អ្នក​វិភាគ​ថា​សកម្មជន​បក្ស​ប្រឆាំង​និង​សិទ្ធិ​មនុស្ស​ជា​ចំណាប់​ខ្មាំង​របស់​អ្នក​នយោបាយ

0:00 / 0:00

មក​ទល់​ពេល​នេះ សកម្មជន​គណបក្ស​នយោបាយ តំណាង​រាស្ត្រ សមាជិក​ព្រឹទ្ធសភា និង​សកម្មជន​សិទ្ធិ​មនុស្ស​ផង ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​អះអាង​ម្ដង​ជា​ពីរ​ដង​ថា នៅ​កម្ពុជា គ្មាន​អ្នក​ទោស​នយោបាយ​នោះ​ទេ មាន​តែ​អ្នក​នយោបាយ​ប្រព្រឹត្ត​ខុស​ច្បាប់​ជាប់​ទោស​ទៅ​វិញ។

អ្នក​វិភាគ​លើក​ឡើង​ថា សកម្មជន​គណបក្ស​នយោបាយ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ជា​ចំណាប់​ខ្មាំង​របស់​អ្នក​នយោបាយ​ដែល​គេ​ចង់​ចាប់​ដាក់​ពន្ធនាគារ​នៅ​ពេល​ណា​ក៏​បាន នៅ​ពេល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្រេះឆា​នឹង​គ្នា​ម្ដងៗ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​ទី​២ មករា ថា នៅ​កម្ពុជា គ្មាន​អ្នក​ទោស​នយោបាយ​ទេ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ មករា ថា ថ្វីត្បិតតែ​លោក​នាយក​រដ្ឋមន្ត្រី​ព្យាយាម​ប្រកាស​ថា នៅ​កម្ពុជា គ្មាន​អ្នក​ទោស​នយោបាយ​ក្ដី តែ​ជាក់ស្ដែង សកម្មជន​គណបក្ស​ប្រឆាំង អ្នក​ការពារ​បរិស្ថាន អ្នក​ការពារ​សិទ្ធិ​មនុស្ស ងាយ​នឹង​រងគ្រោះ​ដោយសារ​តែ​គេ​ចោទ​ប្រកាន់​អ្នក​ទាំងនោះ ទៅ​នឹង​រឿង​នយោបាយ ហើយ​តុលាការ​ផ្ដន្ទាទោស​អ្នក​ទាំងនោះ​ជាប់​ទាក់ទង​នឹង​រឿង​ព្រហ្មទណ្ឌ។

ក្រៅ​ពី​នេះ​ទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ក្រោយ​ពី​កម្ពុជា បាន​ផ្លាស់ប្ដូរ​របប​ថ្មី គឺ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ មក កម្ពុជា នៅ​តែ​ជាប់​កម្អែល​លទ្ធិកុម្មុយនិស្ត​ដដែល ព្រោះ​ថា​ប្រព័ន្ធ​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​គ្រាន់​តែ​ជា​សម្បក​ក្រៅ​ប៉ុណ្ណោះ តែ​ការពិត ប្រព័ន្ធ​តុលាការ​នៅ​ក្រោម​សម្ពាធ​របស់​គណបក្ស​កាន់​អំណាច និង​បាត់បង់​ឯករាជ​ភាព​របស់​ខ្លួន៖ « ជាពិសេស​តុលាការ​ហ្នឹង​មិន​ឯករាជ្យ រដ្ឋាភិបាល​ប្រើប្រាស់​តុលាការ​ដើម្បី​ចោទ​ប្រកាន់ និង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អ្នក​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ទិតៀន​រដ្ឋាភិបាល »

ពី​ឆ្វេង៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។
ពី​ឆ្វេង៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។

លើស​ពី​នេះ​ទៀត អ្វី​ដែល​ធ្វើ​ឲ្យ​សាធារណជន​កត់​សម្គាល់​នោះ គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​ប្រកាស​ក្រោយ​ពី​កិច្ច​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​គ្រា​ដែល​គណបក្ស​ប្រឆាំង​បាន​វិល​ទៅ​ចូលរួម​ប្រជុំ​សភា​វិញ ហើយ​មេ​ដឹកនាំ​បក្ស​ទាំង​ពីរ​ប្រកាស​បន្ត​ប្រើប្រាស់​វប្បធម៌​សន្ទនា​ឡើង​វិញ​នោះ លោក ស ខេង បង្ហើប​ថា សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា អាច​នឹង​ត្រូវ​ដោះលែង​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦។ ប៉ុន្តែ​នៅ​ដើម​ខែ​មករា នេះ នៅ​ពេល​គេ​ឃើញ​គណបក្ស​ទាំង​ពីរ​បាន​ខកខាន​តាម​ការ​កំណត់​ក្នុង​ការ​ជួប​ប្រជុំ​កាល​ពី​ចុង​ខែ​ធ្នូ នោះ បែរ​ជា​លោក ស ខេង ប្រាប់​អ្នក​សារព័ត៌មាន​ថា ករណី​អ្នក​ទាំងនេះ​ទុក​ឲ្យ​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន​ទៅ​វិញ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​ជា​នាយក​រដ្ឋមន្ត្រី បាន​ឆ្លើយតប​ទៅ​នឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ភារ៉ា ដែល​ស្នើសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​ធ្វើ​បុណ្យ​ចែក​ទាន​ដល់​ក្រុម​គ្រួសារ​ខ្មែរ​ទាំងអស់ ដោះលែង​អ្នក​ទោស​នយោបាយ​ឲ្យ​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ ប្ដី​ប្រពន្ធ កូន​កំពុង​យំ​ខ្លោច​ចិត្ត និង​កំពុង​រង់ចាំ​អ្នក​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ។ តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា នៅ​កម្ពុជា គ្មាន​អ្នក​ទោស​នយោបាយ​ឡើយ មាន​តែ​អ្នក​នយោបាយ​ប្រព្រឹត្ត​ខុស​ច្បាប់ ហើយ​ជាប់​គុក។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បន្ថែម​ថា អ្នក​នយោបាយ ឬ​មិន​អ្នក​នយោបាយ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នូវ​រាល់​សកម្មភាព​បទល្មើស​ដែល​គេ​ប្រព្រឹត្ត។ លោក​អះអាង​ថា កម្ពុជា ជា​ប្រទេស​គោរព​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ដូច្នេះ​សកម្មជន​គណបក្ស​នយោបាយ ឬ​អ្នក​នយោបាយ​ក្ដី ត្រូវ​តែ​ទទួល​ទោស​កំហុស​របស់​ខ្លួន មិន​មែន​គេ​ហៅ​ថា​ជា​អ្នក​ទោស​នយោបាយ​ទេ៖ « យើង​កសាង​លទ្ធិប្រជាធិបតេយ្យ​ ស្រប​ទៅ​តាម ​នីតិរដ្ឋ​ផង អា​ហ្នឹង​ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​មាន​សុខដុមរមនា​បាន តែ​បើ អ្នក​នយោបាយ ​ធ្វើ​អី​ស្រេច​តែ​ចិត្ត ម៉េច​គេ​ ហៅ​ថា​ ច្បាប់ ? »

ទោះ​បី​ជា​បែប​នេះ​ក្ដី ទាំង​អ្នក​វិភាគ ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ពន្យល់​ថា សកម្មជន​គណបក្ស​ប្រឆាំង តំណាង​រាស្ត្រ លោក អ៊ុំ សំអាន សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា ជា​អ្នក​ទោស​នយោបាយ ព្រោះ​ថា​សំណុំ​រឿង​ពួក​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ មិន​មែន​ជា​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​តុលាការ​ចោទ​ប្រកាន់​ទេ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ចង​សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ពេល​ស្ថានភាព​នយោបាយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​ជាប់​គាំង បញ្ហា​ទាំងអស់​នេះ​ទោះ​បី​ជា​រដ្ឋាភិបាល​ព្យាយាម​បកស្រាយ​ថា​មិន​មែន​ជា​អ្នក​ទោស​នយោបាយ​ក្ដី តែ​គេ​ដឹង​ជាទូទៅ​ថា អ្នក​ទាំងនោះ​ជាប់​ទោស​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៖ « នៅ​ពេល ​ស្ថានភាព​នយោបាយ​ត្រូវរ៉ូវ​គ្នា អ្នក​ ទាំងអស់​នោះ​ត្រូវ​បាន ​ដោះលែង នៅ​ពេល​ស្ថានភាព​នយោបាយ​ជាប់​គាំង គេ​ចាប់​អ្នក​ទាំងអស់​នោះ​មក​វិញ សូម្បី​តែ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ ក៏​គេ​មិន​អនុញ្ញាត​ដែរ »

មក​ទល់​ពេល​នេះ ក្រៅ​ពី​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប កំពុង​ជាប់​ពន្ធនាគារ​នោះ គឺ​មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា កំពុង​ជាប់​ពន្ធនាគារ​ចំនួន ១៥​នាក់​ទៀត ក្នុង​នោះ​មាន​អ្នក​ខ្លះ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី ៧​ឆ្នាំ​ដល់ ២០​ឆ្នាំ។

របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បញ្ជាក់​ថា អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា មាន​ចំនួន ២៦​នាក់ កំពុង​ជាប់​ពន្ធនាគារ ក្នុង​ចំណោម​អ្នក​ទាំងនោះ​រួម​មាន អ្នក​ធ្វើ​ការ​ផ្នែក​បរិស្ថាន ព្រះសង្ឃ សមាជិក​រដ្ឋសភា ព្រឹទ្ធសភា និស្សិត និង​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។