កូនប្រុស ២នាក់របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឧបការី ឬជំនួយការរបស់អង្គភាពនេះ កាលពីថ្ងៃទី២៣ ខែមេសា។ ជុំវិញការដំឡើងឋានន្តរសក្ដិបន្ថែមលើមុខងារបច្ចុប្បន្ន កូនប្រុសទាំងពីររបស់លោក ឱម យ៉ិនទៀង នេះ ប្រជាពលរដ្ឋមានការយល់ឃើញខុសៗគ្នា។ បើទោះបែបណា អ្នកវិភាគសង្គមយល់ឃើញថា ការព្យាយាមដំឡើងមុខងារបន្ថែមទៀតនេះ ហើយនៅក្នុងអង្គភាពតែមួយជាមួយឪពុកផងនោះ គឺជាទម្រង់នៃអំពើពុករលួយដ៏ធ្ងន់ធ្ងរ។
ការបន្ថែមតួនាទីស្ទើរមិនបាន ១៣ថ្ងៃស្រួលបួលនៅឡើយផងនោះ លោក ឱម យ៉ិនទៀង ដែលល្បីខាងប្រឆាំងអំពើពុករលួយ ត្រូវរងការរិះគន់ពីមជ្ឈដ្ឋាននានា ដោយចោទថា អាចជាអ្នកដែលប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេ ហើយជាមន្ត្រីដែលនិយមបក្សពួកសែស្រឡាយដែលជាទម្រង់មួយឈានទៅរកការរំលោភអំណាច។
កាលពីថ្ងៃទី២៣ ខែមេសា ព្រះមហាក្សត្រ នរោត្ដម សីហមុនី ព្រះអង្គបានឡាយព្រះហស្តលេខាតែងតាំង និងផ្ដល់ឋានៈឧបការី ឬជំនួយការអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ១៨នាក់ មានឋានៈស្មើនឹងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក។
ក្នុងព្រះរាជក្រឹត្យនោះ មានកូនប្រុសរបស់លោក ឱម យ៉ិនទៀង ២នាក់ផងដែរ មានឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធិ និង យ៉ិនទៀង ពុទ្ធិរ៉ា ត្រូវបានតែងតាំងជាជំនួយការរបស់អង្គភាពមួយនេះ។ ការដំឡើងឋានៈបន្ថែមលើមុខងារបច្ចុប្បន្នកូនប្រុសទាំងពីររបស់លោក ឱម យ៉ិនទៀង ជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយនេះ គឺមានឋានៈស្មើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ រិះគន់ថា ការតែងតាំងកូនប្រុសរបស់ខ្លួនជាជំនួយការនៅក្នុងអង្គភាពនេះ អាចជាផ្នែកមួយនៃអំពើពុករលួយ។ ម្យ៉ាងវិញទៀត ការផ្ដល់មុខតំណែងនេះទៀតសោត បង្ហាញថា ស្ថាប័នប្រឆាំងអំពើរលួយនេះ មិនមានភាពឯករាជ្យ ជាពិសេស លោក ឱម យ៉ិនទៀង កំពុងធ្វើឲ្យស្ថាប័នរបស់រដ្ឋដ៏សំខាន់មួយនេះ ទៅជាអង្គភាពដែលមានបក្ខពួក និងគ្រួសារនិយមទៅវិញ។
សំឡេងពលរដ្ឋ៖ «ចំពោះខ្ញុំមួយខ្ញុំអត់ទទួលស្គាល់ទេ គិតថាពូកែបាញ់កាំភ្លើងមិនដឹងយកធ្វើអីផ្នែកអី? ចុះហេតុអីនិស្សិតគេរៀនចេះដឹងមួយគគោកម៉េចមិនឲ្យគេជ្រើសរើសទៅ ហេតុអីខ្សឹបៗដាក់តែកូនខ្លួនឯងអ៊ីចឹង? អ៊ីចឹងខ្ញុំគិតថា អ្វីដែលគាត់ធ្វើហ្នឹង គឺបក្ខពួកនិយមហើយ។ ក្នុងនាមគាត់ជាមន្ត្រីប្រឆាំងអំពើពុករលួយ គាត់ពុករលួយជាងគេទៀត»។

បើទោះជាបែបណា ការតែងតាំងកូនប្រុសទាំង ២នៅពេលនេះ ជាជំនួយការរបស់លោក ឱម យ៉ិនទៀង សម្រាប់បម្រើការនៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើមុខងារសព្វថ្ងៃ វាពុំមែនជារឿងចៃដន្យឡើយ។ កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនេះ អ្នកទាំងពីរក្នុងចំណោមមនុស្សទាំង ១៨នាក់នោះ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា ដែលជាកូនបង្កើតរបស់លោក ឱម យ៉ិនទៀង ត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់នៅអង្គភាពប្រឆាំងអំពើពុករលួយ។
បច្ចុប្បន្នកូនប្រុសទាំងពីររបស់លោក ឱម យ៉ិនទៀង ក៏កំពុងបម្រើការក្នុងក្របខ័ណ្ឌជាមន្ត្រីយោធាជាន់ខ្ពស់នៅក្រសួងការពារជាតិ ខណៈដែលមានព្រះរាជក្រឹត្យផ្ដល់តួនាទីបន្ថែមលើមុខងារសព្វថ្ងៃនៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ។
នៅក្នុងរបាយការណ៍ដែលត្រូវគេផ្សព្វផ្សាយជាសាធារណៈ បានបង្ហាញថា លោក យ៉ិនទៀង ពុទ្ធិរិទ្ធ គឺជានាយទាហានជាន់ខ្ពស់ថ្នាក់ឧត្ដមសេនីយ៍ទោផ្កាយ២ បម្រើការនៅកងយោធពលខេមរភូមិន្ទទទួលបន្ទុកប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មផងដែរ។ ដោយឡែក លោក យ៉ិនទៀង ពុទ្ធិរ៉ា វិញ មានឋានន្តរសក្ដិថ្នាក់ឧត្ដមសេនីយ៍ត្រី ផ្កាយ១ នៅក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ដូចគ្នា។ កូនប្រុសទាំងពីររបស់លោក ឱម យ៉ិនទៀង នេះ គឺតែងតាំងជាមន្ត្រីយោធាថ្នាក់ឧត្ដមសេនីយ៍ ដោយព្រះរាជក្រឹត្យក្នុងពេលតែមួយជាមួយគ្នា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១១។
បើទោះជាមានការរិះគន់ដ៏ចម្រូងចម្រាសបែបនេះក៏ដោយចុះ លោក ឱម យ៉ិនទៀង និយាយកាលពីថ្ងៃទី២៩ ខែមេសា ដោយហៅការរិះគន់នេះថា លោកអាចនឹងមានប្រតិកម្មវិញនៅពេលណាមួយប្រឆាំងការរិះគន់ដែលពុំមានមូលដ្ឋានទាំងនេះ។ ជាងនេះទៀត លោក ឱម យ៉ិនទៀង ថ្លែងការពារថា ការតែងតាំងកូនប្រុសទាំងពីររបស់លោកនេះ ដោយសារពួកគេគឺមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវតួនាទីនេះ។ លោក ឱម យ៉ិនទៀង បើកចំហឲ្យមានការប្រកួតប្រជែងតួនាទីនេះ បើមានសមត្ថភាព ជាពិសេស គឺការចេះបាញ់កាំភ្លើង។
លោកបន្តថា ក្រៅពីចេះភាសាបរទេស និងជំនាញស៊ើបអង្កេតហើយ ឯកទេសចេះបាញ់កាំភ្លើងនេះ គឺជាសមត្ថភាពដ៏ពិសេសមួយ របស់កូនប្រុសខ្លួន ដែលជាធនធានដ៏កម្រ៖ «ឥឡូវបាញ់ស៊ីប បាញ់ឲ្យត្រង់ជាងវា ហើយអូនកុំគិតណា ដើម្បីបាញ់ត្រង់មួយកម្លាំងប្រឆាំងភេរវកម្មនៅពេលគេចាប់ចំណុចមួយ គឺអត់ត្រូវការ ២គ្រាប់ទេ ព្រោះកំពុងភ្ជង់ចំណាប់ខ្មាំងអ៊ីចឹង។ អូនឯងបាញ់ផាំងមួយខុសគឺគ្រាប់នៅមានផាំងសម្លាប់។ គេត្រូវការកម្លាំងមួយដែលបាញ់តែមួយគ្រាប់ត្រូវក្បាលស្លាប់ដើម្បីជួយមនុស្ស»។
ឆ្លើយតបរឿងនេះ អ្នកវិភាគសង្គមលោក កែម ឡី យល់ឃើញថា វាគួរឲ្យអស់សំណើចដែលមកដល់ពេលនេះទៅហើយ យកការចេះដឹងរឿងបាញ់កាំភ្លើងមកអួតអាង។ លោកបន្តថា ការនិយាយបែបនេះរបស់លោក ឱម យ៉ិនទៀង ទំនងចង់បញ្ជាក់ពីអំណាច និងឥទ្ធិពលច្រើនជាង៖ «ទាក់ទងនឹងភាសា ខ្ញុំគិតថា ត្រឹមត្រូវហើយ ប៉ុន្តែមិនរឿងបាញ់កាំភ្លើងរឿងអីទេ ពីព្រោះនៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ អាចស្នើសុំកងកម្លាំងប្រដាប់អាវុធដែលគេរៀនសូត្របានរាប់ឆ្នាំហើយ»។
ការតែងតាំងសាច់ញាតិ កូនបង្កើត និងសែស្រឡាយដទៃទៀត ក្នុងជួររដ្ឋាភិបាលសព្វថ្ងៃនេះ ស្ទើរក្លាយទៅជាវប្បធម៌ទៅហើយ។ បញ្ហានេះដោយរាប់ចាប់តាំងពីថ្នាក់ប្រធាននាយកដ្ឋាន ក្រសួង មន្ទីរ និងរហូតដល់ថ្នាក់កំពូល។ វប្បធម៌ធម៌ឯងជួយអញ អញជួយឯងនេះ បានបង្កើតទៅជាប្រព័ន្ធដ៏ស្មុគស្មាញមួយនៅក្នុងសង្គមកម្ពុជា ហើយក៏ងាយនឹងប្រព្រឹត្តអំពើពុករលួយថែមទៀតផង។ ព្រោះតែមូលហេតុនេះហើយ ទើបមន្ត្រីធំៗនៅក្នុងជួររដ្ឋាភិបាល បានព្យាយាមភ្ជាប់សាច់ឈាមគ្នា ឬដន្លងនឹងគ្នា តាមរយៈអាពាហ៍ពិពាហ៍ជាហែហូរកន្លងមកនេះ។
ក្រសួងសំខាន់ៗរបស់ជាតិ និងមន្ទីរមួយចំនួន ក្រៅពីប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធហើយ ថែមទាំងព្យាយាមតែងតាំងសាច់ញាតិ និងកូនបង្កើតឲ្យធ្វើជាទីប្រឹក្សា និងជាជំនួយការក៏មានដែរ។ ក្រៅពីអង្គភាពប្រឆាំងអំពើពុករលួយ ដែលរងការរិះគន់នៅពេលនេះថា តែងតាំងកូនបង្កើតធ្វើជំនួយការហើយនោះ ដោយឡែកស្ថាប័នរដ្ឋមួយចំនួនទៀត ក៏មានទម្រង់ប្រហាក់ប្រហែលគ្នានេះដែរ។
កូនប្រុសបង្កើតរបស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្មីៗនេះត្រូវបានតែងតាំងជាជំនួយការក្នុងក្របខ័ណ្ឌយោធានេះ ដោយព្រះរាជក្រឹត្យដែរ។ កូនប្រុស ២នាក់របស់លោក ទៀត បាញ់ គឺលោក ទៀ សីហា តែងតាំងកាលពីថ្ងៃទី១១ ខែមីនា និងលោក ទៀ សុរៈឆ័យ តែងតាំងកាលពីថ្ងៃទី៩ ខែមីនា ដែរនោះ គឺមានឋានៈថ្នាក់ឧត្ដមសេនីយ៍ត្រីផ្កាយ១ ដូចគ្នា ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ។ ការដំឡើងឋានៈបន្ថែមលើមុខងារបច្ចុប្បន្នស្មើនឹងប្រធាននាយកដ្ឋាន និងអគ្គនាយកនេះ ក្នុងចំណោមមនុស្ស ២នាក់ថែមទៀតនោះ ត្រូវបានអ្នកវិភាគសង្គមយល់ឃើញថា គឺជាការផ្ដល់សិទ្ធិ និងតួនាទីមិនបានស្មើភាពគ្នានៅក្នុងសង្គមឡើយ។ មិនតែប៉ុណ្ណោះ ការផ្ដល់អំណាចតែទៅលើមនុស្សមួយក្រុម ដោយសំដៅទៅលើតែកូនអ្នកធំបែបនេះ គឺងាយនឹងប្រព្រឹត្តអំពើពុករលួយ និងជាសញ្ញានៃការរំលោភអំណាចថែមទៀតផង។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី មើលឃើញថា ការព្យាយាមផ្ដល់តួនាទីឲ្យតែសែស្រឡាយ និងសាច់ញាតិរបស់ខ្លួនដូចនេះ ដោយបំភ្លេចចោលអ្នកដែលមានសមត្ថភាពមិនខុសពីចង់ក្ដោបក្ដាប់ឲ្យប្រទេសនេះ ស្ថិតក្នុងអំណាចរបស់ខ្លួនឡើយ ជាពិសេសនោះ ប្រទេសនេះនឹងរកភាពរុងរឿង និងរីកលូតលាស់មិនឃើញឡើយ៖ «បើសិនជាយើងរវល់តែដាក់កូនដាក់ចៅយើងនៅក្នុងប្រព័ន្ធដឹកនាំរដ្ឋ យើងបានបាត់បង់ធនធានមនុស្សល្អៗ ដែលគ្មានសែស្រឡាយសាច់ឈាមគឺយើងមិនអាចមានឱកាសនឹងកសាងប្រទេសមួយដែលមានការរីកចម្រើនលឿនទេ»។
យ៉ាងនេះក្ដីលោក ឱម យ៉ិនទៀង បើកចំហក្នុងការតតាំងតាមផ្លូវច្បាប់ប្រឆាំងរូបលោក ប្រសិនបើរកឃើញថា ការតែងតាំង ឬក៏ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ មិនត្រឹមត្រូវ និងអនុវត្តទៅតាមផ្លូវច្បាប់៖ «ដាក់ពាក្យប្ដឹងមកយើងខ្ញុំរង់ចាំដោះស្រាយជូន។ យើងនឹងពិនិត្យជូនលើបញ្ហាហ្នឹង ប៉ុន្តែកុំដើរបំផើមគេចោល»។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រងការរិះគន់ដ៏ចម្រូងចម្រាសពីមជ្ឈដ្ឋាននានា ក្នុងដំណាក់កាលចុងក្រោយនេះ បន្ទាប់ពីអង្គភាពនេះចាត់វិធានការប្រឆាំងអ្នកការពារសិទ្ធិមនុស្ស និងគណបក្សប្រឆាំង ក្រោមហេតុផលប្រព្រឹត្តអំពើពុករលួយ។ អ្នកវិភាគសង្គមយល់ឃើញថា អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ គឺជាសេនាធិការរបស់រដ្ឋាភិបាលដ៏មានប្រសិទ្ធភាព ក្នុងការកម្ចាត់បក្សប្រឆាំង និងអង្គការសង្គមស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។