អ្នក​កាសែត​​ជាង​២០​នាក់​ចូល​រួម​សិក្សា​វគ្គ​សារព័ត៌មាន​បែប​វិជ្ជាជីវៈ

អ្នក​សារព័ត៌មាន​និង​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ ឬ​ប្រជា​នាំសារ​ជាង ២០​នាក់ មក​ពី​ស្ថាប័ន​នានា ចូល​រួម​សិក្សា​វគ្គ​សារព័ត៌មាន​បែប​វិជ្ជាជីវៈ ដើម្បី​យក​ព័ត៌មាន​គាំទ្រ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា។

0:00 / 0:00

វគ្គ​បណ្ដុះ​បណ្ដាល​នេះ សំដៅ​ជំរុញ​អ្នក​កាសែត​ទាំង​អស់​ឲ្យ​សរសេរ​ព័ត៌មាន​ឲ្យ​បាន​ច្រើន ប្រកប​ដោយ​វិជ្ជាជីវៈ និង​ចូលរួម​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​អ្នក​កាសែត​ក្នុង​ខេត្ត​មណ្ឌលគិរី កំពុង​ជួប​ប្រទះ។

នេះ​ជា​លើក​ទី​១​ហើយ ដែល​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) បើក​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក និង​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ (Citizen Journalism) ពី​របៀប​នៃ​ការ​សរសេរ​ព័ត៌មាន​បែប​វិជ្ជាជីវៈ និង​សរសេរ​ព័ត៌មាន​ទាក់​ទង​នឹង​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​នេះ ចេញ​ពី​ខេត្ត​មណ្ឌលគិរី។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ លោក ប៉ាង ងួនទៀង នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះ​បណ្ដាល​នេះ ជា​ចំណេះ​ដឹង​មួយ​ថ្មី​ទៀត​ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​មណ្ឌលគិរី អាច​សរសេរ​ព័ត៌មាន​ឲ្យ​កាន់​តែ​ច្រើន​ពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ខេត្ត​មណ្ឌលគិរី។

លោក​បន្ត​ថា កន្លង​ទៅ​ព័ត៌មាន​ដែល​ចេញ​ពី​ខេត្ត​មណ្ឌលគិរី ហាក់​មាន​ចំនួន​តិច បើ​ធៀប​នឹង​ខេត្ត​ដទៃ​ទៀត ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ច្រើន ប៉ុន្តែ​មិន​បាន​ន័យ​ថា ខេត្ត​នេះ​មិន​មាន​រឿងរ៉ាវ​កើត​ឡើង​នោះ​ទេ។ លោក​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​នៅ​ខេត្ត​មណ្ឌលគិរី ភាគ​ច្រើន​ធ្វើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ដែល​គាំទ្រ​រដ្ឋាភិបាល មិន​អាច​ឯករាជ្យ​បាន តែ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ប្រាប់​អ្នក​កាសែត​ទាំង​នោះ​ថា អ្វី​ទៅ​ជា​ព័ត៌មាន​ឯករាជ្យ និង​ចង់​ប្រាប់​ថា ធ្វើ​យ៉ាងម៉េច​ដើម្បី​ក្លាយ​ជា​អ្នក​យក​ព័ត៌មាន​វិជ្ជាជីវៈ​នោះ?

សិក្ខាកាម​ដែល​ចូលរួម​សិក្ខា​សាលា​នេះ​មាន​មក​អង្គភាព​សង្គម​ស៊ីវិល​ជុំវិញ​ខេត្ត​មណ្ឌលគិរី និង​អ្នក​សារព័ត៌មាន​ពី​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន ​ដូចជា​ទូរទស្សន៍ ស៊ី.អិន.ស៊ី (CNC) ទូរទស្សន៍​បាយ័ន អប្សរា សារព័ត៌មាន​នគរវត្ត កាសែត​កោះ​សន្តិភាព កាសែត​កម្ពុជា​ថ្មី កាសែត​វិទ្យាសាស្ត្រ​ខ្មែរ វិទ្យុ វី.អូ.ឌី (VOD) និង​សារព័ត៌មាន​ប្រជាពលរដ្ឋ ឬ​ប្រជា​នាំសារ​ពី​សហគមន៍​ជា​ច្រើន​ក្នុង​ខេត្ត​មណ្ឌលគិរី។

ប្រជា​នាំសារ​ជា​ជន​ជាតិ​ដើម​ភាគតិច​ព្នង មក​ពី​សហគមន៍​ដាក់ដាំ លោក ទង ម៉ូត ឲ្យ​ដឹង​ថា កន្លង​ទៅ​សហគមន៍​របស់​លោក​ធ្លាប់​រង​នូវ​ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នក​មាន​លុយ​មាន​អំណាច​ក្នុង​បញ្ហា​ដីធ្លី និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។ តែ​សំឡេង​របស់​ប្រជា​សហគមន៍​ទាំង​នោះ មិន​សូវ​លឺ​ចេញ​ទៅ​ក្រៅ​ឡើយ។ លោក​បន្ត​ថា បើ​មាន​លទ្ធភាព លោក​នឹង​នាំ​យក​ព័ត៌មាន​ស្តី​ពី​បញ្ហា​របស់​ជនជាតិ​ដើម​ទាំង​នោះ ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ដឹង​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ស្វែង​រក​ដំណោះស្រាយ។

ទាក់ទង​នឹង​ការ​យក​ព័ត៌មាន​ពី​ដំណើរ​ការ​បោះឆ្នោត​វិញ សមាជិក​ក្លឹប​អ្នក​សែត​កម្ពុជា និង​ជា​គ្រូ​បណ្ដុះ​បណ្ដាល​លោក ឆាយ សុផល មាន​ប្រសាសន៍​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ថា ការ​សរសេរ​ព័ត៌មាន​ឯករាជ្យ​ជា​ប្រការ​សំខាន់​សម្រាប់​ដំណើរ​ការ​បោះឆ្នោត និង​កិច្ច​អភិវឌ្ឍន៍​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​បន្ត​ថា អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ មាន​តួនាទី​ផ្ដល់​សំឡេង​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទាំង​ប្រភព​ចោទ​ប្រកាន់​គេ អ្នក​ដែល​ត្រូវ​គេ​ចោទ សង្គម​ស៊ីវិល​ដែល​ប្រកាន់​ជំហរ​កណ្ដាល និង​ស្ថាប័ន​ជំនាញ។លោក​បន្ត​ថា អ្នក​កាសែត​អាជីព គឺ​ត្រូវ​ប្រកាន់​ក្រម​សីលធម៌​វិជ្ជាជីវៈ​ដើម្បី​ជៀស​ផុត​ពី​ការ​នាំ​ទុក្ខ​ដល់​អ្នក​ដទៃ និង​ការ​ប្រឈម​ផ្លូវ​ច្បាប់។

ទោះ​យ៉ាង​ណា​ក្តី សិក្ខាកាម​ដែល​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ឲ្យ​ដឹង​ថា រឿងរ៉ាវ​ដែល​កើត​ឡើង​ក្នុង​ខេត្ត​មណ្ឌលគិរី មាន​ដូច​ជា​ទំនាស់​ដីធ្លី ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច ។ល។

អ្នក​កាសែត​ទាំង​នោះ​ប្រាប់​ថា ពួកគាត់​ប្រ​ឈម​នឹង​បញ្ហា​មួយ​ចំនួន ដូចជា​ខ្វះ​មធ្យោបាយ​ទៅ​យក​ព័ត៌មាន ប្រាក់​ខែ​តិច ការ​គំរាម​កំហែង និង​ជា​ពិសេស ព័ត៌មាន​ខ្លះ​សរសេរ​រួច​មិន​អាច​ផ្សាយ​បាន​ក៏​មាន។ ព័ត៌មាន​ខ្លះ​ប៉ះ​ពាល់​ដល់​មន្ត្រី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត បើ​អ្នក​កាសែត​ហ៊ាន​សរសេរ ក៏​និពន្ធ​នាយក​ស្ថាប័ន​ទាំង​នោះ​មិន​ឲ្យ​ផ្សាយ​ដែរ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​គោល​នយោបាយ​​បក្ស​កាន់​អំណាច។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​បាន​ពិភាក្សា​គ្នា​ដោយ​បង្ហាញ​ថា បើ​សិន​ជា​អ្នក​កាសែត​ក្នុង​ស្រុក​មិន​ហ៊ាន​ផ្សាយ​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​មន្ត្រី​ទាំង​នោះ ពួកគេ​ឲ្យ​បញ្ជូន​ព័ត៌មាន​ទាំង​នោះ​ទៅ​កាន់​អ្នក​កាសែត​ដែល​ធ្វើ​ការ​នៅ​ស្ថាប័ន​ឯករាជ្យ​និង​វិជ្ជាជីវៈ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។