គ.ជ.ប រក​ឃើញ​ឈ្មោះ​មាន​កំហុស​អក្ខរាវិរុទ្ធ​២១​ម៉ឺន​នាក់​និង​ឈ្មោះ​ស្ទួន​ជិត​២​ម៉ឺន​នាក់

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ប្រកាស​ពី​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បង្កើត​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦។ ក្នុង​រយៈពេល​ជាង ២​ខែ នៃ​ដំណើរការ​ចុះ​ឈ្មោះ​នេះ មាន​ពលរដ្ឋ​ចុះ​ឈ្មោះ​បាន​ជិត ៧​លាន​នាក់​ហើយ។

គ.ជ.ប ក៏​បាន​រក​ឃើញ​បញ្ហា​មួយ​ចំនួន រួម​មាន​កំហុស​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ និង​មាន​ឈ្មោះ​ស្ទួន​នៅ​ក្នុង​បញ្ជី។ ក្រៅ​ពី​នេះ គ.ជ.ប ក៏​បាន​ដោះស្រាយ​បណ្ដឹង​មួយ​ចំនួន​ដែល​កើត​ឡើង​ក្នុង​ដំណើរការ​នេះ។

លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​របស់ គ.ជ.ប រក​ឃើញ​ថា មាន​ឈ្មោះ​ដែល​មាន​កំហុស​ចំនួន​ជាង ២១​ម៉ឺន​នាក់ និង​មាន​ឈ្មោះ​ស្ទួន​ចំនួន​ជិត ២​ម៉ឺន​នាក់។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​សមាជិក គ.ជ.ប លោក ឌុច សុន អោយ​ដឹង​ថា បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដែល គ.ជ.ប ជួប​ប្រទះ​នៅ​ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​នេះ មាន​ដូចជា ការ​ធ្វេសប្រហែស​របស់​អ្នក​បំពេញ​ការងារ​ចុះ​ឈ្មោះ និង​ការ​មិន​ផ្ទៀង​ផ្ទាត់​អោយ​បាន​ត្រឹមត្រូវ​របស់​ការី​កុំព្យូទ័រ៖ «កំហុស​ឆ្គង​ទាំង​នេះ​មិន​គួរ​ឲ្យ​ខុស​សោះ ព្រោះ​ថា នៅ​ពេល​វាយ​ឈ្មោះ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​កុំព្យូទ័រ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​មើល​ក្នុង​អេក្រង់ (កញ្ចក់​កុំព្យូទ័រ) មើល​ឈ្មោះ ថ្ងៃ ខែ ឆ្នាំ​កំណើត លេខ​អត្តសញ្ញាណប័ណ្ណ ភេទ ប៉ុន្តែ​នៅ​តែ​ខុស​ទៀត...»

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​រយៈពេល​ជាង ២​ខែ ឬ ៧១​ថ្ងៃ គ.ជ.ប ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​បាន​ចំនួន​ជិត ៧​លាន​នាក់ (៦.៩៩៣.៩០៣​នាក់) គឺ​ប្រមាណ​ជាង ៧២​ភាគរយ (៧២,៣៧%) នៃ​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​សរុប។ ក្នុង​ចំណោម​កំហុស​ដែល​រក​ឃើញ​អ្នក​បោះ​ឆ្នោត​ចំនួន​ជាង ២១​ម៉ឺន​នាក់​នោះ មន្ត្រី គ.ជ.ប ពន្យល់​ថា ជា​កំហុស​ផ្នែក​ទិន្នន័យ​មាន​ដូចជា កំហុស​អក្ខរាវិរុទ្ធ ការ​បញ្ចូល​ទិន្នន័យ​ខុស​ពី​លិខិត​បញ្ជាក់​អត្តសញ្ញាណ កំហុស​ឯកសារ​ដែល​ផ្ដល់​ដោយ​អាជ្ញាធរ និង​ការ​ទទួល​ព័ត៌មាន​មិន​ច្បាស់​លាស់​ជាដើម។ ស្រប​គ្នា​នេះ គ.ជ.ប បាន​ទទួល​បណ្ដឹង ៨១ បាន​ដោះស្រាយ​ដោយ​ការ​សម្របសម្រួល​ដោះស្រាយ​នៅ​មូលដ្ឋាន​​ចំនួន ៧២​បណ្ដឹង ក្រៅ​ពី​នេះ​ឋិត​ក្នុង​ការ​អង្កេត​ដើម្បី​ដោះស្រាយ។

អគ្គលេខាធិការ​រង គ.ជ.ប លោក ម៉ៅ សុភារិទ្ធ មាន​ប្រសាសន៍​ថា ចំពោះ​កំហុស​ផ្នែក​ទិន្នន័យ គ.ជ.ប បាន​ផ្ទៀងផ្ទាត់ និង​កែតម្រូវ​រួចរាល់​ហើយ។ លោក​បន្ត​ថា ចំពោះ​ឈ្មោះ​ស្ទួន​ដែល​មាន​ជាង ៣​ពាន់​នាក់ គ.ជ.ប នឹង​ធ្វើ​តាម​នីតិវិធី​បន្ត​បន្ទាប់។ លោក​បញ្ជាក់​ថា មូលហេតុ​នាំ​អោយ​មាន​ឈ្មោះ​ស្ទួន​ទាំង​នោះ ដោយសារ​ការ​ចុះ​ឈ្មោះ​សាក​ល្បង​មុន​កាលបរិច្ឆេទ ការ​ផ្ដល់​លេខ​ការិយាល័យ​បោះ​ឆ្នោត​ខុស ការ​ផ្លាស់​​ទី​លំ​នៅ ការ​ប្រើ​អត្តសញ្ញាណប័ណ្ណ​តែ​មួយ សម្រាប់​មនុស្ស​ពីរ​នាក់ និង​​ករណី​​ស្ទួន​​មួយ​ប្រភេទ​ទៀត​ គឺ​ការ​ប្រើ​អត្តសញ្ញាណប័ណ្ណ​មួយ​ចុះ​ឈ្មោះ​ច្រើន​កន្លែង៖ «បើ​គ.ជ.ប រក​ឃើញ​ថា គាត់​ចុះ​ឈ្មោះ​ចុង​ក្រោយ​ហ្នឹង អត់​បាន​ប្រាប់​ទៅ​ដល់​ក្រុម​ចុះ​ឈ្មោះ​ថា​គាត់​ធ្លាប់​បាន​ចុះ​ពី​មុន​មក​ហើយ​ទេ អត់​មាន​គូស​នៅ​ក្នុង​បង្កាន់​ដៃ ២០២២ បញ្ជាក់​ការ​ដែល​គាត់​បាន​ចុះ​ទេ នោះ​គាត់​ត្រូវ​មាន​ទោស បើ​គ.ជ.ប រក​ឃើញ គឺ​ពិន័យ​ជា​ប្រាក់​ពី​១​ម៉ឺន​រៀល ទៅ ១០​ម៉ឺន​រៀល»

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ និកហ្វិច (NICFEC) លោក សម គន្ធាមី មាន​ប្រសាសន៍​ថា ជា​ទូទៅ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ពុំ​មាន​បញ្ហា​ធំដុំ​ទេ។ លោក​ថា កំហុស​ដែល គ.ជ.ប ជួប​ប្រទះ​មិន​ប៉ះពាល់​ដល់​ដំណើរការ​ចុះ​ឈ្មោះ​ទេ។ លោក​ថា អង្គការ​របស់​លោក​នឹង​ធ្វើ​សវនកម្ម​​​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ ដើម្បី​ពិនិត្យ​អោយ​បាន​ច្បាស់​លាស់​ពី​ដំណើរ​ការ​នេះ។

ទាក់ទិន​នឹង​ការ​សម្អាត​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត តាម​នីតិវិធី គ.ជ.ប និង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​នៅ​តាម​បណ្ដា​ឃុំ សង្កាត់ នៅ​ទូទាំង​ប្រទេស និង​នៅ​លើ​គេហទំព័រ​របស់ គ.ជ.ប (www.voterlist.org.kh) នៅ​ក្រោយ​ពេល​ដែល​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​បាន​បញ្ចប់។ ការ​តវ៉ា ឬ​ប្ដឹង​ជំទាស់ ត្រូវ​ធ្វើ​​នៅ​ក្នុង​រយៈពេល ១០​ថ្ងៃ​នៅ​ក្រោយ​ការ​បិទ​ផ្សាយ​ដំបូង។

គ.ជ.ប នឹង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង រួម​នឹង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។