កម្មករ​រោងចក្រ​អូសេអង់​គ្រោង​ហែ​ក្បួន​ទៅ​ផ្ទះ​លោក ហ៊ុន សែន ថ្ងៃ​ស្អែក

កម្មករ​រោងចក្រ អូសេអង់ (Ocean) មាន​គម្រោង​ហែ​ក្បួន​ទៅ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​មិថុនា សុំ​អន្តរាគមន៍​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ បើកប្រាក់​ខែ​ឲ្យ​ពួកគេ ១០០% ទោះបី​រោងចក្រ​គ្មាន​ការងារ​ឲ្យ​ពួកគេ​ធ្វើ​ក៏ដោយ ជា​ថ្នូរ​នឹង​ការ​សង​ជំងឺ​ចិត្ត​ដែល​រោងចក្រ​បាន​ព្យួរ​ការងារ​មិន​ប្រាប់​កម្មករ​ឲ្យ​ដឹង​មុន។

សំឡេង​កម្មករ៖ «លុយ​ដែល​ខ្ញុំ​បើក​ថ្ងៃ​ទី​៧ ហ្នឹង គឺ​ខ្ញុំ​បើក​លុយ​ដែល​ខ្ញុំ​ធ្វើ​ការ​នៅ​ខែ​ឧសភា បើក​ចាប់​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២៤។ កាត់​តែ​លុយ​ថ្ងៃ​អត់​ធ្វើការ​ឲ្យ​គេ គឺ​កាត់​អត់​ឲ្យ​បាន​ទាំង​អស់​តែម្ដង»

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ អូសេអង់ ឲ្យ​ដឹង​ទៀត​ថា ថៅកែ​រោងចក្រ​បាន​បើក​លុយ​ប្រចាំ​ខែ​ឧសភា ចំនួន ២៤​ថ្ងៃ ជា​ថ្ងៃ​ដែល​កម្មករ​បាន​ធ្វើ​ការ ចំណែក​ថ្ងៃ​កម្មករ​​ធ្វើ​បាតុកម្ម​ពី​ថ្ងៃ​២៤ មក ថៅកែ​មិន​បើក​លុយ​ឲ្យ​ពួកគេ​ទេ។

កម្មករ​រោងចក្រ​អូសេអង់ បាន​តវ៉ា​ប្រឆាំង​នឹង​ការ​បិទ​រោងចក្រ ពី​ថ្ងៃ​២៤ ខែ​ឧសភា មក​ដល់​បច្ចុប្បន្ន។

ក្រុម​កម្មករ​បាន​ទាមទារ​ប្រាក់ខែ​រង់ចាំ​ការងារ ៥០%។ ក្រោយ​ពី​ការ​ចរចា​ច្រើន​លើក​រវាង​សហជីព​តំណាង​កម្មករ ក្រសួង​ការងារ និង​សមាគម​កាត់ដេរ​មក ខាង​រោងចក្រ​សម្រេច​ផ្ដល់​ប្រាក់ខែ​រង់ចាំ​​​ការងារ​ដល់​កម្មករ​តែ ១៥​ដុល្លារ​តែប៉ុណ្ណោះ។ កម្មករ​ប្រឆាំង​នឹង​ការ​ផ្ដល់​ប្រាក់ខែ ១៥​ដុល្លារ​នោះ ហើយ​ពួកគេ​ទាមទារ​ប្រាក់ខែ​ក្នុង​ពេល​រង់ចាំ​មាន​ការងារ ១០០% វិញ និង​ធ្វើ​ការ​តវ៉ា​ដោយ​ហែ​ក្បួន​មក​ដល់​ក្រសួង​ការងារ និង​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។