សារ​របស់​មេដឹកនាំ​និង​បាតុករ​​បក្ស​ប្រឆាំង​​ប្រើ​ពេល​ធ្វើ​បាតុកម្ម

គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ចូល​ដល់​ថ្ងៃ​ទី​៣​​ហើយ គិត​មក​ដល់​ថ្ងៃ​១៧ ធ្នូ ទោះ​បី​មាន​ភ្លៀង​ធ្លាក់ និង​អាកាសធាតុ​ចុះ​ត្រជាក់​បែប​ណា​ក្ដី។

0:00 / 0:00

​ពាក្យពេចន៍​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​បាន​លើក​ឡើង​ក្នុង​វេទិកា​ប្រមូល​ផ្តុំ​នា​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល ៣​ថ្ងៃ​មក​នេះ គឺ​ទាមទារ​ឲ្យ​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ ឡើង​វិញ។ (សំឡេង​ស្រែក​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង)

សារ​ប្រកាស​តាម​ប្រដាប់​បំពង​សំឡេង ឬ​មីក្រូ បាន​លាន់ឮ​ជា​ប្រចាំ​នៅ​ក្នុង​វេទិកា​ប្រមូល​ផ្តុំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ផ្ដើម​ដោយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។

លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​គាំទ្រ​​បាន​ស្រែក​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ឲ្យ​រៀប​ចំ​បោះឆ្នោត​សភា​នីតិកាល​ទី​៥ ឡើង​វិញ។ ជា​ការ​កត់សម្គាល់ សារ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ក្នុង​មហា​បាតុកម្ម​អហិង្សា​ពេល​នេះ មាន​លក្ខណៈ​​​ខុស​ប្លែក​ពី​ពេល​មុនៗ។ សារ​ពេល​មុន គឺ​បាន​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​អង្កេត ឬ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ ឡើង​វិញ ប៉ុន្តែ​ពេល​នេះ​ខុស​ស្រឡះ៖ «នាំ​សារ​ទៅ​ណា គឺ​នាំ​សារ​ទៅ​ផ្សារ នៅ​ផ្សារ​ចាស់ ទៅ​ផ្សារ​ថ្មី ទៅ​ផ្សារ​អូឡាំពិក ឬ​ទៅ​ផ្សារ​ទួលទំពូង​ជាដើម»

បន្ថែម​លើ​នេះ សមាជិក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​មក​ពី​ក្រៅ​ស្រុក​ដែល​គេ​និយម​ហៅ​ថា អាណិកជន​ខ្មែរ​នោះ ក៏​បាន​​ទាមទារ​ឲ្យ​លោក ហ៊ុន សែន លាលែង​តួនាទី​នាយករដ្ឋមន្ត្រី ដោយ​បាន​ចោទ​ថា ក្រោម​​​​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បង្កើត​ឲ្យ​មាន​​អំពើ​ពុករលួយ បក្សពួក​និយម បំផ្លាញ​ធនធាន​ធម្មជាតិ រំលោភ​សិទ្ធិ​មនុស្ស និង​​ការ​គំរាមកំហែង​ជាដើម៖ «ចុះៗៗ? ហ៊ុន សែន អើយ! ចុះ​ចេញ​ទៅៗៗៗៗ»

​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​រស់​នៅ​ប្រទេស​បារាំង និង​សហរដ្ឋ​អាមេរិក ជាដើម ក៏​បាន​ឡើង​ទាមទារ​ក្នុង​វេទិកា​ប្រមូល​ផ្តុំ​នា​ទីលាន​ប្រជាធិបតេយ្យ ស្នើ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​ដូច​គ្នា មេដឹកនាំ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ៖ «សប្ដាហ៍​មុន​នេះ សមាជិក​សភា​អាមេរិក ដ៏​ក្លាហាន​ចំនួន ២​នាក់ លោក​បាន​មាន​ប្រសាសន៍​ថា ហ៊ុន សែន Must go...! ហ៊ុន សែន Must go..!។ បង​ប្អូន​ត្រូវ​តែ​ងើប​ឈរ​ទាំង​អស់​គ្នា​ពី​ថ្ងៃ​នេះ​ត​ទៅ»

សំឡេង​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង មិន​មែន​មាន​តែ​នៅ​លើ​វេទិកា​នា​ទីលាន​ប្រជាធិបតេយ្យ​ទេ ក៏​ប៉ុន្តែ​បាន​លាន់​ឮ​ព្រមៗ​គ្នា ពេល​លោក សម រង្ស៊ី និង​លោក កឹម សុខា ដឹកនាំ​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ព្រមាន​បក្ស​ប្រឆាំង​ឲ្យ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​ច្បាប់​នូវ​រាល់​បញ្ហា​ផ្សេងៗ ដែល​​កើត​មាន​ឡើង​ក្នុង​ពេល​ដឹកនាំ​ធ្វើ​បាតុកម្ម។

​លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ បាន​ចោទ​ថា ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​មូលដ្ឋាន​ទេ។ ​លោក ឃួង ស្រេង ព្រមាន​ថា រាល់​បញ្ហា​​កើត​មាន​ពេល​ធ្វើ​បាតុកម្ម ឬ​ការ​ហែ​ក្បួន​របស់​បក្ស​សង្គ្រោះ​ជាតិ នា​​ថ្ងៃ​ខាង​មុខ​ អាជ្ញាធរ​មិន​ទទួល​ខុស​ឡើយ ហើយ​ថា បក្ស​ប្រឆាំង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា បក្ស​នេះ​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ជា​រៀងរាល់​ថ្ងៃ ហើយ​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ។ មេដឹកនាំ​បក្ស​ប្រឆាំង​អះអាង​ថា បាតុកម្ម​នេះ នឹង​​មាន​ការ​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​គោល​បំណង​​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ឲ្យ​មាន​ការ​​បោះ​ឆ្នោត​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។