លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងនៅរសៀលថ្ងៃសុក្រ ទី១៩ ខែកក្កដា ថា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា មកដល់ពេលនេះ មានបណ្ដឹងប្ដឹងមកកាន់ស្ថាប័នរៀបចំការបោះឆ្នោតនៅថ្នាក់ជាតិ ដល់ថ្នាក់ឃុំ-សង្កាត់មានជាង ៣៥០បណ្ដឹង។
លោកបន្តថា បណ្ដឹងទាំងនោះកើតមាននៅ ២២រាជធានី-ខេត្ត ហើយបណ្ដឹងភាគច្រើនបានដោះស្រាយរួចហើយ៖ «បណ្ដឹងដែលយើងបានទទួលពីម្សិលមិញ ហើយបណ្ដឹងថ្ងៃនេះ យើងកំពុងតែបូកសរុប ហើយជាធម្មតា ម៉ោង ៥ល្ងាចបានបូកសរុបទទួលបានពីរាជធានីខេត្តបូកបញ្ចូល។ អ៊ីចឹង បណ្ដឹងនៅថ្នាក់ឃុំសង្កាត់មាន ២៥៩បណ្ដឹង។ ដោះស្រាយហើយ ២១១បណ្ដឹង នៅសល់ ៤៨បណ្ដឹង។ បណ្ដឹងនេះកើតពី ២២រាជធានីខេត្ត។ ហើយបណ្ដឹងនៅថ្នាក់រាជធានីខេត្តមាន ៧៦បណ្ដឹង។ ដោះស្រាយរួច ៥៤បណ្ដឹង និងនៅសល់ ២២បណ្ដឹង កើតនៅ ១៨រាជធានីខេត្ត។ បណ្ដឹងនៅថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប មានចំនួន ១៧បណ្ដឹង ដោះស្រាយរួច ១១បណ្ដឹង និងក្រៅពីនេះ កំពុងបន្តដោះស្រាយ។ បណ្ដឹងទាំងនេះមកពី ១២ខេត្ត»។
លោក ទេព នីថា ឲ្យដឹងថា បណ្ដឹងភាគច្រើនប្ដឹងដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់ និចហ្វិក (NICFEC)។ លោកបានរកឃើញថា យុទ្ធនាការឃោសនាជាង ៣សប្ដាហ៍មកនេះ គណបក្សចំនួន២ មានភាពស្វិតស្វាញក្នុងយុទ្ធនាការឃោសនារៀងៗខ្លួន។ លោកថា គណបក្សកាន់អំណាចមានឥទ្ធិពលច្រើនក្នុងការបើកយុទ្ធនាការឃោសនា៖ «បច្ចុប្បន្នហ្នឹង សមាជិកគណបក្សកាន់អំណាចលោកហាក់ដូចជាមានពេលវេលាច្រើន ហាក់ដូចជាក្លាហានច្រើនក្នុងការធ្វើអ្វីដែលបង្កើតបញ្ហាប្រឈម។ ប៉ុន្តែ ខ្ញុំក៏មិនបានបដិសេធដែរ ខ្ញុំឃើញក្រុមគណបក្សជំទាស់ជាយុវជនហ្នឹង ក៏បានបង្ហាញនូវពេលខ្លះ ខាងគណបក្សកាន់អំណាចហ្នឹង លោកនៅស្ងៀម ប៉ុន្តែខាងគណបក្សជំទាស់ទៅជាធ្វើកាយវិការឌឺដងទៅវិញ។ អ៊ីចឹង ខ្ញុំគិតថា គណបក្សដែលមានសក្ដានុពលពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបង្ហាញនូវសក្តានុភាពរបស់ខ្លួនប្រកួតប្រជែងគ្នា»។
យ៉ាងណាក៏ដោយ ទាំង លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងលោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការ និចហ្វិក បានអះអាងថា មានដំណើរការល្អ និងមិនទាន់កើតមានអំពើហិង្សាធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នៅឡើយទេ។
ការបោះឆ្នោតសភាអាណត្តិទី៥ ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ រីឯការឃោសនាត្រូវបញ្ចប់ត្រឹមថ្ងៃទី២៦ ខែកក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
