លោក ម៉ម សូណង់ដូ គ្រោង​បង្កើត​គណបក្ស​នយោបាយ​ឡើង​វិញ

0:00 / 0:00

ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ បាន​ប្រកាស​ថា ខ្លួន​នឹង​បង្កើត​គណបក្ស​នយោបាយ​របស់​លោក​ឡើង​វិញ ក្រោយ​ពី​ធ្វើ​សមាជ​លាលែង​ពី​ប្រធាន​សមាគម​រួច។

លោក ម៉ម សូណង់ដូ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ មេសា ថា លោក​នឹង​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​ដោយ​ផ្ទាល់ ហើយ​គណបក្ស​ដែល​លោក​គ្រោង​នឹង​បង្កើត​នៅ​រវាង​ចន្លោះ​ពី​ខែ​កញ្ញា និង​ខែ​តុលា ខាង​មុខ​នេះ ឈ្មោះ​ថា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​សម្រេច​ចិត្ត​បង្កើត​បក្ស​នយោបាយ​នៅ​ពេល​នេះ ពីព្រោះ​លោក​យល់​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា ពី​ពេល​នេះ​ទៅ​លែង​មាន​គណបក្ស​ប្រឆាំង​ទៀត​ហើយ។

លើស​ពី​នេះ​ទៀត លោក ម៉ម សូណង់ដូ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ពុំ​អាច​ធ្វើ​ជា​ស្ពាន​សម្រាប់​ប្រជាពលរដ្ឋ​ពឹងពាក់​បាន​ត​ទៅ​ហើយ ហេតុ​នេះ​លោក​ថ្លែង​ថា នេះ​ជា​ជម្រើស​ចុង​ក្រោយ​របស់​លោក ដែល​ត្រូវ​តែ​សម្រេច​ចិត្ត​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នៅ​ពេល​នេះ។ លោក​បន្ត​ថា «ពូ​បាន​បង្កើត​សមាគម​បួន​ឆ្នាំ​ហើយ ហើយ​ពូ​បាន​ខំ​បង្ហាត់​បង្រៀន​ប្រជាពលរដ្ឋ​ឲ្យ​ស្គាល់​សិទ្ធិ​សេរីភាព ហើយ​និង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ជាពិសេស​សមាគម​អ្នក​ប្រជាធិបតេយ្យ​ហ្នឹង​មុន​គេ ដែល​គាំទ្រ​អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។ រហូត​មក​ដល់​ពេល​នេះ ពូ​គិត​ថា អ្នក​ដឹក​នាំ​សង្គ្រោះ​ជាតិ​ហ្នឹង គាត់​ឥត​បាន​ធ្វើ​អ្វី​ទាំងអស់។ កិច្ចសន្យា​របស់​គាត់​ជា​កិច្ចសន្យា​ខ្យល់»

លោក ម៉ម សូណង់ដូ ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ គណបក្ស​ដែល​ធ្លាប់​ទទួល​បរាជ័យ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​១៩៩៨ នោះ គ្រោង​នឹង​បង្កើត​យក​តាម​លំនាំ​ដើម​របស់​គណបក្ស​ចាស់​ឡើង​វិញ​ដដែល។

រហូត​មក​ដល់​ពេល​នេះ គណបក្ស​ថ្មី​ដែល​គ្រោង​នឹង​បង្កើត​ឡើង​វិញនេះ នៅ​មិន​ទាន់​មាន​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​ពី​គណបក្ស​ផ្សេង​ចូលរួម​នៅ​ឡើយ​ទេ ក្រៅ​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។ លោក​នឹង​ដាក់​ច្បាប់​សុំ​ទៅ​ក្រសួង​មហាផ្ទៃ ជា​ផ្លូវ​ការ ដើម្បី​បង្កើត​គណបក្ស បន្ទាប់​ធ្វើ​សមាជ​លាលែង​ពី​តំណែង​នៃ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ចន្លោះ​ខែ​កញ្ញា និង​ខែ​តុលា ខាង​មុខ​នេះ។

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​ជាមួយ​លោក ម៉ម សូណង់ដូ តាម​ការ​សាកសួរ​របស់​លោក ជុន ច័ន្ទបុត្រ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។