គណបក្សប្រឆាំងមិនបកស្រាយអ្វីឡើយអំពីខ្សែអាត់សំឡេង ដែលគេចាត់ទុកថា ជាសំឡេងឆ្លើយឆ្លងរវាងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងស្ត្រីម្នាក់តាមទូរស័ព្ទ។ នៅចុងខែកុម្ភៈ និងដើមខែមីនា នេះ លោក កឹម សុខា ត្រូវបានគេវាយលុកពីរឿងអាស្រូវស្នេហាជាថ្មីម្ដងទៀតជាមួយនារីវ័យក្មេងម្នាក់ ដែលគេសន្មតថាជាស្រីកំណាន់របស់លោក។ ចំណែកអ្នកវិភាគសង្គមចាត់ទុកថា រឿងរ៉ាវចម្រូងចម្រាសនេះ វាប្រៀបដូចជាល្បែងនយោបាយដែលមានគេរៀបចំទុក។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ព្យាយាមមិនឆ្លើយតបអ្វីទាំងអស់ និងបន្តភាពស្ងប់ស្ងាត់ ដោយចាត់ទុកថា រឿងទាំងអស់នេះ គឺពុំចាំបាច់មានហេតុផលណាមួយដែលត្រូវតទល់នោះទេ។
ក្រោយពីកិច្ចប្រជុំជាមួយគណៈកម្មាធិការប្រតិបត្តិរាជធានី ខេត្ត ក្រុងទាំង២៥ ក្នុងទីស្នាក់ការកណ្ដាលនៅសង្កាត់ចាក់អង្រែលើ បានបិទបញ្ចប់នៅព្រឹកថ្ងៃទី៣ ខែមីនា លោក កឹម សុខា ព្យាយាមបដិសេធរាល់សំណួរអំពីសម្ពន្ធស្នេហា ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅពេលនេះ។
ដោយឡែកនៅថ្ងៃដដែលនេះដែរ ថ្វីបើ លោក កឹម សុខា មិនបានបកស្រាយអ្វីជុំវិញរឿងអាស្រូវរបស់លោកជាថ្មីទៀតអំពីសម្ពន្ធស្នេហានេះក្តី ប៉ុន្តែនៅក្នុងបណ្ដាញសង្គមផ្ទាល់របស់លោកវិញ លោក កឹម សុខា សរសេរថា "កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង"។ លោក កឹម សុខា បញ្ចេញសារនយោបាយរបស់លោក ដោយអំនួតទៀតថា គណបក្សប្រឆាំងកំពុងដើរលើផ្លូវត្រូវហើយ គណបក្សនេះកំពុងតែរួបរួមគ្នាយ៉ាងរឹងមាំ។ ទាំងនេះហើយជាចំណុចខ្លាំង។
ឆ្លើយតបរឿងនេះ លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សប្រឆាំង ហៅខ្សែអាត់សំឡេងដែលត្រូវបានកាសែតក្នុងស្រុកចុះផ្សាយ ថាជាការឥតប្រយោជន៍ ដែលគណបក្សមិនចាំបាច់ត្រូវឆ្លើយតបនោះទេ។ ម្យ៉ាងវិញទៀត គណបក្សប្រឆាំងមិនឈឺក្បាលវិលមុខនឹងរឿងអាស្រូវខុសពីការពិតទាំងនេះឡើយ។ កិច្ចការចាំបាច់ចំពោះមុខនៅពេលនេះរបស់គណបក្សប្រឆាំង គឺដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីឲ្យមានការផ្លាស់ប្ដូរ។ លោកបន្តថា « ធម្មតាសេចក្ដីថ្លែងការណ៍របស់គណបក្សមួយៗ គេនិយាយពីរឿងជាតិ ។ ដូច្នេះយើងឥតយកចិត្តទុកដាក់ទៅលើរឿងទាំងអស់នោះទេ ។ ដូចខ្ញុំបាននិយាយអ៊ីចឹង បើនិយាយពីមូលដ្ឋានច្បាប់ វា ខុសច្បាប់ បាត់ទៅហើយ »។
នេះគឺជាជម្លោះស្នេហាថ្មីមួយទៀតហើយ ដែលត្រូវគេទម្លាយចេញក្នុងដំណើរជីវិតនយោបាយរបស់ លោក កឹម សុខា។
នៅមុនការបោះឆ្នោតសកលឆ្នាំ២០១៣ គេនៅចាំបានថា លោក កឹម សុខា ក៏មានរឿងរ៉ាវស្នេហាដ៏ចម្រូងចម្រាសប្រហាក់ប្រហែលគ្នានេះម្ដងដែរ ក៏ប៉ុន្តែការបែកធ្លាយស្នេហាលើកនេះ គឺខុសប្លែកគ្នាបន្តិចពីលើកមុន។ ភាពខុសគ្នានៅត្រង់ថា សំឡេងខ្សែអាត់ឆ្លើយឆ្លងគ្នាជាមួយនារីវ័យប្រមាណ ២០ឆ្នាំនោះ គឺជាសំឡេងដែលត្រូវបានគេសន្និដ្ឋានថាស្រដៀងនឹងសំឡេងពិតរបស់ លោក កឹម សុខា។
បើទោះជាបែបណា អ្នកឃ្លាំមើលសង្គមចាត់ទុកថា ហេតុផលទាំងនេះ គឺជាល្បែងនយោបាយសុទ្ធសាធ ដែលមានគេរៀបចំឡើងទាំងលើកមុន និងពេលនេះ ដើម្បីធ្វើឲ្យប្រជាប្រិយភាពរបស់ លោក កឹម សុខា ត្រូវស្រុតចុះប៉ុណ្ណោះ។
មាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ បញ្ញត្តិថា អំពើនៃការលួចស្ដាប់ ឬលួចថតសម្ដីដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយពុំមានការយល់ព្រមពីបុគ្គលពាក់ព័ន្ធនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចំពោះអ្នកលួចថតការសន្ទនានោះពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ២លានរៀល។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោក សុក សំអឿន យល់ឃើញថា ថ្វីបើច្បាប់នេះកំណត់ថា ការលួចថតសំឡេងចំពោះការសន្ទនាដោយពុំមានការព្រមព្រៀង គឺជាបទល្មើសព្រហ្មទណ្ឌ ប្រសិនបើភាគីពាក់ព័ន្ធនោះបានដឹងហើយថាមានគេលួចថត ក៏ប៉ុន្តែនៅស្ងប់ស្ងាត់មិនប្ដឹងផ្ដល់វិញទេ បានន័យថា អំពើលួចថតនោះលែងជាបទល្មើសព្រហ្មទណ្ឌវិញហើយ។ លោកបន្តថា « យើងមើលក្នុងមាត្រាហ្នឹង យើងឃើញ មាននៅ ក្នុងវាក្យខណ្ឌទីពីរ ឧទាហរណ៍គេលួចថត សំឡេងខ្លួនឯង ដល់ ខ្លួនឯង ដឹងថា គេថត ហើយធ្វើ មិនដឹង មានន័យថា យើងឥតប្ដឹង ។ អាហ្នឹង វាលែង ជាបទល្មើស ព្រហ្មទណ្ឌហើយ »។
ទាំង លោក អេង ឆៃអ៊ាង និងលោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង សុទ្ធតែបានអះអាងថា គណបក្សនឹងមិនប្ដឹងប្រឆាំងការបញ្ចេញខ្សែអាត់សំឡេងឆ្លើយឆ្លង ដែលគេចាត់ទុកថាជាសំឡេងរបស់ លោក កឹម សុខា និងស្រីកំណាន់នោះឡើយ។ ស្របពេលគណបក្សសង្គ្រោះជាតិ រក្សាជំហរស្ងប់ស្ងាត់មិនតបតអ្វីទាំងអស់អំពីខ្សែអាត់សំឡេង និងអត្ថបទជុំវិញរឿងអាស្រូវស្នេហារវាង លោក កឹម សុខា និងឈ្មោះ ស្រីមុំ នោះ ដោយឡែកកាសែតក្នុងស្រុកវិញ នៅតែបន្តចុះផ្សាយអំពីរឿងអាស្រូវជាបន្តបន្ទាប់មិនទាន់បញ្ចប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។