ពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លី បញ្ចេញទស្សនៈស្រដៀងៗគ្នាថា ពួកគាត់ត្រូវសង្កេតមើលអ្នកនយោបាយដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការជ្រើសបក្សនយោបាយខុស ដែលនាំបញ្ហាឲ្យខ្លួន។
ពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តក្រចេះ អ្នកស្រី ម៉ា សុខា ឲ្យដឹងថា បញ្ហាដីធ្លីនៅភូមិស្រែស្រាយ ឃុំខ្សឹម ស្រុកស្នូល បានកើតឡើងរយៈពេល ៣ឆ្នាំមកហើយ តែបក្សកាន់អំណាចហាក់ដោះស្រាយបញ្ហាដីធ្លីនេះមានប្រសិទ្ធភាពតិចតួច មិនឆ្លើយតបនឹងតម្រូវការពលរដ្ឋ។ អ្នកស្រីមានប្រសាសន៍ទៀតថា សម្រាប់អាណត្តិទី៥ នេះ អ្នកស្រីចាំបាច់អានគោលបាយរបស់បក្សនីមួយៗឲ្យជាក់ច្បាស់ រួចអ្នកស្រីសម្រេចចិត្តជាក្រោយ ថាតើអ្នកស្រីគួរជ្រើសរើសបក្សណាមួយ?
ស្របគ្នានេះ ពលរដ្ឋខេត្តកោះកុង លោក សាន វណ្ណាប បញ្ចេញទស្សនៈថា បក្សណាដែលគិតគូរប្រយោជន៍រាស្ត្រ និងដោះស្រាយបញ្ហាដីធ្លីជូនរាស្ត្រ លោកនឹងបោះឆ្នោតគាំទ្រគណបក្សនោះ។
ទាក់ទងនឹងរឿងរ៉ាវនេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា បក្សកាន់អំណាចបានបង្កើតយន្តការជាច្រើនក្នុងបំណងដោះស្រាយបញ្ហាដីធ្លី ប៉ុន្តែជម្លោះដីធ្លីហាក់កើតឡើងស្រួចស្រាល់។ លោកបញ្ជាក់បន្ថែមថា ពលរដ្ឋគួរសម្លឹង និងគិតគូរឲ្យស៊ីជម្រៅ ជៀសវាងក្នុងការជ្រើសគណបក្សនយោបាយខុស។ លោកសង្កត់ធ្ងន់ថា មូលហេតុចម្បងដែលបក្សកាន់អំណាចដោះស្រាយបានតិចតួចនោះ ដោយសារការអនុវត្តរបស់មន្ត្រីបក្សកាន់អំណាចហាក់អនុវត្តតិចតួចចំពោះយន្តការដែលរដ្ឋាភិបាលបានដាក់ចេញ។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់ពីមន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានទេ នៅថ្ងៃទី២៧ មិថុនា នេះ។
ឆ្លើយតបនឹងកង្វល់របស់ពលរដ្ឋនេះ អ្នកនាំពាក្យបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អះអាងថា បើបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត បក្សនេះនឹងបម្រើរាស្ត្រ និងដាក់ប្រយោជន៍រាស្ត្រជាធំ។ ដូច្នេះ បញ្ហាដីដែលនៅសេសសល់ពីបក្សកាន់អំណាចនោះ បក្សសង្គ្រោះជាតិ នឹងដោះស្រាយបញ្ចប់បញ្ហានេះ។
លោកបញ្ជាក់ទៀតថា បញ្ហាដីធ្លីនេះអាចត្រូវបក្សកាន់អំណាចដោះស្រាយចប់សព្វគ្រប់ បើសិនបក្សនេះលុបបំបាត់អំពើពុករលួយ និងជំរុញឲ្យមន្ត្រីថ្នាក់ក្រោម អនុវត្តនូវយន្តការដែលរដ្ឋាភិបាលបានដាក់ចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
