គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វាយតម្លៃថា ការឃោសនាបោះឆ្នោតមានដំណើរការល្អ ហើយគណបក្សនយោបាយមានភាពចាស់ទុំផ្នែកនយោបាយ។ គ.ជ.ប ទទួលបានពាក្យបណ្ដឹងចំនួន ៧៩ករណី ដែលត្រូវបានគណបក្សនយោបាយ និងពលរដ្ឋបានប្ដឹងនៅអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រយៈពេល ១៤ថ្ងៃ។ គ.ជ.ប បញ្ជាក់ថា ក្នុងចំណោមបណ្ដឹងទាំងអស់នេះ មិនកើតមានបញ្ហាធំដុំអ្វីឡើយ ហើយក៏គ្មានករណីដែលត្រូវបញ្ជូនទៅតុលាការដែរ។
រយៈពេល ១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គ.ជ.ប ទទួលបានពាក្យបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា ចំនួន ៥៣ករណី គណបក្សសង្គ្រោះជាតិ ចំនួន ២០ករណី គណបក្សហ៊្វុនស៊ិនប៉ិច ១ករណី និងពីប្រជាពលរដ្ឋមានចំនួន ៥ករណី។
ក្នុងចំណោមពាក្យបណ្ដឹងទាំងនេះបានប្ដឹងមកគណៈកម្មការឃុំរៀបចំការបោះឆ្នោតមានចំនួន ៧៨បណ្ដឹង មកគណៈកម្មការខេត្តរៀបចំការបោះឆ្នោតចំនួន ១១បណ្ដឹង និងប្ដឹងដោយផ្ទាល់មកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន ១បណ្ដឹង។
គ.ជ.ប ក៏បញ្ជាក់ថា ក្នុងចំណោមពាក្យបណ្ដឹងទាំងនេះ ភាគច្រើនត្រូវបានប្ដឹងដោយសារមានគណបក្សនយោបាយខ្លះដង្ហែក្បួនឃោសនាខុសកាលបរិច្ឆេទ មិនបានជូនដំណឹងទាន់ពេលវេលាមក គ.ជ.ប ដើម្បីស្នើសុំដង្ហែក្បួន និងពាក្យបណ្ដឹងជុំវិញការជេរប្រមាថមានជិត ១០ករណី។ គ.ជ.ប អះអាងថា ក្នុងករណីខ្លះ គ.ជ.ប បានដោះស្រាយបណ្ដឹងតាមនីតិវិធី និងខ្លះតាមរយៈការស្ដីបន្ទោស និងពុំមានការផាកពិន័យជាទឹកប្រាក់ឡើយ។ គ.ជ.ប អះអាងទៀតថា បណ្ដឹងដែលសេសសល់ និងត្រូវដោះស្រាយឱ្យចប់សព្វគ្រប់ មុនថ្ងៃប្រកាសលទ្ធផលបោះឆ្នោតនៅថ្ងៃទី២៥ ខែមិថុនា។
ដោយឡែកចំពោះសារព្រមានសង្គ្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតវិញ ត្រូវបានអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ឆ្លើយតបថា ករណីខ្លះ មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ដែលត្រូវត្រួតពិនិត្យឡើយ៖ «អ៊ីចឹងទេ ករណីខ្លះមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ អ៊ីចឹង គ.ជ.ប ត្រួតពិនិត្យ ពាក់ព័ន្ធទៅនឹងការងារបោះឆ្នោត និងការឃោសនាបោះឆ្នោតប៉ុណ្ណោះ»។
ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតស្ដីពីការបូកសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតអាណត្តិទី៤ នៅថ្ងៃទី២ ខែមិថុនា នាទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គ.ជ.ប ក៏បានសន្និដ្ឋានថា ដំណើរការឃោសនាបោះឆ្នោត ១៤ថ្ងៃ ប្រព្រឹត្តទៅបានល្អ និងជោគជ័យ ដោយសារគណបក្សនយោបាយទាំង១២ ដែលដាក់បេក្ខជនប្រកួតប្រជែងដណ្ដើមសំឡេងឆ្នោតគ្នាមានភាពចាស់ទុំ និងមានសណ្ដាប់ធ្នាប់ល្អ ចេះអត់ធ្មត់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងគ្មានអំពើហិង្សាគួរឱ្យកត់សម្គាល់ឡើយ។
ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន៤០ នៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏បានធ្វើសន្និសីទព័ត៌មានរបស់ខ្លួនមួយនៅថ្ងៃទី២ ខែមិថុនា នៅឯអង្គការខុមហ្វ្រែល (COMFREL) ដែរថា ការឃោសនាបោះឆ្នោតមានលក្ខណៈវិជ្ជមាន និងមានដំណើរការយ៉ាងរលូន ដោយមិនមានអំពើហិង្សា និងទំនាស់រវាងគណបក្សរហូតរារាំងដល់សកម្មភាពឃោសនាឡើយ។ ប៉ុន្តែនៅមានការរឹតត្បិតពីអាជ្ញាធរ ក្នុងការប្រើប្រាស់ទីធ្លាសាធារណៈ និងរឹតត្បិតសេរីភាពបញ្ចេញមតិជាដើម។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា ក្រុមអង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ព្រួយបារម្ភអំពីការបោះពុម្ពសន្លឹកឆ្នោតបម្រុងទុកចំនួនប្រមាណ ២០% និងការប្រើប្រាស់សារនយោបាយរបស់មន្ត្រីបក្សកាន់អំណាចជាន់ខ្ពស់មួយចំនួន៖ «ប៉ុន្តែមានការប្រើប្រាស់សារនយោបាយពីមន្ត្រីមានអំណាច ដែលនាំឱ្យមានការព្រួយបារម្ភ និងការភិតភ័យមួយចំនួនទៅពលរដ្ឋ»។
នៅថ្ងៃបោះឆ្នោត ទី៤ ខែមិថុនា ឆ្នាំ២០១៧ នេះ តាមតួលេខពី គ.ជ.ប បានបង្ហាញថា មានសមាគម និងអង្គការសង្គមស៊ីវិលចំនួន ២១ បានដាក់អ្នកសង្កេតការណ៍ឱ្យចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ជាង ៧ម៉ឺននាក់ (៧៤.៦៧១) និងអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយទាំង១២ មានជាង ៥ម៉ឺននាក់ (៥៨.៦២៧)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។