ពលរដ្ឋខ្មែរកាណាដាប្រមាណ ១០០នាក់ មកពីតាមតំបន់នានាក្នុងប្រទេសកាណាដា រួមមាន រដ្ឋធានីអូតាវ៉ា (Ottawa) ក្រុងម៉ុងរ៉េអាល់ (Montreal) និងខេត្តកេប៉ិច (Quebec) កាលពីរសៀលថ្ងៃសៅរ៍ ទី២៤ កុម្ភៈ បានមកជួបជុំគ្នានៅវត្តចម្ការរតនារាម ក្នុងក្រុងឡាវ៉ាល់ (Laval) ស្ថិតនៅភាគខាងជើងទីក្រុងម៉ុងរ៉េអាល់ ដើម្បីរៀបចំពិធីដុតរូបទីងមោង លោក ហ៊ុន សែន។
ក្រុមអ្នកចូលរួមបានរៀបចំពិធីនេះឡើង ដើម្បីសម្ដែងការមិនពេញចិត្ត និងក្ដីខឹងសម្បាររបស់ពួកគេទៅនឹងសារគំរាមរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២១ កុម្ភៈ ដែលលោកបានព្រមានថា នឹងតាមវាយពលរដ្ឋខ្មែរទាំងឡាយណាដែលហ៊ានធ្វើបាតុកម្មប្រឆាំងរូបលោក ឬដុតទីងមោងរូបលោក នៅពេលលោកទៅចូលរួមកិច្ចប្រជុំកំពូលអូស្ត្រាលី-អាស៊ាន នៅប្រទេសអូស្ត្រាលី នាពាក់កណ្តាលខែមីនាខាងមុខនេះ។
ពិធីដុតរូបទីងមោងលោក ហ៊ុន សែន នេះ ដឹកនាំដោយចលនានារីខ្មែរម៉ុងរ៉េអាល់កាណាដា និងមានការចូលរួមពីសំណាក់ព្រះសង្ឃមកពីតាមបណ្ដាវត្តអារាមនានា ក្នុងក្រុងម៉ុងរ៉េអាល់ សហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំប្រទេសកាណាដា អ្នកគាំទ្រចលនាសង្គ្រោះជាតិ និងពលរដ្ឋខ្មែរកាណាដាជាច្រើនរូប បើទោះជាអាកាសធាតុនៅទីនោះមានលក្ខណៈត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ។ ក្រុមអ្នកចូលរួមថា ពួកគេមិនខ្លាចរអាទៅនឹងសារគំរាមកំហែងរបស់លោក ហ៊ុន សែន នេះទេ។ មុនដុតរូបទីងមោងលោក ហ៊ុន សែន នេះ ក្រុមអ្នកចូលរួមខ្លះ បាននាំគ្នាស្រែកដាក់បណ្ដាសាលោក ហ៊ុន សែន ដោយខ្លះថាលោក ហ៊ុន សែន ជាជនក្បត់ជាតិ ជាឃាតកសម្លាប់ក្រុមអ្នកប្រឆាំង ក្រុមអ្នកប្រជាធិបតេយ្យ និងពលរដ្ឋស្លូតត្រង់ជាដើម។
ក្រុមអ្នកចូលរួមខ្លះទៀត បាននាំគ្នាយកដុំទឹកកកគប់សំដៅទៅរូបទីងមោង លោក ហ៊ុន សែន ខណៈអ្នកខ្លះទៀតនាំគ្នាយកដំបងឈើវាយសំពងរូបទីងមោងលោក ហ៊ុន សែននោះ ដើម្បីជាការសម្ដែងនូវអារម្មណ៍មិនពេញចិត្តរបស់ពួកគេ។
តំណាងក្រុមអ្នកគាំទ្រចលនាសង្គ្រោះជាតិ ប្រចាំប្រទេសកាណាដាម្នាក់ គឺលោក នួន នរា ថ្លែងប្រាប់អាស៊ីសេរីកាលពីថ្ងៃអាទិត្យទី២៥ កុម្ភៈ ថា ពិធីដុតរូបទីងមោងលោក ហ៊ុន សែន នេះ ធ្វើឡើងដោយសារពួកគាត់មានភាពឈឺចាប់នឹងអំពើអយុត្តិធម៌សង្គម និងការដឹកនាំតាមរបៀបបែបផ្ដាច់ការឯកបក្សរបស់លោក ហ៊ុន សែន ដែលចុងក្រោយនេះបានរម្លាយប្រជាធិបតេយ្យជាស្ថាពរនៅកម្ពុជា។ លោកថា ពលរដ្ឋខ្មែរនៅកាណាដា មិនខ្លាចរអារនឹងសារគំរាមកំហែងរបស់អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមនេះឡើយ៖ «គាត់អត់ខ្លាចទេ ហើយជាពិសេសបងប្អូនយើងខ្មែរកម្ពុជាក្រោម ... ។ គាត់ប្រកាសដាច់អហង្ការថា គាត់មិនខ្លាចជាដាច់ខាត។ មានលោកដែលជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក សាខាម៉ុងរ៉េអាល់ហ្នឹង គាត់ឡើងប្រកាសនិយាយក្នុងមេក្រូ គាត់ថា គាត់ឲ្យអាសយដ្ឋានគាត់ទៀត។ គាត់ថា គាត់នឹងទៅដុតជាមួយបងប្អូនចលនាស្ត្រីហ្នឹង ហើយគាត់ពាក់អាសយដ្ឋានគាត់។ គាត់ថា បើចង់មក ... មកសម្លាប់គាត់ ក៏មកសម្លាប់គាត់ទៅ នៅផ្ទះគាត់។ គាត់ឲ្យអាសយដ្ឋាន។ ដូច្នេះ គឺថាបងប្អូនយើងពុះពោរមែនទែន។ ជាពិសេសស្ត្រីហ្នឹងក៏គាត់មិនខ្លាចដែរ ពីព្រោះយើងអស់មានអីទៀតហើយ គាត់ថាអញ្ចឹង។ យើងមានតែការតស៊ូ ដូច្នេះបើថា នៅតែខ្លាចគេសម្លុតទៀត អាហ្នឹង យើងអត់មានធ្វើដំណើរទៅមុខបានទេ»។
មុនពេលពិធីដុតរូបទីងមោងលោក ហ៊ុន សែន នេះ ក្រុមអ្នកចូលរួមក៏បានរៀបចំធ្វើវេទិកាសាធារណៈមួយអំពីយុទ្ធនាការចលនាសង្គ្រោះជាតិ ដែលមានការចូលរួមពីសំណាក់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា និងលោក សោ ចាន់ដេត និងមន្ត្រីជាន់ខ្ពស់ចលនាសង្គ្រោះជាតិប្រចាំប្រទេសកាណាដាជាច្រើនរូប។ ពួកគេបានអំពាវឲ្យពលរដ្ឋនៅប្រទេសកម្ពុជា គាំទ្រចលនាគណបក្សសង្គ្រោះជាតិឲ្យបានមោះមុត និងចូលរួមឲ្យបានយ៉ាងសកម្មក្នុងការធ្វើពហិការមិនទិញទឹកបរិសុទ្ធវីតាល់ ទឹកសុទ្ធអារុណា រួមទាំងផលិតផលផ្សេងៗទៀត ដែលជាភាគហ៊ុនរបស់មន្ត្រីជាន់ខ្ពស់ក្នុងរបបលោក ហ៊ុន សែន។
លោកថា ក្រុមចលនានារីខ្មែរម៉ុងរ៉េអាល់កាណាដា បច្ចុប្បន្ន កំពុងធ្វើរូបទីងមោងលោក ហ៊ុន សែន ឲ្យបានច្រើនបន្ថែមទៀត ដើម្បីត្រៀមរៀបចំពិធីដុតរូបទីងមោងលោក ហ៊ុន សែន បន្ថែមទៀតនាពេលអនាគត។ លោកផ្តាំផ្ញើឲ្យពលរដ្ឋខ្មែរមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវចេះសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកម្ចាត់របបផ្ដាច់ការលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។