សង្គម​ស៊ីវិល​សុំ​ព្រះរាជ​អន្តរាគមន៍​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក

គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដាក់​លិខិត​ចូល​ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង ដើម្បី​សុំ​រាជានុញ្ញាត​ពី​ព្រះមហាក្សត្រ សុំ​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ឲ្យ​គណៈកម្មាធិការ​នេះ​ចូល​បង្គំ​គាល់ និង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះអង្គ​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​មាតុភូមិ​វិញ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​សកល​នា​ខែ​កក្កដា ឆ្នាំ​២០១៣។

0:00 / 0:00

ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ការ​ផ្សះផ្សា​ជាតិ​មាន​តែ​ព្រះមហាក្សត្រ​ទេ ដែល​ព្រះអង្គ​មាន​សក្ដានុពល​ក្នុង​ការ​បំពេញ​ព្រះរាជ​តួនាទី​នេះ​បាន​ជោគជ័យ។

ប្រធាន​គណៈកម្មាធិការ​នេះ និង​ជា​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ស៊ីអិនរ៉ូ (CNRO) លោក​បណ្ឌិត ហ៊ាង ឫទ្ធី។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ថា ការ​សម្រុះសម្រួល​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នោះ គឺ​មាន​តែ​ព្រះមហាក្សត្រ​មួយ​ព្រះអង្គ​ទេ ទើប​មាន​លទ្ធភាព។

លោក ហ៊ាង ឫទ្ធី មាន​ប្រសាសន៍​បន្ថែម​ថា កន្លង​មក​អតីត​ព្រះមហាក្សត្រ​ព្រះអង្គ​បាន​ព្រះរាជទាន​លះបង់​ព្រះ​កាយពល​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ឯកភាព​ចុះ​សម្រុង​ធ្វើ​ការងារ​បម្រើ​ជាតិ​បាន​យ៉ាង​ល្អ។ ដូច្នេះ​វិបត្តិ​លើក​នេះ លោក​ជឿ​ថា អ្នក​នយោបាយ​នឹង​សម្រួល​គ្នា​បាន ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​សកល​នៅ​ពេល​ខាង​មុខ​បាន​យ៉ាង​ល្អ។

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​សុំ​ព្រះអង្គ​ព្រះ​រាជានុញ្ញាត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឲ្យ​ប្រធាន​បក្ស​ជំទាស់ លោក សម រង្ស៊ី ចូល​ស្រុក​វិញ​នោះ វា​ជា​រឿង​ផ្ទុយ​នឹង​ច្បាប់។

លោក ផៃ ស៊ីផាន ពន្យល់​ថា បើ​និយាយ​តាម​ប្រព័ន្ធ​ច្បាប់ បើ​តុលាការ​កាត់​ក្ដី​លោក សម រង្ស៊ី ឲ្យ​ជាប់​គុក បើ​សិន​ការ​កាត់​ក្ដី​នេះ​មិន​ស្រប​តាម​គតិយុត្តិ​នោះ​ទេ ស្ថាប័ន​នេះ​មាន​ក្រុមប្រឹក្សា​វិន័យ​ចាំ​ឃ្លាំមើល ប្រសិន​បើ​តុលាការ​អនុវត្ត​មិន​ត្រឹមត្រូវ ក្រុមប្រឹក្សា​វិន័យ​នេះ​គេ​នឹង​ដាក់​ពិន័យ​ចំពោះ​ចៅក្រម​ម​ណា​ដែល​ធ្វើ​ការ​ធ្វេសប្រហែស។

លោក ផៃ ស៊ីផាន ពន្យល់​បន្ថែម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មាន​សិទ្ធិ​ចូល​សម្របសម្រួល​ក្នុង​ករណី​លោក សម រង្ស៊ី នោះ​ទេ ហើយ​ក្រៅ​ពី​ស្ថាប័ន​តុលាការ​ក៏​មិន​មាន​ស្ថាប័ន​ណា​មាន​សិទ្ធិ​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​តុលាការ​ឡើយ ព្រោះ​អំណាច​ទាំង​បី​គឺ​នីតិប្បញ្ញត្តិ នីប្រតិបត្តិ និង​តុលាការ មាន​អំណាច​ឯករាជ្យ​រៀងៗ​ខ្លួន។

កាល​ពី​អាណត្តិ​បោះ​ឆ្នោត​មុនៗ ប្រធាន​នៃ​បក្ស​ជំទាស់ លោក សម រង្ស៊ី ក៏​ធ្លាប់​មាន​រឿង​រ៉ាវ​រហូត​ភៀស​ខ្លួន​ចោល​ស្រុក​ទៅ​នៅ​ឯ​ក្រៅ​ប្រទេស​ដូច្នេះ​ដែរ ប៉ុន្តែ​លុះ​ពេល​រដូវ​កាល​បោះ​ឆ្នោត​ខិត​ចូល​កាន់​តែ​កៀក ក៏​ត្រូវ​គេ​សម្របសម្រួល​ចូល​ស្រុក​វិញ ដើម្បី​ប្រកួត​ប្រជែង​បោះ​ឆ្នោត ក្រោម​កិច្ច​ព្រះរាជ​អន្តរាគមន៍​ពី​អតីត​ព្រះមហាក្សត្រ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ប៉ុន្តែ​លើក​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា ជម្លោះ​លោក សម រង្ស៊ី ជាមួយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នឹង​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នៅ​មុន​ការ​បោះ​ឆ្នោត នៅ​ខែ​កក្កដា នោះ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។