សង្គម​ស៊ីវិល​រិះគន់​ការ​តែងតាំង​កូន​លោក ឱម យ៉ិនទៀង ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

0:00 / 0:00

អ្នក​ឃ្លាំមើល​អំពី​បញ្ហា​តម្លាភាព​សង្គម រិះគន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​សម្បូរ​ទៅ​ដោយ​សែស្រឡាយ សាច់ញាតិ​របស់​មេដឹកនាំ​ស្ថាប័ន​នេះ ដែល​អាច​បង្កើត​ជា​ទំនាស់​ផលប្រយោជន៍។

ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ព្រមាន​ថា ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ នៅ​តែ​បន្ត​រៀបចំ​ស្ថាប័ន​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សែស្រឡាយ ឬ​សាច់សាលោហិត​នៃ​ថ្នាក់ដឹកនាំ វា​នឹង​ធ្វើ​ឲ្យ​មហាជន​លែង​ទុក​ចិត្ត ហើយ​បាត់បង់​ជំនឿ​ទៅ​លើ​កិច្ចការ​ប្រឆាំង​អំពើ​ពុករលួយ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ហៅ​កាត់​ថា អានសា (ANSA) លោក សន ជ័យ កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​មេសា បាន​រិះគន់​ថា កូនប្រុស​របស់​លោក ឱម យ៉ិនទៀង ពីរ​នាក់​ដែល​កំពុង​កាន់​កិច្ចការ​ធំ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នឹង​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ស្ថាប័ន​មួយ​នេះ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​ច្របូកច្របល់​ក្នុង​ការ​សម្រេច​កិច្ចការ​ផ្សេងៗ ហើយ​ងាយ​ធ្វើ​ឲ្យ​មហាជន​បាត់បង់​សេចក្ដី​ទុក​ចិត្ត៖ «យើង​បារម្ភ​ថា មន្ត្រី​ដទៃ​ទៀត​នឹង​មិន​អាច​មាន​ការ​សម្រេច​ចិត្ត​ក្នុង​ទិដ្ឋភាព​ប្រជាធិបតេយ្យ​ទេ ពីព្រោះ​ស្ថាប័ន​ដែល​រីកចម្រើន​លុះ​ត្រា​តែ​ស្ថាប័ន​នោះ​មាន​ប្រជាធិបតេយ្យ»។

ព្រះមហាក្សត្រ នរោត្ដម សីហមុនី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​កូន​ប្រុស​របស់​លោក ឱម យ៉ិនទៀង ពីរ​នាក់​ក្នុង​ចំណោម​មនុស្ស​ចំនួន ១៨​នាក់ ដែល​ត្រូវ​តែងតាំង​ជា​ឧបការី ឬ​ជំនួយការ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក។

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ នរោត្ដម សីហមុនី ដែល​បាន​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦ តែង​តាំង និង​ផ្ដល់​ឋានៈ​ឧបការី ឬ​ជំនួយការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន ១៨​នាក់។ Screenshot
ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ នរោត្ដម សីហមុនី ដែល​បាន​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦ តែង​តាំង និង​ផ្ដល់​ឋានៈ​ឧបការី ឬ​ជំនួយការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន ១៨​នាក់។ Screenshot (Screenshot)

កូន​ប្រុស​របស់​លោក ឱម យ៉ិនទៀង ពីរ​រូប​នោះ​មាន​ឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា ដែល​អ្នក​ទាំង​ពីរ​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ។

លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​អនុញ្ញាត​ឲ្យ​មាន​សាច់ញាតិ​នៅ​កន្លែង​ធ្វើ​ការ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ទំនាស់​ផលប្រយោជន៍ ហើយ​ទំនាស់​ផលប្រយោជន៍​អាច​នាំ​ឲ្យ​មាន​អំពើ​ពុករលួយ៖ «ទិដ្ឋភាព​បច្ចុប្បន្ន​ដែល​មាន​កូន​ប្រុស​ដល់​ទៅ​ពីរ​នាក់​ធ្វើការ​នៅ​ក្នុង​អង្គភាព​ហ្នឹង អាច​ជា​ទំនាស់​ផលប្រយោជន៍​នៅ​ក្នុង​ការងារ ហើយ​ទី​ពីរ អាច​នាំ​ឲ្យ​មន្ត្រី​ដូច​គ្នា​ក្នុង​អង្គភាព​ហ្នឹង នឹង​មិន​អាច​ហ៊ាន​សម្ដែង​មតិ​ប៉ះពាល់​ដល់​កូន​របស់​ឯកឧត្ដម ឱម យ៉ិនទៀង ទេ ពីព្រោះ​អី​នៅ​ស្រុក​ខ្មែរ យើង​មាន​សុភាសិត​មួយ​ថា វ៉ៃ​កូន​ឈឺ​ដល់​ឪ»

ទាក់ទង​នឹង​ការ​រិះគន់​នេះ លោក ឱម យ៉ិនទៀង អះអាង​ថា មជ្ឈដ្ឋាន​ទាំង​ឡាយ​អាច​ដាក់​ពាក្យ​បណ្ដឹង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពាក់ព័ន្ធ​នឹង​ការ​រិះគន់​អំពី​បញ្ហា​​មិន​ប្រក្រតី​នៃ​ស្ថាប័ន​នេះ៖ «ដាក់​ពាក្យ​ប្ដឹង​មក យើង​ខ្ញុំ​ត្រៀម​ដោះស្រាយ​ជូន​លើ​បញ្ហា​ហ្នឹង។ កុំ​ចេះ​តែ​បំផើម​គេ​ចោល»

ប៉ុន្តែ​មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​អង្គ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ចែង​ថា ជន​ទាំងឡាយ​ដែល​ប្ដឹង​ពី​បទ​ពុករលួយ ហើយ​ប្រសិនបើ​អង្គភាព​នេះ​រក​មិន​ឃើញ នោះ​នឹង​ត្រូវ​មាន​ទោស​ពី​បទ​បរិហារកេរ្តិ៍។ លោក​បន្ត​ថា ចំណុច​ទាំង​នេះ​ហើយ​ដែល​ជា​ការ​រឹតត្បិត​ដល់​អ្នក​ហ៊ាន​បញ្ចេញ​មតិ​ក្នុង​ករណី​អំពើ​ពុករលួយ៖ «ប្ដឹង​ទៅ​ហើយ ប្រសិន​បើ​ជា​គេ​រក​ទៅ​អត់​ឃើញ​មាន​អ្វី​ដូច​បាន​លើក​​ឡើង​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ អ៊ីចឹង​អ្នក​ប្តឹង​ត្រូវ​មាន​ទោស។ អ៊ីចឹង​តើ​យើង​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ​នៅ​ក្នុង​ការ​ប្ដឹង បើសិនជា​ការ​រិះគន់​ទៅ​លើ​ប្រធាន​អង្គភាព​ណា​មួយ ហើយ​ប្ដឹង​ទៅ​លើ​ប្រធាន​អង្គភាព​ហ្នឹង ហើយ​ប្រធាន​អង្គភាព​ហ្នឹង​ជា​អ្នក​ដំណើរការ តើ​វា​អាច​មាន​តម្លាភាព ហើយ​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ?»

​ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​តម្លាភាព​សង្គម​រិះគន់​ថា បញ្ហា​សាច់សាលោហិត សាច់ញាតិ របស់​ថ្នាក់​ដឹក​នាំ​កំពូលៗ​ដែល​កំពុង​បម្រើ​ការ​​ក្នុង​ស្ថាប័នរដ្ឋ​គេ​ឃើញ​មាន​តាំង​ពី​ថ្នាក់លើ​ដល់​ថ្នាក់​មូលដ្ឋាន តាំង​ពី​ថ្នាក់​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ រហូត​ដល់​ថ្នាក់​ចៅហ្វាយ​ខេត្ត ចៅហ្វាយ​ស្រុក ឬ​ថ្នាក់​ភូមិ​ឃុំ​តែម្ដង។

​រហូត​មក​ទល់​ពេល​នេះ បញ្ហា​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិបាល​នៅ​តែ​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ស្ថាប័ន​រដ្ឋ​ពី​បញ្ហា​ពុករលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។