មេដឹកនាំ​គណបក្ស​ប្រឆាំង​អំពាវ​ឲ្យ​អ្នក​នយោបាយ​ពង្រឹង​វប្បធម៌​សន្ទនា

0:00 / 0:00

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​បំពេញ​ទស្សកិច្ច​នៅ​សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​វិល​មក​រក​វប្បធម៌​សន្ទនា​វិញ ដើម្បី​រួម​គ្នា​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​ឲ្យ​វិល​ទៅ​រក​ភាព​ដើម​វិញ។

គណបក្ស​កាន់​អំណាច​នៅ​តែ​បង្ហាញ​ជំហរ​គាំទ្រ​វប្បធម៌​សន្ទនា​នេះ ប៉ុន្តែ​ទាមទារ​ឲ្យ​ដៃគូ​របស់​ខ្លួន​ត្រូវ​មាន​ភាព​ស្មោះត្រង់​ជា​មុន​សិន និង​មិន​ត្រូវ​យក​បញ្ហា​បុគ្គល​ផ្ទាល់​ខ្លួន​មក​ឡូកឡំ​ក្នុង​រឿង​នយោបាយ​នោះ​ឡើយ។

ការ​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង ចង់​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​ដែល​គណបក្ស​នេះ​ចាត់​ទុក​ថា កំពុង​មាន​សភាព​តានតឹង​ខ្លាំង​នោះ ហាក់​មិន​មាន​ការ​ចាប់​អារម្មរណ៍​ពី​គណបក្ស​កាន់​អំណាច​ឡើយ។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​មន្ត្រី​ជំនិត​របស់​លោក​បាន​ប្រាប់​ទៅ​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ថា លោក​គ្មាន​ពេល និង​មិន​មាន​ការ​ចាំបាច់​និយាយ​ជាមួយ​ទណ្ឌិត​ដែល​កំពុង​រត់​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក​ថ្លែង​ទៀត​ថា លោក​មិន​បាន​ស្កប់ស្កល់​ទៅ​នឹង​លិខិត​មួយ​សន្លឹក​របស់​លោក សម រង្ស៊ី ដែល​សរសេរ​ទៅ​លោក​កាល​ពី​ពេល​ថី្មៗ​នេះ​នោះ​ដែរ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​របស់​វិទ្យុ​អាស៊ីសេរី ពី​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ ទី​១៥ មិថុនា ថា លិខិត​របស់​លោក​នោះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​ពី​លោក ហ៊ុន សែន យ៉ាង​ណា​នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​ចាំបាច់ ឬ​ខ្វល់​ចំពោះ​ការ​ឆ្លើយ ឬ​មិន​ឆ្លើយ​តប​នោះ​ដែរ។

លោក សម រង្ស៊ី បាន​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ដោយ​បាន​ចូលរួម​រំលែក​ការ​ឈឺ​ចាប់​ជាមួយ​គ្រួសារ​របស់​លោក ហ៊ុន សែន ហើយ​ថ្កោលទោស​ចំពោះ​ទង្វើ​អសីលធម៌​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​នៃ​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី។

ទោះបីជា​យ៉ាង​ណា​ក្ដី លោក សម រង្ស៊ី ប្រកាស​ថា លោក​នឹង​មិន​ដាក់​លក្ខខណ្ឌ​ដល់​ដៃគូ​នយោបាយ​របស់​លោក​ទេ ដើម្បី​ឲ្យ​វប្បធម៌​សន្ទនា​ចាប់​ផ្ដើម​ដំណើរការ​ឡើង​វិញ។ លោក​ថា មាន​តែ​វប្បធម៌​ជជែក​គ្នា​នេះ​ទេ​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន និង​មាន​តម្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ៖ «ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ខ្លួន​ជានិច្ច ចាប់​ផ្ដើម​ជជែក​គ្នា​ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដាក់​លក្ខខណ្ឌ​ទេ លក្ខខណ្ឌ​ពេលវេលា លក្ខខណ្ឌ​ទីកន្លែង និង​ប្រធានបទ​អី​ជាដើម។ ប្រធានបទ​យើង​ត្រូវ​ជ្រើស​ប្រធានបទ​ណា​ដែល​ស្រប​នឹង​ស្ថានការណ៍​បច្ចុប្បន្ន ដែល​ឆ្លុះ​បញ្ចាំង​ស្ថានភាព​តានតឹង​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ…»

ការ​បញ្ជាក់​ជំហ​ជា​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​របស់​វិទ្យុ​អាស៊ីសេរី ពី​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ពុធ ទី​១៥ មិថុនា។

លោក សម រង្ស៊ី បន្ត​ទៀត​ថា អ្នក​អង្កេតការណ៍​អន្តជាតិ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង​ឈាន​ទៅ​រក​គ្រោះមហន្តរាយ​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ។ លោក​ថា ករណី​នេះ​ចាំបាច់​ត្រូវ​តែ​អ្នក​នយោបាយ និង​អ្នក​ពាក់ព័ន្ធ​ជួប​ចរចា​គ្នា​ឡើង​វិញ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ធ្វើ​យ៉ាង​ឲ្យ​សភាពការណ៍​នោះ​បាន​ធូរស្រាល​ឡើង​វិញ។

ទាក់ទង​ករណី​នេះ​ដែរ ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី បាន​ប្រកាស​ថា ការ​ចរចា ឬ​ការ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​របស់​អ្នក​នយោបាយ​នៅ​ពេល​នេះ ត្រូវ​តែ​ធ្វើ​ឡើង​តាម​ច្រក​រដ្ឋ​សភា ហើយ​អ្នក​តំណាងរាស្ត្រ​ត្រូវ​តែ​មក​ធ្វើការ​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​នៅ​រដ្ឋសភា។

ជុំវិញ​បញ្ហា​នេះ លោក សម រង្ស៊ី បង្ហាញ​ជំហរ​ថា ការ​ដែល​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អាច​វិល​ចូល​ទៅ​ប្រជុំ​សភា​វិញ​បាន លុះត្រា​ណា​មាន​ការ​ដោះស្រាយ​ជា​កញ្ចប់​ជា​មុន​សិន ក្នុង​នោះ​ត្រូវ​មាន​ការ​ទម្លាក់ចោល ការ​ចោទ​ប្រកាន់ និង​ដោះលែង​សកម្មជន​សិទ្ធិ​មុនស្ស គណបក្ស​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ ធានា​ដល់​ការ​គោរព និង​ឲ្យ​តម្លៃ​ពិត​ប្រាកដ​ដល់​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​តំណាងរាស្ត្រ ដោយ​គ្មាន​ការ​គំរាមកំហែង៖ «យើង​អត់​ទៅ​លេង​សើច​នៅ​ក្នុង​សភា​បែប​ហ្នឹង​ទេ យើង​ចង់​ឲ្យ​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ឥឡូវ​ប្រជាធិបតេយ្យ​កន្លែង​ណា សេរី​កន្លែង​ណា ផ្តាច់ការ​ទាំង​ស្រុង សិទ្ធិ​សេរីភាព​ត្រូវ​គេ​ជាន់​ឈ្លី ពហុបក្ស​កន្លែង​ណា បក្ស​តែមួយ​កាន់​អំណាច ហើយ​តំណាងរាស្ត្រ​មិន​អាច​ធ្វើ​ការ​បាន​ទេ គេ​ចង់​ចាប់​ទៅ​ដាក់​គុក​ពេល​ណា​បាន​តាម​ចិត្ត និយាយ​ស្តី​អី​បន្តិច​គេ​ឲ្យ​តុលាការ​ចាត់ការ តើ​តំណាងរាស្ត្រ​ក្នុង​សភាព​បែប​ហ្នឹង​ធ្វើការ​បាន​យ៉ាង​ម៉េច…? រក្សា​សន្តិសុខ​ខ្លួន​ឯង​មិន​បាន​ផង គ្រាន់​តែ​និយាយ​ការពារ​ផលប្រយោជន៍​ជាតិ ប្រជាពលរដ្ឋ​ត្រូវ​គេ​ចាប់​ដាក់គុក តើ​ឲ្យ​យើង​ចូល​សភា​ក្នុង​សភាពការណ៍​យ៉ាង​ហ្នឹង​បែប​ម៉េច…?»

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពហិការ​មិន​ចូល​ប្រជុំ​សភា​មួយ​រយៈ ក្រោយ​ពី​មាន​ការ​ប៉ុនប៉ង​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ និង​ការ​គំរាម​ចាប់​ខ្លួន​ប្រធាន​ស្ដីទី​គណបក្ស លោក កឹម សុខា ជាដើម។

អ្នកវិភាគ​បញ្ហា​សង្គម លោក កែម ឡី មើល​ឃើញ​ថា ស្ថានការណ៍​វិវឌ្ឍន៍​ចុង​ក្រោយ​នៃ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​តាម​រយៈ​ការ​ឆ្លងឆ្លើយ​របស់​មេដឹកនាំ​នយោបាយ​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​រក​ច្រកចេញ​បាន​តាម​រយៈ​ការ​ចរចា ប៉ុន្តែ​ដំណោះស្រាយ​នយោបាយ​នោះ អាច​ធ្វើ​ឡើង​ជា​របៀប​អ្នក​រក​ស៊ី អង្ករ​កំប៉ុង ដែល​មិន​ធានា​ដល់​ការ​ផ្សះផ្សា​ជាតិ​បាន​យូរ​អង្វែង ឬ​ចំណេញ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ទេ៖ «វា​គ្រាន់តែ​ជា​ដំណោះស្រាយ​មួយ​គែៗ មួយ​កំប៉ុងៗ អាហ្នឹង​កន្លង​មក ហើយ​រឿង​ហ្នឹង​វា​អាច​កើត​ឡើង​បន្ត​ទៅ​មុខ​ទៀត​នៅ​មុន​ការ​បោះឆ្នោត»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន មាន​ប្រសាសន៍​ថា នឹង​មិន​មាន​ការ​ចរចា​​ណា​មួយ​កើត​ឡើង​នោះ​ទេ បើសិនជា​គណបក្ស​ប្រឆាំង​នៅ​តែ​យក​បញ្ហា​បុគ្គល​មក​ឡូកឡំ​ជាមួយ​បញ្ហា​នយោបាយ​ប្រទេស​ជាតិ និង​មិន​ស្មោះត្រង់ និង​មិន​គោរព​តាម​ការ​សន្យា​ក្នុង​កិច្ច​ព្រមព្រៀង​ក្នុង​វប្បធម៌​សន្ទនា​កន្លង​នោះ៖ «ចង់​ដោះស្រាយ អនុវត្ត​វប្បធម៌​សន្ទនា​ឡើង​វិញ​បាន​ទាល់តែ​អ្នក​ល្មើស​ច្បាប់​ទាំង​ឡាយ​អនុវត្តតាម​ផ្លូវ​ច្បាប់​ឲ្យ​រួចរាល់​ជា​មុន​សិន បាន​គណ​ប្រជាជន​ពិនិត្យ​លទ្ធភាព​ត​ទៅ​មុខ​ទៀត​ថា តើ​គួរ​តែ​មាន​វប្បធម៌​សន្ទនា​បន្ត​ទៀត ឬ​ក៏​យ៉ាង​ណា…? ហើយ​សូម​បញ្ជាក់​ថា គណបក្ស​ប្រជាជន​មិន​ដែល​បិទ​ទ្វារ​វប្បធម៌​សន្ទនា​ទេ…»

​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ប្រកាស​ថា ខ្លួន​នឹង​វិល​ចូល​ស្រុក​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ បើទោះបី​ជា​មាន​ដំណោះស្រាយ​នយោបាយ ឬ​មិនមាន​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។