លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) បានដាក់ពាក្យសុំធ្វើជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ លោកសន្យានឹងខិតខំប្រឹងប្រែងធ្វើការងារបោះឆ្នោតដើម្បីកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ឲ្យមានលក្ខណៈសេរី និងយុត្តិធម៌។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា បទពិសោធន៍ការងាររយៈពេល ១៧ឆ្នាំ ពាក់ព័ន្ធផ្នែកសង្គម និងការបោះឆ្នោត នឹងផ្តល់លទ្ធភាពឲ្យលោកជួយធ្វើកំណែទម្រង់ផ្នែកបោះឆ្នោតនៅកម្ពុជា។
បច្ចុប្បន្ននេះ មានបេក្ខជនចំនួន ៥០នាក់ បានបំពេញលិខិតសុំធ្វើជាសមាជិក គ.ជ.ប ប៉ុន្តែមានតែចំនួន ៣នាក់តែប៉ុណ្ណោះ ដែលបានបំពេញពាក្យសុំរួចរាល់ ហើយបានប្រគល់ជូនរដ្ឋសភាវិញ។
រដ្ឋសភាគ្រោងនឹងពិនិត្យនិងអនុម័តសមាជិក គ.ជ.ប ថ្មីចំនួន ៩នាក់ គឺ ៤នាក់តំណាងឲ្យគណបក្សប្រជាជនកម្ពុជា និង ៤នាក់ទៀតតំណាងឲ្យគណបក្សសង្គ្រោះជាតិ និងម្នាក់ទៀតជាបេក្ខជនឯករាជ្យ។
លោក ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីថ្ងៃអង្គារ ទី៣១ មីនា បានឯកភាពគ្នាជ្រើសរើសយកលោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតហៅថា និកហ្វិច ធ្វើជាបេក្ខភាពទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ទោះបីជាយ៉ាងណាក្តី លោក ហង្ស ពុទ្ធា បញ្ជាក់ថា មកទល់នឹងយប់ថ្ងៃទី៣១ មីនា លោកមិនទាន់ទទួលបានលិខិតជាផ្លូវការណាមួយពីគណបក្សទាំងពីរទទួលយកបេក្ខភាពលោកនៅឡើយទេ ប៉ុន្តែលោកបានត្រៀមខ្លួនជាស្រេចហើយ ប្រសិនបើបេក្ខភាពរបស់លោកត្រូវបានគណបក្សទាំងពីរទទួលយក៖ «ប្រសិនបើខ្ញុំមានឱកាសធ្វើការនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំគិតថា ខ្ញុំជាអ្នករួមចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា ឲ្យមានលក្ខណៈល្អប្រសើរ»។
លោកអះអាងថា ថ្វីត្បិតតែច្បាប់បោះឆ្នោត និងច្បាប់រៀបចំ គ.ជ.ប មានលក្ខណៈចន្លោះប្រហោងក៏ដោយ ក៏លោកសង្ឃឹមថា សមាជិក គ.ជ.ប អាចនឹងប្រឹងប្រែងធ្វើកំណែទម្រង់បន្ថែមទៀតដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌៖ «ខ្ញុំផ្ដើមចេញពីការតស៊ូមតិ។ ច្បាប់ក្រុមមនុស្សជាអ្នកបង្កើត ក្រុមមនុស្សក៏ជាអ្នកធ្វើកំណែទម្រង់ដើម្បីធ្វើឲ្យច្បាប់មួយល្អ មិនមែនកំណែទម្រង់ទេ គឺត្រូវកំណែទម្រង់រហូត»។
ចំណែកលោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (COMFREL) ដែលកន្លងមកធ្លាប់បង្ហាញការចាប់អារម្មណ៍ធ្វើសមាជិក គ.ជ.ប ទី៩ បញ្ជាក់ថា លោកមិនបានដាក់ពាក្យធ្វើជាសមាជិកថ្មីឡើយ ដោយសារតែគណបក្សនយោបាយទាំងពីរមិនបានបង្ហាញការចាប់អារម្មណ៍លើបេក្ខភាពរបស់លោក។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្វាគមន៍បេក្ខភាពលោក ហង្ស ពុទ្ធា ដែលមានបទពិសោធន៍ច្រើនក្នុងកិច្ចការងារបោះឆ្នោត៖ «លោក ពុទ្ធា គាត់យល់កិច្ចការបោះឆ្នោតដែរ ខ្ញុំគិតថា គាត់អាចចូលរួមកិច្ចការនេះបាន»។
បច្ចុប្បន្ននេះ លោក ហង្ស ពុទ្ធា មានវ័យ ៤៩ឆ្នាំ។ លោកទទួលបានបណ្ឌិតផ្នែកច្បាប់ពីសកលវិទ្យាល័យមួយនៅសហព័ន្ធរុស្ស៊ី កាលពីឆ្នាំ២០០០។ ដោយឡែកផ្នែកភាសាវិញ លោកអាចនិយាយភាសាអង់គ្លេស វៀតណាម និងរុស្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
