គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្ដើមបើកយុទ្ធនាការពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ។ មន្ត្រីរៀបចំការបោះឆ្នោតអះអាងថា ថ្វីបើការងារនេះ កម្ពុជាទើបតែចាប់ផ្ដើម និងមានបទពិសោធន៍តិចតួច តែ គ.ជ.ប នឹងប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងកិច្ចការរបស់ខ្លួន ដើម្បីបម្រើឲ្យសេចក្ដីត្រូវការផ្អែកលើគោលការណ៍សមធម៌។
ការបើកផ្លូវឲ្យមានកិច្ចសន្ទនាពេញមួយថ្ងៃ នៅថ្ងៃទី២៨ ខែមករា នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា គឺដើម្បីឲ្យការប្រព្រឹត្តិទៅនៃការចុះឈ្មោះបោះឆ្នោតតាមបែបថ្មីនេះ មានសុក្រឹតភាព តម្លាភាព និងអាចជឿទុកចិត្តបានពីមជ្ឈដ្ឋានទូទៅ។
ថ្លែងនៅក្នុងកិច្ចពិគ្រោះយោបល់នៅរាជធានីភ្នំពេញ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា គ.ជ.ប នឹងប្រឹងប្រែងធ្វើយ៉ាងណាដើម្បីបម្រើឲ្យសេចក្ដីត្រូវការសម្រាប់ការចុះឈ្មោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រនេះ ប្រព្រឹត្តទៅដោយភាពម៉ត់ចត់ និងមិនពាក់ព័ន្ធទៅលើនិន្នាការនយោបាយ៖ «ធ្វើម៉េចឲ្យការចុះឈ្មោះហ្នឹងបានល្អប្រសើរ ហេតុនេះហើយបានយើងសាកល្បង ១៥ថ្ងៃ នៅឆ្នាំទៅហ្នឹង គឺយើងឃើញនូវចំណុចខ្វះខាតមួយចំនួន ទាំងធនធានមនុស្ស ទាំងការប្រើប្រាស់បច្ចេកទេសអីជាដើម ដែលយើងត្រូវខិតខំដោះស្រាយឲ្យបានជាអតិបរមា»។
តាមការគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតជាផ្លូវការក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់រៀបចំបញ្ជីបោះឆ្នោតថ្មី រយៈពេល ៣ខែ ចាប់ពីខែឧសភា រហូតដល់ខែកក្កដា។
លោក ស៊ិក ប៊ុនហុក និយាយថា ក្នុងចំណោមឃុំ និងសង្កាត់ ១.៦៣៣ឃុំ សង្កាត់ នៅទូទាំងប្រទេស គឺ គ.ជ.ប ត្រូវការមន្ត្រីផ្នែកបច្ចេកទេសអេឡិចត្រូនិក ឬជំនាញកុំព្យូទ័រនេះរាប់ពាន់នាក់ដែរ ដើម្បីបម្រើការក្នុងបេសកកម្មចុះឈ្មោះបោះឆ្នោតនេះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វែ្រល (COMFREL) មានសុទិដ្ឋិនិយមថា ថ្វីបើការងារនេះកម្ពុជា ទើបតែចាប់ផ្ដើមមែន តែការចុះឈ្មោះសាកល្បងកាលពីខែកញ្ញា ឆ្នាំ២០១៥ បង្ហាញថា ការចុះឈ្មោះស្ទង់មតិក្នុងជំហានដំបូងលើជំនាញបច្ចេកទេសនៅពេលនោះ គឺដំណើរការទៅបានល្អ និងអាចជឿទុកចិត្តបាន៖ «យើងអត់ទាន់វាយតម្លៃយ៉ាងម៉េចទេ ប៉ុន្តែយើងគ្រាន់តែសង្កេតឃើញថា ការសាកល្បងហ្នឹងយើងមានកោតសរសើរប្រព័ន្ធចុះឈ្មោះដែលរៀបចំដោយ គ.ជ.ប ហ្នឹង។ ប៉ុន្តែនៅនីតិវិធីមួយចំនួនទៀត ត្រូវកែលម្អ។ អ៊ីចឹងហើយបានថ្ងៃនេះយើងខិតខំយកឱកាសនេះដើម្បីឲ្យជាមតិយោបល់ខ្លះ ក្នុងការពង្រឹងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតតាមបែបប្រព័ន្ធថ្មីនេះ»។
បើទោះជាបែបណា គ.ជ.ប ថ្មីរងការចោទប្រកាន់ពីសង្គមស៊ីវិលដែលធ្វើការលើកិច្ចការបោះឆ្នោតថា អាចជាស្ថាប័នដើរតាមគន្លង គ.ជ.ប ក្នុងអាណត្តិមុនដដែល។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ឬហៅកាត់ថា និចហ្វិក (NICFEC) ចាត់ទុកថា បើទោះជាប្រព័ន្ធនៃការបោះឆ្នោតនេះ ល្អឥតខ្ចោះយ៉ាងណាក៏ដោយ ប្រសិនបើស្ថាប័នទាំងមូលមិនឯករាជ្យ នោះបានន័យថា ដំណើរការទាំងមូលនឹងនៅតែមិនអាចបម្រើឲ្យសេចក្ដីត្រូវការផ្អែកលើភាពអព្យាក្រឹត និងយុត្តិធម៌បានដែរ៖ «ខ្ញុំជម្រាបជូនថា បញ្ជីបោះឆ្នោតជាផ្នែកមួយនៃដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទេ។ ចំណែកការចាត់ចែង និងការរៀបចំការបោះឆ្នោតជាផ្នែកមួយទៀត។ ដូច្នេះនីតិវិធីក្នុងការគ្រប់គ្រង និងចាត់ចែងក្នុងការចុះឈ្មោះបោះឆ្នោត បើសិនជាអង្គការចាត់ចែងបោះឆ្នោតមិនឯករាជ្យទេ ដំណើរការបោះឆ្នោតក៏អត់មានសេរី និងយុត្តិធម៌ដែរ»។
បើទោះជាបែបណា មន្ត្រីជាន់ខ្ពស់ នៃ គ.ជ.ប ថ្មី លោក ស៊ិក ប៊ុនហុក លើកឡើងថា តម្រូវការចាំបាច់ចំពោះមុខសម្រាប់ការចុះឈ្មោះឆ្នោតថ្មីនេះ គឺត្រូវការដោយខ្វះមិនបានស្នាមមេដៃ និងពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណជាដើម។ បដិសេធនឹងការលើកឡើងថា ធ្វើយ៉ាងណាដើម្បីបញ្ចៀសជនបរទេសអាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាននោះ? លោក ស៊ិក ប៊ុនហុក យល់ឃើញថា ពុំទាន់មានបញ្ញត្តិដោយច្បាប់នៅឡើយទេ សំខាន់ពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណដែលជាឯកសារអាចបញ្ជាក់ថា ពលរដ្ឋនោះអាចមានសិទ្ធិចុះឈ្មោះឆ្នោតបានហើយ។
ផ្ទុយពីនេះវិញ ចំពោះពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ហើយមានបំណងចង់ចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធទំនើបថ្មីនេះ ត្រូវបានមន្ត្រី គ.ជ.ប អះអាងថា នៅតែពុំមានមាត្រាណាមួយនៃច្បាប់ថ្មី បើកផ្លូវឲ្យមានសិទ្ធិចុះឈ្មោះឆ្នោតបានដូចពលរដ្ឋនៅក្នុងស្រុកនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។