ទស្សនៈ​អ្នក​ច្បាប់​និង​អ្នក​វិភាគ​ជុំវិញ​លិខិត​របស់​លោក សម រង្ស៊ី ថ្វាយ​ព្រះមហាក្សត្រ

0:00 / 0:00

អ្នក​ច្បាប់ និង​អ្នក​វិភាគ​នយោបាយ បាន​លើក​ឡើង​ថា ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ពិបាក​សម្រេច​ព្រះទ័យ​ចំពោះ​លិខិត​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្វាយ​ជូន​ព្រះអង្គ​រៀប​រាប់​ពី​សភា​ឯក​បក្ស​បច្ចុប្បន្ន​ជា​សភា​ខុស​ច្បាប់ និង​រំលឹក​អំពី​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​កោដ្ឋ ព្រះអង្គ​មិន​យាង​ចូល​ប្រជុំ​សភា​កាល​ពី​ឆ្នាំ​២០០៣ នៅ​ខណៈ​ដែល​ស្ថានភាព​នយោបាយ​ជាប់​គាំង​ដូច​គ្នា​នេះ។

ប្រជាពលរដ្ឋ​ខ្មែរ ជាទូទៅ​កំពុង​រង់ចាំ​កាដូ​ឆ្នាំ​ថ្មី​ពី​អ្នក​នយោបាយ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ និង​រង់ចាំ​កាដូ​ពី​ព្រះមហាក្សត្រ អំពី​ភាព​ទាល់ច្រក​នយោបាយ​នេះ ថា​តើ​តួអង្គ​ទាំង​បី​នឹង​មាន​អ្វី​ជា​កាដូ​ជូន​ម្ចាស់​ឆ្នោត ក្នុង​ការ​ទម្លុះ​ភាព​ជាប់​គាំង​នៅ​មុន​ពេល​ចូល​ឆ្នាំ​បាន​មក​ដល់​នេះ។

អ្នក​ច្បាប់​បាន​លើក​ឡើង​ថា លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្វាយ​លិខិត​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២ មេសា នោះ​ថា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ កំពុង​ស្វែង​រក​ដំណោះស្រាយ​នយោបាយ។

ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា ការ​ថ្វាយ​លិខិត​រៀប​រាប់​ពី​បញ្ហា​សភា​ឯក​បក្ស​ជូន​ព្រះមហាក្សត្រ​នេះ គឺ​លោក សម រង្ស៊ី ចង់​រំលឹក​ដល់​ព្រះមហាក្សត្រ អំពី​ព្រះ​បិតា​របស់​ព្រះអង្គ កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម គឺ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះអង្គ​មិន​យាង​ចូល​បើក​កិច្ច​ប្រជុំ​សភា​ដំបូង​ទេ ដោយសារ​គ្មាន​គណបក្ស​ជាប់​ឆ្នោត​ចូល​រួម​គ្រប់។ ម្យ៉ាង​ទៀត លោក សម រង្ស៊ី ហាក់​ចង់​បង្ហាញ​ឲ្យ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ទត​រដ្ឋធម្មនុញ្ញ​កម្ពុជា៖ «ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​កម្ពុជា ក្នុង​ព្រះនាម ព្រះអង្គ​ជា​ព្រះមហាក្សត្រ កាល​ណា​នោះ គឺ​ព្រះអង្គ​បាន​ទត​រដ្ឋធម្មនុញ្ញ​ជា​គោល ដូច្នេះ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សព្វថ្ងៃ​នេះ គឺ​ឯកឧត្តម សម រង្ស៊ី ចង់​ឲ្យ​ព្រះមហាក្សត្រ​ទត​រដ្ឋធម្មនុញ្ញ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ»

ទាក់ទង​នឹង​បញ្ហា​នេះ នាយ​ខុទ្ទកាល័យ​ព្រះបរមរាជវាំង លោក អ៊ុំ តារាវុធ មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ។

ការ​ជាប់​គាំង​នយោបាយ បាន​អូស​បន្លាយ​ពេល​ប្រមាណ​ជា ៨​ខែ ហើយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។ ទោះ​បី​ជា​តំណាង​គណបក្ស​ទាំង​ពីរ​កំពុង​ដំណើរ​ការ​ជួប​ចរចា​ថ្នាក់​កណ្ដាល​ក៏ដោយ ក៏ប៉ុន្តែ​លទ្ធភាព​អាច​ឈាន​ទៅ​ដល់​ជំនួប​ថ្នាក់​ដឹក​នាំ​កំពូល ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ រហូត​មក​ទល់​ពេល​នេះ។

នៅ​ក្នុង​លិខិត​របស់ លោក សម រង្ស៊ី ថ្វាយ​ព្រះមហាក្សត្រ​នោះ​បាន​បញ្ជាក់​ថា សភា​ដែល​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣ នោះ គឺ​ជា​សភា​ឯក​បក្ស​មាន​តំណាង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​ប៉ុណ្ណោះ មិន​មែន​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល​ទេ។

លោក សម រង្ស៊ី អះអាង​នៅ​ក្នុង​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ថា ដោយ​បាន​រំលឹក​កាល​ពី​ឆ្នាំ​បោះ​ឆ្នោត​អាណត្តិ​ទី​៣​ថា ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា​នេះ​ដែរ អតីត​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ទ្រង់​មាន​ព្រះរាជ​តម្រិះ និង​សម្រេច​ព្រះទ័យ​មិន​យាង​ចូល​រួម​ជា​ព្រះរាជា​ធិបតី​ក្នុង​សម័យ​ប្រជុំ​ដំបូង នៃ​រដ្ឋសភា​កាល​ពី​ឆ្នាំ​២០០៣ ទេ ដោយ​ហេតុ​ថា ពុំ​មាន​តំណាង​រាស្ត្រ​មក​ពី​គ្រប់​គណបក្ស​ដែល​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន ចូល​រួម​បង្កើត​រដ្ឋសភា​នីតិកាល​ថ្មី ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល។

ការ​បោះ​ឆ្នោត​នីតិកាល​ទី​៣ ឆ្នាំ​២០០៣ បាន​ជាប់​គាំង​អូស​បន្លាយ​ពេល​ជិត ១​ឆ្នាំ ដោយសារ​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត ហើយ​បាន​ចង​ជា​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ។ ការ​ជាប់​គាំង​អូស​បន្លាយ​ពេល​យូរ​នេះ គឺ​សភា​មិន​អាច​ដំណើរ​ការ​បាន​ទេ ដោយសារ​អតីត​ព្រះមហាក្សត្រ ព្រះអង្គ​មិន​យាង​ទៅ​ធ្វើ​ជា​ព្រះរាជា​ធិបតី ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត​ចង់​បើក​កិច្ច​ប្រជុំ​ក៏​មិន​បាន​ដែរ។

ក៏ប៉ុន្តែ ដំណោះស្រាយ​នយោបាយ​នៅ​ពេល​នោះ អាច​បង្កើត​សភា និង​រដ្ឋាភិបាល​បាន នៅ​ខែ​កក្កដា ឆ្នាំ​២០០៤ នៅ​ក្រោយ​ពេល​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​បោះ​បង់ លោក សម រង្ស៊ី ចេញ​ពី​សម្ព័ន្ធភាព​នោះ ហើយ​ទៅ​ចាប់​ដៃ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ និង​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ធ្វើ​ជា​ព្រះ​ប្រធាន​រដ្ឋសភា។

ទាក់ទង​នឹង​បញ្ហា​នេះ លោក នី ចរិយា សង្កត់​ធ្ងន់​ថា អ្នក​នយោបាយ​គួរ​តែ​ទុក​ឲ្យ​ព្រះមហាក្សត្រ​នៅ​ឆ្ងាយ​ពី​រឿង​នយោបាយ កុំ​ឲ្យ​ព្រះអង្គ​មាន​ការ​លំបាក​សម្រេច​ព្រះទ័យ​ចំពោះ​ការ​ជាប់​គាំង​នយោបាយ ដែល​កំពុង​អូស​បន្លាយ​ពេល​នេះ ហើយ​អ្នក​នយោបាយ​ត្រូវ​តែ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លះ៖ «បើ​សិន​ជា​យើង​ពិត​ជា​ស្រឡាញ់​ជាតិ ស្រឡាញ់​មាតុភូមិ ស្រឡាញ់​ព្រះមហាក្សត្រ អ្នក​នយោបាយ​គួរ​តែ​ត្រូវរ៉ូវ​គ្នា​សិន ទើប​យាង​ព្រះមហាក្សត្រ មិន​ត្រូវ​ឲ្យ​ព្រះមហាក្សត្រ​ឡូកឡំ​ក្នុង​រឿង​នយោបាយ​នោះ​ទេ»

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​តស៊ូ​មតិ​ខាង​ផ្នែក​នយោបាយ ដើម្បី​រក​ដំណោះស្រាយ​សមស្រប​ណា​មួយ៖ «គណបក្ស​ទាំង​ពីរ​នៅ​តែ​ជា​គណបក្ស​ដែល​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ ប៉ុន្តែ​មិន​បាន​បំពេញ​តួនាទី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្ងប់​ចិត្ត​នៅ​ឡើយ ក្នុង​នាម​ជា​អ្នក​ទទួល​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ អ៊ីចឹង​គណបក្ស​ទាំង​ពីរ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ក្នុង​តួនាទី​របស់​ខ្លួន​ក្នុង​កិច្ច​អភិវឌ្ឍ​ជាតិ»

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ទោះ​បី​ជា​រដ្ឋាភិបាល និង​សភា​បច្ចុប្បន្ន បាន​ដំណើរ​ទៅ​បាន​ក្ដី ក៏ប៉ុន្តែ​សភា និង​រដ្ឋាភិបាល​មិន​ត្រូវ​បាន​អន្តរជាតិ​ទទួល​ស្គាល់​ជា​ទូទៅ​ទេ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​នេះ ហាក់​បី​ដូច​ជា​យឺត​ពេល​បន្តិច៖ «អ្វី​ដែល​ជា​ការ​ដើរ​របស់​សភា ទោះ​បី​ជា​យើង​ដើរ​ក៏ដោយ​ក៏​គេ​នៅ​តែ​មិន​ទទួល​ស្គាល់ យើង​ឃើញ​ហើយ មាន​បាតុកម្ម​ស្ទើរ​តែ​រាល់​ថ្ងៃ បើ​សិន​ជា​គ្មាន​ការ​បង្ក្រាប ដូច្នេះ​ត្រូវ​តែ​មាន​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ សូម្បី​តែ​បរទេស​ក៏​គេ​មើល​ឃើញ​អ៊ីចឹង​ដែរ»

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​នៅ​ខណៈ​សភា​បើក​សម័យ​ប្រជុំ​លើក​ទី​២ នីតិកាល​ទី​៥ ថ្ងៃ​ទី​១ មេសា ដោយ​អំពាវនាវ​ឲ្យ​សភា​ផ្អាក​រាល់​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ទាំង​ឡាយ ដរាប​ណា​បញ្ហា​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​ដោះស្រាយ និង​សមាជិក​សភា​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ ទទួល​យក​អាសនៈ​នៃ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ។

បន្ថែម​ពី​លើ​បញ្ហា​នេះ លោក​បណ្ឌិត សុខ ទូច បាន​សង្កត់​ធ្ងន់​ថា នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នឹង​ឈាន​មក​ដល់​នេះ អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ គួរ​ណាស់​ផ្ដល់​កាដូ​ជូន​ប្រជាពលរដ្ឋ កាដូ​នោះ គឺ​លោក សុខ ទូច ចង់​សំដៅ​ទៅ​លើ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រក​ដំណោះស្រាយ​នយោបាយ​រួម​មួយ ដើម្បី​រួម​គ្នា​កសាង​ប្រទេស​ជាតិ៖ «សូម​ឲ្យ​អ្នក​នយោបាយ​គួរ​ណាស់​មាន​អនុស្សាវរីយ៍ ឬ​កាដូ​អី​សម្រាប់​ចូល​ឆ្នាំ​នេះ ឬ​ក៏​កាដូ​របស់​រដ្ឋាភិបាល មាន​តែ​ការ​បង្ហូរ​ឈាម? កាដូ​គណបក្ស​ប្រឆាំង​មាន​តែ​ការ​ធ្វើ​បាតុកម្ម? ហើយ​កាដូ​របស់​ព្រះមហាក្សត្រ​បាន​ត្រឹម​តែ​គ្មាន​ចម្លើយ? ទាំងអស់​នេះ​ដែល​ជា​ការ​រង់ចាំ​របស់​ប្រជាពលរដ្ឋ​ជាង ១៤​លាន​នាក់​ក្នុង​ឆ្នាំ​ថ្មី​នេះ»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ បាន​ពន្យល់​ថា ស្ថានភាព​ជាប់​គាំង​នយោបាយ​សព្វថ្ងៃ​នេះ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្រប​ច្បាប់​នោះ​ទេ រួម​មាន ទី​១ ទិដ្ឋភាព​ច្បាប់ ពោល​គឺ​ការ​បើក​ប្រជុំ​សភា​លើក​ដំបូង ត្រូវ​មាន​តំណាង​រាស្ត្រ​យ៉ាង​តិច ១២០​រូប​ចូល​រួម យោង​តាម​រដ្ឋធម្មនុញ្ញ​មាត្រា​៧៦។ ទី​២ ទិដ្ឋភាព​នយោបាយ​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដូច​គ្នា ហើយ​សភា​ឯក​បក្ស​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​កម្ពុជា កំពុង​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​នោះ​ទេ និង​ទិដ្ឋភាព​ទី​បី រដ្ឋាភិបាល ឬ​សភា​ឯក​បក្ស មិន​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​នោះ​ឡើយ ហើយ​ប្រទេស​ជា​ម្ចាស់​ជំនួយ​ក៏​មិន​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​ឯក​បក្ស ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ទៀត​ដែរ បញ្ហា​ជាប់​គាំង​នយោបាយ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​ទាំង​មូល រួម​ទាំង​វិស័យ​សេដ្ឋកិច្ច​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។