មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​កំពង់ចាម​ស្នើ​អាជ្ញាធរ​ជួយ​រក​អ្នក​ចង់​ទាមទារ​ប្រាក់​មូលនិធិ​ទូរទស្សន៍

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម ហៅ​ព័ត៌មាន​ទាមទារ​ប្រាក់​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ ថា​ជា​រឿង​បំផុសបំផុល និង​បំពុល​បរិយាកាស​សង្គម។ ការ​លើក​ឡើង​បែប​នេះ ព្រោះ​នៅ​ពេល​ថ្មីៗ​នេះ មាន​ការ​បង្ហោះ​ញត្តិ​ទាមទារ​ប្រាក់​មូលនិធិ​របស់​ខ្លួន​វិញ ក្រោយ​ពី​ផ្ដល់​ជូន​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​នោះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ចម្ការលើ នៅ​រសៀល​ថ្ងៃ​ទី​៧ កញ្ញា បាន​ផ្ញើ​លិខិត​មួយ​ទៅ​អធិការ​ស្រុក ដើម្បី​ស្នើ​ឲ្យ​ជួយ​ស្វែងរក​ឈ្មោះ​តំណាង​ប្រជាពលរដ្ឋ ១០​នាក់ ដែល​អះអាង​ថា​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ២០០​គ្រួសារ ដែល​បាន​ផ្ដល់​លុយ​ជូន​មូលនិធិ​ទូរទស្សន៍​សង្គ្រោះ​ជាតិ​នោះ។

ការ​ស្នើសុំ​នេះ បន្ទាប់​ពី​មាន​លិខិត​មួយ​ដែល​មាន​ឈ្មោះ​តំណាង​ពលរដ្ឋ​ទាំង ១០​នាក់ បង្ហោះ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក (Facebook) ទាមទារ​ប្រាក់ ២០​លាន​រៀល​វិញ។

ប្រធាន​ប្រតិបត្តិ​ស្រុក​ចម្ការលើ ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក វ៉ាត់ ធារិត មាន​ប្រសាសន៍​ថា លោក​បាន​ពិនិត្យ​មើល​ឈ្មោះ​តំណាង​ពលរដ្ឋ​ទាំង​នោះ​ហើយ ប៉ុន្តែ​មិន​មាន​ឈ្មោះ​ទាំង​នោះ​ក្នុង​បញ្ជី​បង់​ប្រាក់ ទើប​លោក​ដាក់​ពាក្យ​ប្ដឹង​ទៅ​អធិការ​នគរបាល​ស្រុក​បន្ថែម​ទៀត ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ជន​ទាំង​នោះ ក្រែងលោ​ខាង​លោក​នៅ​មាន​ភាព​ខ្វះ​ចន្លោះ។ លោក​យល់​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាមទារ​ប្រាក់​មូលនិធិ​វិញ​នោះ គឺ​ក្នុង​គោល​បំណង​បន្ទច់បង្អាក់ ម្យ៉ាង​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​បាន​បង់​ប្រាក់​ចូល​ទៅ​មូលនិធិ បាត់បង់​ជំនឿ​ទុក​ចិត្ត​លើ​គណបក្ស​សង្គ្រោះ​ជាតិ៖ «គេ​ធ្វើ​នេះ​គេ​គិត​ថា​មាន​ប្រយោជន៍​សម្រាប់​គេ បើ​ទោះ​បី​ជា​ការ​ធ្វើ​នោះ​ជា​ការ​ក្លែង​បន្លំ ឬ​ប្រឌិត​ក៏ដោយ ប៉ុន្តែ​ក៏​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជាក់ស្តែង​មាន​ការ​ចាប់​អារម្មណ៍​ដែរ»

លិខិត​អម​ដោយ​ស្នាម​មេដៃ​ពលរដ្ឋ ១០​នាក់ ដែល​អះអាង​ថា​ជា​តំណាង​ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ​ស្រុក​ចម្ការលើ គឺ​បាន​បង្ហោះ​ក្នុង​ហ្វេសប៊ុក កាល​ពី​ចុង​ខែ​សីហា។ ពួក​គេ​ទាំង​នោះ រួម​មាន​ឈ្មោះ កុយ ចិន្តា កែវ ពិសី មុត ចន្ថា ជ័យ វីរៈ សុខ ហាន ហុង សុខហេង ចៅ វាសនា សុង សិត វ៉ាន់ គី និង ញ៉ូវ ក្រូច។ ក្នុង​លិខិត​នោះ គឺ​ទាមទារ​ប្រាក់ ២០​លាន​រៀល​ដែល​ពួក​គេ​អះអាង​ថា ពួក​គេ​បាន​បង់​ជូន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​កន្លង​ទៅ។ ការ​ទាមទារ​ប្រាក់​វិញ​នោះ បន្ទាប់​ពី​ពួក​គេ​គ្មាន​ដំណឹង​ពី​ដំណើរ​ការ​បង្កើត​ទូរទស្សន៍​នៅ​ឡើយ ម្យ៉ាង​ប្រាក់​របស់​ពួក​គាត់​ក៏​បាត់​សូន្យ​ទៀត។

យ៉ាង​ណា​ក៏ដោយ ប្រធាន​ប្រតិបត្តិ​ស្រុក​ចម្ការលើ ដដែល​បញ្ជាក់​ថា ឈ្មោះ​ទាំង​នោះ គឺ​ពួក​លោក​ស្រាវជ្រាវ​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ ចំណែក​ចំនួន​ទឹក​ប្រាក់​ក៏​មិន​ត្រឹមត្រូវ​ដែរ ព្រោះ​មក​ដល់​ពេល​នេះ មូលនិធិ​ទូរទស្សន៍​សម្រាប់​ស្រុក​ចម្ការលើ គឺ​ទើប​តែ​ទទួល​បាន​ជាង ៦​លាន​រៀល​ប៉ុណ្ណោះ។

ទាក់ទង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​ចម្ការលើ លោក អ៊ិត ដារ៉ា មិន​មាន​ប្រសាសន៍​យ៉ាង​ណា​ទេ ដោយ​លោក​ថា​ជាប់​ប្រជុំ។

ទោះ​បី​ជា​បែប​នេះ​ក្តី ប្រធាន​ប្រតិបត្តិ​ខេត្ត​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សាន់ សឿង មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ទើប​តែ​មាន​នៅ​ស្រុក​ចម្ការលើ មួយ ក្រៅ​ពី​នេះ​មិន​មាន​ឡើយ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​ហើយ​ជុំវិញ​ព័ត៌មាន​បំភាន់​ការ​ពិត​នេះ។ ដូច្នេះ លោក​ថា​វា​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ពលរដ្ឋ​ទេ ប៉ុន្តែ​លោក​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​សហការ​ដើម្បី​បង្ហាញ​ការ​ពិត៖ «ការ​ធ្វើ​របស់​យើង យើង​ធ្វើ​ច្បាស់លាស់ បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​គាត់​ចូល​តែ ១០០​ខ្មែរ ក៏​មាន​បង្កាន់ដៃ​ជូន​គាត់​ដែរ»

ការ​ទាមទារ​លុយ​ពី​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​នេះ បាន​លេច​ឮ​ជា​បន្តបន្ទាប់ ដូចជា កើត​មាន​នៅ​ខេត្ត​កណ្ដាល ខេត្ត​ស្វាយរៀង ជាដើម ប៉ុន្តែ​ពេល​សមត្ថកិច្ច​ស្រាវជ្រាវ​ទៅ គឺ​មិន​មាន​ឈ្មោះ​ជន​ទាំង​នោះ​ឡើយ។ ការ​ធ្វើ​ញត្តិ​ឡើង​ដើម្បី​ទាមទារ​ប្រាក់​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ធ្វើ​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ ព្រោះ​មាន​លក្ខណៈ​ដូចៗ​គ្នា ខុស​តែ​ទីតាំង​ប៉ុណ្ណោះ។

បញ្ហា​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា​ជា​សកម្មភាព​ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​មតិ​សាធារណជន​ពី​រឿង​ផែនទី រឿង​ព្រំដែន ទៅ​ចាប់​អារម្មណ៍​រឿង​ទូរទស្សន៍​វិញ។ យ៉ាង​ណា​ក្តី មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ករណី​នេះ​ជា​រឿង​ល្ខោន​ដែល​គ្មាន​អ្នក​មើល ព្រោះ​តួ​អង្គ​សម្ដែង​សុទ្ធតែ​ក្លែងក្លាយ ហើយ​រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​វិភាគទាន​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​សរុប​ប្រមាណ ៧០​ម៉ឺន​ដុល្លារ​អាមេរិក។ ចំណែក​ដំណើរ​ការ​ទូរទស្សន៍​វិញ អាច​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។