អ្នក​ឃ្លាំមើល៖ បើ​អត់​ពី​លោក ហ៊ុន សែន ទៅ​ប្រទេស​កាន់​តែ​មាន​សុខ​សន្តិភាព​ជាង​មុន

ដោយ តាំង សារ៉ាដា
2017-08-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា និយាយ​ថា ប្រសិន​បើ​កម្ពុជា អត់​ពី​លោក ហ៊ុន សែន ទៅ នោះ​ពលរដ្ឋ​នៃ​ប្រទេស​នេះ​កាន់​តែ​រស់​ដោយ​ភាព​សុខសាន្ត ហើយ​រដ្ឋ​សភា​ជាតិ​នឹង​ធ្វើ​ការ​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី​បាន​ល្អ​ជាង​មុន។ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​យល់​ឃើញ​ទៀត​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង នៅ​ពេល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នោះ​ទេ ព្រោះ​គណបក្ស​នេះ​គ្មាន​កម្លាំង​ទ័ព ហើយ​មេទ័ព​ជា​ច្រើន​ក៏​មិន​ចង់​ធ្វើ​សង្គ្រាម​សម្លាប់​ជាតិ​សាសន៍​ឯង​នោះ​ដែរ។

មេដឹកនាំ​ខ្មែរ​តែង​អួត​មិន​ដាច់​ពី​មាត់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន ជា​រដ្ឋាភិបាល​ដែល​រក្សាសុខ​សន្តិភាព​ភាព​សុខសាន្ត និង​ការ​អភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ។

លោក ហ៊ុន សែន តែង​ប្រកាស​ប្រាប់​សាធារណជន​ថា មាន​តែ​រដ្ឋាភិបាល​របស់​លោក​ទេ ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ចាក​ផុត​ពី​ភាព​ក្រីក្រ ចាក់​ផុត​ពី​គ្រោះ​ទុរភិក្ស ហើយ​រស់​នៅ​ដោយ​សុវត្ថិភាព​ក្នុង​ប្រទេស។ ប៉ុន្តែ​ក្រៅ​ពី​ការ​អួត​ទាំង​នេះ លោក ហ៊ុន សែន ក៏​ពូកែ​ខាង​គំរាម​ក្នុង​ការ​ធ្វើ​សង្គ្រាម​ជាមួយ​ជន​ណា​ដែល​ហ៊ាន​ប្រជែង​អំណាច​ជាមួយ​លោក​មិន​ស្ទើរ​ដែរ សូម្បី​តែ​ប្រសិនបើ​លោក​ស្លាប់​ក៏ដោយ ក៏​លោក​អាច​បន្សល់​ភាព​ចលាចល​សង្គម​មួយ​ឲ្យ​កើត​ឡើង​បាន​ដែរ។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា លោក ហ៊ុន សែន បាន​ថ្លែង​ចំពោះ​មុខ​ក្រុម​កីឡាករ​មុន​នឹង​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម (SEA Games) នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) នៅ​ពេល​ខាង​មុន​នេះ​ថា ប្រសិនបើ​លោក​ស្លាប់​ទៅ នោះ​ស្ថានការណ៍​របស់​ប្រទេស​នឹង​ជួប​គ្រោះអាក្រក់​សម្រាប់​ប្រទេស​ជាតិ​ទៅ​វិញ​ទេ។

​លោក​គំរាម​ថា ប្រសិន​អត់​ពី​លោក​ទៅ នោះ​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​រាប់​តាំង​ពី​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រហូត​ដល់​អនុ​រដ្ឋលេខាធិការ​ដែល​មាន​មុខងារ​នយោបាយ នឹង​ត្រូវ​រលាយ​ទៅ​តាម​លោក​ជា​ស្វ័យប្រវត្តិ​ភ្លាម​ដែរ។ លោក​ថា មាន​តែ​ក្រុម​យោធា និង​ក្រុម​នគរបាល​ទេ​ដែល​ជា​អ្នក​គ្រប់គ្រង​សភាពការណ៍៖ «នៅ​ទី​នេះ​មាន​អគ្គបញ្ជាការ ប៉ុល សារឿន អគ្គ​នគរបាល​ជាតិ នេត សាវឿន អគ្គបញ្ជាការ​រង និង​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សៅ សុខា ប៉ុន្តែ​នៅ​មាន​បណ្ដា​អង្គភាព​ដទៃ​ទៀត​ដែល​ពេល​ហ្នឹង​ជួនកាល​មាន​ការ​ញុះញង់ គឺ​វាយ​គ្រឹប​តែម្ដង ខ្មោច​មិន​អាច​ងើប​មក​ត្រួតត្រា​សភាពការណ៍​ទេ ហើយ ទៀ បាញ់ ក៏​អស់​តំណែង ស ខេង ក៏​អស់​តំណែង តើ​ទៅ​ត្រួត​ពី​ណា​ទៀត? អ៊ីចឹង​រឿង​ហ្នឹង ពេល​ខ្លះ​ត្រូវ​យល់​កុំ​ចង់​ឲ្យ ហ៊ុន សែន ងាប់ ទុក ហ៊ុន សែន ដើម្បី​នឹង​គ្រប់គ្រង»

ពាក្យ​គំរាម​របស់​លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​ក្នុង​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ទាំង​នេះ​ហើយ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​មួយ​ចំនួន​នាំ​គ្នា​ហាត់​រៀន​តាម​ដូចជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ គំរាម​វ៉ៃ​ឲ្យ​បែក​ធ្មេញ និង​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច លោក វង សូត គំរាម​សំពង​ក្បាល​នឹង​គល់​ឫស្សី​ចំពោះ​ជន​ណា​ដែល​ហ៊ាន​ចេញ​តវ៉ា​លទ្ធផល​ឆ្នោត​ដូច​កាល​ពី​ឆ្នាំ​២០១៣ ទៀត។

ប្រ៊ែដ អាដាម ២០១៥ ៨៥៥
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ Photo: RFA

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ខ្លះ​និយាយ​ថា ការ​គំរាម​របស់​លោក ហ៊ុន សែន កន្លង​មក​ដូចជា​រំលាយ​របប​រាជា​និយម បិទ​ទ្វារ​វ៉ៃ​ឆ្កែ ឧបត្ថម្ភ​ក្ដារមឈូស​ចំពោះ​ជន​ណា​ដែល​ហ៊ាន​តវ៉ា​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម និង​ការ​ផ្ទុះ​សង្គ្រាម​ឡើង​វិញ ប្រសិន​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​នោះ បាន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​របស់​លោក​កាន់​តែ​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទៅ​វិញ​ហើយ​ប្រជាប្រិយភាព​របស់​បាន​ងាក​រក​គណបក្ស​ប្រឆាំង​ទៅ​វិញ។

នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ កាល​ពី​ខែ​មិថុនា កន្លង​ទៅ គណបក្ស​កាន់​អំណាច​បាន​ជ្រុះ​បាត់​តំណែង​មេ​ឃុំ និង​ចៅសង្កាត់​របស់​ខ្លួន​ចំនួន ៤៥០​អាសនៈ ក្នុង​ចំណោម​អាសនៈ ១.៦៤៦។

គណបក្ស​សង្គ្រោះ​ជាតិ​បាន កើន​អាសនៈ​មេ​ឃុំ និង​ចៅសង្កាត់​ពី ៤០​ឃុំ-​សង្កាត់ ក្នុង​ឆ្នាំ​២០១២ ទៅ ៤៨៩​ឃុំ-​សង្កាត់ ក្នុង​ឆ្នាំ​២០១៧ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង ៣​លាន​សំឡេង​ក្នុង​ចំណោម​អ្នក​បាន​ទៅ​បោះឆ្នោត​ជាង ៧​លាន​នាក់។ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង ៣,៥​លាន​សំឡេង និង​គ្រប់គ្រង​តំណែង​មេ​ឃុំ-​ចៅសង្កាត់ ចំនួន ១.១៥៦​ឃុំ-​សង្កាត់។

អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ខ្លះ​និយាយ​ថា ប្រសិនបើ​លោក ហ៊ុន សែន បើក​យុទ្ធនាការ​គំរាមកំហែង​ធ្វើ​ទុក្ខបុកម្នេញ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​កាន់​តែ​ខ្លាំង នោះ​ប្រជាប្រិយភាព ឬ​សំឡេង​គាំទ្រ​របស់​លោក​កាន់​តែ​ចុះ​ទន់ខ្សោយ​ត្រដរ​ខ្យល់​ក៏​កាន់​ខ្លាំង​ដែរ។ ​ម្យ៉ាង​ទៀត ការ​អួត​របស់​លោក ហ៊ុន សែន អំពី​សមិទ្ធផល សន្តិភាព និង​ការ​អភិវឌ្ឍ​កាន់តែ​គ្មាន​ន័យ ហើយ​ពលរដ្ឋ​កាន់​តែ​ចាត់​ទុក​ពាក្យ​អួត​របស់​លោក​គ្រាន់តែ​ពាក្យ​កុហក​ដល់​មហាជន ក្នុង​ន័យ​បិទបាំង​ការពិត ស្ថិត​ក្រោយ​វាំងនន​ខ្មៅ​របស់​សង្គម​មួយ​ដែល​ដឹកនាំ​ដោយ​បក្សពួក និង​ត្រកូល​ហ៊ុន​របស់​លោក​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ថា ប្រសិនបើ​កម្ពុជា អត់​លោក ហ៊ុន សែន ទៅ​នោះ ប្រទេស​នឹង​កាន់​តែ​មាន​សុខ​សន្តិភាព ហើយ​សង្គម​កាន់​តែ​មាន​ភាព​សុខដុមរមនា​ក្រោម​នីតិរដ្ឋ។

លោក​បន្ត​ថា ប្រសិនបើ​អស់ពី​លោក ហ៊ុន សែន ទៅ​នោះ​រដ្ឋ​សភា​ជាតិ នឹង​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី ហើយ​រដ្ឋាភិបាល​ថ្មី​នោះ​នឹង​រៀបចំ​គណៈរដ្ឋមន្ត្រី​ថ្មី​ឡើង​វិញ។ ដូច្នេះ​គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​នោះ​ទេ៖ «សម្ភី​របស់​លោក ហ៊ុន សែន ជា​របៀប​សម្ដី​របស់​ជន​ផ្ដាច់ការ។ គេ​បញ្ចុះបញ្ចូល​ខ្លួន​គេ​ផ្ទាល់ និង​មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន​គេ​ថា បើ​អត់​ពី​ការ​កាន់​កាប់​អំណាច​របស់​គេ​ទៅ នោះ​ជីវិត​របស់​អ្នក​ដែល​នៅ​ជុំវិញ ពួកគេ​នឹង​មិន​អាច​រស់​រាន​មាន​ជីវិត​បាន​ទេ។ ខ្ញុំ​គិត​ថា កម្ពុជា នឹង​ក្រោក​ឡើង​ឃើញ​ផ្ទៃមេឃ​ខៀវ​ស្រឡះ​នៅ​ថ្ងៃ​បន្ទាប់​ទៅ​វិញ​ទេ ប្រសិន​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ដោយ​ការ​បោះឆ្នោត ឬ​ដោយសារ​លោក​មាន​ជំងឺ​ដោយ​ប្រការ​ណា​មួយ។ ដូច្នេះ​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ​នឹង​នៅ​តែ​បន្ត​ដដែល ប្រសិនបើ​គ្មាន​មេដឹកនាំ​ដូចជា​រូប​លោក​នោះ។ បើ​គណបក្ស​ប្រឆាំង​គ្មាន​កម្លាំង​ទ័ព​ផង​នោះ តើ​ទៅ​មាន​សង្គ្រាម​ឯ​ណា​ប្រសិនបើ​លោក ហ៊ុន សែន ស្លាប់​ទៅ​មែន​នោះ។ តាម​ពិត​ទៅ​អ្នក​ដែល​ចង់​បាន​សង្គ្រាម​កើត​ឡើង គឺ​មាន​តែ​លោក ហ៊ុន សែន ម្នាក់​ឯង​ប៉ុណ្ណោះ»

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ទេ ប៉ុន្តែ​កន្លង​មក​រដ្ឋាភិបាល​កម្ពុជា តែង​ចាត់​ទុក​ការ​រិះគន់​របស់​លោក ប្រ៊ែដ អាដាម ថា ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ដែល​ចាក​ផុត​ពី​ការ​ដឹកនាំ​របស់​ជន​ផ្ដាច់ការ​ទៅ​ហើយ​នាំ​ឲ្យ​ប្រទេស​នោះ​កាន់​តែ​រីកចម្រើន​ទៅ​មុខ ដូចជា​ករណី​ប្រទេស​ហ្វីលីពីន (Philippines) ដែល​ប្រទេស​នេះ​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ្វើឌីណាន់ ម៉ាកកូស (Ferdinand Marcos)។ ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក មូហាម៉ាត់ ស៊ូហាតូ (Muhammad Suharto)។ ប្រទេស​ម៉ាឡេស៊ី (Malaysia) ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក មាហាធៀ មូហាម៉ាត់ (Mahathir Mohamad) និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។

ងាក​មក​ប្រទេស​កម្ពុជា ឯ​ណេះ​វិញ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់​តែ​បោះពួយ​ក្នុង​ការ​ការពារ​អំណាច​របស់​លោក​តាម​គ្រប់​មធ្យោបាយ។

ប្រភព​ព័ត​មាន​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ខ្លះ​បាន​ឲ្យ​ដឹង​ថា ភូមិគ្រឹះ​របស់​លោក ហ៊ុន សែន ក្នុង​ក្រុង​តាខ្មៅ ជាយ​ក្រុង​ភ្នំពេញ ឯ​ណោះ​គេ​ឃើញ​មាន​បំពាក់​រថក្រោះ រថពាសដែក និង​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​រាប់​មិន​អស់​ដាក់​បញ្ឈរ​ត្រៀម​រួច​ជាស្រេច អម​ដោយ​កង​អង្គរក្ស​រាប់​ពាន់​នាក់​ពី​កងពល ង-​៧០ រង់ចាំ​ការពារ​អំណាច​នឹង​ក្រុម​គ្រួសារ​របស់​លោក​ក្នុង​គ្រា​ដែល​មាន​ការ​ងើប​បះបោរ ឬ​បំណង​ក្នុង​ការ​ផ្ទេរ​អំណាច​ដោយ​ប្រការ​ណា​មួយ។

ឡៅ ម៉ុងហៃ ៨៥៥ ២០១៧
អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA Photo: RFA

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​សន្តិភាព និង​ការ​អភិវឌ្ឍ​នោះ មេដឹកនាំ​មិន​ចាំបាច់​បំពាក់​កម្លាំង​ទាំង​នេះ​ខ្លាំងក្លា​ពេក​នោះ​ទេ៖ «ហើយ​ក្នុង​កាលៈទេសៈ​មួយ​ដែល​រដ្ឋាភិបាល​តែង​ប្រកាស​ថា មាន​សន្តិភាព​នោះ​គេ មិន​គួរ​មាន​អង្គរក្ស​ច្រើន​បែប​ហ្នឹង ដូចជា​អាវុធ​យុទ្ធភណ្ឌ មិន​ត្រូវ​ខ្លាំង​ពេក​ទេ។ ចំនួន​គឺ​ត្រូវ​តិច ហើយ​សព្វាវុធ​ត្រឹម​ល្មម​បាន​ហើយ»

​ក្រៅ​ពី​លោក ហ៊ុន សែន មាន​កងកម្លាំង​អង្គរក្ស​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន លោក​ក៏​មាន​អ្នកទោស​មនសិការ​ជាង ២០​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​បែក​ពី​ក្រុម​គ្រួសារ​យ៉ាង​រង​ទុក្ខវេទនា​ផង​ដែរ ខណៈ​គ្រួសារ​ត្រកូល​ហ៊ុន​របស់​លោក​កំពុង​រស់​នៅ​យ៉ាង​សុខសាន្ត​លើ​គំនរ​មាស​ប្រាស់​ដ៏​មហាសាល។

​ក្រុម​អ្នកស្រាវជ្រាវ​ខ្លះ​រក​ឃើញ​ថា កូនៗ​របស់​លោក ហ៊ុន សែន មាន​ភាគហ៊ុន​ផ្ដាច់មុខ​រាប់​រយ​លាន​ដុល្លារ​ដែល​រក​ស៊ី​គ្មាន​តម្លាភាព។

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ បាន​រក​ឃើញ​ថា ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​កាន់កាប់​ក្រុមហ៊ុន និង​ភាគ​ហ៊ុន​ដោយ​សម្ងាត់​ជា​ច្រើន​ដែល​ក្រុមហ៊ុន​ខ្លះ​កំពុង​រំលោភ​សិទ្ធិមនុស្ស ហើយ​ខ្លះ​ទៀត​កំពុង​រំលោភ​ច្បាប់។

អង្គការ​អន្តរជាតិ​មួយ​នេះ​រក​ឃើញ​ថា គ្រួសារ​ត្រកូល​ហ៊ុន បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់​កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ចំនួន​ទឹក​ប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ពិតប្រាកដ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល​ហ៊ុន ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លបល វីនេស អះអាង​ថា ពួកគេ​អាច​មាន​ភាគហ៊ុន​ច្រើន​ជាង​នេះ ហើយ​ដែល​មិន​ប្រកាស​ឲ្យ​ដឹង​ដោយ​តម្លាភាព។

​ដូច្នេះ​ការ​អួតអាង​របស់​លោក ហ៊ុន សែន ដែល​មិន​ដាច់​ពី​មាត់​ថា រដ្ឋាភិបាល​របស់​លោក​​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ចាក​ផុត​ពី​ភាព​ក្រីក្រ ចាក់​ផុត​ពី​គ្រោះ​ទុរភិក្ស ហើយ​រស់​នៅ​ដោយ​សុវត្ថិភាព​ក្នុង​ប្រទេស​នោះ ទំនង​កំពុង​ស្ថិត​ក្នុង​ភាព​មន្ទិលសង្ស័យ​នៅ​ឡើយ ខណៈ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​មិន​ទាន់​ហ៊ាន​បើក​ការ​ស៊ើបអង្កេត​អំពី​ការ​រក​ឃើញ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក


ហ៊ុន សែន ជាអ្នកបង្កអសន្តិសុខក្នុងសង្គម ដូច្នេះបើអស់ពី ហ៊ុន សែន ទៅប្រទេសនឹងមានសន្តិសុខហើយ រឿងហ្នឹងមិនបាច់ឆ្ងល់ទេ។ មួយវិញទៀត បើអស់ពី ហ៊ុន សែន ទៅរដ្ឋាភិបាលថ្មីនឹងគិតគូរពីរឿងព្រំដែនជាមួយយួនម្តងទៀតព្រោះយួនបានប្លន់ដីខ្មែរ។ ប្រជារាស្ត្រខ្មែរមិនត្រូវការ ហ៊ុន សែន ទេគេត្រូវការអ្នកដឹកនាំពិតៗ មិនមែនជាអាយ៉ង គឺអ្នកដឹកនាំឡើងកាន់អំណាចដោយសម្លេងឆ្នោត មិនមែនលើកបន្តុបដោយយួន។ នាទីណានៅមាន ហ៊ុន សែន នាទីនោះរាស្រ្តគ្មានសេចក្តីសុខ។

Aug 11, 2017 08:11 PM

LYKONG

ពី PHNOM PEHN

គ្មានប្រជាជនណាជឿការគំរាមកំហែងរបស់គាត់ទេ។បើគាត់ស្លាប់មែនប្រជាជនច្បាស់ជាបានសេចក្ដីសុខក្ដុមរមនាជាមិនខាន​
ប្រជាជនមិនភយ័ខ្លាចគេដេញចេញយកដីយកផ្ទះរបស់គាត់ឡើយ។សព្វ
ថៃ្ងនេះក្នុងរបបគាត់ៗបញ្ជាកូនចៅគាត់ឲ្យចាប់អ្នកស្នេហាជាតិដែលប្រឆាំ
និងគាត់យកទៅដាក់គុកដើម្បីអំណាចរបស់គាត់៕

Aug 11, 2017 08:08 PM

គេហទំព័រ​ទាំងមូល