គណបក្សប្រឆាំងបញ្ជាក់ថា ការបដិសេធមិនបង្កើតគណៈកម្មការឯករាជ្យនេះ គឺជាការបិទផ្លូវចរចាមួយដោយសន្តិវិធី។ បញ្ហានេះបានជំរុញឲ្យមេដឹកនាំគណបក្សប្រឆាំងប្រកាសថ្ងៃជាក់លាក់ថា នឹងធ្វើបាតុកម្មនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ នៅទីលានប្រជាធិបតេយ្យ គឺមុនពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនៅដើមខែក្រោយនេះ។ ក្រុមអ្នកវិភាគបញ្ជាក់ថា អ្នកនយោបាយត្រូវព្យាយាមចរចាគ្នាឲ្យអស់លទ្ធភាពជាមុនសិន មុននឹងសម្រេចចិត្តធ្វើមហាបាតុកម្ម ហើយថាការធ្វើបាតុកម្ម កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ច និងមានភាពចលាចល។
អ្នកវិភាគនយោបាយចាត់ទុកការប្រកាសធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ គឺជាជំហានចុងក្រោយដែលគណបក្សប្រឆាំងកំពុងទាញយកសំឡេងគាំទ្រមហាជនឲ្យគាបសង្កត់ទៅលើភាគីជម្លោះរបស់ខ្លួន។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា គណបក្សប្រឆាំងហាក់គ្មានជម្រើសអ្វីផ្សេងទៀត ក្រៅពីធ្វើមហាបាតុកម្មដើម្បីយកមតិមហាជនដាក់សម្ពាធទៅលើរដ្ឋាភិបាលសព្វថ្ងៃនេះទេ។
លោកបញ្ជាក់ថា គណបក្សប្រឆាំងនិងពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេសបានសម្ដែងការមិនពេញចិត្ត និងមិនទុកចិត្ត គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។ រីឯយន្តការពិភាក្សារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ហាក់មិនដំណើរការទៅមុខដែលធ្វើឲ្យច្រកដោះស្រាយបញ្ហាត្រូវជាប់គាំង។
លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា ប្រសិនបើមហាបាតុកម្មមានមែននោះ លោកសង្ឃឹមថា អំពើហិង្សានឹងមិនកើតចេញពីក្រុមបាតុករជាពលរដ្ឋនោះទេ។ ផ្ទុយទៅវិញអាចមានក្រុមខ្លះដែលបន្លំខ្លួន បង្កឲ្យមានបញ្ហាក្នុងហ្វូងបាតុកម្ម។
អ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី គាំទ្រឲ្យមានមហាបាតុកម្មអហិង្សាទូទាំងប្រទេសកើតឡើងជាអ្វីដែលលោកគិតថា អាចជាមេរៀនប្រជាធិបតេយ្យដើម្បីបង្រៀនដឹកនាំ និងគាំទ្រនយោបាយនៅតាមមូលដ្ឋានឲ្យដឹងពីវិធីសាស្ត្រក្នុងការប្រើប្រាស់សិទ្ធិតាមបែបលទ្ធិប្រជាធិបតេយ្យ ពិសេសបាតុកម្មអហិង្សានោះអាចជាបច្ច័យមួយដើម្បីឲ្យអ្នកដឹកនាំ និងមន្ត្រីសាធារណៈទាំងអស់ឆ្លើយតបចំពោះតម្រូវការរបស់ពលរដ្ឋក្នុងរយៈពេល ៥ឆ្នាំ នៃអាណត្តិគ្រប់គ្រងរបស់ខ្លួន។
ទាក់ទងគម្រោងធ្វើបាតុកម្មរបស់គណបក្សប្រឆាំង នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច យល់ឃើញថា ប្រសិនបើគណបក្សសង្គ្រោះជាតិ កៀរគរអ្នកបាតុករចាប់ពី ២លាននាក់ឡើងទៅ នោះវាអាចក្លាយជាសម្ពាធខ្លាំងដល់អ្នកនយោបាយ។ ផ្ទុយទៅវិញបើរកបាតុករ ២ ទៅ ៣ម៉ឺននាក់មិនបានទេនោះ វារឹតតែធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានឥទ្ធិពលនិងដាក់របៀបវារៈនយោបាយឲ្យគណបក្សប្រឆាំងចុះទាប។ ដូច្នេះមានន័យថា ទាន់ឱកាសដែលគណបក្សប្រឆាំងនៅមានទឹកមាត់ប្រៃក្នុងការចរចានោះ គប្បីប្រើប្រាស់វិធីសាស្ត្រចរចាចំនួន ៣ចំណុចសំខាន់។
លោក សុខ ទូច ផ្ដល់អនុសាសន៍ចំនួន ៥ចំណុចដែលអ្នកនយោបាយត្រូវគិតពិចារណាឈានទៅរកដំណោះបញ្ហាជាប់គាំងនយោបាយ គឺទី១ ផ្ដល់ឱកាសអោយក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបញ្ចប់ភារកិច្ចរបស់ខ្លួនតាមនីតិវិធី។ ទី២ យ៉ាងព្រះមហាក្សត្រតាមមាត្រាទី៨ និងទី៩ មកធ្វើជាអាជ្ញាកណ្ដាល ទី៣ ត្រូវធ្វើប្រជាមតិប្រជាជន ទី៤ ដាក់សំណួររបស់គណបក្សនីមួយៗឲ្យពលរដ្ឋផ្ដល់មតិថា គាំទ្រ ឬមិនគាំទ្រការបោះឆ្នោតម្ដងទៀត ឬយ៉ាងណា? ទី៥ បង្កើតយន្តការដែលមិនធ្វើអោយមានភាពជាប់គាំងនយោបាយទៅថ្ងៃអនាគតដោយតម្រូវឲ្យឈប់បោះឆ្នោតលើកដៃក្នុងសភា កំណត់អាណត្តិនាយករដ្ឋមន្ត្រី កងកម្លាំងត្រូវមានអព្យាក្រឹតភាព ថវិការបស់ស្ថាប័នពុករលួយ និងស្ថាប័នតុលាការ ត្រូវអនុម័តដោយសភា និងត្រូវធ្វើកំណែទម្រង់ គ.ជ.ប។
គណបក្សសង្គ្រោះជាតិ បានព្យាយាមស្នើសុំម្ដងហើយម្ដងទៀតឲ្យបង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។ យ៉ាងណាការស្នើសុំនោះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់នៅថ្ងៃទី២៨ ខែសីហា ថាវាហាក់ដូចជាយឺតពេលហើយសម្រាប់ការបង្កើតឲ្យគណៈកម្មការនោះចេញជារូបរាង។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការបង្កើតគណៈកម្មការពិសេសស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតនៅពេលនេះ វាឥតប្រយោជន៍នោះទេ។ លោកបន្តថា វិវាទរឿងបោះឆ្នោតតាមច្បាប់បោះឆ្នោតនិងរដ្ឋធម្មនុញ្ញ គឺត្រូវឲ្យ គ.ជ.ប ជាអ្នកដោះស្រាយ។ប្រសិនបើមិនសុខចិត្តចំពោះការសម្រេចរបស់ គ.ជ.ប ទេនោះ នាទីបន្ទាប់គឺទៅក្រុមប្រឹក្សាធម្មនុញ្ញដែលមានភារៈពិនិត្យ និងដោះស្រាយនូវពាក្យបណ្ដឹងជុំវិញការបោះឆ្នោត។
ការបដិសេធជាចំហរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជននៅពេលនេះ ជំរុញឲ្យគណបក្សប្រឆាំងសម្រេចចិត្តភ្លាមៗធ្វើបាតុកម្មផ្លូវការនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ។ ខណៈដែលពីមុន គណបក្សនេះបានព្យាយាមមិនទម្លាយឲ្យដឹងពីកាលបរិច្ឆេទច្បាស់នៃថ្ងៃធ្វើបាតុកម្ម។ តាមគម្រោងភ្នំពេញ ជាកន្លែងដែលផ្ទុះបាតុកម្មមុនគេ មុននឹងឈានទៅដល់បណ្ដាខេត្តដទៃទៀត ដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យ និងប្រឆាំងលទ្ធផលបោះឆ្នោតប្រកាសដោយ គ.ជ.ប នៅថ្ងៃទី៨ ខែកញ្ញា នេះបើតាមការអះអាងពីលោក កឹម សុខា។
គណបក្សប្រឆាំងរំពឹងថា ចំនួនមហាជនច្រើនជាង ២០.០០០នាក់ នឹងចូលរួមក្នុងបាតុកម្មនៅថ្ងៃដំបូង ហើយចំនួននេះអាចនឹងទៅរួច ព្រោះគណបក្សប្រឆាំងបានស្ទាបស្ទង់កម្លាំងអ្នកគាំទ្រម្ដងរួចមកហើយក្នុងវេទិកាជួបជុំមួយនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣។ រីឯកម្លាំងបាតុករមហាជននៅតាមបណ្ដាខេត្តអាចនឹងងើបឡើងជាបន្តបន្ទាប់នៅគ្រាដែល លោក សម រង្ស៊ី និងលោក កឹម សុខា បានបំផុសគំនិតឲ្យចូលរួមបាតុកម្មតាមរយៈវេទិកាសំណេះសំណាលជាមួយអ្នកគាំទ្រយ៉ាងមមាញឹកក្រោយការបោះឆ្នោត។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ក្រុមបាតុករដែលចូលរួមបាតុកម្មនៅថ្ងៃទី៧ ខែកញ្ញា នឹងត្រៀមពីចម្ងាយដើម្បីហ្វឹកហាត់ និងសមជើងត្រៀមទុកមុន ប្រសិនបើមានការបង្ក្រាបណាមួយពីអាជ្ញាធរ។ យ៉ាងណាបាតុកម្មនោះ ខាងគណបក្សសង្គ្រោះជាតិ នឹងព្យាយាមទប់ស្កាត់មិនឲ្យធ្លាយហួសរឿងហិង្សា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតបានព្រមានលោក សម រង្ស៊ី និងអ្នកចូលរួមបាតុកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងករណីបង្កបាតុកម្មហិង្សាបំផ្លិចបំផ្លាញសន្តិសុខជាតិ។
ក្រោយការបោះឆ្នោតមានការចល័តកម្លាំងមានសមត្ថកិច្ច កម្លាំងកងរាជអាវុធហត្ថ និងរថក្រោះជាច្រើនគ្រឿងត្រៀមបង្ក្រាបក្រុមបាតុករ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ប្រសិនបើបាតុកម្មឈានទៅដល់ហិង្សានោះអាជ្ញាធរនឹងមានការបង្ក្រាបជៀសមិនរួច។
មន្រ្តីសិទ្ធិមនុស្សមើលឃើញថា មហាជនហាក់ក្លាហានចេញមុខប្រឆាំងនិងទាមទាររកយុត្តិធម៌ដោយចំហ ខុសប្លែកពីការបោះឆ្នោតអាណត្តិមុនៗ ដោយសារតែពលរដ្ឋបានយល់ដឹងច្រើនពីសិទ្ធិសេរីភាពរបស់ខ្លួន។
ពលរដ្ឋម្នាក់ដែលចូលរួមជួបជុំជាមួយគណបក្សប្រឆាំងកាលពីថ្ងៃទី២៦ ខែសីហា បានឡើងលើវេទិកាដោយស្នើសុំត្រង់ៗឲ្យមានបាតុកម្ម ហើយលោកនឹងចូលរួមបាតុកម្ម និងហ៊ានបូជាជីវិត ប្រសិនបើមានការបង្ក្រាបណាមួយពីរដ្ឋាភិបាល។
យ៉ាងណាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច យល់ឃើញថា បាតុកម្មអាចនឹងធ្វើទៅបាន ប៉ុន្តែអ្នកដែលព្រួយបារម្ភខ្លាំងមិនមែនមេដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយទាំងពីរនោះទេ។ ប្រជាពលរដ្ឋដែលមានចំណូលត្រឹមតែមួយដុល្លារក្នុងមួយថ្ងៃ នឹងជួបវិបត្តិសេដ្ឋកិច្ចឆ្នាំងបាយនេះមិនទាន់រាប់ពីម៉ាក្រូសេដ្ឋកិច្ច ការវិនិយោគ វិស័យទេសចរណ៍ និងឧស្សាហកម្មកម្រិតធ្ងន់នៅឡើយ។
តាមគំនិតលោក អ្នកនយោបាយគួរប្រើប្រាស់ឲ្យអស់លទ្ធភាពចរចា និងកុំអាលយកកម្លាំងប្រជាជនធ្វើជាដំណោះស្រាយស្វែងរកយុត្តិធម៌។ លោក សុខ ទូច បញ្ជាក់ថា យុត្តិធម៌មិនមែនឋិតនៅលើកម្លាំងនោះទេ។ ជាបទពិសោធន៍ផ្ទាល់ កម្ពុជាធ្លាប់ធ្វើសង្គ្រាមតាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៣ ហើយការឈ្នះសង្គ្រាមមិនមែនកើតចេញពីកម្លាំងទេ គឺកើតចេញពីការចរចាគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
