កិច្ចប្រជុំរវាងប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសអាស៊ាន និងលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានចាប់ផ្ដើមថ្ងៃទីមួយហើយនៅក្រុងរ៉េនឆូ ម៉ារ៉ាហ្ស (Rancho Mirage) នៃរដ្ឋកាលីហ្វ័រញ៉ា (California) នៃសហរដ្ឋអាមេរិក។ នៅពេលដែលមេដឹកនាំទាំងនេះកំពុងជជែកគ្នានៅឯខាងក្រៅបរិវេណឯណេះ ក្រុមបាតុករចម្រុះជាតិសាសន៍ មានទាំងក្រុមពលរដ្ឋខ្មែរ-អាមេរិកាំង ផង នាំគ្នាធ្វើបាតុកម្មតវ៉ាផងដែរ។ ពួកគេភាគច្រើនទាមទារអោយរដ្ឋាភិបាលនៃប្រទេសកំណើតរបស់ខ្លួនគោរពសិទ្ធិមនុស្ស និងសិទ្ធិក្នុងការចូលរួមធ្វើនយោបាយដោយស្មើភាពជាដើម។
ពលរដ្ឋខ្មែរ-អាមេរិកាំង ប្រមាណជិត ១ពាន់នាក់ នាំគ្នាមកធ្វើបាតុកម្មនៅក្បែររមណីយដ្ឋានសាន់នីឡែនដ៍ ទីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកចូលរួមសន្និសីទកំពូលអាស៊ាន-អាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barak Obama)។
បាតុករទាំងនេះ ភាគច្រើនមកពីរដ្ឋកាលីហ្វ័រញ៉ា នេះតែម្ដង តែអ្នកខ្លះក៏មកពីរដ្ឋឆ្ងាយដែរ ដូចជារដ្ឋធានីវ៉ាស៊ីនតោន រដ្ឋវ៉ាស៊ីនតោនជាដើម ហើយក៏មានអ្នកខ្លះមកតាំងពីឆ្ងាយ ដូចជាពីប្រទេសកាណាដា អ្នកខ្លះមកតាំងពីប្រទេសអូស្ត្រាលី។ ពួកគាត់ទាំងអស់គ្នាមកទីនេះ មានគោលបំណងពីរជាសំខាន់ ទីមួយគឺដើម្បីទាមទារឲ្យលោក ហ៊ុន សែន បញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងទីពីរគឺដើម្បីស្នើឲ្យលោក បារ៉ាក់ អូបាម៉ា ជំរុញឲ្យលោក ហ៊ុន សែន អនុវត្តលទ្ធិប្រជាធិបតេយ្យ៖ «ខ្ញុំធ្វើដំណើរពីតូរ៉ុនតូ ប្រទេសកាណាដា ធ្វើដំណើរដោយជិះយន្តហោះមក ដោយសារឆន្ទៈពិតប្រាកដ ស្រលាញ់ទឹកដី ប្រជារាស្ត្រខ្មែរ អាណិតប្រជារាស្ត្រ ហើយសំខាន់គឺមិនពេញចិត្តរដ្ឋាភិបាលសព្វថ្ងៃដែលធ្វើបាប ប្រជារាស្ត្រ (ប្រព្រឹត្ត) អំពើពុករលួយ កុម្មុយនិស្តផ្ដាច់ការ។ លោក ហ៊ុន សែន ល្មមឈប់ហើយ ទុកឲ្យគេជំនាន់ក្រោយៗគេធ្វើ ខ្ញុំជឿថា គេធ្វើគ្រាន់បើជាងលោក...។ ខ្ញុំមកពីអូស្ត្រាលី មកធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ព្រោះគាត់អត់គោរពសិទ្ធិមនុស្ស...»។
បាតុកម្មនៅថ្ងៃនេះ រៀបចំឡើងដោយអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ដែលមានលោក ទូច វិបុល ជាប្រធាន។ លោក វិបុល មានប្រសាសន៍ថា កត្តាសំខាន់បំផុតដែលជំរុញអោយលោកដឹកនាំពលរដ្ឋខ្មែរ-អាមេរិកាំង មកធ្វើបាតុកម្មនៅពេលនេះ បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមយុវជនអ្នកគាំទ្រលោក និងគណបក្សប្រជាជនកម្ពុជា គំរាមថា នឹងធ្វើបាតុកម្មសងសឹកវិញនៅក្រុងភ្នំពេញ ក៏ដោយ គឺលោកចង់អោយពិភពលោកឃើញថា លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ៖ «សំខាន់យើងឲ្យលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពិសេសសមាជិកអាស៊ានដទៃទៀត ហើយនិងពិភពលោក ឲ្យឃើញថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មានការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។ អ៊ីចឹងយើងជំរុញឲ្យលោកប្រធានាធិបតី (អាមេរិក) បង្កើតក្រុមទំនាក់ទំនងនៅកម្ពុជា មួយ ដែលរួមមានប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១) ដើម្បីត្រួតពិនិត្យ និងជំរុញឲ្យមានកំណែទម្រង់ទៅតាមបែបលទ្ធិប្រជាធិបតេយ្យ។ ទី២ យើងចង់ឲ្យលោក អូបាម៉ា រិះគន់ដោយចំហទៅលើការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន»។
នៅក្នុងចំណោមបាតុករក៏មានភរិយារបស់លោក មាជ សុវណ្ណារ៉ា ដែលពេលនេះកំពុងជាប់ពន្ធនាគារព្រៃសរ។ អ្នកស្រីថា ការចាប់ខ្លួនប្ដីអ្នកស្រីរួចអោយជាប់ទោស ២០ឆ្នាំ គឺជាអំពើអយុត្តិធម៌ជាទីបំផុតចំពោះគ្រួសារអ្នកស្រី៖ «នាងខ្ញុំនិងកូន៣នាក់មកចូលរួមជាមួយបងប្អូនខ្មែរនៅទីនេះ ដើម្បីចង់ឲ្យលោក ហ៊ុន សែន តុលាការកម្ពុជា គោរពច្បាប់ វិជ្ជាជីវៈ។ យើងអត់ត្រូវយកតុលាការមកដើម្បីជាចំណាប់ខ្មាំង ដើម្បីចាប់អ្នកនយោបាយដាក់គុកគ្មានហេតុផលទេ។ ការធ្វើបាតុកម្មមានបងប្អូនយ៉ាងច្រើន គណបក្សសង្គ្រោះជាតិច្រើននាក់ ហេតុអីចាប់តែគ្រួសារខ្ញុំម្នាក់ឯង ហើយនិងបងប្អូនយើងដែលគ្រាន់តែនិយាយដើម្បីរកលទ្ធិប្រជាធិបតេយ្យឲ្យបងប្អូននៅកម្ពុជា បែរជាមានទោសរហូតដល់ជាប់គុក ២០ឆ្នាំ»។
មិនមែនតែពលរដ្ឋខ្មែរ-អាមេរិកាំងទេ ដែលធ្វើបាតុកម្មនោះ ពលរដ្ឋវៀតណាម ថៃ ឡាវ និងហ្វីលីពីន ដែលរស់នៅសហរដ្ឋអាមេរិកនេះ ក៏គ្រោងធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំនៃប្រទេសកំណើតរបស់ខ្លួនដែរ។ នៅមានជនជាតិចម្រុះសាសន៍ដទៃទៀត ជាពិសេសពលរដ្ឋអាមេរិកាំងដែលមានដើមកំណើតពីអាមេរិកឡាទីន ក៏គ្រោងធ្វើបាតុកម្មដែរ។ ពួកគាត់ធ្វើបាតុកម្មប្រឆាំងនឹងលោក អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក នេះតែម្ដង។ ពួកគាត់ខ្លះតវ៉ាជាមួយនឹងរដ្ឋាភិបាលអាមេរិកាំង ពីរឿងគោលនយោបាយចាប់បញ្ជូនជនអន្តោប្រវេសន៍ណាដែលប្រព្រឹត្តបទល្មើសកម្រិតធ្ងន់នៅសហរដ្ឋអាមេរិក អោយត្រឡប់ទៅប្រទេសកំណើតវិញ។ ពួកគេទាមទារអោយលោក អូបាម៉ា លុបច្បាប់នេះចោល។
ខ្លះទៀត តវ៉ាអំពីរឿងកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែន ប៉ាស៊ីហ្វិក ឬក៏កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ដែលគេហៅកាត់ជាភាសាអង់គ្លេសថា ធី.ភី.ភី (TPP)។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម អន្តរប៉ាស៊ីហ្វិកនេះដែរ។
បាតុកម្មថ្ងៃនេះ ថ្វីតែមានចម្រុះជាតិសាសន៍ ប្រព្រឹត្តទៅដោយមិនមានអំពើហិង្សាទេ។ អាជ្ញាធរក៏នៅរង់ចាំការពារទាំងបាតុករ និងអ្នកដែលត្រូវគេប្រឆាំង ព្រមទាំងរៀបចំសណ្ដាប់ធ្នាប់ផង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រកាសពីយប់មិញថា លោកអាចនឹងចុះមកជួបបាតុករក៏មិនឃើញលោកអញ្ជើញមកដែរ។ ក្រុមបាតុករថា នឹងនៅឈរតវ៉ាពេញមួយថ្ងៃនេះ ហើយថា ពួកគេនឹងរៀបចំបញ្ជូនញត្តិមួយជូនទៅលោកប្រធានាធិបតី អូបាម៉ា នៅចុងបញ្ចប់នៃបាតុកម្មថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។