ថ្ងៃទី១ ខែកញ្ញា គឺជាថ្ងៃចាប់ផ្ដើមដំបូងនៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់បង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី ឆ្នាំ២០១៦ ដែលនឹងប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានតម្រូវឲ្យពលរដ្ឋគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយទុកពេលវេលា ៣ខែ សម្រាប់ដំណើរការចុះឈ្មោះនេះ។
តើប្រជាពលរដ្ឋមានការយល់ឃើញយ៉ាងណាខ្លះជុំវិញការចុះឈ្មោះបោះឆ្នោត?
ពលរដ្ឋមួយចំនួនបានទៅចុះឈ្មោះបោះឆ្នោតមួយចំនួនមិនទាន់បានទៅ និងខ្លះទៀតឆ្លើយថា មិនដឹងអំពីការចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតនេះនៅឡើយ។
ជួបសម្ភាសន៍ជាមួយអ្នកយកព័ត៌មានអាស៊ីសេរី លោក រស់ ថា វ័យ ៦១ឆ្នាំមួយរូបថ្លែងថា លោកមិនដែលខកខានមួយអាណត្តិណាឡើយឲ្យតែមានការបោះឆ្នោតមកដល់។ សម្រាប់ការចុះឈ្មោះថ្មីតាមបែបប្រព័ន្ធអេឡិចត្រូនិកនេះ លោកនឹងនាំក្រុមគ្រួសារចុះឈ្មោះមិនឲ្យខាននោះទេ៖ «ខ្ញុំនៅកំពត ខ្ញុំមកធ្វើការភ្នំពេញ។ ៣ខែអត់អីទេ តែមួយអាទិត្យទៀតខ្ញុំឡើងទៅហើយ។ រឿងចុះវាត្រៀមចុះហើយ ព្រោះនេះវាជារឿងប្រទេសជាតិយើងហ្មង មិនអាចទំនេរបានហ្មង បោះមិនឲ្យខានទេ។ ផ្ទះខ្ញុំសឹងតែទាំងអស់មួយពូជ រឿងទឹកដីយើងជាតិរបស់យើង។ ប្រព័ន្ធនេះវាស្កេនមេដៃ តាំងពីឈ្មោះចាស់គេចោលហើយ គេយកអាថ្មីសាដើម។ ក្ដៅក្រហាយអារឿងដដែលៗហ្នឹងហ្មង អ្នកបើកឡានដដែលៗ»។
ប្រជាពលរដ្ឋមួយចំនួនបានដឹងអំពីការចាប់ផ្ដើមដំបូងនៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧។ ពួកគាត់ថែមទាំងថ្លែងប្រាប់អំពីសារប្រយោជន៍នៃការចុះឈ្មោះនេះ៖ «ដឹង! ឥឡូវខ្ញុំរវល់ក៏ត្រូវតែចុះដែរ ព្រោះត្រូវបោះឆ្នោតបោះអីអ៊ីចឹង។ ដឹង! ព្រោះខ្ញុំទៅស្រុកថ្ងៃមុនគេចែកខិត្តប័ណ្ណខ្ញុំទៅចុះពេលភ្ជុំ។ ខ្ញុំអត់បានបោះ ២៣អាណត្តិហើយ។ អ៊ំលឺដែរ លឺតាមទូរស័ព្ទ វិទ្យុ អុំមើលមិនឲ្យខុសយកសំណុំលិខិតមកទេ»។
ដោយឡែកបុរសវ័យចំណាស់មួយរូបដែលជាអ្នកប្រកបរបររត់ម៉ូតូឌុប ដែលកំពុងអង្គុយចាំម៉ូយ នៅម្ដុំពហុកីឡាដ្ឋានជាតិអូឡាំពិក ហាក់ភាន់ច្រឡំបន្តិចថា លោកបានចុះឈ្មោះរួចហើយកាលពីអាណត្តិមុនៗ ដូច្នេះលោកមិនបានទៅចុះទៀតទេ៖ «ខ្ញុំមានហើយចុះរួចហើយ អ្នកអត់គេឲ្យទៅចុះថ្ងៃហ្នឹង។ ពូច្រឡំហើយ? ឲ្យចុះថ្មី? អ៊ីចឹងនៅទេ។ គេឲ្យចុះថ្មី? អូអ៊ីចឹងនៅទេអ៊ីចឹង»។
យុវតីវ័យ ១៨ឆ្នាំ ២រូប ដែលបណ្ដើរគ្នាបម្រុងចូលផ្សារទំនើបមួយថ្លែងថា ពួកនាងទើបបានប្រឡងបាក់ឌុបរួច។ ក្នុងចំណោមពួកគេទាំង២ ម្នាក់បានដឹងពីថ្ងៃចុះឈ្មោះបោះឆ្នោត និងម្នាក់មិនបានដឹងនោះទេ ប៉ុន្តែពួកគេហាក់អល់អែកក្នុងការទៅចុះឈ្មោះដោយសារពុំមានការជំរុញពីអាណាព្យាបាល៖ «និយាយទៅដឹងថា ខ្លួនឯងគ្រប់អាយុតែអត់មានពេលជួបអ្នកផ្ទះ ពីព្រោះខ្ញុំពេលព្រឹកអ៊ីចឹង ប៉ាទៅបាត់ខ្ញុំចេញដែរ ដល់ពេលយប់បានចូលប៉ាម៉ាក់គាត់សម្រាន្តលក់ហើយ រាល់ឆ្នាំឲ្យដល់ប៉ាម៉ាក់អីគាត់ប្រាប់ហើយ»។
ចំណែកនៅឯការិយាល័យចុះឈ្មោះបោះឆ្នោត ពលរដ្ឋបាននាំគ្នាធ្វើដំណើរចូលចុះឈ្មោះឥតដាច់។ លោកស្រី ប៉ែន ម៉ូលីកា ដែលទៅចុះឈ្មោះបោះឆ្នោតនៅឯការិយាល័យចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ ថ្លែងថា លោកស្រីយល់ច្បាស់អំពីការចុះឈ្មោះបោះឆ្នោតនេះ និងមានការអញ្ជើញពីអាជ្ញាធរតាំងពីមួយខែមុនម្ល៉េះ ដំណឹងនៃការចុះឈ្មោះនេះលោកស្រីក៏បានមើលឃើញ និងស្ដាប់ប្រព័ន្ធផ្សព្វផ្សាយរួមផ្សំដែរ៖ «សារសំខាន់ណាស់ សារសំខាន់មែនទែន ព្រោះសន្លឹកឆ្នោតមួយសន្លឹករបស់ខ្ញុំនេះ គឺសំខាន់មែនទែនគឺសំខាន់ទៅលើប្រទេសជាតិ ជ្រើសរើសអ្នកដឹកនាំដែលប្រសើរដែលល្អដែលប្រពៃ ការពារប្រជាជនការពារទឹកដី។ ខ្ញុំស្ដាយត្រង់ថា មិនបានបោះឆ្នោតដូច្នេះថ្ងៃទី១ រវល់យ៉ាងណាក៏ខ្ញុំឆ្លៀតមកឲ្យបានមុនគេដែរ។ មានតម្លៃណាស់ មួយសន្លឹករបស់យើងចាញ់ឈ្នះលើមួយសន្លឹកហ្នឹងហើយ»។
ថ្វីត្បិតតែពលរដ្ឋបានលើកឡើងអំពីបញ្ហា និងឧបសគ្គផ្សេងៗរបស់ពួកគេ ក្នុងការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធទំនើបក្ដី ប៉ុន្តែពួកគាត់រំពឹងថា ឈ្មោះរបស់ពួកគាត់នឹងគ្មានបញ្ហារាំងស្ទះដល់ការថ្ងៃបោះឆ្នោតដូចអាណត្តិមុនៗនោះទេ៖ «នេះបើសិនជាគេធ្វើត្រឹមត្រូវបើធ្វើដូចសារមួយខ្ញុំអត់សង្ឃឹមទេ បើធ្វើត្រឹមត្រូវតាមប្រព័ន្ធអេឡិចត្រូនិក អាហ្នឹងខ្ញុំជឿជាក់។ មានអារម្មណ៍ថា ប្លែកជាងឆ្នាំមុនៗដែលយើងបានចុះ ទំនើបហ្មង មើលទៅទុកចិត្តអាចយកជាការបាន។ បើតាមខ្ញុំគិតវា យូរមិនយូរប៉ុន្មានទេ តែបើឆាប់ក៏មិនឆាប់ប៉ុន្មានដែរ គ្រាន់តែថា វាមានប្រព័ន្ធ២ ប្រព័ន្ធមួយសរសេរ ប្រព័ន្ធមួយថតរូប និងផ្ដិតមេដៃ ប៉ុន្តែខ្ញុំថា ប្រព័ន្ធនេះជាប្រព័ន្ធល្អដែលចូលកុំព្យូទ័រជាស្វ័យប្រវត្តិមួយដែលមិនដែលកើតមាននៅប្រទេសខ្មែរមិនអាចក្លែងបន្លំទៅបោះឆ្នោតកន្លែងណាបាន ហើយមិនអាចទៅបង្កើតឈ្មោះ២ បានទេ ខ្ញុំត្រេកអរកន្លែងនេះដែរ»។
ទោះយ៉ាងណា នៅក្នុងថ្ងៃចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក ថ្ងៃទី១ កញ្ញា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក អះអាងថា ដំណើរការចុះឈ្មោះមានភាពប្រក្រតីល្អច្រើននៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស នៅមានបញ្ហាតិចតួចដោយសារប្រព័ន្ធកុំព្យូទ័រ ប៉ុន្តែអ្នកបច្ចេកទេសបានដោះស្រាយរួចរាល់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។