គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ ជូនដល់ប្រធាន អនុប្រធាន ជំនួយការនៃលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត តំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ដើម្បីធ្វើឲ្យប្រសើរឡើងនូវដំណើរការបោះឆ្នោតថ្ងៃអនាគត។
សម្រាប់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនថ្លែងថា គ.ជ.ប គួរផ្អាកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ ជាបណ្ដោះអាសន្ន ដោយរង់ចាំក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប.ថ្មី បង្កើតឡើងដើម្បីកុំឲ្យខ្ជះខ្ជាយថវិកាជាតិឥតប្រយោជន៍។
លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចូលរួមបើកវគ្គបណ្ដុះបណ្ដាលនេះមានប្រសាសន៍ថា គោលបំណងនៃការបណ្ដុះបណ្ដាលនេះ គឺមានបំណងបង្កើនការយល់ដឹងដល់អ្នកពាក់ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤។ លោកបន្តថា គ.ជ.ប នឹងបន្តសកម្មភាពចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះនេះឲ្យស្របទៅតាមបទបញ្ជា និងនីតិវិធីបោះឆ្នោតមិនផ្លាស់ប្ដូរទេ ទោះមានសង្គមស៊ីវិលខ្លះ ស្នើឲ្យផ្អាកសកម្មភាពនេះ។
នៅក្នុងពិធីបណ្ដុះបណ្ដាល ធ្វើឡើងនៅសាលប្រជុំក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី១៨ ខែកញ្ញា លោក អ៊ឹម សួស្តី ឆ្លៀតដៀមដាម និងរិះគន់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ថាបានលូកដៃចូលក្នុងសកម្មភាពការងាររបស់ គ.ជ.ប។ លោកបន្តថា ដរាបណាមិនមានក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប.ថ្មី មកជំនួស គ.ជ.ប ដែលនៅជាធរមាន នឹងនៅតែបន្តអនុវត្តបទបញ្ជា និងនីតិវិធីឲ្យស្របតាមច្បាប់បោះឆ្នោត។
លោក អ៊ឹម សួស្តី បានស្នើដល់យុវជនគ្រប់អាយុបោះឆ្នោត ឬពលរដ្ឋដទៃទៀត ឲ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៤ ឲ្យបានទាំងអស់គ្នាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា នៅតាមឃុំសង្កាត់រៀងៗខ្លួន។
ទាក់ទិនបញ្ហានេះ សម្រាប់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានស្នើឲ្យ គ.ជ.ប ផ្អាកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ ជាបណ្ដោះអាសន្ន ដោយរង់ចាំក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប.ថ្មី ត្រូវបានបង្កើតឡើង ដើម្បីកុំឲ្យចំណាយថវិកាជាតិខ្ជះខ្ជាយឥតប្រយោជន៍។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិច (Nicfec) មានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៤ នេះ មិនចាំបាច់ទេ ព្រោះនាំឲ្យខ្ជះខ្ជាយថវិកាជាតិឥតអំពើ។ លោកបន្តថា តាមការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កន្លងមក បានព្រមព្រៀងគ្នាថា នឹងជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប.ថ្មី និងធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតជាថ្មីឡើងវិញ។ លោកបន្តថា គ.ជ.ប នៅមានពេលច្រើន ដើម្បីរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨៖ «បញ្ហានេះ ស្ថាប័នពាក់ព័ន្ធផ្សេងទៀតដូចជាសភា គួរតែសម្រេចដើម្បីកុំឲ្យខ្ជះខ្ជាយថវិកាជាតិ។ ហើយបើផ្អែកទៅលើកិច្ចព្រមព្រៀងរវាងគណបក្សនយោបាយទាំងពីរហ្នឹង គឺបានបង្ហាញជាក់ហើយថា នឹងរៀបចំបញ្ជីបោះឆ្នោតថ្មី»។
ចំណែកលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfel) ក៏បានបញ្ចេញទស្សនៈថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៤ គឺមិនចាំបាច់ទេ ហើយបានស្នើដល់រដ្ឋសភា មានចំណាត់ការផ្អាកសកម្មភាពពិនិត្យបញ្ជីឈ្មោះ និងការចុះបញ្ជីឈ្មោះឆ្នាំ២០១៤ ជាបណ្ដោះអាសន្ន ដើម្បីកុំឲ្យចាយវាយថវិកាជាតិឥតប្រយោជន៍៖ «គ.ជ.ប អាចដែរ គឺអាចដាក់សំណួរហ្នឹងទៅគណបក្សទាំងពីរ ថាតើខ្លួនគួរតែបន្តធ្វើទេ បើនៅក្នុងកិច្ចព្រមព្រៀង បក្សទាំងពីរថាធ្វើបញ្ជីថ្មីហ្នឹង? យើងអាចសួរនាំដែរថា ស្អីទៅបញ្ជីថ្មីហ្នឹង? ព្រោះថាបញ្ជីថ្មីហ្នឹង មិនមែនមានន័យថា ប្រើបញ្ជីបច្ចុប្បន្នហ្នឹងទេ? ព្រោះបើកាលណាគេធ្វើហ្នឹង គេច្រើនប្រើពាក្យថា ធ្វើបច្ចុប្បន្នភាព គឺគេអត់ប្រើពាក្យធ្វើបញ្ជីថ្មីទេ។ ចឹងទៅ យើងអាចសួរទៅគណបក្សទាំងពីរដែរ ដើម្បីកុំឲ្យចំណាយថវិកាខ្ជះខ្ជាយចោល។ ព្រោះគេត្រូវធ្វើបញ្ជីថ្មី ព្រោះគណបក្សទាំងពីរហ្នឹង បានឯកភាពគ្នាក្នុងការធ្វើបញ្ជីថ្មីហ្នឹងហើយ។ ហើយយើងស្នើឲ្យរដ្ឋសភាហ្នឹង ធ្វើជាអន្តរបញ្ញត្តិពិសេសអ្វីមួយ ដើម្បីឲ្យ គ.ជ.ប ផ្អាកការពិនិត្យ និងចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត»។
មន្ត្រី គ.ជ.ប បានព្យាករថា អត្រាពលរដ្ឋក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ អាចមានអ្នកបោះឆ្នោតថ្មី ឬអ្នកមានសិទ្ធិបោះឆ្នោតមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួនជិត ១០លាននាក់ (៩.៩៥១.៩១៥នាក់)។ នៅគ្រាចំនួនអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៣ មានចំនួនជាង ៩លាន ៧សែននាក់ (៩.៧៣២.៥៣១នាក់)។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១៤ នេះ អាចត្រូវចំណាយថវិកាចំនួន ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។