ក្រុមប្រឹក្សាឃុំ-សង្កាត់មួយចំនួនមកពីគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ បញ្ជាក់ថា ក្រោយពេលប្រកាសសុពលភាពចូលកាន់តំណែងកាលពីដើមខែកក្កដា មក ពួកគេត្រូវចូលធ្វើការងារដោយបង្ខំចិត្ត។ ពួកគាត់អះអាងថា នៅមូលដ្ឋានរបស់ពួកគាត់មិនមានសាលាឃុំឡើយ ហើយត្រូវយកទីស្នាក់ការគណបក្សកាន់អំណាច សម្រាប់ផ្ដល់សេវាសាធារណជូនពលរដ្ឋជំនួសទៅវិញ។
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិ មួយចំនួន ដូចជាសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន នៅឃុំទំរីង ស្រុកសណ្ដាន់ និងឃុំត្បូងក្រពើ ស្រុកសន្ទុក ជាដើម សម្ដែងការមិនពេញចិត្តចំពោះការយកទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើការងារជូនពលរដ្ឋ។
ជំទប់ទី២ ឃុំត្បូងក្រពើ ស្រុកសន្ទុក មកពីគណបក្សសង្គ្រោះជាតិ អ្នកស្រី សៀង ស៊ីណន មានប្រសាសន៍ថា អគារសាលាឃុំមួយនេះ គឺចាស់ទ្រុឌទ្រោមខ្លាំងពេក ហើយមិនបានកសាង ឬជួសជុលថ្មីឡើយ ហើយក៏ត្រូវយកទីស្នាក់ការគណបក្សកាន់អំណាចជាកន្លែងធ្វើការជំនួស។ អ្នកស្រីបញ្ជាក់ថា ករណីនេះកើតឡើងជាង ២ឆ្នាំមកហើយ ដែលធ្វើឱ្យពួកគាត់មិនពេញចិត្ត ម្យ៉ាងពលរដ្ឋមូលដ្ឋានមួយចំនួនក៏មិនពេញចិត្តដែរ។ អ្នកស្រីថា ការយកទីស្នាក់ការគណបក្សធ្វើជាកន្លែងផ្ដល់សេវាជូនពលរដ្ឋ គឺមិនត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់នោះទេ៖ «ធ្វើការហ្នឹង ធ្វើការទាំងមិនពេញចិត្ត ប៉ុន្តែបើយើងធ្វើពហិការពេលនេះ គឺជិតពេលចុះឈ្មោះបោះឆ្នោតឃុំ នៅសល់តែ ១០ថ្ងៃទេ»។
មិនខុសគ្នានេះ ជំទប់ទី២ ឃុំទំរីង ស្រុកសណ្ដាន់ លោក ជុំ លាម អះអាងថា ចាប់តាំងពីឆ្នាំ២០០៧ មក ពួកគាត់ត្រូវធ្វើការងារបម្រើពលរដ្ឋនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រហូត ព្រោះមិនទាន់មានសាលាឃុំ។ លោកថា មានបញ្ហាប្រឈមមួយចំនួនកើតឡើង នៅពេលយកទីស្នាក់ការគណបក្សបម្រើការងារជូនពលរដ្ឋ ដូចជាកន្លែងតូចចង្អៀត មិនមានបន្ទប់ប្រជុំកិច្ចការសម្ងាត់របស់អាជ្ញាធរ។ ជាងនេះទៀត មានសំឡេងរំខាន ពិសេសនៅពេលមន្ត្រីរបស់គណបក្សមានពិធីជប់លៀងម្តងៗជាដើម៖ «ខ្ញុំមិនពេញចិត្តទេ ប៉ុន្តែពីមុនមកយើងអស់ជម្រើស ដោយសារយើងតវ៉ាជាមួយគេដែរ ប៉ុន្តែគេមិនសូវអើពើ»។
ចំណែកនៅសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ក៏មានបញ្ហាប្រឈមដែរ។ នៅពេលប្រជុំក្រុមប្រឹក្សាសង្កាត់ម្ដងៗនៅអាណត្តិទី៤នេះ ពួកគេនាំគ្នាប្រជុំនៅវត្តអារាម ហើយនៅពេលផ្ដល់សេវាសាធារណជូនពលរដ្ឋ សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន ៤នាក់ នាំគ្នាធ្វើការនៅទីស្នាក់ការគណបក្សកាន់អំណាច ប៉ុន្តែមានមន្ត្រីគណបក្សប្រឆាំងម្នាក់សម្រេចមិនចូលរួមធ្វើការជាមួយទេ ដោយយល់ថា ជារឿងផ្ទុយទៅនឹងច្បាប់គ្រប់គ្រងថ្នាក់ក្រោមជាតិ។ បញ្ហាគ្មានអគារសាលាសង្កាត់នេះ កើតឡើង ៣អាណត្តិមកហើយ ប៉ុន្តែនៅអាណត្តិទី៤នេះ អគារសាលាសង្កាត់អូរគន្ធរ ត្រូវបានចាប់ផ្ដើមសាងសង់ឡើង។
ទាក់ទងបញ្ហានេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍កាលពីថ្ងៃទី១៧ ខែសីហា ថា ខាងលោកនឹងពិនិត្យមើលបញ្ហានេះ ប៉ុន្តែលោកអះអាងថា កន្លងមកមិនមានករណីនេះកើតឡើងទេ៖ «ធ្វើនៅផ្ទះខ្ញុំជឿថាមាន ប៉ុន្តែទៅធ្វើនៅទីស្នាក់ការបក្សដូចជាមិនមានទេ។ បើសិនមានករណីនេះ យើងរកប្រធានក្រុមប្រឹក្សាឃុំ ដែលរកទីតាំងណាមុននឹងយើងមានការសាងសង់សាលាឃុំ»។
លោក សុខ លូ ធ្លាប់មានប្រសាសន៍ថា ការកសាងអគារសាលាឃុំ គឺធ្វើឡើងតាមជំហានៗ ដោយសារគម្រោងថវិការបស់ក្រសួងមហាផ្ទៃ ផ្ដល់ឱ្យគឺមានកំណត់។
ឃុំ-សង្កាត់នៅខេត្តកំពង់ធំ គឺមានចំនួន៨១។ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា បង្ហាញថា គណបក្សសង្គ្រោះជាតិ ឈ្នះដឹកនាំឃុំ-សង្កាត់ចំនួន ៤១ ហើយគណបក្សកាន់អំណាចឈ្នះបានចំនួន៤០។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ដើម្បីបែងចែកឱ្យជ្រះស្រឡះ និងងាយស្រួលចំពោះការផ្ដល់សេវាសាធារណជូនពលរដ្ឋ ទីតាំងសាលាឃុំបណ្ដោះអាសន្នមិនគួរស្ថិតនៅក្នុងទីស្នាក់ការគណបក្សណាមួយទេ៖ «ប្រសិនបើគ្មានសាលាឃុំទេ ខ្ញុំគិតថា វាបរាជ័យមួយដែលរបស់គោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ ព្រោះគោលនយោបាយហ្នឹងគឺផ្ដល់ភាពជាម្ចាស់ទៅលើការងាររបស់ឃុំ»។
លោកបន្តថា ជម្រើសល្អបំផុត រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ ត្រូវដោះស្រាយបញ្ហានេះតាមរយៈការផ្ដល់សាលាឃុំសមរម្យមួយដល់បណ្ដាឃុំ-សង្កាត់ ដែលកំពុងជួបបញ្ហាប្រឈមទាំងនោះ។ លោកបន្ថែមថា ប្រសិនបើករណីទាំងនេះ មិនអាចដោះស្រាយបាន គឺបណ្ដាលឱ្យប៉ះពាល់ដល់ភាពស្របច្បាប់ផ្នែកនយោបាយ និងឯករាជភាពរបស់ឃុំ-សង្កាត់ទាំងនោះ ម្យ៉ាងប៉ះពាល់ដល់ការរីកចម្រើនផ្នែកវិមជ្ឈការ និងសហវិមជ្ឈការទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។