កាសែត​ដ៏​ល្បីល្បាញ​របស់​បារាំង​ថា​កម្ពុជា​ឈាន​ទៅ​ការ​គ្រប់គ្រង​បែប «រដ្ឋ​ម៉ាហ្វីយ៉ា»

ដោយ អាស៊ីសេរី
2017.10.09
គ្រួសារ​ត្រកូល ហ៊ុន ២០១៧ ១៤៤០ (ពី​ឆ្វេង) លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត។
Photo: RFA

កាសែត​ដ៏​ល្បីល្បាញ​របស់​បារាំង​ឈ្មោះ «Liberation» បាន​ចុះផ្សាយ​អត្ថបទ​មួយ កាលពី​ថ្ងៃ​ទី​០៦ ខែ​តុលា កន្លង​ទៅ​នេះ ដាក់​ចំណងជើង​ថា «កម្ពុជា៖ របប​ដឹកនាំ​ដែល​ស្លន់ស្លោ កំពុង​បង្ក្រាប​យ៉ាង​សាហាវ»

កាសែត​បាន​សរសេរ​រិះគន់​ថា ប្រព័ន្ធ​ដឹកនាំ​នៅ​កម្ពុជា​បច្ចុប្បន្ន កំពុងតែ​ប្រែក្លាយ​ប្រទេស​នេះ​ទៅជា​រដ្ឋ​ម៉ាហ្វីយ៉ា (Etat mafieux) ដោយសារ​តែ​វិសាលភាព នៃ​អំពើពុករលួយ​បាន​គ្រប​ដណ្ដប់​នៅ​គ្រប់​ច្រកល្ហក​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ ដែល​ការពារ​តែ​ក្រុម​អ្នកមាន​អំណាច​មួយ​ក្ដាប់​តូច ហើយ​មិន​អើពើ​ចំពោះ​តម្រូវការ​របស់​ប្រជាជន​ភាគច្រើន ជាពិសេស​ប្រជាជន​នៅ​តំបន់​ជនបទ​ជាង ៩លាន​នាក់។

កាសែត​សរសេរ​លាតត្រដាង​ថា ថ្វីបើ​ទ្រព្យសម្បត្តិ​ត្រកូល​ហ៊ុន ត្រូវ​បាន​គេ​វាយតម្លៃ​ជា​ផ្លូវការ ថា​មាន​ចំនួន ២៥០ លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​ក្រៅផ្លូវការ ទ្រព្យសម្បត្តិ​នេះ អាច​មាន​ដល់​យ៉ាង​ហោច​ណាស់ ១ ប៊ី​លាន ឬ​១​ពាន់​លាន​ដុល្លារ​ឯណោះ ដោយ​នេះ​មិនទាន់​រាប់បញ្ចូល​ក្រុម​គ្រួសារ​សាច់ញាតិ​ផៅ​សន្តាន នៃ​អ្នក​មាន​អំណាច​ដទៃ​ទៀត ដែល​បាន​ផ្សា​សាច់​ផ្សា​ឈាម​ជាមួយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​នៅឡើយ​ផង។ កាសែត​សរសេរ​ថា លោក ហ៊ុន សែន បាន​សង់​មូលដ្ឋានគ្រឹះ​នៃ​អំណាច​របស់​លោក តាមរយៈ​ការ​ធ្វើ​សម្បទាន និង​ផ្ដល់​ប្រយោជន៍​ទៅវិញទៅមក​ជា​បណ្ដាញ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​ក្រុម​ឧកញ៉ា និង​អ្នកមាន​ប្រាក់​ដ៏​មាន​ឥទ្ធិពល​ផ្សេងទៀត ដែល​បាន​ជួ​យមក​លោក ហ៊ុន សែន វិញ តាមរយៈ​ការ​គាំទ្រ​ទាំង​ផ្នែក​ថវិកា និង​ទាំង​ផ្នែក​នយោបាយ។ កាសែត​សរសេរ​បន្ត​ថា សែស្រឡាយ​រវាង​លោក ហ៊ុន សែន និង​ក្រុម​អ្នកមាន​ប្រាក់​ទាំងនេះ ដែល​ត្រូវ​បាន​ពង្រឹង​កាន់​តែ​ខ្លាំង​ឡើង តាមរយៈ​ចំណង​អាពាហ៍ពិពាហ៍ និង​ការ​ផ្សារ​សាច់​ផ្សា​ឈាម​គ្នា​នោះ ទទួល​បាន​ភាព​កាក់កប​យ៉ាង​សម្បើម​ក្នុង​ការ​រក​ប្រាក់ ដែល​ជា​ញឹកញយ​កើត​ចេញ​ពី​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ ជាពិសេស​ព្រៃឈើ ដែល​កំពុង​ឈាន​ទៅ​រក​ការបាត់បង់​យ៉ាង​ឆាប់រហ័ស។

កាសែត​ក៏បាន​សរសេរ​រិះគន់​ពី​បរិយាកាស​នយោបាយ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​កម្ពុជា​បច្ចុប្បន្ន ថា ទីបំផុត​ទៅ ការ​នៅ​សេសសល់​ចុងក្រោយ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ នឹង​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​បោសសំអាត​ចោល​យ៉ាង​ឆាប់រហ័ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។