ច្បាប់​បោះ​ឆ្នោត​ថ្មី​នឹង​ត្រូវ​សភា​ប្រជុំ​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​មីនា

0:00 / 0:00

សេចក្ដី​ព្រាង​សេចក្ដី​ស្នើ​ច្បាប់​ចំនួន​ពីរ​ដ៏​ចម្រូងចម្រាស ដែល​សង្គម​ស៊ីវិល​ជាង​៦០ មិន​គាំទ្រ​នោះ ក្រុម​ការងារ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នឹង​មិន​ធ្វើ​សិក្ខា​សាលា​ពិភាក្សា​ទៀត​ទេ ទោះ​ជា​មាន​ការ​ស្នើសុំ​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក៏ដោយ។ សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ទាំង​ពីរ​នេះ នឹង​ត្រូវ​សភា​ប្រជុំ​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​មីនា គឺ​នៅ​មុន​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

សេចក្ដី​ព្រាង​ច្បាប់​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ទាំង​ពីរ ដែល​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ និង​លុប​ចេញ​មាត្រា​មួយ​ចំនួន​ចេញ​សិន​នោះ នឹង​ត្រូវ​បញ្ជូន​ដល់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ដើម្បី​រង់ចាំ​សភា​បើក​កិច្ច​ប្រជុំ​អនុម័ត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ មីនា ថា សេចក្ដី​ព្រាង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​កា​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ មីនា ដើម​សប្ដាហ៍​ក្រោយ ដើម្បី​កំណត់​ថ្ងៃ​កាល​បរិច្ឆេទ​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​ពេញ​អង្គ ក្នុង​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ឈាង វុន បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ សភា​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​យ៉ាង​យូរ​នៅ​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ មីនា ខាង​មុខ៖ «ចឹង​ហើយ ពេល​សភា​អនុម័ត​រួច​ហើយ ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ព្រឹទ្ធសភា បន្ទាប់​មក​គឺ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ពិនិត្យ​ថា ច្បាប់​ហ្នឹង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​អត់?»

សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ ដែល​ក្រុម​ការងារ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ប្រើ​ពេល​ជាច្រើន​ខែ រៀបចំ​ធ្វើ​ឡើង​ដ៏​មាន​ភាព​ចម្រូងចម្រាស​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នោះ ទីបំផុត​គណបក្ស​ទាំង​ពីរ​រក​ចំណុច​រួម​មួយ ដើម្បី​ឯកភាព​គ្នា និង​ធ្វើ​សិក្ខា​សាលា​កាល​ពី​ថ្ងៃ​ទី​៩ មីនា ពោល​គឺ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ព្រម​តាម​ការ​ស្នើសុំ​របស់​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​ការ​ដាក់​បញ្ចូល​ឲ្យ​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ឯករាជ្យ និង​ការ​ដាក់​ទោស​អង្គការ​សង្គម​ស៊ីវិល ការ​ផាក​ពិន័យ​ប្រជាពលរដ្ឋ និង​អ្នក​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត និង​ការ​អនុញ្ញាត​ឲ្យ​មន្ត្រី​តុលាការ យោធា មាន​សិទ្ធិ​ចូលរួម​ឃោសនា​បោះ​ឆ្នោត​បាន​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ និង​ករណី​ផ្សេងៗ​ទៀត។

ក៏ប៉ុន្តែ ចំណុច​ទាំង​នេះ ទោះ​ជា​អង្គការ​សង្គម​ស៊ីវិល​ជាង ៦០​ស្ថាប័ន ដែល​ធ្វើ​ការ​ទាក់ទង​ការ​បោះ​ឆ្នោត មិន​គាំទ្រ និង​ស្នើ​ឲ្យ​ដក​ចេញ​ក៏ដោយ នៅ​ទីបំផុត សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ នៅ​តែ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បញ្ជូន​ឲ្យ​គណៈកម្មការ​សភា​ដើម្បី​ពិនិត្យ។ រីឯ​ការ​ស្នើសុំ​របស់​សង្គម​ស៊ីវិល​ឲ្យ​យក​ច្បាប់​នេះ មក​ពិគ្រោះ​យោបល់​ទៀត​នោះ មិន​ត្រូវ​បាន​គណបក្ស​ទាំង​ពីរ​យល់​ព្រម​នោះ​ឡើយ។

បន្ថែម​ពី​នេះ លោក ឈាង វុន អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​មាន​ការ​ពិភាក្សា​គ្នា​គ្រប់គ្រាន់​នៅ​ក្នុង​សិក្ខា​សាលា​កាល​ពី​ថ្ងៃ​ទី​៩ មីនា នោះ។

ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និង​ជា​តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​ថា អឺរ៉ា (ERA) មាន​ប្រសាសន៍​ថា បើ​សិន​ជា​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​មិន​យក​អនុសាសន៍ ឬ​ការ​ស្នើសុំ​របស់​សង្គម​ស៊ីវិល​ទេ​នោះ នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​សង្គម​ស៊ីវិល កាត់​បន្ថយ​គុណភាព បន្ថយ​ការ​ចូលរួម​អ្នក​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត ប៉ះពាល់​ដល់​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត៖ «ហេតុផល​ដែល​យើង​ចង់​ឲ្យ​មាន​ការ​កែប្រែ​ហ្នឹង យើង​នឹង​បញ្ជូន​ឲ្យ​ទៀត ដើម្បី​ឲ្យ​ដឹង​ពី​អ្វី​ជា​អាទិភាព ហើយ​អង្គការ​សង្គម​ស៊ីវិល នឹង​ជំរុញ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍ និង​ដៃគូ​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ឲ្យ​ដឹង​ពី​ច្បាប់​នេះ​រឹតត្បិត​សិទ្ធិ​សេរីភាព»

ការ​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​ទៅ​ឲ្យ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​បញ្ជូន​ឲ្យ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​ពិនិត្យ​នេះ ហាក់​ដូចជា​ធ្វើ​ទៅ​តាម​ទំនោរ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​មិន​ខ្វល់​ពី​ការ​ស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក គល់ បញ្ញា អះអាង​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​បើក​កិច្ច​ប្រជុំ ដើម្បី​ស្វែងរក​អនុសាសន៍​បន្ថែម និង​ផ្ញើ​ជូន​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នៅ​មុន​ពេល​សភា​អនុម័ត​ជា​ផ្លូវ​ការ។ លោក​បន្ថែម​ថា អង្គការ​សង្គម​ស៊ីវិល នឹង​ធ្វើ​យុទ្ធនាការ​ជាច្រើន​ទៀត ដើម្បី​ឲ្យ​គណបក្ស​ទាំង​ពីរ​ទទួល​យក​អនុសាសន៍​ទាំង​នោះ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ចង់​ឲ្យ​សភា​អនុម័ត​ច្បាប់​នេះ និង​រៀបចំ​សមាសភាព​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត តាម​រូបមន្ត​សមាសភាព​មក​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ម្ខាង ៤​នាក់ និង​មួយ​រូប​ទៀត ជ្រើស​រើស​ចេញ​ពី​អង្គការ​សង្គម​ស៊ីវិល​រួច​រាល់​ជា​ផ្លូវ​ការ​នៅ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ។ រីឯ​បេក្ខភាព អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ នោះ នឹង​មិន​អាច​ឈរ​ជា​បេក្ខភាព​ទី​៩ ដែល​តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​បាន​ទេ បើ​សិន​ជា​អ្នកស្រី​មិន​លាលែង​សញ្ជាតិ​បរទេស​របស់​គាត់ ទៅ​តាម​ច្បាប់​កំណត់​ឲ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។