អ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលដែលមានជំនាញលើប្រព័ន្ធបោះឆ្នោត រិះគន់ថា ការតែងតាំងអតីតមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ចាស់ចំនួន ៥រូបធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលនោះ បញ្ជាក់ថា ស្ថាប័នមួយនេះទំនងជាមិនបានធ្វើខ្លួនឲ្យមានភាពឯករាជ្យទេ ក្នុងពេលបំពេញកិច្ចការរបស់ខ្លួនកាលពីពេលកន្លងទៅ។
ស្របពេលដែលគណបក្សប្រឆាំងធ្លាប់បានចោទប្រកាន់ថា ស្ថាប័ននេះមិនឯករាជ្យ និងមិនទទួលយកលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១៣ នោះ។
ព្រះរាជក្រឹត្យតែងតាំងនេះ ធ្វើឡើងដំណាលគ្នានៃការចូលកាន់តំណែងនៃមន្ត្រី គ.ជ.បថ្មី កាលពីដើមខែមេសា កន្លងទៅ ដែលការតែងតាំងនេះត្រូវបានអ្នកវិភាគមើលឃើញថា គឺជាការតែងតាំងក្រោមផលប្រយោជន៍នយោបាយរបស់គណបក្សគ្រប់គ្រងអំណាច ជាពិសេសមន្ត្រី គ.ជ.បចាស់ ទំនងជារងឥទ្ធិពលនយោបាយរួចទៅហើយក្នុងការបំពេញតួនាទីរបស់ខ្លួន។
សម្រាប់ស្ថាប័ន គ.ជ.ប ដែលគេមើលឃើញជាទូទៅថា ជាអង្គភាពដែលធានានូវអព្យាក្រឹតភាពនៃការរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ ។
ព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែមេសា ក្រោយមួយថ្ងៃនៃការស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំង និងដំណាលគ្នានៃពិធីផ្ទេរតំណែងមន្ត្រី គ.ជ.ប ទាំង ៩រូបនោះ ដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃទី៦ ឧសភា សរសេរថា លោក អ៊ឹម សួស្តី អតីតប្រធាន គ.ជ.បចាស់ ត្រូវតែងតាំងជាទីប្រឹក្សារដ្ឋាភិបាលដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ ដោយឡែកអតីតមន្ត្រី ៤រូបផ្សេងទៀត រួមមាន លោកស្រី ស៊ីន ជុំបូ លោក ហាវ៉ាណ ស៊ីវិល័យ លោក ស៊ិន ឌឹម និងលោក សោ សុភរី មានឋានៈស្មើរដ្ឋមន្ត្រី ខណៈមន្ត្រី ២រូបផ្សេងទៀតក្នុងចំណោមសមាជិកទាំង ៧រូបកូតាមកពីគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិចាស់នោះ ត្រូវបន្តតំណែងសម្រាប់ គ.ជ.បថ្មីនេះទៀត។
លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ យល់ឃើញថា ការផ្តល់តួនាទីដល់អតីតមន្ត្រី គ.ជ.ប ទាំង ៥រូបនេះឲ្យក្លាយជាទីប្រឹក្សារាជរដ្ឋាភិបាលនោះ បញ្ជាក់ថា គ.ជ.បចាស់ប្រហែលជាពុំបានបំពេញកិច្ចការរបស់ខ្លួនទៅតាមវិជ្ជាជីវៈទេ។ លើសពីនេះទៀត លោកថ្លែងថា មន្ត្រីទាំងនោះ គឺសុទ្ធតែពាក់ព័ន្ធនឹងគណបក្សនយោបាយ។ ហេតុនេះ ក្រោយពីបញ្ចប់អាណត្តិ មន្ត្រីទាំងនេះអាចមានកៅអី និងឱកាសសម្រាប់គ្រងតំណែងបានភ្លាមដែរ។ លោកបន្តថា «រដ្ឋាភិបាលគួរតែងតាំងទាំង៧ ជាទីប្រឹក្សា។ នេះជាចំណុចមួយជាចំណាប់អារម្មណ៍របស់ខ្ញុំ។ ដូច្នេះ ហាក់ដូចជានៅមានការរើសអើង ហើយនៅមានការសបញ្ជាក់ឲ្យឃើញថា គ.ជ.ប ពីមុនមក គឺមិនអព្យាក្រឹត្យ ហើយឯករាជ្យទេបាទ»។
ជារឿយៗ ទម្លាប់របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់វស្សាមួយនេះ ត្រូវបានអ្នកវិភាគមើលឃើញថា កម្របោះបង់សមាជិករបស់ខ្លួនចោលណាស់ ទោះឋិតក្នុងកាលៈទេសៈអ្វីក៏ដោយ។ នេះអាចរាប់បានថា ជាចំណុចខ្លាំងមួយរបស់គណបក្សប្រជាជនកម្ពុជា។
ចំពោះ លោក អ៊ូ វីរៈ ប្រធានអង្គការនៃវេទិកាអនាគត មើលឃើញផ្ទុយពីនេះទៅវិញ។ លោកថ្លែងថា ការតែងតាំងនេះ អាចជាគំរូល្អទៅវិញ ព្រោះវាគឺជាការលើកទឹកចិត្តចំពោះអ្នកដែលបានបំពេញកាតព្វកិច្ចសម្រាប់សង្គមជាតិ ហើយធ្វើកិច្ចការដោយឯករាជ្យ។ ក៏ប៉ុន្តែ លោកចាត់ទុកថា អ្វីដែលគួរបារម្ភ គឺឋិតនៅត្រង់ថា អ្នកបំពេញកិច្ចការនោះធ្វើកិច្ចការសម្រាប់ភាគីណាមួយ ហើយក្រោយបញ្ចប់អាណត្តិ នឹងទទួលបានរង្វាន់លើកចិត្តក្នុងហេតុផលណាមួយ នោះទើបជាបញ្ហា។ លោក អ៊ូ វីរៈ បន្តថា «បើសិនជាគាត់លម្អៀងទៅខាងណាខាងហ្នឹងឈ្នះឆ្នោត ពេលគាត់ចប់អាណត្តិនៅស្ថាប័នឯករាជ្យ គឺគាត់នឹងបានលាភសក្ការៈ។ នេះជាការព្រួយបារម្ភ និងយើងមានការព្រួយបារម្ភរឿងហ្នឹង»។
បើទោះជាបែបណា គណបក្សនយោបាយ ជាញឹកញយតែងតវ៉ាជុំវិញលទ្ធផលឆ្នោតស្ទើរគ្រប់អាណត្តិ ក្រោយពីមានការបោះឆ្នោតឆ្នាំ១៩៩៣ មក។ គណបក្សនយោបាយដែលមានសំឡេងប្រដំប្រសងនឹងគណបក្សឈ្នះឆ្នោត តែងទម្លាក់កំហុសក្នុងរឿងនេះទៅលើ គ.ជ.ប។ កំហុសទាំងនេះ ត្រូវអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលការបោះឆ្នោត និងគណបក្សប្រឆាំង រកឃើញថា មានកំហុសចាប់តាំងពីការចុះបញ្ជីបោះឆ្នោតរហូតដល់រាប់សន្លឹកឆ្នោត។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានភ្លាមៗឡើយពីមន្ត្រីរដ្ឋាភិបាល និងមន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយភាគច្រើនមន្ត្រីទាំងនោះបានបដិសេធថាពុំបានដឹងរឿងរ៉ាវនេះទេ។
ដោយឡែក លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (Comfrel) ចាត់ទុកថា ការព្យាយាមដំឡើងតំណែងមនុស្សមួយចំនួនឲ្យក្លាយជាទីប្រឹក្សារបស់រដ្ឋាភិបាលនេះ លោកអះអាងថា គឺជាការចំណាយលុយរដ្ឋដ៏ខ្ជះខ្ជាយទៅវិញទេ។ លើសពីនេះទៀត ជាការជ្រើសរើស និងតែងតាំងឋិតក្រោមហេតុផលនយោបាយ។ លោក គល់ បញ្ញា បន្តថា «មិនមែនដើម្បីផលប្រយោជន៍ខាងប្រសិទ្ធភាពការងារ។ អាហ្នឹងវាអ៊ីចឹង ដល់ពេលបានផលប្រយោជន៍ខាងនយោបាយ បានន័យថាម៉េច បានន័យថា ត្រូវរកតំណែងណាដើម្បីឲ្យគ្នាឯង ឬក៏អ្នកណាពួកអ្នកចុះចូលអីអ៊ីចឹងទៅ»។
សម្រាប់អាណត្តិទីប្រាំនេះ ព្រះមហាក្សត្រព្រះអង្គត្រាស់បង្គាប់តែងតាំងទីប្រឹក្សា និងជំនួយការផ្ទាល់របស់ លោក ហ៊ុន សែន ចំនួន ៣៤រូបបន្ថែមទៀត។ ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ចំនួនទីប្រឹក្សា និងជំនួយការដ៏ស្អេកស្កះនេះ អាចមានចំនួនច្រើនជាងនេះ ដោយមិនទាន់គិតពីទីប្រឹក្សាដែលមានស្រាប់នៅឡើយផង។ ដោយឡែកមន្ត្រី គ.ជ.បចាស់ ២រូបផ្សេងទៀត គឺលោក សោម ចាន់ឌីណា និងលោក ម៉ៅ សុភារិទ្ធ កូតាមកពីគណបក្ស សម រង្ស៊ី នៅមិនទាន់ប្រាកដថា តើត្រូវបានតែងតាំងជាទីប្រឹក្សាដែរយ៉ាងណា ក្រោយពីបញ្ចប់អាណត្តិនេះទៅ?
ចំពោះមន្ត្រីទាំង ៧រូបកូតាមកពីគណបក្សប្រជាជនកម្ពុជា ក្នុងនោះ ៥រូបត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ខណៈដែល ២រូប គឺលោក អែម សុផាត និងលោក មាន សាទិ ត្រូវបានបញ្ចូលទៅជាសមាជិក គ.ជ.ប ក្នុងអាណត្តិថ្មីនេះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
