គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ​ស្នើសុំ​ព្រះមហាក្សត្រ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ក្នុង​រឿង​នយោបាយ

0:00 / 0:00

គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ នៅ​ថ្ងៃ​ទី​២៣ ឧសភា ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ក្នុង​ការ​ផ្សះផ្សា​ជាតិ ដើម្បី​ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ៤​រូប មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មួយ​រូប និង​សកម្មជន​នយោបាយ​ដទៃ​ទៀត​ដែល​កំពុង​ជាប់​ឃុំ។

ការ​បង្ហាញ​ជំហរ​របស់​គណបក្ស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ប្រឆាំង និង​គណបក្ស​ទើប​បង្កើត​ថ្មី​មួយ​ចំនួន បាន​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ជាប់​ឃុំ​ទាំង​នោះ​ជា​បន្តបន្ទាប់ ខណៈ​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង។ អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ សាទរ​ចំពោះ​ការ​បង្ហាញ​ជំហរ​ដូច​គ្នា​របស់​គណបក្ស​នយោបាយ​ទាំង​នេះ។

ក្នុង​លិខិត​ថ្វាយ​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ចុះ​ថ្ងៃ​ទី​២៣ ឧសភា ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ លោក​បណ្ឌិត ហ៊ាង ឫទ្ធី ស្នើសុំ​ឲ្យ​ព្រះមហាក្សត្រ​មាន​ព្រះរាជ​តម្រិះ​ក្នុង​ការ​ផ្សះផ្សា​ជាតិ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ៤​រូប មន្ត្រី គ.ជ.ប មួយ​រូប និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ។

ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ លោក​បណ្ឌិត ហ៊ាង ឫទ្ធី លើក​ឡើង​ថា អ្នក​ដែល​ជាប់​ឃុំ​ទាំង​នោះ បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ជម្លោះ​នយោបាយ​ដ៏​រ៉ាំរ៉ៃ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ទាមទារ​ឲ្យ​មាន​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ៖ « ប្រសិន​បើ​ទុក​ជំងឺ​រ៉ាំរ៉ៃ​នេះ​ឲ្យ​វា​កាន់​តែ​រ៉ាំរ៉ៃ​ត​ទៅ​ទៀត ជាពិសេស​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ចេះ​តែ​មាន​ទំនាស់​នឹង​គ្នា​មិន​ចេះ​អស់​មិន​ចេះ​ហើយ។ ខ្ញុំ​ឃើញ​ថា អ្នក​ដែល​វេទនា គឺ​កូន​ខ្មែរ។ ឥឡូវ​ហ្នឹង​កូន​ខ្មែរ គឺ​អ្នក​ណា ? គឺ​ទាំង​សកម្មជន​សិទ្ធិ​មនុស្ស ទាំង​អគ្គលេខាធិការ​រង គ . . ប ទាំង​អ្នក​នយោបាយ ទាំង​អ្នក​តំណាង​រាស្ត្រ​អី​ហ្នឹង ត្រូវ​ជាប់​គុក​ដោយសារ​អី ? ដោយសារ​ដំរី​ជល់​គ្នា​ងាប់​តែ​ស្រមោច​សង្អារ »

លោក​បណ្ឌិត ហ៊ាង ឫទ្ធី យល់​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ៖ « ក្នុង​សភាព​នយោបាយ​នេះ ក្នុង​អត់​មើល​ឃើញ​ថា ព្រះអង្គ​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​ទេ ដោយសារ​មាត្រា​៨ និង​មាត្រា​៩ ព្រះអង្គ​គង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ ហើយ​និង​មាត្រា​១៨ ព្រះអង្គ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា​តាម​ព្រះរាជសារ ហើយ​ព្រះរាជសារ​នោះ​មិន​អាច​យក​ទៅ​ជជែក​ដេញដោល​ឡើយ »

បន្ទាប់​ពី​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ក្នុង​សំណុំ​រឿង​ដែល​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ផ្នែក​សិទ្ធិ​មនុស្ស ចាត់​ទុក​ជា​រឿង​នយោបាយ​នោះ គណបក្ស​នយោបាយ​មួយ​ចំនួន បាន​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ជា​បន្តបន្ទាប់។

ប៉ុន្តែ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ យល់​ថា ការ​សម្រេច​ដោះ​លែង​សកម្មជន​ដែល​ជាប់​ឃុំ​ទាំង​នោះ នៅ​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច៖ « ព្រោះ​អី​ព្រះមហាក្សត្រ​មិន​មាន​អំណាច​ក្នុង​ការ​លើក​លែង​ទោស ឬ​មួយ​អំណាច​អ្វី​មួយ​ទាល់​តែ​សោះ គ្រាន់​តែ​ជា​និមិត្តរូប​ទេ។ អ៊ីចឹង​ទាល់​តែ​មាន​ការ​ស្នើសុំ​ពី​គណបក្ស​កាន់​អំណាច »

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក អ៊ូ វីរៈ សាទរ​នៅ​ពេល​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ផ្សេងៗ​មាន​សំឡេង​តែ​មួយ ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ដែល​ជាប់​ឃុំ​ទាំង​នោះ។

យោង​តាម​ច្បាប់​កម្ពុជា ព្រះមហាក្សត្រ​ទ្រង់​មិន​ចាំបាច់​មាន​ការ​ស្នើសុំ​ឲ្យ​មាន​ការ​លើក​លែង​ណា​មួយ​ពី​បុគ្គល​ណា​ឡើយ។ មាត្រា​២៧ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​សិទ្ធិ​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។