នៅថ្ងៃទី២៦ ខែវិច្ឆិកា គឺជាថ្ងៃចុងក្រោយដែលគណបក្សប្រជាជនកម្ពុជា ស្វាគមន៍អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចូលរួមបម្រើនយោបាយជាមួយបក្សខ្លួន ក្រោយរំលាយគណបក្សសង្គ្រោះជាតិ បានសម្រេចដូចបំណង។
ទោះយ៉ាងណា នៅថ្ងៃចុងក្រោយនេះ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ សង្កេតឃើញថា ចំនួនអ្នកចូលរួមជាមួយបក្សកាន់អំណាចមិនមានច្រើននោះឡើយ ហើយអ្នកដែលចូលរួមសុទ្ធតែជាអ្នកស្ថិតនៅក្រោមសម្ពាធនយោបាយ និងមានការភ័យខ្លាច ព្រោះមានការគំរាមកំហែងធ្ងន់ធ្ងរពីអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅតាមមូលដ្ឋាន។
គណបក្សកាន់អំណាចដាក់ឱសានវាទនៃការបើកចំហរង់ចាំទទួលស្វាគមន៍សកម្មជនគណបក្សសង្គ្រោះជាតិ ត្រឹមម៉ោង ៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប៉ានស្មានថា ទម្រាំដល់ម៉ោងយប់ ប្រហែលជាមានអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ចម្រុះប្រមាណជាង ២.៥០០នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបន្ថែមថា ការចុះចូលនេះ គឺដោយសារអតីតសកម្មជនបក្សប្រឆាំងមើលឃើញអំពីកម្មវិធីនយោបាយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា៖ «យើងមិនអាចអោយបងប្អូនធ្លាក់ខ្លួនទទួលរងនូវអំពើអយុត្តិធម៌ដោយមេបក្សប្រឆាំងរបស់ខ្លួននោះទេ ត្រូវតែអូសទាញអប់រំបងប្អូនអោយវាមានការគិតគូរហើយមានភ្ញាក់រលឹកដោយខ្លួនឯង ដើម្បីមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ខ្ញុំក៏សូមបដិសេធទាំងស្រុងចំពោះការឃោសនាទាំងឡាយណាដែលថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាល គំរាមកំហែងបងប្អូនអោយមកចូល»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា នៅថ្ងៃទី២៦ វិច្ឆិកា គឺជាថ្ងៃឱសានវាទ និងជាឱកាសចុងក្រោយរបស់សកម្មជនមកពីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយដោយសាលដីកាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន បន្តថា អ្នកដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកន្លងមកនេះ ដើម្បីរួមគ្នាពួតដៃកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
ឆ្លើយតបបញ្ហានេះ មន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោត និងនីតិកម្មនៃអគ្គនាយកដ្ឋានរដ្ឋបាលគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង លោក គង់ ម៉ាស់ មានប្រសាសន៍ថា ការប្រើយុទ្ធសាស្ត្រលួងលោមផង សម្លុតគំរាមកំហែងផង ប្រើទឹកលុយទិញផង និងសន្យាផ្តល់ និងរក្សាតួនាទីផង គឺមកដល់ពេលនេះ មានក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាប់ឆ្នោតគឺមិនដល់ ២០០នាក់នោះទេ ដែលចុះចូលជាមួយគណបក្សកាន់អំណាច។ លោកថា ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបង្កើនតួលេខខុសពីការពិត គឺដើម្បីបំភ័ន្តមតិមហាជន និងចង់បង្ហាញថា គណបក្សសង្គ្រោះជាតិបែកបាក់៖ «គេមិនអាចអូសទាញក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិបាន ដូច្នេះគេប្តូរយុទ្ធសាស្ត្រ។ តាមទិន្នន័យគេចង់ទាញក្រុមប្រឹក្សាគណបក្សឲ្យបានច្រើនជាងនេះ រហូតទៅដល់ទៅដល់ ១ពាន់ ទៅ ២ពាន់នាក់ ខណៈដែលក្រុមប្រឹក្សាយើងសរុបមានចំនួន ៥ពាន់ ៧នាក់ ប៉ុន្តែមកដល់ពេលនេះ បក្សប្រជាជនអូសទាញមិនបានដល់ ២០០នាក់ទេ។ អ៊ីចឹងក្រោយពេលបរាជ័យ គេខំទៅទិញបេក្ខជនបម្រុងដែលមិនជាប់ឆ្នោតយកមកបង្ហាញអោយច្រើន ដើម្បីបង្ហាញថា គណបក្សសង្គ្រោះជាតិ កំពុងបែកបាក់គ្នា»។
លោក គង់ ម៉ាស់ លើកឡើងថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មួយចំនួនបានរត់គេចពីផ្ទះ ព្រោះមិនចង់ប្រឈមមុខ និងធុញទ្រាន់នឹងការអូសទាញដដែលៗនោះ។
រីឯអនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម ស៊ុនឌឿន មានប្រសាសន៍ថា ការដាក់ឱសានវាទរបស់លោក ហ៊ុន សែន នេះ លែងមានប្រសិទ្ធភាពទៀតហើយ។ លោកថា ប្រសិនបើលោក ហ៊ុន សែន ចង់ឈ្នះខ្លាំងនោះ គួរតែខំប្រឹងដោះស្រាយបញ្ហារបស់ជាតិធំៗ៖ «យើងឃើញឱសានវាទមានប៉ុន្មានដងហើយ កាលពីថ្ងៃទី១៦ នោះម្តង ហើយឥឡូវមកយប់នេះវិញទៀត ដូច្នេះឱសានវាទមានច្រើនដងពេកគេមិនហៅថា ឱសានវាទទេ ហើយមនុស្សយូៗទៅ វាស៊ាំនឹងឱសានវាទនេះ វាទៅជារឿងធម្មតា។គណបក្សប្រជាជនកម្ពុជា គួរតែបោសសម្អាតអំពើពុករលួយ រៀបចំជាតិអោយមានអធិបតេយ្យ ហើយប្រសិនបើគាត់ធ្វើរឿងទាំងអស់នេះ គឺមិនបាច់ប្រណាំងប្រជែងជាមួយអ្នកណាទេ គឺគាត់នឹងឈ្នះ»។
មន្ត្រីផ្នែកច្បាប់ជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា ធ្លាប់បានអះអាងថា ការប្រើទឹកលុយអូសទាញ ឬការគំរាមកំហែងបង្ខិតបង្ខំឲ្យមន្ត្រីគណបក្សនយោបាយផ្សេងចុះចូលគណបក្សខ្លួន លោកចាត់ជាការប្រកួតប្រជែងដោយមិនស្មោះត្រង់ និងអសុចរិត។ លោកបន្តថា នៅក្នុងប្រទេសប្រជាធិបតេយ្យមួយ ដើម្បីឲ្យការបោះឆ្នោតអាចទទួលយកបានទាំងអស់គ្នា វាទាល់តែការបោះឆ្នោតហ្នឹងកើតចេញពីការបោះឆ្នោតដែលប្រកបដោយគោលការណ៍សេរី និងយុត្តិធម៌ ព្រោះគោលការណ៍នេះសំខាន់ណាស់សម្រាប់ប្រទេសប្រជាធិបតេយ្យបោះឆ្នោតជ្រើសរើសអ្នកតំណាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។