ព្រះសង្ឃរាប់រយអង្គ និងពុទ្ធបរិស័ទមួយចំនួនទៀត គង់ឈរហាលភ្លៀងនៅក្រៅរបងសាលសន្និសីទចតុមុខ ជាទីដែលក្រសួងធម្មការ និងមន្ត្រីសង្ឃធ្វើអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២២ នៅព្រឹកថ្ងៃអង្គារ ទី១៧ ធ្នូ ដើម្បីតវ៉ាទាមទារឲ្យមន្ត្រីធម្មការ និងសាសនា ព្រមទាំងមន្ត្រីជាន់ខ្ពស់សង្ឃដែលមានវត្តមាននៅទីនោះ ចេញមកទទួលញត្តិ និងបញ្ជាក់ពីជំហរក្នុងការស្វែងរកសុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុនៅភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ដែលចោរបានលួចយកចេញកន្លងមកនោះ។
ព្រះសង្ឃប្រមាណជាង ២០០អង្គ និងប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានគង់និងឈរបិទកំណាត់ផ្លូវព្រះស៊ីសុវត្ថិ ជាការដាក់សម្ពាធដល់មន្ត្រីសង្ឃ និងស្ថាប័នពាក់ព័ន្ធឲ្យពន្លឿនដល់ការស៊ើបអង្កេតជុំវិញករណីបាត់សុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុ។
ការតវ៉ានេះ បន្ទាប់ពីព្រះសង្ឃនិងពលរដ្ឋធ្វើពិធីក្រុងពាលីនៅទីលានប្រជាធិបតេយ្យ បួងសួងសូមឲ្យឆាប់រកឃើញព្រះសុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុដែលចោរលួចនោះមកវិញ។ បន្ទាប់មកបាននិមន្ត និងដើរដង្ហែជាក្បួនចេញពីទីលានប្រជាធិបតេយ្យតាមផ្លូវព្រះស៊ីសុវត្ថិ និងបានបិទផ្លូវនោះត្រង់ចំណុចមុខក្រសួងធម្មការ និងមុខសាលសន្និសីទចតុមុខ នៅម៉ោងប្រមាណជាង ៩ព្រឹក ថ្ងៃអង្គារ ទី១៧ ធ្នូ។
ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលជាអ្នកដឹកនាំការតវ៉ាមានថេរដីកាថា ការធ្វើពិធីសាសនា ការដង្ហែក្បួន និងការបិទផ្លូវនេះដោយសារព្រះសង្ឃនិងប្រជាពលរដ្ឋមើលឃើញថា អាជ្ញាធររដ្ឋាភិបាលមានភាពយឺតយ៉ាវក្នុងការស៊ើបអង្កេតក្នុងករណីនេះ និងហាក់មានការលាក់លៀមជុំវិញព័ត៌មាននេះមិនឲ្យប្រជាពលរដ្ឋដឹងឭឡើយ។
ព្រះតេជព្រះគុណសូមឲ្យរដ្ឋាភិបាលនិងមន្ត្រីសង្ឃ ចាត់វិធានការយ៉ាងតឹងតែងក្នុងការស្វែងរកព្រះបរមសារីរិកធាតុមកវិញឲ្យបានឆាប់។
ការតវ៉ាដោយបិទផ្លូវ និងស្ថិតនៅក្រោមដំណក់ភ្លៀងប្រមាណជាង ២ម៉ោង ទើបមានមន្ត្រីសង្ឃ និងមន្ត្រីក្រសួងធម្មការនិងសាសនា ចេញមុខមកចរចា និងសន្យាថា នឹងជំរុញឲ្យរដ្ឋាភិបាលសកម្មក្នុងការស៊ើបអង្កេតករណីនេះ។
មេគណរាជធានីភ្នំពេញ ដែលតំណាងឲ្យគណៈសង្ឃនាយក ព្រះតេជព្រះគុណ ភិន សន មានថេរដីកាថា មន្ត្រីសង្ឃនិងក្រសួងធម្មការមិនបានព្រងើយកន្តើយក្នុងរឿងនេះទេ ហើយក្នុងមហាសន្និបាតមន្ត្រីសង្ឃប្រចាំឆ្នាំដែលប្រារព្ធធ្វើពីរថ្ងៃ គឺនៅថ្ងៃទី១៧ និង១៨ ខែធ្នូ ក៏បានលើកយកករណីបាត់ព្រះបរមសារីរិកធាតុមកពិភាក្សាដែរ។
ក្រោយពីរបានទទួលការសន្យាពីមន្ត្រីសង្ឃរួច ក្រុមតវ៉ាបានរំសាយទៅលានប្រជាធិបតេយ្យវិញ នៅម៉ោងប្រមាណជិត ១២ថ្ងៃត្រង់ ដើម្បីបើកផ្លូវឲ្យមន្ត្រីសង្ឃដែលចូលរួមធ្វើមហាសន្និបាតបាននិមន្តចេញពីសាលសន្និសីទចតុមុខនោះឲ្យទាន់ទទួលចង្ហាន់ថ្ងៃត្រង់។
ពាក់ព័ន្ធការបាត់សុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុដែរ ក្រឡាបញ្ជីនៃសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងនៅថ្ងៃទី១៦ ធ្នូ ថា តុលាការសម្រេចឃុំជនសង្ស័យទាំង ៥នាក់ ដោយផ្អែកទៅលើវត្ថុតាងដែលអាជ្ញាធរប៉ូលិសរកឃើញនៅផ្ទះរបស់ជនសង្ស័យ បន្ទាប់ពីតុលាការបានសាកសួរជនសង្ស័យ រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ធ្នូ កន្លងមក។
សុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុដែលតម្កល់នៅព្រះសក្យមុនីចេតិយ ស្ថិតនៅក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវចោរលួចគាស់យកកាលពីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូ។ ព្រះសក្យមុនីចេតិយនេះ មានតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ មានតម្កល់បដិមាធ្វើពីមាស សំរឹទ្ធ និងលង្ហិន ដែលមានតម្លៃរាប់ពាន់ដុល្លារថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។