គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសកាលបរិច្ឆេទឈប់ទទួលពាក្យចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ថ្ងៃទី៥ កុម្ភៈ ស្ដីពីការផុតកំណត់នៃការដាក់ពាក្យ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨ ឲ្យដឹងថា គ.ជ.ប នឹងឈប់ទទួលពាក្យភ្នាក់ងារគណបក្សនយោបាយត្រឹមចុងម៉ោងធ្វើការថ្ងៃទី៦ ខែកុម្ភៈ។
ចំណែកអ្នកសង្កេតការណ៍ជាតិ នឹងឈប់ទទួលពាក្យនៅថ្ងៃទី១៥ កុម្ភៈ ហើយអ្នកសង្កេតការណ៍អន្តរជាតិនឹងឈប់ទទួលពាក្យនៅថ្ងៃទី២២ កុម្ភៈ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ។ គ.ជ.ប បញ្ជាក់ថា បន្ទាប់ពីដំណើរការបោះឆ្នោតចប់សព្វគ្រប់ អង្គការសង្កេតការណ៍ទាំងនោះ ត្រូវផ្ដល់របាយការណ៍ជាលាយលក្ខណ៍អក្សរពីការសង្កេតឃើញ និងការសន្និដ្ឋានក្នុងដំណើរការបោះឆ្នោត ដើម្បីជំរុញឲ្យដំណើរការបោះឆ្នោតនេះប្រកបដោយជោគជ័យ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាធ្វើឡើងរៀងរាល់ ៦ឆ្នាំម្ដង ដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។