គ.ជ.ប៖ លោក សម រង្ស៊ី មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

0:00 / 0:00

អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្លែង​ថា លោក សម រង្ស៊ី មាន​សិទ្ធិ​មក​ចុះ​ឈ្មោះ​បាន​ឆ្នោត​បាន បើ​ទោះ​បី​ជា​សព្វថ្ងៃ​នេះ​លោក​​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា ជា​ទណ្ឌិត​មាន​ទោស​ក្ដី។ ចំណែក​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​ថា ករណី​នេះ​អាច​ធ្វើ​ទៅ​បាន​ប្រសិនបើ​ពេល​លោក សម រង្ស៊ី មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន។

អនុ​ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​ថា តាម​គោលការណ៍​ច្បាប់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​ពលរដ្ឋ​ទូទៅ​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ការ​ចុះ​ឈ្មោះ​របស់​លោក សម រង្ស៊ី បាន បើសិនជា​ជា​ពិនិត្យ​ឃើញ​ថា លោក សម រង្ស៊ី មិន​បាន​បំពេញ​លក្ខខណ្ឌ​ច្បាប់​ណា​មួយ។

ការ​ថ្លែង​របស់​លោក គួយ ប៊ុនរឿន បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​​នៅ​ការិយាល័យ គ.ជ.ប នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ដែល​មាន​តំណាង​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ចូល​រួម។

លោក សម រង្ស៊ី សព្វថ្ងៃ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ចោទ​ប្រកាន់​ថា លោក​ជា​ទណ្ឌិត​មាន​ទោស។

​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ លោក សម រង្ស៊ី ដែល​កាល​ណោះ​ក៏​ជា​ទណ្ឌិត​ហើយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដែរ ប៉ុន្តែ​លោក​បាន​ទទួល​តំណែង​ជា​តំណាងរាស្ត្រ​បន្ទាប់​ពី​លោក​វិល​ចូល​ស្រុក​វិញ ដោយ​មាន​ព្រះរាជទាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ។

ទាក់ទង​រឿង​នេះ​ដែរ មន្ត្រី​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា ប្រាប់​ថា តាម​ច្បាប់​បោះឆ្នោត លោក សម រង្ស៊ី អាច​មក​ចុះ​ឈ្មោះ​បាន ប្រសិន​សាលក្រម​របស់​តុលាការ​មិន​ទាន់​ដក​សិទ្ធិ​បោះ​ឆ្នោត​របស់​លោក សម រង្ស៊ី៖ «ក្នុង​រយៈពេល​បី​ខែ​ហ្នឹង បើ​សិន​ឯកឧត្តម សម រង្ស៊ី វិល​ត្រឡប់​មក​ស្រុក​ខ្មែ បើសិន​តុលាការ​អត់​ចេញ​សាលក្រម ឬ​សាលដីកា​ឃុំ​ខ្លួន​គាត់ គាត់​នៅ​មាន​សិទ្ធិ។ មួយ​ទៀត បើ​សិន​សាលក្រម ឬ​សាលដីកា គេ​កាត់​ទោស​ពី​បទ​ព្រហ្មទណ្ឌ ឬ​ដក​សិទ្ធិ​បោះឆ្នោត គាត់​មិន​អាច​ចុះ​ឈ្មោះ​បាន​ទេ»

ការ​ចុះ​​ឈ្មោះ​បោះឆ្នោត​មាន​រយៈពេល​បី​ខែ គឺ​ចាប់​ពី​ដើម​ខែ​កញ្ញា ដល់​ចុង​ខែ​វិច្ឆិកា។ គ.ជ.ប កំណត់​យក​ថ្ងៃ​ទី​៣ ខែ​មករា ដើម្បី​បិទ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ក្នុង​ពេល​នេះ​ដែរ គ.ជ.ប ទុក​រយៈពេល ១០​ថ្ងៃ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​សាធារណជន​ប្ដឹង​ជំទាស់​ទៅ គ.ជ.ប ឲ្យ​លុប​ឈ្មោះ​ជនណាម្នាក់។ ការ​សម្រេច​លុប​យ៉ាង​ណា​នោះ អាស្រ័យ​ទៅ​លើ​ភស្តុតាង​ដែល គ.ជ.ប សិក្សា​ស្វែង​រក។

ទន្ទឹម​នឹង​ការ​រៀបចំ​កម្មវិធី​របស់ គ.ជ.ប នេះ​ដែរ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​ក៏​បង្ហាញ​សកម្មភាព​ការងារ​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែរ។

អ្នក​សម្របសម្រួល​ជាន់​ខ្ពស់​នៃ​កម្មវិធី​ខុមហ្វ្រែល លោក គឹម ឈន ឲ្យ​ដឹង​ថា បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​អឺរ៉ា (ERA) បាន​រៀបចំ​គ្រូ​បង្គោល​ទាំង ២៥ ខេត្ត ក្រុង និង​ជ្រើសរើស​អ្នក​សង្កេតការណ៍ ១.២០០​នាក់ ចុះ​ទៅ ១.២០០​ឃុំ​សង្កាត់​ដើម្បី​ឃ្លាំមើល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត៖ «អ្នក​សង្កេតការណ៍​នៅ​តាម​ឃុំ​សង្កាត់​លើក​នេះ យើង​ជ្រើសរើស​ឡើង​ដោយ​មាន​លក្ខណ​វិនិច្ឆ័យ​ខ្ពស់​បន្តិច ព្រោះ​តម្រូវ​ឲ្យ​គាត់​បញ្ជូន​ព័ត៌មាន​បែប​ទំនើប​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)»

ទាក់ទង​ដំណើរ​ការ​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​នេះ​ដែរ អនុ​ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​ថា នាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ បាន​ផ្ដល់​សញ្ញាណប័ណ្ណ​ប្រភេទ​ថ្មី ចំនួន ៨,៨​លាន​ដល់​ពលរដ្ឋ។ មន្ត្រី​ក្រសួង​មហាផ្ទៃ ផ្នែក​អត្តសញ្ញាណប័ណ្ណ នឹង​បន្ត​ធ្វើ​ការងារ​នេះ​ទាំង​ថ្ងៃ​បុណ្យ​ភ្ជំបិណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។