បន្ទាប់ពីដាក់ឲ្យមានការចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធកុំព្យូទ័រ កាលពីពាក់កណ្ដាលខែវិច្ឆិកា សង្គមស៊ីវិល តំណាងគណបក្សនយោបាយ និងតំណាង គ.ជ.ប នៅថ្ងៃទី៣ ធ្នូ បានជួបពិភាក្សាគ្នាដើម្បីវាយតម្លៃទៅលើដំណើរការនៃចុះឈ្មោះបោះឆ្នោតសាកល្បងនេះ។ ពួកគេបានរកឃើញថា មានបញ្ហាមួយចំនួនដែលត្រូវកែលម្អដើម្បីធានាថា ការចុះឈ្មោះបោះឆ្នោតជាផ្លូវការនៅពេលខាងមុខ ប្រព្រឹត្តទៅមានប្រសិទ្ធភាព។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា (ERA) រកឃើញថា ការអនុវត្តនៃបទបញ្ជា និងនីតិវិធីការរៀបចំសម្ភារៈនៅក្នុងការអនុវត្តការចុះឈ្មោះបោះឆ្នោតសាកល្បង ត្រូវការកែលម្អ និងពង្រឹងបន្ថែមទៀត។
លោក គល់ បញ្ញា តំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតថ្លែងថា ប្រជាពលរដ្ឋមួយចំនួនពិបាកពិនិត្យមើលឈ្មោះឡើងវិញ ដោយសារកត្តាភាពមិនចេះអក្សរ និងការខ្វះខាតឯកសារផ្លូវការដើម្បីផ្ទៀងផ្ទាត់៖ «នៅក្នុងការចុះឈ្មោះបោះឆ្នោត ប្រសិនបើមន្ត្រីហ្នឹងសរសេរខុស យើងឲ្យគាត់វាយ (កុំព្យូទ័រ) ឡើងវិញ តែបើថា វាត្រូវ យើងយកសន្លឹកចុងប័ណ្ណហ្នឹង ឲ្យអ្នកបោះឆ្នោតកាន់ណាហ្នឹងទៅ។ មានព័ត៌មានតាំងពីការិយាល័យបោះឆ្នោត។ គាត់អាចដឹងថា គាត់បានចុះឈ្មោះហើយ គាត់ដឹងពីការិយាល័យបោះឆ្នោតថា គាត់ត្រូវទៅបោះនៅណា»។
ចំណុចមួយទៀតនោះ ការដែលមន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវបញ្ជូនទិន្នន័យរៀងរាល់ ១០នាក់ម្ដង តាមសេវាអ៊ីនធឺណិត មកកាន់មជ្ឈមណ្ឌលកុំព្យូទ័ររបស់ គ.ជ.ប មានភាពស្មុគស្មាញ និងរំខានដល់ក្រុមអ្នកចុះឈ្មោះឆ្នោត មិនអាចចុះឈ្មោះឲ្យប្រជាពលរដ្ឋបានទាន់ពេលកំណត់។
ក៏ប៉ុន្តែ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ពន្យល់ថា គ.ជ.ប បានណែនាំដល់មន្ត្រីរបស់ខ្លួនថា ប្រសិនបើមន្ត្រីរបស់ខ្លួនសល់ពេលបន្ទាប់ចុះឈ្មោះហើយ អាចផ្ញើទៅ គ.ជ.ប ក្នុងរយៈពេល ១ថ្ងៃ ឬពីរថ្ងៃម្ដងក៏បាន។លោកបន្ថែមថា វាក៏អាស្រ័យទៅសេវាអ៊ីនធឺណិត ផងដែរ ប្រសិនបើមានអ៊ីនធឺណិត មន្ត្រីចុះឈ្មោះអ្នកបោះឆ្នោតអាចផ្ញើបានភ្លាមៗក៏បានដែរ។
ការសង្កេតរបស់អឺរ៉ា ក៏បង្ហាញថា ឧបករណ៍ដែលប្រើប្រាស់នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត មិនគ្រប់គ្រាន់ផងដែរ ដូចជាគ្មានកុំព្យូទ័រគ្រប់គ្រាន់ ហើយកុំព្យូទ័រខ្លះឆាប់អស់ថ្ម ហើយនៅតំបន់ដាច់ស្រយាលគ្មានអគ្គិសនី។
ដំណើរការធ្វើការងាររបស់មន្ត្រីចុះឈ្មោះបោះឆ្នោត ចំណាយពេលចន្លោះពី ៦នាទី ទៅ ១០នាទី សម្រាប់ចុះឈ្មោះមនុស្សម្នាក់។ លោក គល់ បញ្ញា ឲ្យដឹងថា ពេលវេលានេះលើសពីស្តង់ដារ ដែលត្រូវការត្រឹម ៥នាទីយ៉ាងច្រើន។
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតមានចំនួនសរុបជាង ៩,៦លាននាក់។
បន្ថែមទៀតនោះ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបង្ហាញថា ប្រជាពលរដ្ឋចំនួន ៥៤ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោតបានចូលរួមចុះឈ្មោះបោះឆ្នោតសាកល្បង។
លោក ហង្ស ពុទ្ធា បានពន្យល់ថា មានមូលហេតុមួយចំនួនដែលធ្វើឲ្យចំនួនអ្នកចូលរួមបោះឆ្នោតសាកល្បងនេះមានកម្រិតមធ្យម។ លោកថា អ្នកមួយចំនួនទៅចុះឈ្មោះតែម្នាក់ក្នុងមួយគ្រួសារ ហើយអ្នកខ្លះមិនសូវផ្ដល់តម្លៃដល់ការចុះឈ្មោះសាកល្បងនេះ ដោយសារពួកគេគិតថា នេះគ្រាន់តែជាការសាកល្បង ហើយអ្នកខ្លះទៀតជាប់រវល់បំពេញការងារ។
បើទោះជាមានការខ្វះខាតបែបនេះក្ដី តំណាងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា អ្នកស្រី វ៉ាន់ ហ៊ាលី (Wan Hea Lee) កោតសរសើរដល់ភាគីដែលពាក់ព័ន្ធដែលមកអង្គុយជុំគ្នាពិភាក្សារកដំណោះស្រាយរួមគ្នា ដើម្បីធ្វើឲ្យប្រព័ន្ធចុះឈ្មោះបោះឆ្នោតនៅកម្ពុជា មានភាពល្អប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។