"ការ​ប្រកួត​កីឡា​យោធា​នៅ​ភ្នំពេញ​ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​រវាង​យោធា​និង​មហាជន"

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា និង​ជា​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ថា ការ​ប្រកួត​កីឡា​យោធា​ដែល​បង្ហាញ​រថពាសដែក​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​រវាង​យោធា និង​មហាជន។ ប៉ុន្តែ​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​យល់​ថា ពិធី​នេះ​មិន​សម​ធ្វើ​នៅ​ក្នុង​ក្រុង​នោះ​ទេ ព្រោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច។

ការ​បង្ហាញ​កម្លាំង​យោធា​តាម​រយៈ​ការ​ប្រកួត​កីឡា​យោធា មាន​ការ​តាំង​បង្ហាញ​សម្ភារៈ​យោធា និង​រថពាសដែក​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ ជា​លើក​ទី​១ ដែល​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​រៀបចំ​មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​នោះ​ឡើយ។ ពួកគេ​យល់​ថា សកម្មភាព​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៧ នេះ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា លោក​មិន​យល់​សោះ​ហេតុ​អី​រដ្ឋាភិបាល​ធ្វើ​ពិធី​នេះ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ ត្បិត​អី​លោក​ធ្លាប់​ឃើញ​បណ្ដា​ប្រទេស​នានា គេ​មិន​ដែល​ធ្វើ​ពិធី​ដូច្នេះ​នៅ​ក្នុង​ក្រុង ឬ​ទីប្រជុំជន​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត លោក យឹម សុវណ្ណ យល់​ថា រូបភាព​នេះ​នឹង​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល បង្ក​ការ​ភ័យខ្លាច ដែល​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត៖ «គេ​យក​ទាហាន​ចូល​ក្នុង​ក្រុង ខ្ញុំ​ក៏​មិន​ដឹង​ថា គេ​មាន​ជំនាញ​លើស​ពី​ខ្ញុំ​ក៏​ខ្ញុំ​មិន​ដឹង​ដែរ ប៉ុន្តែ​ខ្ញុំ​យល់​ថា ធ្វើ​អ៊ីចឹង​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច ព្រោះ​គាត់​មិន​ដឹង​ថា កើត​ស្អី​ទៀត​ហើយ​ទេ ហើយ​វា​ជិត​បោះឆ្នោត​ឃុំ​​ទៅ​ទៀត យើង​ត្រូវ​ប្រយ័ត្នប្រយែង ពេល​ជិត​បោះ​ឆ្នោត​ឃុំ បោះ​ឆ្នោត​ជាតិ យើង​មិន​ត្រូវ​ធ្វើ​អ្វី​ពលរដ្ឋ​ភ័យ​ខ្លាច​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត»

ប្រតិកម្ម​របស់​គណបក្ស​ប្រឆាំង​បែប​នេះ បន្ទាប់​ពី​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​សែន​ក្រុងពាលី​នៃ​ការ​ប្រកួត​កីឡា​យោធា នៅ​ថ្ងៃ​ទី​៥ ខែ​មករា។ លោក​ថា ការ​ប្រកួត​កីឡា​យោធា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្សារភ្ជាប់​រវាង​កងទ័ព និង​មហាជន និង​ចង់​ឲ្យ​យុវជន​ស្គាល់​ពី​កងទ័ព។ លោក​យល់​ថា ការ​ប្រកួត​នេះ​គ្មាន​ចេតនា​គំរាមកំហែង​ដល់​អ្នក​ណា​នោះ លោក​ថា សូម្បី​ការ​ចល័ត​យុទ្ធភណ្ឌ​កងទ័ព​ក៏​ត្រូវ​ធ្វើ​នៅ​ពេល​យប់​ដែរ ជៀសវាង​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច៖ «សុំ​បងប្អូន​បើក​ទូលាយ​នៅ​ក្នុង​ការ​ពិនិត្យ​នេះ ខ្ញុំ​ថា​មិន​គួរ​វិភាគ​អី​ជ្រៅ​ក្រៅ​ពី​អ្វី​នៅ​ពេល​នេះ​ទេ ព្រោះ​ជា​ការ​ដែល​យើង​បាន​ធ្វើ​ជាង ១០​ឆ្នាំ​មក​ហើយ គ្រាន់តែ​លើក​មក​កោះពេជ្រ ដើម្បី​ឲ្យ​មហាជន​បាន​ចូលរួម»

លោក ហ៊ុន ម៉ាណែត ឲ្យ​ដឹង​ដែរ​ថា ការ​ប្រកួត​នេះ​ក្រសួង​ការពារ​ជាតិ បាន​ធ្វើ​ជាង ១០​ឆ្នាំ ដោយ​ឡែក​ការ​បង្ហាញ​ការ​ធ្វើ​ពិធី​នេះ នៅ​ទី​សាធារណៈ​ជា​លើក​ទី​១។ លោក​ថា អ្នក​ចូលរួម​ប្រកួត​អ្នក​ចូលរួម​ជាង ៥០០​នាក់ ដែល​មាន​យុវជន អ្នក​សិល្បៈ និង​អង្គភាព​ទ័ព​ជើង​ទឹក ជើង​គោក។ ការ​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​អបអរសាទរ​ទិវា ៧ មករា និង​ប្រមូល​មូលនិធិ​គាំទ្រ​សកម្មភាព​សមាគម​អតីត​យុទ្ធជន​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែ​មករា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ។

ចំណែក​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា លើក​ឡើង​ថា រូបភាព​នេះ អាច​ជា​ការ​គំរាមកំហែង​នយោបាយ​មុន​ការ​បោះឆ្នោត។ លោក​បន្ត​ថា កណ្ដាល​ក្រុង​ភ្នំពេញ មិន​សម​នឹង​ធ្វើ​ពិធី​នេះ​ទេ ព្រោះ​មូលដ្ឋាន​យោធា​មិន​មែន​នៅ​ក្នុង​ទីក្រុង ម្យ៉ាង​វិញ​ទៀត ប្រទេស​កម្ពុជា មាន​ទីកន្លែង​ច្រើន​ណាស់​ដែល​មិន​មែន​ជា​ទីប្រជុំជន​ដើម្បី​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​យោធា៖ «វា​ជា​ការពិត​នៅ​ពេល​ដែល​មាន​ការ​បង្ហាញ​រថក្រោះ បង្ហាញ​រូបភាព​កងទ័ព​នៅ​កណ្ដាល​ក្រុង ចង់​មិន​ចង់​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ពលរដ្ឋ»

​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឲ្យ​ដឹង​ថា រថពាសដែក​ចំនួន ២​គ្រឿង និង​រថយន្ត​យោធា​ចំនួន ១៥​គ្រឿង នឹង​ត្រូវ​បញ្ជូន​ចូល​ក្រុង​ភ្នំពេញ នៅ​វេលា​ម៉ោង ២​ទៀប​ភ្លឺ ថ្ងៃ​ទី​៥ ខែ​មករា ឆ្លង​កាត់​កំណាត់​ផ្លូវជាតិ​លេខ​៣ ផ្លូវ​វ៉េងស្រេង មហាវិថី​ព្រះ​មុនីរ៉េត មហាវិថី​ម៉ៅសេទុង និង​មហាវិថី​សុធារស ឆ្ពោះ​ទៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ កម្មវិធី​ប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ។ សេចក្ដី​ជូន​ដំណឹង​ដដែល​ឲ្យ​ដឹង​ទៀត​ថា ការ​ចល័ត​យុទ្ធភណ្ឌ​កងទ័ព​នៅ​រាជធានី​ភ្នំពេញ ចេញ​ពី​កងពលតូច​អន្តរាគមន៍​លេខ​៧០ ហើយ​ត្រឡប់​ចូល​បន្ទាយ​វិញ នៅ​ថ្ងៃ​ទី​៩ មករា វេលា​ម៉ោង ២​ទៀបភ្លឺ។

រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា កងកម្លាំង​រួម​មាន​នគរបាល និង​យោធា​ជា​អ្នក​អព្យាក្រឹត ប៉ុន្តែ​កន្លង​មក​មាន​ការ​ចោទ​ប្រកាន់​ថា គណបក្ស​កាន់​អំណាច​ប្រើប្រាស់​កម្លាំង​ដើម្បី​ប្រយោជន៍​បក្ស។ យ៉ាង​ណា​ក្នុង​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​កាល​ពី​ឆ្នាំ​២០១៤ ខណៈ​ស្ថានការណ៍​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​កំពុង​ឡើង​កម្ដៅ​រដ្ឋាភិបាល​បាន​បញ្ចេញ​កម្លាំង​យោធា​ដើម្បី​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​នេះ។

តែ​ទោះ​យ៉ាង​នេះ​ក្ដី លោក ហ៊ុន ម៉ាណែត បដិសេធ​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​មាន​អ្នក​កាសែត​សួរ​សំណួរ​ទាក់ទង​រឿង​នេះ។ ដោយ​ឡែក​មេទាហាន​ផ្កាយ​មាស​៤ នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ជា តារា ធ្លាប់​លើក​ឡើង​កាល​ពី​ឆ្នាំ​២០១៥ ថា ថា​កងទ័ព​ជា​ទ័ព​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ រី​ឯ​លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ថា បើ​លោក​នៅ​រស់​គ្មាន​អ្នក​ណា​ឡើង​កាន់​អំណាច​បាន​ទេ ហើយ​ថា លោក​នឹង​មាន​អាយុ​រហូត​ដល់ ៩៩​ឆ្នាំ​ឯ​ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។