៅនីមួយៗ យើងបានជួបហើយ មិនមានអីកើតឡើងទេ គឺនៅធម្មតា»។
ទាក់ទិនបញ្ហានេះដែរ លោក កែម ឡី អ្នកស្រាវជ្រាវសង្គមយល់ថា ភាពវឹកវរនៅប្រទេសថៃ ដែលឈានដល់បិទច្រករបៀងតូចៗ នៅតាមខេត្តជាប់ព្រំដែនកម្ពុជាថៃ បានប៉ះពាល់ដល់ការធ្វើជំនួញផ្សេងៗរបស់អ្នករករបរទទួលទានរវាងពលរដ្ឋទាំងពីរប្រទេស។
លោក កែម ឡី៖ «ផលប៉ះពាល់ដោយផ្ទាល់ គឺអ្នកនាំទំនិញចេញចូល គាំងទំនិញតែម្ដង។ ទី២ ផលប៉ះពាល់ជាប្រយោល គឺកាលណាខ្វះទំនិញនៅលើទីផ្សារវាអាចធ្វើឲ្យទំនិញឡើងថ្លៃ អតិផរណាខ្ពស់។ ទី៣ វាអាចប៉ះពាល់ដល់សិទ្ធិសេរីភាពនៅក្នុងការប្រកបមុខរបររបស់ជនចំណាកស្រុកនៅតាមព្រំដែននានា និងទី៤ យើងក៏មានការព្រួយបារម្ភដែរ វាអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងព្រំដែន រវាងគណៈកម្មការព្រំដែន បើសិនថៃ បិទច្រកដោយឯកតោភាគី ហើយយើងមិនបានជួបជជែកគ្នាមុន។ សួរថា តើកិច្ចព្រមព្រៀងព្រំដែនហ្នឹងមានប្រយោជន៍អី? នរណាចង់បិទក៏បិទទៅ នរណាចង់បើកក៏បើកទៅ។ ហើយមួយទៀត យើងក៏មានការប្រុងប្រយ័ត្នដែរ នៅពេលដែលបិទច្រកព្រំដែនជាឯកតោភាគី វាច្បាស់ជាមានកម្លាំងទ័ពមកតាមព្រំដែន។ យើងក៏គួរប្រយ័ត្នពីដែនដីដែលមិនទាន់មានបង្គោលច្បាស់លាស់ ឬមិនទាន់មានបង្គោលត្រឹមត្រូវ អាហ្នឹងក៏ផលប៉ះពាល់មួយទៀតដែរ»។
ទោះជាបែបណា ប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់កងកម្លាំងចម្រុះប្រចាំការនៅតាមព្រំដែន និងប្រជាពលរដ្ឋត្រូវបន្តទំនាក់ទំនងល្អជាមួយអាជ្ញាធរ ឬពលរដ្ឋថៃ ក្នុងពេលប្រទេសថៃ កំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរ។
កាលពីល្ងាចថ្ងៃទី២២ ខែឧសភា អគ្គមេបញ្ជាការកងទ័ពថៃ លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បានធ្វើរដ្ឋប្រហាររដ្ឋាភិបាលថៃ ដើម្បីស្ដារស្ថានភាពវឹកវរនៅក្នុងប្រទេសនេះ។ ក្រោយធ្វើរដ្ឋប្រហារ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសតាំងខ្លួនឯងជាអ្នកដឹកនាំប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។