ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលដំណើរការនៃការបោះឆ្នោត ហៅច្បាប់បោះឆ្នោតថ្មី ថាជាច្បាប់ដែលមានចរិតកាចសាហាវ និងចាប់បង្ខំមនុស្សឲ្យអនុវត្តទាំងកំរោល។ ច្បាប់បោះឆ្នោតថ្មីដែលប្រសូតឡើងពីការតាក់តែងដោយក្រុមការងាររបស់គណបក្សនយោបាយទាំងពីរ ដែលអង្គការសង្គមស៊ីវិលចាត់ទុកថា ពិបាកទទួលយកនោះ គឺបានរឹតត្បិតចាប់តាំងពីអ្នកចូលរួមបោះឆ្នោត រហូតដល់កម្រិតផ្លូវដើររបស់គណបក្សនយោបាយថែមទៀតផង។
ការបញ្ចេញប្រតិកម្មនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា គេនឹងចាត់ការចំពោះមន្ត្រីសង្គមស៊ីវិលណាដែលរិះគន់ស្ថាប័ន គ.ជ.ប ឬអនុវត្តផ្ទុយពីច្បាប់បោះឆ្នោតថ្មី។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ឲ្យដឹងថា ច្បាប់បោះឆ្នោតថ្មីដែលទើបបង្កើតឡើងប្រមាណ ៧ខែកន្លងទៅនេះ គឺជាច្បាប់ដែលមានខ្លឹមសារដ៏ល្អិត និងមិនយោគយល់អ្វីទាំងអស់ចំពោះអ្នកប្រព្រឹត្តិបទល្មើស ហើយច្បាប់នេះទៀតសោត គឺផ្ទុយពីច្បាប់ចាស់ ដែល គ.ជ.ប ធ្លាប់ប្រើក្នុងអាណត្តិមុនៗ។
ការថ្លែងដូចនេះរបស់ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការចាប់ពីថ្នាក់អគ្គលេខាធិការ និងមន្ត្រីក្របខ័ណ្ឌ គ.ជ.ប ទូទាំងប្រទេស នៅការិយាល័យ គ.ជ.ប ក្នុងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ។
លោក ស៊ិក ប៊ុនហុក អះអាងដោយកាន់ច្បាប់បោះឆ្នោតថ្មីនៅក្នុងដៃរបស់លោកថា ច្បាប់ដែលទើបតាក់តែងរួចហើយនេះ គឺមិនអនុញ្ញាតឲ្យអ្នកប្រព្រឹត្តិបទល្មើស ធ្វើអ្វីតាមចិត្តដូចមុនទៀតបានទេ។ ម្យ៉ាង ការពិនិត្យ និងដាក់ទោសទណ្ឌក្នុងច្បាប់បោះឆ្នោតថ្មីនេះទៀតសោត មានកម្រិតធ្ងន់ជាងច្បាប់បោះឆ្នោតចាស់ទៅទៀត។ មិនតែប៉ុណ្ណោះ ច្បាប់នេះមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរមិនខុសគ្នាប៉ុន្មាន បើប្រៀបធៀបទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីយ៉ាងដូច្នោះដែរ។ លោកបន្តថា « ព្រោះគណបក្សនយោបាយគេត្រូវចាត់តាំងភ្នាក់ងារគេទៅដើម្បីចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោត ដែលផ្ដល់ការណែនាំ ឬស្ដីបន្ទោសដល់មន្ត្រីបោះឆ្នោត។ តិចចូលទៅដល់ណែនាំ ឬស្ដីបន្ទោសបោះឆ្នោត ឬមន្ត្រីរាប់សន្លឹកឆ្នោត ត្រូវព្រមានជាលាយលក្ខណ៍អក្សរ។ ករណីមិនគោរពការព្រមាន ពិន័យពី ១លានទៅ ១០លានរៀល »។
ជុំវិញភាពចម្រូងចម្រាសច្បាប់បោះឆ្នោតនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើការបោះឆ្នោត យល់ឃើញថា ច្បាប់នេះជាច្បាប់ដែលបំបិទសេរីភាពសម្រាប់អ្នកបោះឆ្នោត រួមទាំងភាគីពាក់ព័ន្ធថែមទៀតផង។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា អះអាងថា វាហាក់ចម្លែកណាស់ចំពោះច្បាប់បោះឆ្នោតថ្មីនេះ។ លោកបន្ថែមថា ប្រទេសនៅក្នុងពិភពលោកនេះ គឺពុំដែលឃើញមានបញ្ញត្តិដ៏តានតឹងដូចកម្ពុជា កំពុងអនុវត្តនេះទេ។ លោកបន្តថា « វាឥតច្បាស់លាស់ទេ កាលណាយើងទៅយកអាសនៈគណបក្សដែលជាប់អ៊ីចឹង ហើយចែកឲ្យគណបក្សផ្សេង។ យើងធ្វើអ៊ីចឹងគេមិនដែលអនុវត្តទេ។ ខ្ញុំសិក្សា និងខំមើលសៀវភៅច្រើនដែរពីចំណុចហ្នឹង មួយថាតើប្រទេសណាមួយគេយកបញ្ហាមកដោះស្រាយរបៀបហ្នឹង ? វាឥតដែលឃើញមាន »។
មាត្រានៃច្បាប់បោះឆ្នោតថ្មីនេះមួយចំនួន បានកំណត់ផ្លូវដើរគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសបានកម្រិតដាក់ពិន័យ ដោយរាប់ចាប់តាំងពីអ្នកចូលរួមបោះឆ្នោត រហូតដល់គណបក្សនយោបាយ។ មាត្រា១៥១ នៃច្បាប់បោះឆ្នោតនេះ គឺត្រូវផាកពិន័យចន្លោះពី ១០លានរៀលទៅ ២៥លានរៀល ចំពោះជនណាធ្វើឲ្យខូចខាត បំផ្លិចបំផ្លាញ ឬធ្វើឲ្យទ្រុឌទ្រោមហិបឆ្នោត។ មាត្រា១៤៤ វិញ នឹងត្រូវពិន័យជាប្រាក់ពី ១ម៉ឺនរៀលទៅ ១០ម៉ឺនរៀល ចំពោះជនទាំងឡាយណាចុះឈ្មោះបោះឆ្នោតចំនួនពីរដង លើកលែងតែមានការអនុញ្ញាតដោយច្បាប់នេះ។ ដោយឡែកមាត្រា១៤៨ វិញចែងថា ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងអន្តរជាតិវិញ បើរកឃើញថា បានប្រព្រឹត្តដោយផ្ទាល់ ឬដោយប្រយោលក្តីនូវសកម្មភាព ដូចជា បញ្ចុះបញ្ចូល ឬប្រមូលផ្ដុំប្រជាពលរដ្ឋឲ្យចូលរួមឃោសនា ដើម្បីគាំទ្របក្សនយោបាយណាមួយ ព្រមទាំងការចូលរួមក្នុងក្បួនដង្ហែជាដើម ត្រូវផាកពិន័យចន្លោះពី ១០លានរៀលទៅ ២០លានរៀល។ កម្រិតស្ថានទម្ងន់ទោសនេះ នៅមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតនៅឡើយផង។
រឹតតែជាបញ្ហាជាងនេះទៀត គឺច្បាប់បោះឆ្នោតថ្មីនេះ បានកម្រិតដល់គណបក្សនយោបាយថែមទៀតផង។ ក្រោយពីលទ្ធផលឆ្នោតត្រូវប្រកាសជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួច និងបន្ទាប់ពីការកោះប្រជុំជាលើកដំបូងដោយព្រះមហាក្សត្រហើយ ក៏ប៉ុន្តែបក្សនយោបាយដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា មិនព្រមចូលប្រជុំសភាទេ គឺគណបក្សនយោបាយនោះត្រូវបាត់បង់អាសនៈនៅក្នុងរដ្ឋសភាដោយស្វ័យប្រវត្តិ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) លោក សម គន្ធាមី អះអាងថា ច្បាប់បោះឆ្នោតថ្មីនេះ ពិតជាមានមាត្រាមួយចំនួនបានកំណត់ផ្លូវដើរ ដែលមានលក្ខណៈតានតឹងបំផុត។ លោកបន្ថែមថា ក្នុងពេលច្បាប់នេះកំពុងតាក់តែងនៅឡើយ ក្រុមអង្គការមិនមែនរដ្ឋាភិបាល បានព្យាយាមតស៊ូមតិជាច្រើនលើកច្រើនសាដែរអំពីច្បាប់នេះ ក៏ប៉ុន្តែជាលទ្ធផល យុទ្ធនាការទាំងនោះមិនត្រូវបាន គ.ជ.ប យកទៅពិចារណាដើម្បីដាក់បញ្ចូលក្នុងខ្លឹមសារនៃច្បាប់បោះឆ្នោតថ្មីនេះទេ។ លោកបន្តថា « យើងជ្រើសរើសអ្នកសង្កេតការណ៍ក្តី គឺសុទ្ធតែអ្នកស្ម័គ្រចិត្តទាំងអស់ ហើយដល់មានការតឹងរ៉ឹង យើងពិបាករើសមនុស្សណាស់។ គេខ្លាច ព្រោះអីដូចលោកនិយាយមិញហើយ គេពិន័យច្រើនណាស់ ១០លានក៏មានដែរ។ កន្លងមកឥតដែលមានបញ្ហាថាសង្គមស៊ីវិលលម្អៀងទៅគណបក្សណា មិនដែលមានរឿងបែបហ្នឹងទេ »។
ច្បាប់បោះឆ្នោតថ្មីនេះ បើទោះជាត្រូវរងការរិះគន់ដ៏ចម្រូងចម្រាសពីភាគីពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលយ៉ាងណាក៏ដោយ ច្បាប់នេះនៅតែត្រូវបានរដ្ឋសភាអនុវត្តដែរ ហើយនៅនាទីចុងក្រោយ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា កាលពីខែមីនា ឆ្នាំ២០១៥។ រឹតតែប្រឈមទៀតនោះ ច្បាប់បោះឆ្នោតដែលមាន ១២ជំពូក និង ១៧១មាត្រានេះ អង្គការមិនមែនរដ្ឋាភិបាល រិះគន់ថា បានកំណត់ពេលវេលានៃយុទ្ធនាការហែក្បួនក្នុងថ្ងៃដែលគណបក្សនយោបាយត្រូវស្វែងរកសំឡេងឆ្នោតថែមទៀងផង។
ច្បាប់ដែលអនុម័តទាំងមិនពេញចិត្តពេញថ្លើមពីគ្រប់ភាគីពាក់ព័ន្ធ គណបក្សនយោបាយ ជាពិសេសក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលភាគច្រើនធ្វើការលើប្រព័ន្ធបោះឆ្នោត បញ្ជាក់ថា ច្បាប់បោះឆ្នោតថ្មីនេះ គឺផ្ទុយគ្នាស្រឡះពីច្បាប់បោះឆ្នោតចាស់ ហើយខ្លឹមសារនៃច្បាប់នោះទៀតផង រឹតតែចង្អៀត ក្រោយពេលដាក់ឲ្យអនុវត្ត។
ចំពោះច្បាប់បោះឆ្នោតថ្មីនេះ បានកំណត់រយៈពេលនៃការឃោសនាសម្រាប់ការជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រឹម ១៥ថ្ងៃ ដែលផ្ទុយពីច្បាប់បោះឆ្នោតចាស់ កំណត់រយៈពេលចុះឃោសនារហូតដល់ ២១ថ្ងៃ។ ម្យ៉ាងទៀត ច្បាប់ថ្មីនេះ ពុំអនុញ្ញាតឲ្យគណបក្សនយោបាយស្វែងរកសំឡេងឆ្នោត ចុះឃោសនាឆ្លងឃុំ ឬសង្កាត់ថែមទៀតផង។ ដោយឡែកសម្រាប់យុទ្ធនាការបោះឆ្នោតសកលវិញ ច្បាប់ចាស់ទុកពេលឲ្យបក្សនយោបាយឃោសនាបាន ៣០ថ្ងៃ ក៏ប៉ុន្តែច្បាប់បោះឆ្នោតថ្មីនេះវិញ កំណត់រយៈពេលឃោសនាត្រឹម ២១ថ្ងៃ។
ជុំវិញបញ្ហានេះ លោក សំ គន្ធាមី យល់ឃើញថា នេះជារបាំងក្នុងការបំបិទសិទ្ធិសេរីភាពដ៏តឹងបំផុតដែលពុំធ្លាប់មាន សម្រាប់សង្គមមួយដែលប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស។ លោកបន្តថា « ពេលឃោសនាសំខាន់បំផុតក្នុងពេលបោះឆ្នោតនោះ គណបក្សដែលទើបបង្កើតគ្នាត្រូវការស្វែងរកសំឡេងឆ្នោត និងការគាំទ្រ ហើយគណបក្សសព្វថ្ងៃគាត់មានលទ្ធភាពគ្រប់គ្រាន់ហើយ »។
បើទោះជាបែបណា លោក ស៊ិក ប៊ុនហុក អះអាងថា ច្បាប់គឺជាច្បាប់ ហើយសមាជិកនៃ គ.ជ.ប ក្នុងអាណត្តិថ្មីនេះ មិនអាចអនុវត្តតាមការបង្គាប់បញ្ជាដោយក្រុមនេះ ឬក្រុមនោះបានឡើយ។ ម្យ៉ាងវិញទៀត ទម្រាំច្បាប់បោះឆ្នោតថ្មីនេះមានរូបរាងឡើង គឺគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភាទាំងពីរ ប្រឹងប្រែងកែទម្រង់សម្បើមណាស់។ មិនតែប៉ុណ្ណោះ មានខ្លឹមសារមួយចំនួន ក៏បានដាក់បញ្ចូលរួចទៅហើយពីមតិយោបល់ ឬការទាមទារពីដៃគូពាក់ព័ន្ធ មុននឹងច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភា។ លោកបន្តថា « ទោះបីចេញមកពីប្រភពគណបក្សនយោបាយ មកពីប្រភពរដ្ឋាភិបាល មកពីសង្គមស៊ីវិល មកពីអ្នកឯករាជ្យ មកពីកងកម្លាំងប្រដាប់អាវុធ មកពីតុលាការ និងមកពីសភា។ល។ ពេលមកមុខតំណែងជាសមាជិក គ . ជ . ប ហើយ គឺត្រូវតែឯករាជ្យ និងអព្យាក្រឹត្យ ត្រូវអនុវត្តតួនាទីរបស់ខ្លួនដោយមិនលម្អៀង ដោយឈរលើគោលការណ៍គោរពច្បាប់ »។
យ៉ាងនេះក៏ដោយចុះ ក្រុមអង្គការមិនមែនរដ្ឋាភិបាល យល់ឃើញថា ច្បាប់បោះឆ្នោតថ្មីដែលបានអនុម័តរួចហើយនេះ គឺហាក់ប្លែកពីច្បាប់បោះឆ្នោតដូចគ្នានៅបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក។ ម្យ៉ាង ច្បាប់នេះមានចរិតចាប់បង្ខំ បំបិទសិទ្ធិសេរីភាព និងមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរហួសកម្រិតថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។