ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ស្អែកនេះ គឺជាថ្ងៃដំបូងនៃការចុះឈ្មោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។
រដ្ឋាភិបាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្ត្រីសង្គមស៊ីវិលនានា អំពាវនាវឲ្យពលរដ្ឋដែលមានសិទ្ធិ និងគ្រប់អាយុបោះឆ្នោតទាំងអស់ត្រៀមលក្ខណៈទៅចុះឈ្មោះបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បានបញ្ជាក់ថា អ្នកដែលគ្រប់អាយុ ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោត ឬអ្នកកើតមុនថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩៩ គឺអាចទៅចុះឈ្មោះបោះឆ្នោតបាន៖ «អាចចុះឈ្មោះបោះឆ្នោតបានចំណុចសំខាន់មួយគឺអាយុអោយតែដល់ថ្ងៃបោះឆ្នោតគ្រប់ ១៨ឆ្នាំគឺប្រជាពលរដ្ឋអាចបោះឆ្នោតបាន ទោះបីបច្ចុប្បន្នពេលចុះឈ្មោះមិនទាន់គ្រប់អាយុក្ដី»។
មាត្រា១២ ជំពូកទី៣ នៃច្បាប់បោះឆ្នោតបានចែងថា ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវតែមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជាមានសញ្ជាតិខ្មែរ មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោតជាដើម។
គ.ជ.ប នឹងចាប់ផ្ដើមការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដែលមានរយៈពេល ៣ខែ ហើយនឹងគ្រោងបិទបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅខែដើមខែមករា ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។