គ.ជ.ប.បើក​កញ្ចប់​សុវត្ថិភាព "ក" នៅ​មណ្ឌល​សៀមរាប​បន្ត​មាន​ភាព​មិន​ប្រក្រតី

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ការ​អនុវត្ត​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ក្នុង​ការ​បើក​កញ្ចប់​សុវត្ថិភាព "ក" នៅ​មណ្ឌល​ខេត្ត​សៀមរាប ថា​បាន​អនុវត្ត​មិន​ចំ​គោលដៅ​នៃ​ពាក្យ​បណ្ដឹង​របស់​តំណាង​បក្ស​ខ្លួន។ ទោះ​យ៉ាង​ណា តំណាង​ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ​បាន​អនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បន្ត​សកម្មភាព​បើក​កញ្ចប់​សុវត្ថិភាព "ក" ដោយ​គ្មាន​ការ​រាំង​ស្ទះ។

0:00 / 0:00

លោក គួយ ប៊ុនរឿន ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ពិធី​បើក​កញ្ចប់​សុវត្ថិភាព "ក" នា​ទីស្ដីការ គ.ជ.ប ព្រឹក​ថ្ងៃ​សុក្រ ទី៣០ ខែ​សីហា បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​បាន​អនុវត្ត​ការ​បើក​កញ្ចប់​សុវត្ថិភាព "ក" ចំនួន ១២​ការិយាល័យ នៅ​មណ្ឌល​ខេត្ត​សៀមរាប ផ្ទុយ​ពី​​ពាក្យ​បណ្ដឹង​របស់​បក្ស​ខ្លួន និង​មិន​អាច​នាំ​ឲ្យ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ទាក់ទង​ដល់​លទ្ធផល​បោះ​ឆ្នោត។

លោក​ថា តំណាង​បក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​ស្នើ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ចំនួន ១៦​ការិយាល័យ​ឡើង​វិញ និង​ស្នើ​​រាប់​​សន្លឹក​ឆ្នោត​​មិន​បាន​ការ និង​ផ្តល់​សុពលភាព​លើ​សន្លឹក​ឆ្នោត​មិន​បាន​ការ​ចំនួន ២០០​ការិយាល័យ ព្រម​ទាំង​បាន​ស្នើ​ឲ្យ​​​ផ្ទៀងផ្ទាត់​សន្លឹក​​ឆ្នោត​​ចំនួន ៧៥​ការិយាល័យ​ឡើង​វិញ។ ប៉ុន្តែ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​លើក​​យក​តែ ១២​ការិយាល័យ​មក​ដោះស្រាយ និង​បាន​អនុវត្ត​ខុស​​ពាក្យ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្ដឹង​ទាមទារ​ទៅ​វិញ៖ «យន្តការ​នីតិវិធី គឺ​មិន​បាន​ធ្វើ​ទៅ​តាម​សំណើ​នៅ​ក្នុង​ពាក្យ​បណ្ដឹង ក៏​ដូច​ជា​កំណត់​ហេតុ​ដែល​បាន​សាកសួរ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្ត​សៀមរាប ទេ។ ហើយ​ក្នុង​នោះ ក៏​មាន​ការ​ឡាយព្រះហស្តលេខា​របស់​សម្ដេច​នរោត្តម ចក្រពង្ស និង​លោក​ជំទាវ​ឯកឧត្តម ដែល​ជា​សមាជិក​ទាំង ៣​អង្គ​រូប​នេះ គឺ​មិន​បាន​យក​អ្វី​ដែល​ជា​ធាតុ​ពិត​នៃ​ការ​ស្នើសុំ​មក​ដោះស្រាយ​បញ្ហា​ទេ។ ហើយ​ការ​ដោះស្រាយ​ថ្ងៃ​នេះ គឺ​ខុស​គោលដៅ ដែល​យើង​បាន​ដាក់​ពាក្យ​បណ្ដឹង ក៏​ដូច​ជា​កំណត់​ហេតុ»

​បន្ថែម​លើ​នេះ លោក គួយ ប៊ុនរឿន បញ្ជាក់​ថា សកម្មភាព​បើក​កញ្ចប់​សុវត្ថិភាព "ក" ការិយាល័យ​ចំនួន ១២ នៅ​មណ្ឌល​ខេត្ត​​សៀមរាប ក៏​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន​ករណី មាន​ដូច​ជា កញ្ចប់​សុវត្ថិភាព​ភាគ​ច្រើន​មិន​មាន​សោ​ឃ្លុំ ដើម្បី​ការពារ​សុវត្ថិភាព​​ជាដើម៖ «ការ​បើក​នេះ គឺ​បាត់​បង់​នូវ​សុវត្ថិភាព និង​គុណភាព ដែល​ចែង​នៅ​ក្នុង​ច្បាប់ ឬ​នីតិវិធី​ហើយ។ ទី១ កញ្ចប់​សុវត្ថិភាព "ខ" ក្នុង​ចំនួន ១២​ការិយាល័យ គឺ​មាន ៣​កញ្ចប់ អត់​មាន​សោ​ឃ្លុំ។ ទី២ កញ្ចប់​សុវត្ថិភាព "ក" ដែល​ជា​កញ្ចប់​សុវត្ថិភាព​ពិសេស​មួយ ប្រៀប​បាន​ដូច​ប្រអប់​ខ្មៅ​នៃ​យន្តហោះ ដែល​មិន​អាច​មាន​អ្នក​ណា​កែ​បាន​ទេ ប៉ុន្តែ​ឥឡូវ​ចំហ​ធ្លុង​ចំនួន ៧​ការិយាល័យ។ អ៊ីចឹង​ហើយ បាត់​បង់​ជា​កញ្ចប់​សុវត្ថិភាព​ហើយ គឺ​កញ្ចប់​អ​សុវត្ថិភាព»

​បញ្ហា​នេះ លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​ថា មិន​អាច​ទទួល​យក​បាន​ទេ នូវ​សកម្ម​ភាព​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​​បាន​អនុវត្ត​​ផ្ទុយ និង​ខុស​ពាក្យ​បណ្ដឹង​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​ទាមទារ។

មន្ត្រី គ.ជ.ប បដិសេធ​មិន​ឆ្លើយ​សំណួរ​អ្នក​កាសែត​ទេ ជុំវិញ​សកម្មភាព​បើក​កញ្ចប់​សុវត្ថិភាព "ក" ចំនួន ១២​ការិយាល័យ នៅ​មណ្ឌល​ខេត្ត​សៀមរាប ដោយ​បញ្ជាក់​ខ្លី​ថា សកម្មភាព​របស់ គ.ជ.ប គឺ​បាន​អនុវត្ត​ទៅ​តាម​សេចក្តី​​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

​អ្នកស្រី ចែម វិជ្ជរ៉ា តំណាង​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ ស្ថិត​ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំនួន ៣​នាក់ ដែល​បាន​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​បើក​កញ្ចប់​សុវត្ថិភាព "ក" នៅ​ទីស្ដីការ គ.ជ.ប ក៏​បាន​​បដិសេធ​មិន​ឆ្លើយ​សំណួរ​​​អ្នក​កាសែត​ដែរ ដោយ​និយាយ​ខ្លី​ថា លទ្ធផល​នឹង​ត្រូវ​ជម្រះ​ក្តី​នៅ​ពេល​ក្រោយ។

នេះ​ជា​ជំហាន​ទី៣ ហើយ ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​អនុវត្ត​បើក​កញ្ចប់​សុវត្ថិភាព "ក" ដើម្បី​ផ្ទៀងផ្ទាត់​សំឡេង​ឆ្នោត​​ឡើង​វិញ តាម​ពាក្យ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ទាក់ទិន​បញ្ហា​នេះ លោក សន ម៉ាក់ឃីនថូស (Sean McIntosh) មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​តាម​អ្នក​បកប្រែ​ថា សហរដ្ឋ​អាមេរិក បាន​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ ជុំវិញ​បញ្ហា​នានា​ដែល​កើត​មាន​ទាក់ទង​លទ្ធផល​បោះ​ឆ្នោត៖ «សហរដ្ឋ​អាមេរិក នឹង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ជាប់​លាប់ នូវ​រាល់​ចំណាត់​ការ​នានា ដែល​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អនុវត្ត។ យើង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ ទៅ​លើ​ភាព​មិន​ប្រក្រតី​ផ្សេងៗ ដែល​កើត​មាន​ឡើង​ជុំវិញ​បណ្ដឹង​លើ​លទ្ធ​ផល​បោះ​ឆ្នោត។ ហើយ​សហរដ្ឋ​អាមេរិក ចង់​ឲ្យ​ភាគី​ពាក់ព័ន្ធ រួម​គ្នា​ដោះស្រាយ​បញ្ហា​មិន​ចុះ​សម្រុង​ជាមួយ​គ្នា ដោយ​សន្តិវិធី និង​អហិង្សា ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា»

សមាជិក​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​ចំនួន ៣​រូប ដែល​បាន​ចូល​រួម​ពិធី​បើក​កញ្ចប់​សុវត្ថិភាព "ក" នៅ​មណ្ឌល​ខេត្ត​សៀមរាប មាន អ្នកស្រី ចែម វិជ្ជរ៉ា លោក ពិត តាំងសាន និង​សម្ដេច​នរោត្តម ចក្រ​ពង្ស។

ការ​បើក​កញ្ចប់​សុវត្ថិភាព "ក" ចំនួន ១២​ការិយាល័យ​នៅ​មណ្ឌល​ខេត្ត​សៀមរាប រួម​មាន​ការិយាល័យ​លេខ ០៧១៨ ០២៩៤ ០៣៤៦ ០២៨៣ ០៣២៦ ០៣២៤ ០២៨៥ ០៤២៥ ០៤៤២ ០៨១៧ ០៣២៣ និង​ការិយាល័យ​លេខ ០៨១៧។

ដោយ​ឡែក​នៅ​ថ្ងៃ​អាទិត្យ ទី១ ខែ​កញ្ញា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ក៏​បាន​ចេញ​សេចក្តី​សម្រេច​ឲ្យ គ.ជ.ប បើក​កញ្ចប់​​សុវត្ថិភាព "ក" ចំនួន ៨​ការិយាល័យ​បន្ថែម​ទៀត​នៅ​មណ្ឌល​ខេត្ត​កណ្ដាល ដើម្បី​ផ្ទៀងផ្ទាត់​សំឡេង​ឆ្នោត។ ប៉ុន្តែ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​ច្រាន​ចោល​ពាក្យ​បណ្ដឹង​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្ត​កំពង់ធំ មិន​ចាត់​ការ ដោយ​អះអាង​ថា មិន​មាន​ភស្តុតាង​គ្រប់គ្រាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។